អ្នកស្រី ម៉ៅ ម៉ាប់ ប្តេជ្ញា​បន្ត​ការពារ​សិទ្ធិ​មនុស្ស ក្រោយ​ទទួល​បាន​ពាន​រង្វាន់ Franco-German Prize

អ្នកស្រី ម៉ៅ ម៉ាប់ នាយិកា​ប្រតិបត្តិ​អង្គការ​ក្លាហាន ទទួល​ពាន​រង្វាន់​ផ្នែក​សិទ្ធិ​មនុស្ស និងនីតិរដ្ឋឆ្នាំ២០២៤ ពី​ស្ថានទូត​បារាំង និង​អាល្លឺម៉ង់។ (Facebook / German Embassy Cambodia)

អ្នក​ស្រី ម៉ៅ ម៉ាប់ នាយិកា​ប្រតិបត្តិ​អង្គការ​ក្លាហាន បាន​បង្ហាញ​ការ​ប្តេជ្ញា​ខិត​ខំ​លើ​កិច្ច​ការងារ​ការ​ពារ​សិទ្ធិ​មនុស្ស​បន្ត​ទៀត បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​សិទ្ធិ​មនុស្ស​ពី​ស្ថានទូត​បារាំង និង​អាល្លឺម៉ង់ កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​បទ​សម្ភាស៍​ជា​មួយ​វីអូអេ អ្នកស្រី ម៉ៅ ម៉ាប់ អាយុ ៤៣ ឆ្នាំ ថ្លែង​ថា​ ពាន​រង្វាន់​ដែល​អ្នកស្រី​ទទួល​បាន គឺ​ជា​ការ​លើក​ទឹកចិត្ត​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ការងារការពារ​សិទ្ធិ​មនុស្ស​ សមភាព​យេន​ឌ័រ ក៏​ដូច​ជា​សិទ្ធិ​ស្រ្តី​ជា​ដើម ដែល​ជា​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី​ថ្លែង​ថា៖ «ជា​ការ​បង្ហាញ​មួយ ដើម្បីឲ្យយើង​ដឹង​ថា ​យើង​នៅ​មាន​កិច្ច​ការងារ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ ដោយ​យើង​មើល​ឃើញ​ថា ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ការ​គោរព​សិទ្ធិ​មនុស្សគឺ​មិន​ទាន់​បាន​ពេញ​លេញ​ ជា​ពិសេស​ទាក់​ទង​នឹង​សិទ្ធិ​ស្រ្តី​ សមភាព​យេនឌ័រ​ តួនាទី​យេនឌ័រ​អីហ្នឹង​ គឺ​នៅ​តែ​បន្ត​ដាក់​គំនាប​ពី​ការ​ចូល​រួម​របស់​ស្រ្តី។ ខ្ញុំ​គិត​ថា​ យើង​នៅ​មាន​ការងារ​ជា​ច្រើន​ត្រូវ​ធ្វើ មិនមែន​មាន​តែ​ខ្ញុំ​ម្នាក់​ដែល​ត្រូវ​ធ្វើ​ទេ គឺ​ត្រូវ​ការ​ធ្វើ​ការ​រួមគ្នា​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​គ្រប់​រូប​ទទួល​បាន​យុត្តិធម៌​ស្មើៗ​គ្នា​ចំពោះ​មុខ​ច្បាប់»។

អ្នកស្រី ម៉ៅ ម៉ាប់ ទទួល​បាន​ពានរង្វាន់​មួយ​ពី​បារាំង​និង​អាល្លឺម៉ង់​រួមគ្នា​ផ្នែក​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​ឆ្នាំ​ ២០២៤ ​(Franco-German Prize for Human Rights and the Rule of Law 2024) ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០ធ្នូ ពី​លោក Jacques Pellet ឯក​អគ្គរដ្ឋទូត​បារាំង និង​លោក Stefan Messerer ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់។

បើ​យោង​តាម​សារ​បង្ហោះ​របស់​ស្ថានទូត​បារាំង​និង​អាល្លឺម៉ង់​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ​រយៈ​ពេល ​២០ ឆ្នាំ​មក​ហើយ​ដែល​អ្នកស្រី ម៉ៅ ម៉ាប់ គឺ​ជា​សកម្មជន​ដ៏មោះ​មុត​ផ្នែក​សិទ្ធិ​មនុស្ស និង​ជា​ពិសេស​ផ្នែក​សមភាព​យេនឌ័រ។ អ្នកស្រីបាន​ទទួលពាន​រង្វាន់​នេះ​ ដោយសារ​សេចក្តី​ក្លាហាន​ដ៏មោះ​មុត​ក្នុង​ការ​ការពារ​សិទ្ធិ​ស្ត្រី​គ្រប់​រូប។

អ្នកស្រី ម៉ៅ ម៉ាប់ បាន​ចាប់​ផ្តើម​ការងារ​ចេញ​ពី​តួនាទី​ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក រហូតបានក្លាយ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សមភាព​យេនឌ័រ។ អ្នកស្រី​លើក​ទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា​ចូលរួម​ក្នុងកិច្ចការ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យបាន​ច្រើន ជាពិសេស​ការ​ការពារ​សិទ្ធិមនុស្សផ្អែក​លើ​យេនឌ័រ។ អ្នកស្រី​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​បន្ថែម​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ការ​ពារ​ដោយ​ច្បាប់​ដោយ​ពេញ​លេញ។

អ្នកស្រី ម៉ៅ ម៉ាប់ ​ប្រាប់​វីអូអេ​ថា៖ «ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យយុវជន​ចូលរួម​ឲ្យ​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ ពិសេស​ទាក់ទង​និង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ដោយសារ​យើង​មើល​ឃើញ​ពី​តួលេខ​នៃ​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​មាន​ការ​ថយ​ចុះ​ ប៉ុន្តែ​ក្នុង​ចំនួន​តួលេខ​មួយ​ដែល​នៅ​តែ​ព្រួយ​បារម្ភ​។ ស្ថានភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​អត់​ទាន់​មាន​ភាព​ល្អ​ប្រសើរ។ មួយ​វិញ​ទៀ ត​រដ្ឋាភិបាល​ត្រូវ​បំពេញ​តួនាទី​បើក​ឲ្យទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​អនុវត្ត​នូវ​សិទ្ធិ​ដែល​ការពារ​ដោយ​ច្បាប់ឲ្យបាន​ពេញ​លេញ​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅ​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ពេញ​លេញ​»។

អ្នកស្រី ចក់ សុភាព អតីត​នាយិកា​នៃ​មជ្ឃ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR)​ បាន​សាទរ​ចំពោះ​អ្នកស្រី ម៉ៅ ម៉ាប់ ដែល​ទទួល​បាន​ពានរង្វាន់​ផ្នែកសិទ្ធិ​មនុស្ស​ពី​ស្ថានទូត​បារាំង​ និង​អាល្លឺម៉ង់។ ​អ្នកស្រី​ថា ​ពានរង្វាន់​នេះពិតជាស័ក្តិសម​បំផុត​សម្រាប់​អ្នកស្រី ម៉ៅ ម៉ាប់។

អ្នកស្រី​ថ្លែងថា៖ «បទ​ពិសោធន៍ និង​ការ​ចូលរួម​របស់​គាត់​កន្លង​មក​ និង​បច្ចុប្បន្ន​នៅ​ក្នុង​អង្គការ​ក្លាហាន​នេះ គឺ​យើង​បាន​ធ្វើ​ការ​រួម​គ្នា​ច្រើន​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ ហើយ​យើង​ឃើញ​ថា​ ការ​ខិតខំ​ប្រឹង​ប្រែង​ទន់ភ្លន់ ប៉ុន្តែ​វិធីសាស្រ្ត យុទ្ធសាស្រ្ត​ការងារ គឺ​គាត់​មាន​ភាព​ទន់ភ្លន់​ តែ​ច្បាស់​លាស់​។ គាត់​ស័ក្តិសមនឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ច្រើន​ជាង​ពាន​រង្វាន់​នេះ​ទៅ​ទៀត​ បើ​យើង​មើល​ទៅ​លើ​ការ​ប្រឹង​ប្រែង​និង​ការ​ចូលរួម​ចំណែក​កន្លង​មក»។

បើ​តាម​ស្ថាន​ទូតបារាំង នៅ​ពេល​ធ្វើ​ការ​ងារ​នៅ​សមាគម​អាដ​ហុក​ដែល​បច្ចុប្បន្ន អ្នកស្រីគឺ​ជា​សមាជិ​ក​ក្រុម​ប្រឹក្សា​ភិបាល អ្នក​ស្រី ម៉ៅ ម៉ាប់ បាន​បំពេញ​ការ​ងារ​ក្នុង​ការប្រ​យុទ្ធ​ប្រឆាំ​ង​អំពើ​ហិង្សា​ផ្អែក​លើ​យេន​ឌ័រ ដោយ​គាំទ្រល​ទ្ធ​ភាព​ទទួល​បាន​យុត្តិ​ធម៌ និង​ការ​ធ្វើ​សមា​ហរ​ណក​ម្មអ្នក​រស់​រាន​មាន​ជីវិត ក៏ដូច​ជា​ការពារ​ស្ត្រី​ចំណាក​ស្រុក។

ក្នុង​ពេល​បំពេញ​ការងារ​ជា​នាយិ​កា​អង្គការ​ក្លា​ហាន អ្នកស្រី​ដើរ​តួនាទី​សំ​ខាន់​ក្នុង​នាម​ជា​ស្ត្រី​តស៊ូ ដើ​ម្បី​សមភាព​យេន​ឌ័រ និងសិ​ទ្ធិស្ត្រី ដោយ​ពុំមា​នការ​រើស​អើង​ប្រភព អា​យុ ពណ៌ស​ម្បុរ និង​ជាតិសា​សន៍ ហើយ​អ្នក​ស្រី​គឺជាអ្ន​ក​គាំទ្រ​សហ​គមន៍​អ្នក​ស្រឡាញ់ភេ​ទ​ដូច​គ្នា (LGBT+) និង​ស្ត្រីម​ក​ពីសហគមន៍ជ​ន​ជាតិ​ដើម។

លោក Jacques Pellet ឯក​អគ្គរដ្ឋទូតបារាំង​ប្រចាំក​ម្ពុជា បាន​គូស​បញ្ជា​ក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយ​ថា៖ «តាម​រយៈ​ការ​ទូតដែល​ផ្តោ​តលើ​ស្ត្រី ប្រទេស​បារាំង​មាន​ការប្តេជ្ញាចិត្ត​ខ្ព​ស់​ក្នុងកា​រ​ជំរុញស​មភា​ព​រវាង​ស្ត្រីនិងបុរស និង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហិង្សា​ដែល​ផ្អែក​លើយេន​ឌ័​រ​គ្រប់​ទម្រ​ង់​ទាំង​អស់។ ពាន​រង្វា​ន់​នេះគឺជា​ការទទួល​ស្គាល់ការ​ងាររបស់លោកស្រី ម៉ៅ ម៉ាប់ ដែល​បាន​ចំណាយ​ពេល​ប្រមាណ ​២០ ​ឆ្នាំ ក្នុង​ការ​ការពារ​សិទ្ធិស្ត្រី និង​ការពារ​ស្ត្រី​ងាយ​រង​គ្រោះ​បំផុត។ ការ​ផ្តល់​ពាន​រង្វាន់​នេះ​ក៏​ជា​ការ​ទទួល​ស្គាល់​ផង​ដែរ​នូវ​កា​រ​ប្តេជ្ញា​ចិត្ត និង​ភក្តីភាព​របស់​អ្នក​ការ​ពា​រសិ​ទ្ធិម​នុស្ស​កម្ពុជា»។

ចំណែកលោក Stefan Messerer ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​វិញ ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយដែរ​ ដោយ​លើក​ឡើង​ថា៖ «ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​គឺ​ជា​អាទិភាព​មួយ​នៃ​គោល​នយោ​បាយ​ការ​បរទេស​អា​ល្លឺម៉ង់​នៅ​ក្នុង​ពិភព​លោក។ ក្នុង​ន័យ​នេះ ការ​ការពារ​នីតិរដ្ឋ និង​សេរីភាព​ជាមូ​ល​ដ្ឋាន គឺ​ជា​សសរ​ស្តម្ភ​នៃ​កា​រ​ប្តេជ្ញា​ចិត្ត​អន្ត​រ​ជាតិរ​បស់​អាល្លឺ​ម៉ង់។ នៅ​ឆ្នាំ​នេះ យើង​ប្រគល់​ពានរ​ង្វាន់​ជូន​លោក​ស្រី ម៉ៅ ម៉ាប់ ដោយ​សារ​ភាព​ក្លាហាន​មោះ​មុត​របស់​លោក​ស្រី​ក្នុងការកា​រ​ពារ​សិទ្ធិ​ទាំង​នេះ ជាពិ​សេស​ដើម្បី​ជា​ប្រយោជន៍​ស្រ្តីជន​ជាតិ​ដើម និង​ស្រ្តីដែល​ត្រូ​វ​បាន​រើសអើង»។

បើ​តាម​ស្ថានទូត​បារាំងនិង​អាល្លឺម៉ង់ តាមរ​យៈ​ពាន​រង្វាន់​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នេះ ប្រទេស​បារាំងនិង​អាល្លឺ​ម៉ង់​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិ​ច្ចខិត​ខំប្រឹងប្រែង​របស់​សង្គម​ស៊ីវិលនៅ​កម្ពុជាដើម្បី​សេចក្តី​ថ្លៃថ្នូរ​នៃ​មនុស្ស​ជាតិ និង​សិទ្ធិមនុ​ស្ស​«ដែល​មិនអា​ច​ដក​ហូ​ត​បាន»៕