ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ៖ ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​គឺ​ជា​ការ​តស៊ូ​ដ៏​យូរ​អង្វែង​

ជន​រង​គ្រោះ​នៃ​​​ការ​ជួញ​ដូរ​ផ្លូវ​ភេទ

​អ្នក​ជំនាញ​ខាង​ថែទាំ​ជន​រងគ្រោះ​​ថា ​ដំណើរការ​ផ្សះផ្សា​សុខភាព​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ​​ជា​ការ​តស៊ូ​ដ៏​យូរ​អង្វែង​ ដែល​ទាម​ទារ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​ក្រុម​គ្រួសារ ​និង​សហគមន៍​របស់​ជន​រងគ្រោះ។ ​

ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​តែងតែ​ជួប​ការ​លំបាកក្នុង​ការ​វិល​ត្រឡប់​ទៅ​រស់​នៅ ​និង​ប្រកប​របប​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​សង្គម​វិញ។ ​អ្នក​ជំនាញ​ខាង​ថែទាំ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​ដំណើរការ​ផ្សះផ្សា​សុខភាព​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ​គឺជា​ការ​តស៊ូ​ដ៏​យូរ​អង្វែង​ ដែល​ទាម​ទារ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​ក្រុម​គ្រួសារ ​និង​សហគមន៍​របស់​ជន​រងគ្រោះ។ ​

ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​គឺជា​ការ​រួម​ចំណែក​ដ៏​សំខាន់​បំផុត​មួយ​នៃ​ដំណើរការ​នីតិ​សម្បទា។ ​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោកស្រី ​ប៉ុក ប៊ុនណា ​នាយិកា​មជ្ឈមណ្ឌល​ថែទាំ​ជន​រងគ្រោះ​សាខា​ទីក្រុង​ភ្នំពេញ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការពារ​សិទ្ធិ​កុមារ។​

លោកស្រី​ប៊ុនណា​ឲ្យ​ដឹង​ថា ​ដំណើរ​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ​អាច​មាន​លក្ខណៈ​ខុស​គ្នា​ពី​ករណី​មួយ​ទៅ​ករណី​មួយ​ទៀត។ ​មាន​ន័យ​ថា ​ជន​រងគ្រោះ​ខ្លះ​អាច​ងាយ​នឹង​ជា​សះស្បើយ​ពី​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ជាង​ជន​រងគ្រោះ​ផ្សេង​ទៀត។ ​ដូច្នេះ ​វា​ពិត​ជា​ចាំបាច់​ក្នុង​ការ​ពិនិត្យ​ជា​ប្រចាំ​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ។​

«ការ​ប៉ះ​ទង្គិច​ វា​មិន​សំដៅ​ថា ​ទាល់​តែ​ករណី​ធ្ងន់ធ្ងរ​ទើប​ប៉ះ​ទង្គិច​ទេ។ ​ជួនកាល​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​អាច​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដូច​គ្នា។​ បើ​យើង​ប្រៀប​ធៀប​ពី​ស្ថានភាព​មួយ​ទៅ​ស្ថានភាព​មួយ ​យើង​មិន​អាច​និយាយ​ថា ​ករណី​រំលោភ​លើ​ផ្លូវ​ភេទ​សុទ្ធ​តែ​ធ្ងន់ធ្ងរ​បាន​ទេ។ ​វា​សំខាន់​លើ​ពេល​វេលា​នៃ​ការ​ប៉ះ​ទង្គិច ​ថា​តើ​មួយ​ណា​វា​ច្រើន​ជាង»។​

លោកស្រី​បាន​បន្ថែម​ថា ​មជ្ឈមណ្ឌល​របស់​លោក​ស្រី​ខិតខំ​ព្យាយាម​ផ្តល់​ដំណោះ​ស្រាយ ​និង​ការ​ណែនាំ​ដើម្បី​ឲ្យ​ជន​រងគ្រោះ​មាន​ភាព​រឹងមាំ​ខាង​ផ្លូវ​ចិត្ត។​

«យើង​ធ្វើ​ម៉េច​ឲ្យ​គាត់​រឹងមាំ​ ​រឹងមាំ​ក្នុង​ន័យ​ថា ​បើ​ឮ​អាហ្នឹង​ហើយ ​គឺ​គាត់​នៅ​តែ​ទទួល​យក​បាន។ ​[យើង]​ មិនមែន​គ្រាន់​តែ​ព្យាបាលឲ្យ​ជា​ហើយ​ ដោយ​មិន​ប្រាប់​គាត់​ពី​របៀប​ការពារ​នោះ​ទេ»។

នាង​ហៀង ដាណេ​ អាយុ​១៧ឆ្នាំ ​ដែល​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​លើ​ផ្លូវ​ភេទ​ បាន​ប្រាប់ VOA ​ខេមរភាសា​ថា ​នាង​ធ្លាប់​មាន​បញ្ហា​ក្នុង​ការ​ជឿ​ទុកចិត្ត​លើ​មនុស្ស​ដទៃ​ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​នាង។

«ដំបូង​ខ្ញុំ​ភ័យខ្លាច ​មិនមែន​ថា ​គាត់​នឹង​យក​ខ្ញុំ​ទៅ​ធ្វើ​អី​ទេ។ ​គ្រាន់​តែ​ថា ​ខ្ញុំ​ខ្លាចៗ​គេ។​ ដល់​យូរៗ​ទៅ ​ទើប​ខ្ញុំ​ហ៊ាន​ស្និទ្ធស្នាល ​និង​ហ៊ាន​និយាយ​ជាមួយ​គេ​ និង​លេង​សើច​ជាមួយ​គេ​ធម្មតា»។​

នាង​ដាណេ​បាន​មក​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ជន​រងគ្រោះ​របស់​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ការពារ​សិទ្ធិ​កុមារ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១។​ នាង​បាន​និយាយ​ថា​ នៅ​ទីនេះ​នាង​បាន​ទៅ​រៀន​នៅ​សាលារៀន​ដូច​ក្មេងៗ​ដទៃ​ទៀត ​ហើយ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ផ្លូវកាយ ​និង​ផ្លូវ​ចិត្ត​ និង​កម្មវិធី​អប់រំ​ផ្សេងៗ ​ដូចជា​កម្មវិធី​រៀន​កុំព្យូទ័រ​ និង​ភាសា​អង់គ្លេស​ជា​ដើម។​

បន្ថែម​លើ​នេះ ​ដាណេ​បាន​ប្រាប់ VOA ​ថា ​សព្វ​ថ្ងៃ​នេះ​នាង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ជាង​មុន ​ហើយ​អាច​ពង្រឹងខ្លួន​ឯង​បាន។ ​ទាក់ទង​នឹង​ការ​រៀន​សូត្រ​វិញ ​ដាណេ​និយាយ​ដោយ​មានទឹក​មុខ​ញញឹម​ថា ​នាង​រៀន​ពូកែ ​ហើយ​គ្រួសារ ​និង​សហគមន៍​របស់​នាង​កោត​សរសើរ​ និង​គាំទ្រការ​តស៊ូ​របស់​នាង។​

«គាត់​សរសើរ​ថា​ ខ្ញុំ​រៀន​ពូកែ។ ​មក​នៅ​ទីនេះ ​រៀន​បាន​ពូកែ ​ហើយ​ចេះ​យល់​ដឹង។ ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ ហើយ​ចង់​ធ្វើ​ឲ្យ​ខ្លាំង​ជាង​មុន​ទៀត»។​

នាង​សំ បុរី ​អាយុ​១៩​ឆ្នាំ ​ក៏​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ដូច​គ្នា​នឹង​ដាណេ​ដែរ។ ​ក៏​ប៉ុន្តែ ​បុរី មាន​បុគ្គលិក​លក្ខណៈ​ជា​មនុស្ស​អៀន​ប្រៀន ​និង​ស្រងូត​ស្រងាត់ច្រើន។ ​បុរី​បាន​មក​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ជន​រងគ្រោះនេះ​តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ លោកស្រី​ប៊ុនណា​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​ពីរបី​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ​ដែល​បុរី​បានផ្លាស់​ប្តូរ ​ដោយ​ហ៊ាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ច្រើន​ជាង​មុន។​

បុរី​បាន​ប្រាប់ VOA​ ថា ​សព្វថ្ងៃ​នេះ​នាង​សប្បាយ​ចិត្ត ​ហើយ​ខិតខំ​រៀន​សូត្រ។ ​បើ​មាន​បញ្ហា​អ្វី​មួយ​ នាង​តែងតែ​យក​ទៅ​ពិភាក្សា​ជាមួយ​នឹង​មិត្ត​ភ័ក្តិ ​និង​អ្នក​គ្រូ​ក្នុង​មជ្ឈមណ្ឌល​ជា​ដើម។​

«នៅ​ទីនេះ​មាន​ម៉ាក់​ខាង​ពិគ្រោះ​យោបល់។ ​ពេល​យើង​ពិបាក​ចិត្ត ​ឬ​មាន​បញ្ហា​អ្វី​មួយ​ គាត់​ហៅ​យើង​ទៅ​ជួប។ ​ពេល​យើង​ប្រាប់​រឿង​ដែល​យើង​ពិបាក​ចិត្ត​ទៅ​ ​គាត់​ជួយ​ដោះស្រាយ​យើង។ ​ពេល​និយាយ​ហើយ ​មាន​អារម្មណ៍​ថា​ ធូរ​ស្បើយ​ ពេល​មាន​គាត់​ជួយ​ដោះ​ស្រាយ»។​

ទាក់​ទង​នឹង​ការ​រើស​អើង​លើ​ជន​រងគ្រោះ​ លោកស្រី​ប៉ុក ប៊ុនណា​បាន​លើក​ឡើង​ថា​ តាម​រយៈ​ការ​អប់រំ​ ​សហគមន៍​ រួមទាំង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ ​និង​ប្រជា​ពលរដ្ឋ​ទូទៅ​មាន​ការ​យល់​ដឹង​ច្រើនជាង​មុន​អំពី​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ។​

«វា​មាន​ការ​កែប្រែ​ទៅ​លើ​ប្រជា​ពលរដ្ឋ​យើង​ ដែល​មាន​ការ​យល់​ដឹង​ ទាំង​ឪពុក​ម្តាយ​ក៏​ដោយ ​ទាំង​អ្នក​ដទៃ​ក៏​ដោយ។ ​ទីមួយ​គឺ​គាត់​មិន​បាន​ស្តី​បន្ទោស​ឲ្យ​កូន​ទេ។ ​នៅ​ពេល​មាន​រឿង​ហ្នឹង​កើត​ឡើង​ ពួក​គាត់​ចេញ​រាយ​ការណ៍​ប្រាប់​គេ។ ​ចេះ​រក​សេវា​ឲ្យ​កូន។ ​គាត់​ចេះ​លើក​ទឹក​ចិត្ត​កូន។ ​មិន​មាន​ការ​ស្តី​បន្ទោស​ដូច​កាល​ពី​១០ឆ្នាំ​មុន​ប៉ុន្មាន​ទេ»។​

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​ការ​គាំ​ទ្រ​ និង​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ ​និង​សហគមន៍ដើរ​តួនាទី​សំខាន់​ដល់​ដំណើរ​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ។​

លោក​ហាក់ តារា​ ដែល​ជា​ជាង​ធ្វើ​សោរ​នៅ​ផ្លូវ​៦៣​នៅ​ទីក្រុង​ភ្នំពេញ ​បាន​ប្រាប់ VOA​ ថា​ ការ​រើស​អើង​លើ​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​ដែល​ជា​កុមារ​គឺជា​អំពើ​ដ៏​ខុស​ឆ្គង​មួយ។​

«យើង​មិន​ត្រូវ​រើសអើង​ទេ​ មាន​តែ​យើង​ជួយ​គ្នា​ថែម​ ព្រោះ​គ្នា​ជា​ជន​រងគ្រោះ។​ ក្មេង​ស្រី​គ្នា​មិន​ដឹង​អី​ទេ ​ហើយ​អ្នក​ដែល​ធ្វើខុស​ គួរ​តែ​ត្រូវ​ទទួល​ទោស។​ ហើយ​យើង​ត្រូវ​ណែនាំ​អ្នក​រើស​អើង​នោះ»។​

ចំណែក​ឯ​នាង​សេង គឹមហ៊ួង ​អាយុ​១៤ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៨នៃ​សាលា​ប៊ែលធី​ យល់​ថា​ ក្មេង​ស្រីត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​របស់​ខ្លួន​ឲ្យ​ច្រើន​ឡើង នៅ​ពេល​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង។​

«ខ្ញុំ​យល់​ថា ​ក្មេងស្រី​ប៉ុនៗ​ខ្ញុំ​គួរ​តែ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឯង។ ​កុំ​ទៅ​ណា​ម្នាក់ៗ​ឯង»។​

ទាក់ទង​នឹង​ជន​រងគ្រោះ​វិញ ​គឹម​ហ៊ួង​និយាយ​ថា៖ ​«ខ្ញុំ​ថា ​ជួយ​គាត់កុំ​ឲ្យ​គិត​រឿង​ហ្នឹង​អី ហើយ​ចាំ​ផ្តើម​ជីវិត​ជា​ថ្មី»។​

ហៀង ដាណេ ​និង​សំ បុរី​បាន​និយាយ​ដោយ​ក្លាហាន​ថា ​ក្មេង​ស្រី​ ដែល​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀងពួកគេ​ទាំង​ពីរ​ មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ ​ហើយ​ត្រូវ​តែ​តស៊ូ​ក្នុង​ជីវិត​ដើម្បី​កសាង​អនាគត​ឡើង​វិញ៕