ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​តំណាង​បច្ចេកវិទ្យា៖ កម្ពុជា​ត្រូវការ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ច្រើន​ថែម​ទៀត


កញ្ញា សុខ ស៊ីគៀង ជា​ទូត​តំណាង​កម្មវិធី​ Technovation ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​ជា​ស្ត្រី​វ័យ​ក្មេង​មួយ​រូប ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​តួនាទី​ស្រ្តី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ (រូបភាព​ផ្តល់​ឲ្យ
កញ្ញា សុខ ស៊ីគៀង ជា​ទូត​តំណាង​កម្មវិធី​ Technovation ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​ជា​ស្ត្រី​វ័យ​ក្មេង​មួយ​រូប ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​តួនាទី​ស្រ្តី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ (រូបភាព​ផ្តល់​ឲ្យ

កញ្ញា​ សុខ ស៊ីគៀង​ គឺ​ជា​ស្ត្រី​វ័យ​ក្មេង​មួយ​រូប​ ដែល​កំពុង​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​តួនាទី និង​បង្កើន​ចំនួន​ស្ត្រី​ឲ្យ​សមាមាត្រ​គ្នា​នឹង​បុរស​នៅ​​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​នា​ពេល​ខាង​មុខ។

វិស័យ​បច្ចេកវិទ្យា​ និង​ព័ត៌មានវិទ្យា​ គឺ​ជា​វិស័យ​ដែល​នាំ​មុខ​គេ​មួយ​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត​ក្នុង​សតវត្ស​ទី​២១​នេះ។ ប៉ុន្តែ ​នៅ​កម្ពុជា​ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​ដ៏​សំខាន់​នេះ​ នៅ​មាន​កម្រិត​នៅ​ឡើយ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​វិស័យ​នេះ។

កញ្ញា​ សុខ ស៊ីគៀង​ គឺ​ជា​ស្ត្រី​វ័យ​ក្មេង​មួយ​រូប​ ដែល​កំពុង​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​តួនាទី និង​បង្កើន​ចំនួន​ស្ត្រី​ឲ្យ​សមាមាត្រ​គ្នា​នឹង​បុរស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​នា​ពេល​ខាង​មុខ។

ស្ថិត​ក្នុង​វ័យ​២៩​ឆ្នាំ​ កញ្ញា​ សុខ​ ស៊ីគៀង គឺ​ជា​ទូត​តំណាង​កម្មវិធី​ Technovation ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​ជា​ស្ត្រី​ជោគជ័យ​លើ​ផ្នែក​បច្ចេកវិទ្យា​មួយ​រូប​ ដែល​កំពុង​បណ្ដុះបណ្ដាល​យុវតី​កម្ពុជា​ប្រមាណ​៦០​នាក់ ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះ។

Technovation​ គឺ​ជា​កម្មវិធី​អន្តរជាតិ​មួយ​ ដែល​ជួយ​ពង្រឹង​សមត្ថភាព​ក្មេង​ស្រី​អាយុ​ក្រោម​១៨ឆ្នាំ ​ជុំវិញ​ពិភព​លោក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​សហគមន៍​របស់​ពួក​គេ​តាមរយៈ​បច្ចេកវិទ្យា។

ជា​សាស្ត្រាចារ្យ​ជំនាញ​ព័ត៌មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជា​មគ្គុទ្ទេសក៍​សម្រាប់​ក្មេង​ស្រី​កម្ពុជា​ដែល​ចាប់​អារម្មណ៍​បច្ចេកវិទ្យា​ផង​នោះ​ កញ្ញា ​សុខ​ស៊ីគៀង ​មើល​ឃើញ​វត្តមាន​ស្ត្រី​តិច​តួច​នៅឡើយ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ។

ហើយ​នេះ​គឺជា​អ្វី​ដែល​កញ្ញា​ចង់​ធ្វើការ​ផ្លាស់​ប្ដូរ​ក្នុង​ប្រទេស​កម្ពុជា។

«សិស្ស​ស្រី​ដែល​ខ្ញុំ​បង្រៀន​អត់​បាន​ដល់​១០%​ផង។ មួយ​ថ្នាក់​ ខ្ញុំ​បង្រៀន​៤០​ទៅ​៥០​នាក់។ អញ្ចឹង មាន​សិស្ស​ស្រី​យ៉ាង​ច្រើន​២​ទៅ​៣​នាក់​ទេ។ មាន​ទស្សនៈ​ថា​ ព័ត៌មាន​វិទ្យា​ហ្នឹង​សម្រាប់​បុរស​ មិន​មែន​ស្រ្តី​ទេ។ គេ​និយាយ​ថា ស្ត្រី​ហ្នឹង​អាច​ធ្វើ​បាន​ដែរ? របៀប​គេ​ចេញ​ទស្សនៈ​មក​ គឺ​ថា​ស្ត្រី​យើង ​មិន​អាច​ធ្វើ​បាន​ហ្មង»។

កញ្ញា សុខ ស៊ី​គៀង បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​នៅ​ខ្វះ​ស្ត្រី​ឆ្នើម ​ដែល​ជា​គំរូក្នុង​វិស័យ​បច្ចេកវិទ្យា ​ដែល​ជា​ហេតុ​នាំ​ឲ្យ​សិស្ស​ស្រី​កម្ពុជា​ មិន​ទាន់​មាន​ជំនឿ​ចិត្ត​ថា ​ខ្លួន​មាន​សមត្ថភាព​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​បាន។

កញ្ញា បន្ថែម​ថា ​បញ្ហា​មួយ​ទៀត​គឺ​នៅ​តែ​មាន​ការ​រើស​អើង​ចំពោះ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​សង្គម​កម្ពុជា​នៅឡើយ។

«អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ​ នៅ​ស្រុក​គេ​ គ្រាន់​តែ​ថា​គេ​ក្លាហាន​ជាង​ ប្រហែល​ជា​គេ​មាន​ Role Model [បុគ្គល​គំរូ]ច្រើន​ ដែល​គេ​អាច​ relate [ផ្សារភ្ជាប់​ខ្លួន]​ទៅដល់។ ហើយ​យើង​នៅ​តែ​អត់​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង។ យើង​នៅ​តែ​គិត​ថា​ យើង​មិន​ដល់​គេ»។

អ្នក​ជំនាញ​រូប​នេះ ​បន្ត​ថា ​មាន​មូល​ហេតុ​៣​សំខាន់​ដែល​ជំរុញ​ឲ្យ​កញ្ញា​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​កាន់​តែ​ស៊ី​ជម្រៅ។

«ទី១ ​Diversity [ភាព​ចម្រុះ]គ្នា​ នឹង​ធ្វើ​ឲ្យ​ Product [ផលិតផល​]កាន់​តែ​ល្អ​ជាង​មុន។ ឧទាហរណ៍​យើង​បង្កើត​ផលិតផល​មួយ​ ដែល​អ្នក​ប្រើ​គឺ​ជា​ស្ត្រី។ ចឹង​បើ​ក្នុង​ការ​ផលិត​មិន​មាន​ស្ត្រី​ចូលរួម​ទេ តើ​បុរស​អាច​ដឹង​ពី​សេចក្ដី​ត្រូវការ​ស្ត្រី​អត់? ទី២​យើង​ចង់​ប្តូរ​បរិបទ​ដែល​ថា​ ស្ត្រី​មិន​អាច​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន។ ទី៣​ គឺ​ចង់​ឃើញ​ស្ត្រី​ច្រើន​ជា​Role Model [បុគ្គល​គំរូ​]នៅ​ស្រុក​ខ្មែរ​ ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដឹង​ថា ​ស្ត្រី​យើង​អាច​ធ្វើ​បាន។ គាត់​ក៏​អាច​ធ្វើ​បាន»។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​ឫស្សីកែវ ​កាលពី​ឆ្នាំ​២០០៥​ ដោយ​ទទួល​បាននិទ្ទេស​ B ​និង​ធ្លាប់​ជា​បេក្ខជន​ប្រលង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា​ផង​នោះ​ កញ្ញា ​សុខ​ ស៊ី​គៀង ​ទទួល​បាន​អាហារូបករណ៍​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ជាទី​ដែល​កញ្ញា​ បាន​ផ្ដើម​ដំណើរ​ជីវិត​ក្នុង​វិស័យ​នេះ​រហូត​មក។

កន្លង​មក ​កញ្ញា ​សុខ​ ស៊ី​គៀង ធ្លាប់​ទទួល​បាន​ជ័យ​លាភី​ និង​ពាន​រង្វាន់​ពី​ការ​ប្រកួត​ក្នុង​កម្មវិធី​នានា​ជា​ច្រើន។ ​ក្នុង​នោះ​ មាន​ជា​អាថ៌​ ពាន​រង្វាន់​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​ប្រចាំ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ ពាន​រង្វាន់​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេងPlus ​ក្នុង​ឆ្នាំ​២០១០​ និង​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។

នៅ​ក្នុង​ឆ្នាំ​២០១២​ កញ្ញា​ទទួល​បាន​ពាន​រង្វាន់​ Google ​Anita ​Borg​ ពី​ក្រុម​ហ៊ុន​Google​ ​ក្នុង​ចំណោម​ស្ត្រី​ទាំង​១៥​រូប​មក​ពី​អាស៊ី​អាគ្នេយ៍ ព្រមទាំង​ក្លាយ​ជា​សហ​ស្ថាបនិក​ក្រុម​ក្មេង​ស្រី​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​ និង​វិស្វកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង។

ក្រៅ​ពីចង់​បញ្ជាក់​ថា​ស្ត្រី​អាច​មាន​សមត្ថភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហើយ​នោះ កញ្ញា​សុខ ស៊ី​គៀង​ ដែល​មាន​បទពិសោធន៍​ខាង​បច្ចេកវិទ្យា ​និង​ព័ត៌មានវិទ្យា​ក្នុង​រយៈពេល​ប្រមាណ​១០ឆ្នាំ​រូប​នេះ ក៏​កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជា​ស្ត្រី​ក្នុង​វិស័យ​នេះ​ផង​ដែរ។ នេះ​ក៏​ដោយសារ​វិស័យ​បច្ចេកវិទ្យា​ បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​កម្ពុជា។

«វិស័យ​ព័ត៌មាន​វិទ្យា​នេះ​ គឺ​បាន​ជួយ​នៅ​គ្រប់​វិស័យ​ទាំង​អស់​ ទាំង​សុខាភិបាល កសិកម្ម​ ទេសចរណ៍​។ ឧទាហរណ៍​ដូចជា​នៅ​មន្ទីរពេទ្យ។​ ពេល​អ្នក​ជំងឺ​មក​ យើង​មិន​ត្រូវ​បំពេញ​ព័ត៌មាន​គាត់​។ បើ​យើង​បំពេញ​ព័ត៌មាន​គាត់​លើ​ក្រដាស​ គាត់​មក​ទៀត​យើង​បំពេញ​ម្ដង​ទៀត​ហើយ។​ អញ្ចឹង​ការងារ​ធ្វើ​ដដែលៗ។ តែ​បើ​យើង​សម្រួល​អា​ហ្នឹង​ដោយ​បង្កើត​System [ប្រព័ន្ធ] នៅ​លើ​កុំព្យូទ័រ​អ្នក​ជំងឺ​មក​ម្ដង​ទៀត យើង​គ្រាន់​តែ​វាយ​ឈ្មោះ​គាត់ យើង​ឃើញ​ព័ត៌មាន​គាត់​ហើយ។​ យើង​ជួយ​ពន្លឿន​ល្បឿន​ការងារ​របស់​គាត់»។

ជា​រឿយ​ៗ​ កញ្ញា​ សុខ ស៊ី​គៀង​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ជុំ​វិញ​ប្រធាន​បទ​ស្ដីពី​«ស្ត្រី និង​វិស័យ​បច្ចេកវិទ្យា» ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​នេះ​តួយ៉ាង​នៅ​ក្នុង​កម្មវិធី​ BarCamp ក្នុង​កម្មវិធី​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ស្ត្រី ឬ ​UN Womenក្នុង​កម្មវិធី​តម្រង់​ទិស​អប់រំ​នានា និង​គម្រោង​អភិវឌ្ឍន៍​ការ​ច្នៃ​ប្រឌិត (Development Innovations ) ដែល​ជា​គម្រោង​មួយ​របស់​ទី​ភ្នាក់​ងារ​ USAID ប្រចាំ​នៅ​កម្ពុជា។

កញ្ញា​ផ្ទាល់​ ក៏​ធ្លាប់​ចូលរួម​ដាក់​បញ្ចូល​ទិន្នន័យ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ក្នុង​ផែន​ទី Google Map ផង​ដែរ។

ខណៈ​ពេល​ដែល​ការ​រួមចំណែក​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ មាន​ការ​ដើរ​ទៅ​មុខ​សន្សឹមៗ កញ្ញា​ សុខ ស៊ីគៀង​ រំពឹង​ថា​ ស្ត្រី​ខ្មែរ​ជា​ច្រើន​ទៀត​ដែល​ស្រលាញ់​វិស័យ​ដ៏​សំខាន់​នេះ ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​កញ្ញា​ដែរ​ ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន៕

XS
SM
MD
LG