ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​ស.រ.អា.​សម្រេច​ថា​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា​គឺ​ស្រប​ច្បាប់


មនុស្ស​ប្រមូល​ផ្តុំ​គ្នា​នៅ​ឧទ្យាន Lafayette Park ដើម្បី​មើល​សេតវិមាន​ដែល​លំអ​ដោយ​ពណ៌​ឥន្ធនូ​ដើម្បី​អបអរ​ការ​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​ការ​សម្រេច​ឲ្យ​ការ​រៀប​អាពិហ៍ពិពាហ៍​ភេទ​ដូច​គ្នា​មាន​ភាព​ស្រប​ច្បាប់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។

អ្នក​គាំទ្រ​សិទ្ធិ​រៀប​ការ​ភេទ​ដូចគ្នា​ប្រារព្ធ​ពិធី​អបអរ​ការ​សម្រេច​របស់​តុលាការ​កំពូល​ស.រ.អា.​ ដែល​សម្រេច​ថា ​ការ​រៀប​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​គឺ​ស្រប​ ច្បាប់​នៅ​រដ្ឋ​ទាំង​៥០​នៃ​ស.រ.អា.។ ​

ក្នុង​ពិធី​នោះ​ គេ​ប្រកាស​ថា​ Anela Bovee ​និង Alexandra ​Hall ​ជា​គូ​ស្រករ​នឹង​គ្នា​ដែល​មាន​ភេទ​ស្រី​ដូច​គ្នា។​ គូ​ស្រករ​ថ្មី​នៅ​រដ្ឋ ​Colorado ​នឹង​រួម​រស់​ជាមួយ​គ្នា​ ដោយ​មាន​ការ​សម្រេច ​ដែល​មាន​សំឡេង​ភាគ​ច្រើន​៥​ទល់​នឹង​៤។ ​នៅ​ក្រៅ​អគារ​តុលាការ​ គេ​អាច​ឮ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​អបអរ​ការ​សម្រេច​របស់​តុលាការ​កំពូល​នោះ។​

​Neal Lequia ​ជា​អ្នក​ចូលរួម​ម្នាក់​និយាយ​ថា​ គាត់​មាន​មោទនភាព​នឹង​ប្រទេស​អាមេរិក​ដែល​ផ្តល់​សេរីភាព​ដល់​ពលរដ្ឋ។ ​គាត់​និយាយ​ថា​ នេះ​ជា​ការ​សម្រេច​ល្អ​អស្ចារ្យ​មួយ។ ​កាលពី​មុន​មានរដ្ឋ​តែ​៣៦​និង​ទីក្រុង​ District of Columbia ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​ប៉ុណ្ណោះ​អនុញ្ញាត​ឲ្យ​រៀបការ​ភេទ​ដូច​គ្នា។​

​នៅ​ក្រៅ​តុលាការ​កំពូល​ក៏​មាន​អ្នកប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ដែរ។​ គេ​និយាយ​ថា​ សំឡេង​អ្នក​ច្បាប់​តែ​ម្នាក់​អាច​ឈ្នះ​សំឡេង​ពលរដ្ឋ​អាមេរិកាំង​៣០០​លាន​នាក់​ប្រឆាំង​នឹង​ការ​រៀប​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា។​

ចៅក្រម ​Anthony Kennedy ​ដែល​បាន​សរសេរ​ការ​សម្រេច​ចិត្ត​របស់​សំឡេង​ភាគ​ច្រើន​និយាយ​ថា​ គូ​ស្រករ​ភេទ​ទី​បី​ទាមទារ​សេចក្តី​ថ្លៃថ្នូរ​ និង​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ហើយ​រដ្ឋធម្មនុញ្ញ​ផ្តល់​សិទ្ធិ​នេះ​ឲ្យ​គេ៕

XS
SM
MD
LG