ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​លោកហ៊ុន សែន​រំពឹង​ជ័យ​ជម្នះ​ខ្លាំង​ក្នុង​​ការបោះ​ឆ្នោត​ព្រឹទ្ធ​សភា​ ដោយ​គ្មាន​គូ​ប្រជែង​ខ្លាំង


យុទ្ធនាការ​ឃោសនា​របស់​មន្ត្រី​ និង​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឯ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ស៊ុន ណារិន/VOA)
យុទ្ធនាការ​ឃោសនា​របស់​មន្ត្រី​ និង​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឯ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ស៊ុន ណារិន/VOA)

បក្ស​គ្រប់គ្រង​ប្រទេស​នឹងទទួល​បាន​ជ័យជម្នះ​ពេញលេញ​ពេល​គ្មាន​គូប្រជែង ខ្លាំង​ចូលរួម​ក្នុង​ពេលបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា។

ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ដែល​គេ​បាន​ដឹង​ជា​មុន​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត​សឹងតែ​ទាំងអស់​ឬ​ឈ្នះ​ទាំងស្រុង​នោះ​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​តាម​មណ្ឌល​បោះឆ្នោត​ទាំង​៣៣​នៅ​ទូទាំង​ប្រទេស។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប. ​បាន​ឲ្យ​ដឹង​ថា​ សម្ភារៈ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​៣៣​ ដែល​ស្ថិត​នៅ​ក្នុង​មណ្ឌល​ភូមិភាគ​ទាំង​៨រួច​ហើយ​ គឺ​រាប់​ទាំង​បញ្ជី​បោះ​ឆ្នោត​ សន្លឹក​ឆ្នោត​ ហិបឆ្នោត​ បន្ទប់​សម្ងាត់ ​ត្រា សម្រាប់​បោះ​លើ​សន្លឹក​ឆ្នោត​ និង​សម្ភារៈ​បរិក្ខា​ផ្សេងៗ​ទៀត។​

ក្រៅពី​បាន​បញ្ជាក់​អំពី​ការ​ហ្វឹកហ្វឺន​ដល់​មន្ត្រី​បោះឆ្នោត​ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​បញ្ជាក់​ថា​ មក​ដល់​ថ្ងៃ​សៅរ៍​ទី​២៤​ ​ខែកុម្ភៈនេះ​ មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​បាន​រៀបចំ​ការិយាល័យ​បោះឆ្នោត​រួចរាល់ហើយ​ សម្រាប់​បើក​បម្រើការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​ ក្រៅពី​បាន​បញ្ជាក់​ថា ​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទាំង​៩​នាក់​ បាន​ដាក់​គម្រោង​ការ​ជួប​ប្រជុំ​គ្នា​ដើម្បី​ត្រួត​ពិនិត្យ​វត្តមានសមាជិក ​និង​ពិនិត្យ​ទីតាំង​ការិយាល័យ ​និង​សម្ភារៈ​បរិក្ខា​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត។​

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ មាន​ចៅ​សង្កាត់ ​ជំទប់​ជាដើម​ ​ចំនួន​ដល់​ទៅ​១១៥៧២​នាក់​ ​ហើយ​នឹង​សមាជិក​សភា​ចំនួន​១២៣​ គឺ​ជា​អង្គបោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា។​

យុទ្ធនាការ​ឃោសនា​របស់​មន្ត្រី​ និង​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឯ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ស៊ុន ណារិន/VOA)
យុទ្ធនាការ​ឃោសនា​របស់​មន្ត្រី​ និង​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឯ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ស៊ុន ណារិន/VOA)

អង្គបោះ​ឆ្នោត​ទាំងអស់​នេះ​ភាគ​ច្រើន​ កើត​ចេញ​ពី​ការ​បោះឆ្នោត​ជូន​ដោយ​ពលរដ្ឋ​ កាលពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ​និងបោះឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា​ឃុំសង្កាត់​កាល​ពី​ឆ្នាំ​២០១៧ ​ហើយ​នឹងអង្គបោះ​ឆ្នោត​មួយ​ចំនួន ត្រូវបាន​បែងចែង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោយពី​តុលាការ​គ្រប់គ្រង​ដោយ​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បែងចែក​ទៅជូន​គណបក្ស​ដទៃ​ មុន​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ និង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ ដែល​គេ​គិត​ថា​ ដើម្បី​ធានា​ជ័យ​ជម្នះ​ ​និង​បង្ហាញ​ថា​ កម្ពុជា​មាន​របប​សេរី​និយម ​ពហុបក្ស​ផង។​

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​ ខុម ហ្វ្រែល​ បាន​ឲ្យ​ដឹង​ថា ​ការ​បោះឆ្នោត​នេះ​នឹង​គ្មាន​ការ​ប្រកួត​ប្រជែង​ពី​គណបក្ស​ ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​ ដូច​លើក​មុនៗ​ទេ​ ​ក្រោយការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

«ក្នុង​ការ​បោះឆ្នោត​លើក​នេះ​គឺ​ថា​ ក្រោយពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ទៅ គឺ​យើង​ឃើញ​ថា​ អត់​មាន​ការ​ប្រកួត​ប្រជែង​ទេ​ មាន​ន័យ​ថា​ ការ​បោះឆ្នោត​នេះ​ គឺ​មាន​តែ​គណបក្ស​តែមួយ​ទេ​ ដែល​យើង​មើល​ឃើញ​ថា​ សំឡេង​របស់​គាត់​នឹង​ទទួល​បាន​១០០ភាគ​រយ​នៃ​អាសនៈ​ក្នុង​ព្រឹទ្ធ​សភា‍»។​

ទោះជា​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់ ​ហើយ​ការ​បោះ​ឆ្នោត​នេះ ​ត្រូវ​គេ​ចាត់​ទុក​ថាជា​ការ​បោះឆ្នោត​មិន​អាច​ទទួល​យក​បាន​ដោយ​ក្រុម​ជំទាស់ក្តី​ ​ស្ថាប័ន​នានា​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ទំនង​ជា​មិន​អើពើ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ទេ​ ក្រៅពី​គ្រោង​ដូច​សព្វ​មួយ​ដង ​ដើម្បី​នឹង​ប្រកាស​អំពី​ភាព​សេរី ​និង​យុត្តិធម៌​ត្រឹមត្រូវ ​អាច​ទទួល​យក​បាន​ ហើយ​នឹង​ថែម​ទាំង​អាច​មាន​ការ​សម្តែង​ការ​អបអរសាទរ​ ព្រោងព្រាត​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នេះ។​

នៅ​ពេល​ទទួល​បាន​ជ័យ​ជម្នះ​នេះ ​ប្រធាន​ព្រឹទ្ធ​សភា​ដែល​ទំនងជា​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ នឹង​នៅតែ​ទទួល​បាន​ឋានៈ​ជាប្រមុខរដ្ឋ​ស្តីទី​ពេល​អវត្តមាន​ព្រះ​មហា​ក្សត្រ​ ហើយ​អាច​មាន​សិទ្ធិ​ចុះហត្ថ​លេខា​តែងតាំង​ និង​ដកហូត​តំណែង​មន្ត្រី​រដ្ឋាភិបាល​នានា​ បង្កើន​សំឡេង​ចំនួន​៣​ក្នុង​ចំណោម​សមាជិក​ចំនួន​៩​នាក់​នៃ​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ក្នុង​ការ​ជ្រើស​រើស​ព្រះ​មហា​ក្សត្រ​ ហើយ​នឹង​បុព្វ​សិទ្ធិ​សំខាន់ៗ​ផ្សេងទៀត​ រាប់ទាំង​ក្នុង​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។​

ស្ថាប័ន​ព្រឹទ្ធ​សភា​មាន​តួនាទី​ជា​ច្រើន​រាប់​ទាំង​ពិនិត្យ​ឲ្យ​យោបល់​លើ​អត្តបទ​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា ​និង​ផ្តួច​ផ្តើម​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ ​និង​ផែនការ​នានា​ ​ហើយ​នឹង​របាយ​ការណ៍​របស់​រដ្ឋាភិបាល ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​បំភ្លឺ​ជា​ដើម។​

គណបក្ស​គ្រប់គ្រង​ប្រទេស​ នឹង​កាន់​អំណាច​ពេញ​លេញ​ទាំង​នៅ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​ ឬ​រដ្ឋាភិបាល ​ស្ថាប័ន​នីតិ​បញ្ញត្តិ​មាន​សភា​ មាន​ព្រឹទ្ធសភា​ និង​ស្ថាប័នតុលាការ​ គឺ​សឹងតែ​ដូច​កាល​ទសវត្សរ៍​១៩៨០​ទាំងស្រុង​ នៅក្រោយ​ពេល​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​នៅ​ខែ​កុម្ភៈ​នេះ​ ​ដែល​ត្រូវ​គេរំពឹង​អំពី​ជ័យ​ជម្នះ​ស្ទើរតែ​ទាំងស្រុង​ជាមុន​រួចស្រេច​ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ប្រសប់រៀបចំ​ឈុត​ឆាក​ផ្តួល​ក្រុម​ប្រជែង​ដែល​មាន​សំឡេងប្រហាក់​ប្រហែល​ ​និង​ធ្វើ​ឲ្យ​គូប្រជែងខ្ទាត​ចេញ​ពី​ឆាក​នយោបាយ​នោះ។​

​ទោះជា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធ្វើ​បាន​សម្រេច​ក្នុងការ​ព្យាយាម​ក្តោប​អំណាច​ទាំងមូល​ តាម​របៀប​ឯកបក្ស​ ហើយ​រំលាយ​គណបក្ស​ជំទាស់​ និង​បែង​ចែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទៅ​ឲ្យ​គណបក្ស​ដទៃ​មែន​ ក៏​ប៉ុន្តែ​មាន​ប្រតិកម្ម​ជា​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ​ជះ​ត្រឡប់​មក​វិញ។​ ទណ្ឌកម្ម​ទាំង​នោះ រួមមាន​ការ​ដាក់​ទណ្ឌ​កម្ម​ផ្តាច់​ទិដ្ឋាការ​ មិន​ផ្តល់​ជំនួយ​ផ្នែក​បោះឆ្នោត ​និង​អាច​បង្កក​ទ្រព្យ​សម្បត្តិ​បុគ្គល​ជា​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ជាដើម។​

ទណ្ឌ​កម្ម​នេះ​ជា​សម្ពាធ​បន្ថែម​ពីលើ​អ្វី​ដែល​ជា​ការ​ចង្អុល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ និង​សហគមន៍​អន្តរជាតិកើនច្រើន​លើស​លុប​ ដែល​មិន​ធ្លាប់​មាន​ពីមុនប៉ុណ្ណោះ​ទេ ​តែ​ក៏​អាច​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​គណបក្ស​ដែល​មាន​លទ្ធភាព​ចូល​ទៅ​គ្រប់គ្រង​អំណាច​ថ្នាក់​ជាតិ​ និង​មូលដ្ឋាន​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាក់​ឫស​អំណាច​៤​ទសវត្សរ៍​មក​នេះ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជីវិត​នយោបាយ​ និង​ចូលរួម​ប្រកួត​ប្រជែង​ដោយ​សេរី​និង​យុត្តិធម៌ ​ស្មើភាព​ ​តាមបែប​ប្រជាធិបតេយ្យ ​ទាំង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ​ព្រឹទ្ធ​សភា​ ហើយ​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG