ការនាំចេញសម្លៀកបំពាក់ ផលិតផលស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាទៅក្រៅប្រទេស ដែលភាគច្រើនទៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៣ បានធ្លាក់ចុះចន្លោះពី៨ទៅ ២០% បើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមស្ថិតិនាំចេញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងមន្រ្តីកម្ពុជា។
អ្នកនាំពាក្យអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក សែ សុឃន ប្រាប់វីអូអេថា ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានធ្លាក់ចុះប្រមាណ ១៣% សម្ភារៈធ្វើដំណើរប្រមាណ ៨% និងស្បែកជើងប្រមាណ ២១% ដែលគិតជាតម្លៃសរុបផលិតផលទាំងអស់នោះ ថយចុះប្រមាណ ១.៨៦២ លានដុល្លារអាមេរិក។
កាលពីឆ្នាំ ២០២២ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរដែលជាផលិតផលនាំចេញធំបំផុតរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស គិតជាទឹកប្រាក់សរុបជាង ១០ពាន់លានដុល្លារអាមេរិក។
អ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអះអាងថា សម្លៀកបំពាក់និងសម្ភារៈធ្វើដំណើរភាគច្រើននាំចេញទៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបន្ថែមថា ការនាំចេញធ្លាក់ចុះក្នុងឆ្នាំ ២០២៣ បណ្តាលមកពីឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងចំហាយនៃឥទ្ធិពលជំងឺកូវីដ១៩ ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាសកល ជាពិសេសអត្រាអតិផរណាកើនឡើងនាំឱ្យកម្លាំងបញ្ជាទិញថយចុះ។
បើទោះការនាំចេញផលិតផលទាំងនោះធ្លាក់ចុះក្នុងឆ្នាំ ២០២៣ ប៉ុន្តែការនាំចេញជារួមរបស់កម្ពុជាទៅក្រៅប្រទេស ក្នុងឆ្នាំ ២០២៣ កើនឡើងប្រមាណ ២% ដែលមានតម្លៃសរុបជាង ២២ពាន់លានដុល្លារអាមេរិក។ កម្ពុជាបាននាំចូលមកវិញមានតម្លៃប្រមាណ ២៤ពាន់លានដុល្លារ ដែលខ្ពស់ជាងការនាំចេញ។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីតម្លៃប្រមាណ ១២ពាន់លានដុល្លារ។ ចំណែកសហរដ្ឋអាមេរិកនៅតែជាគោលដៅនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលស្មើនឹង ៣៩% នៃការនាំចេញសរុប។ នេះបើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ ប្រាប់វីអូអេថា ការនាំចេញរបស់កម្ពុជាធ្លាក់ចុះនេះ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យការប្រើប្រាស់ថយចុះនិងការបញ្ជាទិញក៏ធ្លាក់ចុះដែរ។
លោកបញ្ជាក់ថា៖ «ជាក់ស្តែងគឺរោងចក្រសហគ្រាសជាច្រើន យើងឃើញថាមិនសូវមាន order [ការបញ្ជាទិញ] ហើយក៏រោងចក្រមួយ ចំនួនទៀត ក៏នៅតែបន្តការព្យួរ ហើយរោងចក្រខ្លះទៀតគឺចាប់ផ្តើមព្យួរ។ ដូច្នេះគឺយើងមើលឃើញថាទិដ្ឋភាពនេះវាជារូបភាពមួយដែលបង្ហាញអំពីការថយចុះមែន ហើយអ្វីដែលសំខាន់គឺវាពាក់ព័ន្ធនឹងទិដ្ឋភាពសកល»។
បើតាមប្រធានសហជីពរូបនេះ ការធ្លាក់ចុះបែបនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ ខណៈលោកជំរុញកុំឱ្យផ្អែកតែលើវិស័យមួយ ប៉ុន្តែត្រូវពង្រីកវិស័យផ្សេងទៀតផងដែរ។
ចំណែកប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ លើកឡើងថាការធ្លាក់ចុះនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក សង្គ្រាមនៅអ៊ុយក្រែន ជាពិសេសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុប និងការមិនទាន់ផ្តល់ឡើងវិញប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក។
លោក អាត់ ធន់ ជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងបន្ថែមជាមួយបណ្តាប្រទេសផ្សេងទៀត កែច្នៃផលិតផលកសិកម្ម និងពង្រឹងការអនុវត្តច្បាប់ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ហើយកម្ពុជាត្រូវពង្រឹងនូវច្បាប់បទដ្ឋានគតិយុត្តិ ជាពិសេសគឺប្រព័ន្ធតុលាការឱ្យឯករាជ្យ ដើម្បីឱ្យអ្នកវិនិយោគិនធំៗគេទុកចិត្ត គេអាចមកដាក់ទុនបានហើយចុងក្រោយពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់»។
បើតាមប្រធានសហជីបរូបនេះ កាលណាកម្មករត្រូវបានបញ្ឈប់ពីការងារ នោះពួកគេមិនមានប្រាក់ឈ្នួលសម្រាប់ចាយវាយ ដែលវានឹងប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។
អគ្គលេខាធិការរងនៃសមាគមស្បែកជើងកម្ពុជា លោក រឿន វណ្ណៈ ប្រាប់វីអូអេថា កត្តាដែលនាំឱ្យការនាំចេញធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីសង្គ្រាមរុស្សីនិងអ៊ុយក្រែន និងការវាយប្រហាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោកបន្ថែមថា ប្រជាពលរដ្ឋកាត់បន្ថយការចំណាយមិនចាំបាច់ ហើយការលក់ចេញក៏ស្ថិតនៅក្នុងតម្លៃកម្រិតទាបផងដែរ។
លោកបញ្ជាក់ថា៖ «ថ្វីត្បិតតែមានការធ្លាក់ចុះនៃទំហំទឹកប្រាក់នាំចេញផលិតផលក៏ដូចជាទំនិញនាំចេញពីកម្ពុជា ប៉ុន្តែបើយើងមកសំឡឹងពីទំហំក៏ដូចជាលំហូរនៃអ្នកវិនិយោគបរទេសដែលគាត់បន្តចូលមកកម្ពុជាហ្នឹង គឺឃើញថាមានការកើនឡើង ដោយសារតែទិន្នន័យនៃវិស័យរោងចក្រផលិតស្បែកជើងនៅកម្ពុជានាពេលបច្ចុប្បន្នមានប្រហែលជា៩០រោងចក្រ»។
បើតាមអគ្គលេខាធិការរូបនេះ ការនាំចេញធ្លាក់ចុះនេះប៉ះពាល់តិចតួចដល់កម្មករផងដែរ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការបញ្ជាទិញនាពេលនេះក៏ចាប់ផ្តើមកើនឡើងវិញដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ប្រាប់វីអូអេថា ការធ្លាក់ចុះនៃការនាំចេញផលិតផលទាំងនេះ មិនមែនដោយសារតែបញ្ហា EBA ឬក៏ GPS ឡើយ ប៉ុន្តែលោកថា វាពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជានៅតែព្យាយាមពង្រីកទីផ្សារបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ។
លោកបញ្ជាក់ថា៖ «ការធ្វើទីផ្សារបន្ថែមទៀត ទំនិញរបស់យើងនឹងអាចត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ជាពិសេសស្ថានភាពពាណិជ្ជកម្មរបស់យើង។ ហើយអ្វីដែលយើងទុកចិត្តមែនទែនគឺថាការធ្លាក់ចុះនេះ ដោយសារមិនមានគេទិញទេ ការធ្លាក់ចុះនេះ គុណភាពទំនិញរបស់យើងនៅតែមានការបញ្ជាទិញ បានន័យថា ខ្សែសង្វាក់របស់យើងៗនៅតែជាផ្នែកមួយនៃខ្សែសង្វាក់តម្លៃ ហើយយើងនៅតែជាប្រភពផ្គត់ផ្គង់មួយដែលគេទុកចិត្ត។ ក៏ប៉ុន្តែឥទ្ធិពលនេះគឺជាឥទ្ធិពលអវិជ្ជមាន ដែលជាឥទ្ធិពលជាទូទៅទៅលើទីផ្សារសកលតែម្តង»។
គួរបញ្ជាក់ថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាក្បាលម៉ាស៊ីននៃការនាំចេញទំនិញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា ដែលស្រូបយកកម្លាំងពលកម្មជាង៨០ម៉ឺននាក់ដែលភាគច្រើនជាស្រ្តី។
កន្លងទៅ វិស័យដ៏សំខាន់មួយនេះបានរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩មួយផ្នែក ហើយមួយផ្នែកទៀត ដោយសារការបាត់បង់ ២០% នៃប្រព័ន្ធអនុគ្រោះពន្ធ«អ្វីៗទាំងអស់ លើកលែងតែសព្វាវុធ» ឬ Everything But Arms របស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធក្នុងប្រទេសកម្ពុជា។ វិស័យនេះក៏ពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក GSP ដែលនៅមិនទាន់ត្រូវបានបន្តជាថ្មីសម្រាប់កម្ពុជានៅឡើយ៕