ការបោះឆ្នោតព្រឹទ្ធសភាសម្រាប់នីតិកាលទីបួន បានចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមិនមានការចូលរួមពីគណបក្សជំទាស់សំខាន់មួយគឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការ និងមិនមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋសាមញ្ញរស់នៅក្នុងទីក្រុងភ្នំពេញ។
ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មានអង្គបោះឆ្នោតជាសមាជិកសភាចំនួន ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង១១.៥០០ នាក់នៅតាមការិយាល័យបោះឆ្នោតចំនួន៣៣ នៅទូទាំងប្រទេសកម្ពុជា។ សមាជិកព្រឹទ្ធសភាពីររូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រនិងពីររូបតែងតាំងដោយរដ្ឋសភា។
ក៏ប៉ុន្តែប្រជាពលរដ្ឋសាមញ្ញរស់នៅក្នុងរាជធានីភ្នំពេញ ថ្លែងថា ពួកគាត់មិនបានដឹង មិនចាប់អារម្មណ៍ និងមិនយល់ពីតួនាទីរបស់សមាជិកព្រឹទ្ធសភាឡើយ។
កញ្ញា គុន ស្រីទូច និយាយថា កញ្ញាមិនបានដឹងអ្វីជាស្ថាប័នព្រឹទ្ធសភា ហើយមិនស្គាល់សមាជិកព្រឹទ្ធសភាណាមួយ ខណៈដែលកញ្ញាគ្មានពេលតាមដានព័ត៌មាន ព្រោះរវល់លក់ដូរ។ កញ្ញាប្រាប់ VOA យ៉ាងដូច្នេះថា៖
«អត់ដែល អត់ដែលស្តាប់ព័ត៌មានផង និយាយទៅណាមួយរវល់រកស៊ី អត់មានពេលមើលទូរទស្សន៍ មួយខែទល់មួយខែ អត់ដែលមើលទូរទស្សន៍ម្តងសោះ»។
អ្នករត់ម៉ូតូកង់បីម្នាក់ដែលបានផ្តល់ឈ្មោះថា ណៃ ខ្វាន់ វ័យ ៣៣ឆ្នាំ ក៏មិនបានចាប់អារម្មណ៍នឹងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដ៏ចម្រូងចម្រាសនេះដែរ ដោយហេតុរវល់ក្នុងការរកលុយ។
«អត់ដែរ ព្រោះមិនសូវចាប់អារម្មណ៍ ជាប់តែរវល់រត់ម៉ូតូទៅ មិនដែលបាននៅមើលទូរទស្សន៍ មើលព័ត៌មានអី អត់ដែលបានមើល ដល់ចឹងអត់ចាប់អារម្មណ៍»។
ពលរដ្ឋខ្លះអះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ ត្រូវបានធ្វើឡើងដោយស្ងាត់ស្ងៀម ហើយទៅតាមច្បាប់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកែ ដោយគ្មាននរណាម្នាក់អាចធ្វើអី្វលោកបាននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយចុះ ក្រុមមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកសភា នៃគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៤ទសវត្សរ៍សម្តែងក្តីរីករាយនឹងការបោះឆ្នោត ហើយអះអាងថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដោយមានគណបក្សច្រើនចូលរួមផងដែរ។ ពួកគាត់ថ្លែងថា ការណ៍មានបក្សច្រើនចូលរួមនេះបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា ត្រូវបានប្រព្រឹត្តទៅលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្សពេញលេញ។
លោក សួង សំអុល សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃស ខណ្ឌដង្កោ ថ្លែងថា៖
«យើងមើល យើងមើលរដ្ឋធម្មនុញ្ញយើងចែង យើងកាន់លទ្ធិសេរីពហុបក្សមិនចឹង? បាទ ដូច្នេះមិនមែនបក្សតែមួយ មែនឯកបក្សឯណា? នៅក្នុង[ហ្នឹង]អត់គណបក្សប្រឆាំង ក៏ប៉ុន្តែមានគណបក្សបីចូលរួមជាមួយយើង បានន័យថា ជាមែនឯកបក្សទេណ៎ា! ទៅជាពហុបក្សហើយ ចាប់ពីពីរទៅបានន័យថា ពហុបក្សហើយ»។
អ្នកស្រី ឡោក ខេង សមាជិកសភាមណ្ឌលរាជធានីភ្នំពេញ ក៏បានយល់ឃើញស្រដៀងគ្នាថា អវត្តមានរបស់គណបក្សសង្គ្រោះជាតិ នឹងមិនជាបញ្ហាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំថា ការណ៍ដែលមិនមានគណបក្សសង្គ្រោះជាតិ ឬក៏គណបក្សប្រឆាំង គឺមិនមានបញ្ហាព្រោះមានគណបក្សដល់ទៅបួន ដែលបានចូលរួម នោះគឺយើងអនុវត្តតាមរដ្ឋធម្មនុញ្ញត្រឹមត្រូវហើយ»។
អ្នកតំណាងរាស្រ្តរូបនេះ រំពឹងថា គណបក្សប្រជាជនកម្ពុជា នឹងកើនឡើងសំឡេងច្រើននៅក្នុងព្រឹទ្ធសភា ក្រោយការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។
គណបក្សសង្គ្រោះជាតិដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ៤០ភាគរយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ក្រោយការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោមបទចោទថា លោកបានចូលដៃជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ។ យ៉ាងណាក៏ដោយ នៅមុនការបោះឆ្នោតព្រឹទ្ធសភាដែលបានធ្វើឡើងនៅថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលសកម្មភាពការងាររបស់ព្រឹទ្ធសភា និងការបោះឆ្នោតព្រឹទ្ធសភាដែលគណបក្សប្រឆាំងដ៏ធំនេះបានចោទថា ជាការបោះឆ្នោតមិនស្របច្បាប់ និងគ្មានប្រជាធិបតេយ្យ។
នៅថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គណបក្សប្រឆាំងក៏បានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីភាពមិនស្របច្បាប់នៃការបោះឆ្នោតនេះ ដោយផ្អែកលើកត្តាបី។ ទីមួយ សមាសភាពគ.ជ.ប. កើតឡើងដោយមិនស្របច្បាប់ និងផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទី២ អង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥.០៦២ រូប ពុំមែនជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ ទី៣ អវត្តមានគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋកន្លះប្រទេសដែលមានអាសនៈនៅរដ្ឋសភា និងនៅក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានសរសេរបញ្ជាក់បន្ថែមក្នុងន័យដើមថា៖
«គណបក្សសង្គ្រោះជាតិសូមអំពាវនាវដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ និងអង្គការសហប្រជាជាតិ កុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ និងជួយធ្វើអន្តរាគមន៍ ដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ និងធានាឲ្យការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែ វិច្ឆិកា ឆ្នាំ២០១៧ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយមានភា្ជប់នៅសេចក្តីថ្លែងការណ៍តាមន័យដើមបន្ថែមថា៖ «សមាជិកព្រឹទ្ធសភាខ្មែរ អាណត្តិទី៤ ដែលបោះឆ្នោតជ្រើសតាំងនៅថ្ងៃនេះ (២៥/០២/២០១៨) ចំនួន២៥នាក់ តំណាងឲ្យចោរ ព្រោះអង្គបោះឆ្នោតចំនួន ៥.០៦២ នាក់ជាចោរដែលអង្គុយលើកៅអីបានមកពីការប្លន់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧» ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parlianmentarian for Human Rights)បានក៏បានចាត់ទុកថា ការបោះឆ្នោតព្រឹទ្ធសភារបស់កម្ពុជានៅថ្ងៃអាទិត្យនេះ មិនមានលក្ខណៈស្របច្បាប់តាមបែបប្រជាធិបតេយ្យនោះទេ ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ និងបរិយាកាសគាបសង្កត់សិទ្ធិមនុស្សជាទូទៅនៅក្នុងប្រទេស។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. ដែលបានចុះសង្កេតមើលការិយាល័យបោះឆ្នោតចំនួនពីរកន្លែងនៅក្នុងវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ ថ្លែងថា មិនអាចមានសមាគមណា ឬប្រទេសណាមកប្រកាសថា មិនទទួលស្គាល់កិច្ចការងាររបស់គ.ជ.ប.បានទេ ដោយហេតុស្ថាប័នជាតិមួយនេះ បានទទួលសេចក្តីទុកចិត្តពីសភា ដែលតំណាងប្រជាពលរដ្ឋទូទាំងប្រទេស។
«NECនេះគឺវាកើតឡើងចេញមកពីការបោះឆ្នោត ទុកចិត្តពីរដ្ឋសភា មិនមែនសមាគមអាស៊ាន ឬក៏ចេញមកពី ONU ឬចេញពីអាមេរិកាំងមកបង្កើតគ.ជ.ប.យើងនេះទេ មិនមែនចេញមកពី EU ទេ គ្មានចេញពីប្រទេសណាមួយទេ គឺរដ្ឋសភាខ្មែរ ដែលជាតំណាងប្រជាពលរដ្ឋទូទាំងប្រទេសគឺគេបោះឆ្នោតទុកចិត្តឲ្យ NEC ហ្នឹងមកធ្វើការងាររៀបចំការបោះឆ្នោត។ អាហ្នឹងត្រូវស្គាល់ថា អ្នកណាអ្នកបង្កើតគ.ជ.ប.? រដ្ឋសភាជាតិ»។
ឆ្លើយតបទៅនឹងសំណួររបស់ VOA ចំពោះអវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលនោះ លោកស៊ិក ប៊ុនហុកបានថ្លែងថា៖
«តាមច្បាប់កំណត់ បើច្បាប់រំលាយហើយ ឯងឲ្យអ៊ំទៅទទួលស្គាល់របស់ស្អី គណបក្សស្អី ដែលគេរំលាយតាមច្បាប់។ បើអីចឹង អាហ្នឹងហើយដែលនឹងមានភាពមិនប្រក្រតីហ្មង។ NEC មិនប្រក្រតី មិនមែនស្ថិតនៅលើ NEC គោរពច្បាប់ទេ។ ដោយសារថា NEC ត្រូវគោរពច្បាប់ហ្នឹងហើយ បាន NEC ត្រូវរក្សាឲ្យបាននូវភាពប្រក្រតីរបស់ NEC ទើបមានអាព្យាក្រឹត្យនៃការបោះឆ្នោតហ្នឹង ហើយនិងសេរី ត្រឹមត្រូវ និងយុត្តិធម៌គឺទាល់តែឯករាជ្យ និងប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ យុត្តិធម៌ អានេះដែលអ៊ំត្រូវធ្វើ»។
លោកស៊ិក ប៊ុនហុកបដិសេធមិនអធិប្បាយ នៅពេល VOA សួរលោកបន្ថែមអំពីគណបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ លោកបា្រប់ក្រុមអ្នកសារព័ត៌មានបន្ថែមទៀតថា ការមិនចូលរួមសង្កេតការណ៍ ឬការមិនគាំទ្រពីសហគមន៍ប្រជាធិបតេយ្យធំៗពីរ គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនមែនជាឧបសគ្គបង្អាក់ដំណើរការរបស់គ.ជ.ប. ដែលបំពេញការងារតាមច្បាប់កំណត់ឲ្យដើរ ដើម្បីធានាឲ្យបាននូវការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លទ្ធផលនៃចំនួនអ្នកដែលបានទៅបោះឆ្នោតនៅថ្ងៃអាទិត្យដែលចេញផ្សាយដោយគ.ជ.ប.បានឲ្យដឹងថា មានអ្នកទៅបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រចំនួនសរុប១១៦៧០នាក់គឺស្មើនឹង៩៩,៧៩ភាគរយ។
នៅរាជធានីភ្នំពេញ ការិយាល័យបោះឆ្នោតចំនួនពីរបានចាប់ផ្តើមដំណើរការពីម៉ោង៧ព្រឹក និងបានបិទការិយាល័យនៅម៉ោង៣រសៀលថ្ងៃអាទិត្យនេះ ដោយមិនមានបញ្ហាអ្វីកើតឡើង ខណៈដែលស្ថានភាពទូទៅនៅរាជធានីមានភាពប្រក្រតី។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសាលារាជធានីភ្នំពេញ។
ការបោះឆ្នោតជាលក្ខណៈអសកលនេះមិនបានទាញចំណាប់អារម្មណ៍របស់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតធំៗចំនួនពីរដែលមិនរណបនឹងរដ្ឋាភិបាល គឺអង្គការឃ្លាំមើលការបោះឆ្នោត Comfrel និង Nicfec។ លោកសំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លំាមើលការបោះឆ្នោត Nicfec បានប្រាប់ VOA នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះថា បើមើលទៅលើនីតិវិធីច្បាប់ ការបោះឆ្នោតនេះត្រូវបានធ្វើឡើងត្រឹមត្រូវ តែអង្គបោះឆ្នោតមួយភាគមិនមានភាពជាតំណាង ដោយសារការរំលាយគណបក្សសង្គ្រោះជាតិ។
ក្រុមមន្ត្រីនាំពាក្យនៃគណបក្សធំៗពីរដែលមានអាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច នៅមិនទាន់អាចផ្តល់ការសន្និដ្ឋាននៃចំនួនអាសនៈដែលគណបក្សទាំងពីរនឹងបានទទួលនៅព្រឹទ្ធសភាទេ បន្ទាប់ពីការបញ្ចប់ទៅនៃការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ៕