ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​កម្ពុជា​គួរ​មាន​ច្បាប់​រៀប​ការ​ភេទ​ដូចគ្នា​ ដូច​អាមេរិក​ដែរ​ឬ​ទេ?


បាតុករ​ម្នាក់​បាន​បិទ​មាត់​ខ្លួន​ឯង​ដោយ​បង់ស្អិត ដើម្បី​ជា​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា (LGBT) នៅ​ខាងមុខ​រដ្ឋសភា​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១២។
បាតុករ​ម្នាក់​បាន​បិទ​មាត់​ខ្លួន​ឯង​ដោយ​បង់ស្អិត ដើម្បី​ជា​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា (LGBT) នៅ​ខាងមុខ​រដ្ឋសភា​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១២។

ការ​រៀបការ​ភេទ​ដូចគ្នា​ដោយ​ស្របច្បាប់​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ប្រធាន​បទ​សម្រាប់​ពិភាក្សា​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​គ្រប់​ទីកន្លែង​ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​ ព្រោះវាផ្តល់​ក្តី​សង្ឃឹម​សម្រាប់​ប្រទេស​ដែល​មាន​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា។​ ប៉ុន្តែ​វា​ក៏​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ប្រទេស​មួយ​ចំនួន​ដែរ​ ដោយសារ​តែ​កត្តា​វប្បធម៌។

អ៊ាន វិចិត្រ​ ដែល​មាន​ចរិត​ដូចជា​មនុស្សស្រី​ បាន​ឱ្យ​ដឹង​ថា៖​

«ខ្ញុំ​គាំ​ទ្រ​នូវ​បដិវត្តន៍​នេះ។​ ខ្ញុំ​សង្ឃឹម​ថា​ កម្ពុជា​នឹង​មាន​ច្បាប់​នេះ​ដែរ​ ដូច្នេះ​មិនមាន​ការ​រើសអើស​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទៀត​នោះ​ទេ»។​

ចំពោះ​ប្រទេស​កម្ពុជា​ ប្រហែល​ជា​នៅ​យូរ​ឆ្នាំ​ទៀត​សិទ្ធិនេះ​អាច​មាន​ចែង​ជា​ច្បាប់​សម្រាប់អនុវត្ត។​

វិចិត្របន្តថា៖​ «សង្គម​យើង​មិនទាន់​បើក​ចំហ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​និន្នាការ​នេះ​នៅ​ឡើយ​ទេ»។​

វិចិត្រ​មាន​អាកប្បកិរិយា​ជា​ស្រី​តាំង​ពី​គាត់​នៅ​ក្មេង។ វិចិត្របាន​ទទួល​ការ​រើសអើង​ ដោយសារ​ទំនៀម​ទម្លាប់ ប្រពៃណី​នៅ​ក្នុង​សង្គម។ ​គាត់​ត្រូវ​បាន​គេ​ហៅគាត់​ថា​ ​«ហ្គេយ៍»​ និង​អ្នកខ្លះ​ហៅ​ថា​ «ខ្ទើយ»​ ដោយសារ​តែ​វិចិត្រមាន​ទំនោរ​ផ្លូវ​ភេទ​ទៅ​មនុស្សប្រុស​ មិនមែនមនុស្សស្រី។

គាត់​បន្ថែម​ថា ​គាត់​នឹង​មិន​រៀបការ​នោះ​ទេ។​

វិចិត្រ ក៏​ដូចជា​មនុស្ស​ដទៃ​ទៀត​ ដែល​មាន​អត្តចរិត​ស្រដៀង​គាត់​ដែរ​ ត្រូវ​បាន​សង្គម​កម្ពុជា​ ដែល​នៅតែ​មាន​វប្បធម៌​រឹតបន្តឹង​នៅ​ឡើយ ​ផ្តល់​ឱកាសតិច​បំផុត​ក្នុង​ការ​បញ្ចេញ​នូវ​អ្វី​ដែល​ពួកគាត់​ចង់​បង្ហាញ​ឲ្យ​ដឹង។

កឹម កុលវាសនា និស្សិត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​សុខាភិបាល​ ​បាន​និយាយ​ថា ​កម្ពុជា​មិន​គួរ​មាន​ច្បាប់​រៀបការ​ភេទ​ដូច​គ្នា​ទេ។ វាសនា​បន្ថែម​ថា៖ ​«ខ្ញុំ​មិន​គិតថា​ វា​ល្អ​សម្រាប់​កម្ពុជា​ទេ​ បើ​មាន​ច្បាប់​នេះ​ដូច​សហ​រដ្ឋ​អាមេរិក​នោះ។​ ដោយ​សារតែ​ កម្ពុជាជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច្នេះ​ការ​ដែល​មាន​ច្បាប់​ស្រឡាញ់​ភេទ​ដូចគ្នា​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ធនធាន​មនុស្ស​នៅ​ពេល​អនាគត»។

លោក​ផង់​ ចន្ថនៈ​ជា​សកម្មជន​ធ្វើការ​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។​ គាត់បាន​និយាយ​ថា វាជារឿងល្អ។​

«ខ្ញុំ​ជឿ​ជាក់​ថា ពួកគេ​គួរតែមានសិទ្ធិ​រៀបការ​ ដូចជា​គូ​ស្នេហ៍ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នាដែរ»។​

ហួន សុគន្ធារី​ ជា​និស្សិត​មហា​វិទ្យាល័យ ​បាន​ឱ្យ​ដឹង​ថា​ នេះ​ជា​ដំណោះ​ស្រាយ​ល្អ​ ដែល​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​បញ្ចេញ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ដោយ​សេរី ​និង​ស្របច្បាប់។​

ហួន សុគន្ធារី​និយាយ​ថា៖​ «ការ​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដោយ​ស្រប​ច្បាប់​គឺ​មាន​ន័យ​ថា ​គោរព​នូវ​ជម្រើស​របស់​ពួកគេ​ និង​សិទ្ធិ​របស់​ពួក​គេ»។​

នាង​បន្ត​ថា ច្បាប់នេះនឹង​អនុញ្ញាត​ឱ្យ​ប្រជាជនបង្ហាញ​នូវ​អ្វី​ដែល​ជា​ធាតុពិត​របស់​ពួក​គេ។ ​ពេលខ្លះ​ពួកគេ​លាក់បាំង​វា​ ដោយសារ​តែ​ប្រជាជន​ភាគ​ច្រើន​ មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ៕

XS
SM
MD
LG