ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជនកម្ពុជារំពឹងថា​នឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការបោះឆ្នោត​ព្រឹទ្ធ​សភា​


អ្នកធ្វើដំណើរត្រៀមឆ្លងកាត់សាឡាងមួយនៅក្នុងខេត្តកណ្តាល ដើម្បីឆ្លងមករាជធានីភ្នំពេញ។ ស្លាកសញ្ញា​គណបក្សប្រជាជនកម្ពុជាត្រូវបានដាក់​នៅទីនោះ (ស៊ុន ណារិន/VOA)

គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់អំណាច​របស់លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​រំពឹង​ថា ​នឹង​ឈ្នះ​ភ្លូកទឹកភ្លូក​ដី​ក្នុង​ការបោះឆ្នោតជ្រើសរើស​ព្រឹទ្ធសភា​នៅថ្ងៃអាទិត្យ​នេះ​ ​ហើយដែលនឹង​ជួយ​ពង្រឹងអំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​កាន់អំណាច​អស់រយៈ​ពេល​ជាង ៣០ ឆ្នាំ ​នៅពេល​មាន​ការបង្រ្កាប​លើ​គណបក្ស​ប្រឆាំង។ ​

ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ៥៨ រូបនៃ​ព្រឹទ្ធសភា​ដែល​មានសមាជិក​ចំនួន ៦២ រូប ​នៅថ្ងៃអាទិត្យស្អែក​នេះ​ នឹងមាន​អង្គបោះឆ្នោត​ជា​សមាជិក​សភា​ចំនួន ​១២៣ រូប និង​សមាជិកក្រុម​ប្រឹក្សាឃុំ​សង្កាត់ចំនួន ១១ម៉ឺន៥៧២​នាក់នៅ​តាម​ការិយាល័​យបោះឆ្នោត​ចំនួន ៣៣ ​នៅទូទាំង​ប្រទេស​កម្ពុជា។ សមាជិក​ព្រឹទ្ធសភា​ពីរ​រូបត្រូវ​តែងតាំង​ដោយព្រះ​មហាក្សត្រ និងពីររូប​តែងតាំង​ដោយ​រដ្ឋសភា។ ​

ប៉ុន្តែក្រុម​សិទិ្ធ​មនុស្ស​និង​អ្នក​នយោបាយ​ប្រឆាំង​បាន​និយាយ​ថា ​ការបោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា​នេះ​គឺជារឿង​ចំឡែក​ដែល​បង្ហាញ​ថា ​លោក​ហ៊ុន សែន ​ដែល​ញញើត​ការបោះឆ្នោត​ជាតិ នៅខែ​កក្កដា ​មិន​អនុញ្ញាតឲ្យ​មាន​លទ្ធិប្រជា​ធិបតេយ្យ​ពហុបក្ស​នោះ​ទេ។ ​

ក្រុមប្រឹក្សា​ឃុំសង្កាត់​ស្ទើរតែ​ពាក់កណ្តាល​ត្រូវបាន​ដកហូត​សិទ្ធិបោះឆ្នោត​របស់ខ្លួន​នៅថ្ងៃ​អាទិត្យនេះ​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់ពួក​គេត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កាល​ពីខែវិច្ឆិកា​ឆ្នាំមុនតាម​សំណើ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន។ ​

លោក​គល់ បញ្ញា នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​ដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិងយុត្តិធម៌​នៅកម្ពុជា Comfrel ​ដែល​ជា​អង្គការឃ្លាំមើល​ការ​បោះឆ្នោត បាន​និយាយ​ថា «នេះជាលើកដំបូង​ហើយ​ដែលការ​បោះឆ្នោត ជ្រើសរើសព្រឹទ្ធសភាធ្វើឡើងដោយគ្មាន​គណបក្ស​ជំទាស់ធំចូលប្រកួត​ប្រជែង» ។ ​

លោកបាន​បន្ថែម​ថា ក្រុម​ប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ៥ពាន់៧ នាក់ឬស្មើនឹង​៤៤ ភាគរយនៃ​ក្រុម​ប្រឹក្សា​ឃុំសង្កាត​១១ម៉ឺន៥៧២ នាក់ដែល​មាន​សិទ្ធិបោះឆ្នោត ​ត្រូវបានដ​កហូតសិទ្ធិ​បោះឆ្នោត​របស់​ពួកគេ។​ លោក​បន្តថា ​ វាមិនមែនជា​ការបោះ​ឆ្នោត​ប្រជា​ធិបតេយ្យ សេរី​ និងយុត្តិធម៌​ទេ។​ មានតែ​គណបក្ស​នយោបាយតូចៗ​បីប៉ុណ្ណោះ​ចូលរួម​ការ​បោះឆ្នោត ក្រៅពី​គណបក្ស​ប្រជាជនកម្ពុជា។ ​

លោកសុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​បាន​ថ្លែង​ថា​ «ខ្ញុំរំពឹងថា​ យើងនឹងឈ្នះ​ច្រើន។ ខ្ញុំជឿ​ជាក់​១០០​ភាគរយ​ថា ខ្ញុំនឹង​ត្រូវបាន​ជ្រើសរើស»។ ​

គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត​បាន​និយាយ​ថា​ គណបក្ស​ប្រជាជន ​ដែល​ជា​គណបក្ស​កាន់​អំណាច​គឺជា​គណបក្ស​តែមួយ​គត់ដែល​ធ្វើការ​ប្រមូល​ផ្តុំគ្នាក្នុង​អំឡុងពេល​ឃោសនា​រយៈពេល​១៤​ថ្ងៃ ​មុន​ការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យ​ស្អែក​នេះ។ ​ព្រឹទ្ធសភា​ដែល​សមាជិក​មាន​អាណត្តិ​៦ឆ្នាំ ​ត្រូវបាន​គេ​មើល​ឃើញ​ថា ​ជាស្ថាប័ន​ចាំតែ​ប្រថាប់​ត្រា ​ប៉ុន្តែ​ប្រធាន​ស្ថាប័ននេះ​មាន​អំណាច​តាម​រដ្ឋធម្មនុញ្ញ​ ធ្វើ​ជា​ប្រមុខរដ្ឋ ​ចុះ​ហត្ថលេខា​អនុម័ត​ច្បាប់ ​នៅ​ពេលដែល​ព្រះ​មហា​ក្សត្រ​នៅក្រៅ​ប្រទេស។ ​

គណបក្ស​សង្គ្រោះ​ជាតិត្រូវបានរំលាយ​ បន្ទាប់​ពី​ចាប់ខ្លួនមេ​ដឹកនាំ​គឺលោក​កឹម សុខា ​កាលពី​ឆ្នាំមុន ​តាមបទ​ចោទ​ថា ​ធ្វើ​គម្រោង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល ​ដោយ​មាន​ជំនួយ​ពីសហ​រដ្ឋ​អាមេរិក ​ដែល​ជា​ការចោទ​ប្រកាន់​មួយ​ដែល​សហ​រដ្ឋ​អាមេរិក​និង​លោកកឹម សុខា​បានច្រាន​ចោល។ ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិបាន​លុប​បំបាត់​ឧបសគ្គ​ចម្បងៗ​របស់លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ក្នុង​ការ​ជាប់​ឆ្នោតឡើង​វិញ ​នៅខែកក្កដា។ ​

លោកស្រីមូរ​សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យនេះ​ថា​ ជារឿងគួរ​ឲ្យអាម៉ាស់។ ​លោកស្រី​និយាយ​ថា ​ការបោះ​ឆ្នោត​នេះ​នឹង​ពង្រីក​ការបែក​បាក់​នយោបាយ​របស់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត។ ​លោកស្រីមូរ សុខហួរ ​ដែលបាន​រស់នៅ​និរទេស​ខ្លួននៅ​ក្រៅប្រទេស​ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ ​Reuters ​ថា ​«វាគឺជាការ​បោះឆ្នោត​មួយ​សម្រាប់​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា​រក្សា​និង​គ្រប់គ្រង​អំណាច»​៕

XS
SM
MD
LG