ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ថា​ ការ​បាត់បង់​ EBA ជា​រឿង​មិន​ត្រូវខ្វល់​ព្រោះ​វា​នឹង​ត្រូវ​បាត់​នៅ​ឆ្នាំ​២០២៧


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​ជា​សាធារណៈនៅ​ថ្ងៃ​សុក្រ​នេះ​ថា រឿង​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ «អ្វីៗ​ទាំងអស់​ លើក​លែង​តែសព្វាវុធ» ឬ EBA របស់​សហភាព​អឺរ៉ុប​ លែង​ជា​កង្វល់​របស់​កម្ពុជាហើយ​ ព្រោះ​លោកថា​វាគង់តែ​នឹង​របូត​ពី​ដៃ​របស់​កម្ពុជា​នៅឆ្នាំ ២០២៧។

ប៉ុន្តែ​អ្នក​តាម​ដាន​បង្ហាញ​ការបារម្ភ​ អំពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ថា​អាចនឹង​បង្ខំ​ឱ្យ​អ្នកវិនិ​យោគ​បរទេស ​ងាក​ទៅធ្វើជំនួញ​នៅ​ប្រទេស​ផ្សេង​ក្រៅ​ពី​កម្ពុជា ​ហើយ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង ក៏​នឹង​ជួប​បញ្ហាប្រឈម​មួយ​ចំនួន។ ពួកគេ​បន្ថែម​ថា​ ភាព​អត់​ការងារ​ធ្វើ​ក៏​នឹង​កើតឡើង​ផង​ដែរ។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​រោងចក្រ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ​នៅ​ថ្ងៃ​សុក្រ​នេះ លោក ​ហ៊ុន សែន ថ្លែង​ថា ការបាត់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ​លែង​ជា​បញ្ហា​សម្រាប់​កម្ពុជា​ទៀត​ហើយ។ លោក​ថ្លែង​បែប​នេះ ដោយ​ប្រតិកម្ម​ទៅនឹង​មតិខ្លះ​ ដែល​ថា​លោក​មិន​ហ៊ាន​ចុះ​ជួប​កម្មករ​ ព្រោះ​ខ្លាចកម្មករ​ស្រែក​រឿង ​EBA។

លោក ​ហ៊ុន សែន ថ្លែង​ថា៖ ​«ហើយ​មាន​អាមួយ​នោះ​ គេ​ថា​លោក ហ៊ុន សែន មិន​ហ៊ាន​ទៅជួប​កម្មករ​ទេ​ ខ្លាច​កម្មករ​ ៤​ [ឬ] ១០​នាក់​ស្រែក​ EBA។ ឯង​មើល​ទៅ ​អញ​ជួប​ម្តង​១ម៉ឺន ៨ពាន់​នាក់​ ​ហើយ​គេ​មិន​ដឹង​ថា​ EBA ជា​ស្អីផង​ទេ។ មិនមែន​ថា​ក្មួយៗ​មិនដឹង​ទេ ​ប៉ុន្តែ​ក្មួយៗ​បាន​រង​គ្រោះ​ដោយ​សារ​ EBA ​ហើយ​ឬនៅ?វាអត់​រងគ្រោះ! គេនិយាយ​គ្នា ហើយ​តើ!​ អារឿង​ហ្នឹង​នោះ!»។

លោកបន្តថា៖ «ហើយ EBA​ ហ្នឹង​ វា​គត់​តែ​បាត់​ទេ​ ឆ្នាំ​ ២០២៧ ​វា​បាត់​ហើយ។ ​អ៊ីចឹង​បើ​បាន​វា​បាត់​ ក៏វា​អត់​បញ្ហា​ទេ។ ​យើងប្រឹង​ខ្លួនឯង​ទៅ កុំប្រើ​អុកស៊ី ​[អ៊ុកស៊ីហ្សែន] គេ​ច្រើន​ពេក​ ក្រែង​លោគេ​ដក​អ៊ុកស៊ី​ទៅ វា​ដាច់​ខ្យល់ៗ»។

ចាប់​តាំង​ពី​ឆ្នាំ​ ២០០១​ មក​ ​កម្ពុជា​ទទួល​បានប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ (Everything But Arms)​ ពី​សហភាព​អឺរុប​ ដោយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះអាច​នាំ​ចេញ​ទំនិញ​គ្រប់​មុខ​ទៅ​កាន់​ប្រទេស​ស្ថិតក្នុង​សហភាព​អឺរ៉ុប​ដោយ​មិន​បង់​ពន្ធ។ តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ កម្ពុជា​ចំណេញ​ទឹក​ប្រាក់​ប្រមាណ​ជា ៧០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ក៏​ប៉ុន្តែ​កម្ពុជា​ត្រូវ​បានសហ​ភាព​អឺរ៉ុប​ បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ចំនួន​ ២០ភាគរយ ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជា​ដើម។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រាប់​ឱ្យកម្មករ កម្មការិនី​ ចង្អុល​មុខ​ក្រុម​គណបក្ស​ប្រឆាំង​ ​ព្រោះ​លោក​ចោទក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ថា​ជា​អ្នក​ធ្វើ​ឱ្យ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ នេះ។

រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។

ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន អំពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA កើត​មាន​ឡើង ​ក្រោយ​កម្ពុជា​បាន​ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ ដូច​ជា​កិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ក្នុង​តំបន់ (RCEP) ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្លាពី​ប្រទេស​ចិន​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េខាង​ត្បូង ​ដើម្បី​នាំ​ចេញ​ផលិត​ផល​ផ្សេង​ទៀត​ ដូច​ជា​ផលិតផល​កសិកម្ម​ និង​គ្រឿង​បង្គំ​អេឡិច​ត្រូនិក​ សម្លៀក​បំពាក់​ ស្បែក​ជើង​ និងគ្រឿង​បង្គំ​កុំព្យូទ័រ​ជាដើម។

ថ្មីៗនេះ​កម្ពុជា​ក៏បានចុះ​កិច្ច​ព្រមព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា​និង​ប្រទេស​អេមីរ៉ាត​ អារ៉ាប់រួម​ ដែល​អាច​ឱ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ដូច​ជា​សម្លៀក​បំពាក់ ស្បែក​ជើង​ជាមួយ​ការ​កាត់​បន្ថយ​ពន្ធ​ ឬលើក​លែង​ពន្ធ។

វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយពី​អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ែន សុវិជាតិ បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃសុក្រនេះ។

​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន​ ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ នេះ នឹង​បាត់​បង់​ នៅ​ពេល​ដែល​កម្ពុជា​ងើប​ចេញ​ពីប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ឆ្នាំ​ ២០២៧។

លោក​ថ្លែង​ថា៖ «ឆ្នាំ​ ២០២៧ ហ្នឹង​ បើ​តាម​ការ​វាយ​តម្លៃ​របស់​សហគមន៍​អន្តរជាតិ​ គឺ​ យើង​នឹង​ឆ្លង​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ហ្នឹង​ ទៅ​ប្រទេស​ដែល​និយាយ​ឱ្យ​ចំ​គឺ​ ឆ្លង​ផុត​អភិវឌ្ឍន៍​តិចតួច​ហើយ។ ​អ៊ីចឹង​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​យើង​ទទួល​បាន​នោះ​គឺ​ ប្រាកដ​ជា​បាត់​ហើយ​ លក្ខខណ្ឌ​ពាណិជ្ជកម្ម​ លក្ខខណ្ឌ​អី​ផ្សេងៗ​ទៀត​ ដែល​គេ​មាន​ហ្នឹង​ យើង​នឹង​បាត់​បង់​ ហើយ​ដោយ​សារតែ​យើង​ក្លាយ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ»។

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក​ ប៉ាវ ស៊ីណា យល់​ថា​ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា ​ព្រោះ​វា​បាន​បង្កើត​ឱ្យ​មាន​ឱកាស​ការងារ​ច្រើន​សម្រាប់កម្មករ​ កម្មការិ​នី​កម្ពុជាជិត​ ១លាន​នាក់ និង​អ្នក​ទទួល​ផល​ដោយ​ប្រយោល​ប្រមាណ​ ២​លាន​នាក់ផ្សេងទៀត។

លោក​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការបាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នេះ ព្រោះ​លោក​ទទួល​បាន​ដំណឹង​ជុំវិញ​ការព្រមាន​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ការ​ដកប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​បន្ថែម​ទៀត​ពី​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជាមិនបាន​ស្តារ និង​អនុវត្តទៅ​តាមលក្ខខណ្ឌ​ ដែល​តម្រូវ​ឱ្យគោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ សេរីភាព​សារ​ព័ត៌មាន និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។

លោកថ្លែងថា៖ ​«ប្រសិន​បើ​កម្ពុជា​ត្រូវបាន​ផ្តាច់ប្រព័ន្ធ​អនុគ្រោះពន្ធ​ គេ​តម្រូវ​ឱ្យ​កម្ពុជា​នាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ឬ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត តម្រូវ​ឱ្យ​មាន​ការ​បង់ពន្ធ​ នោះ​វា​នឹង​ធ្វើ​ឱ្យអ្នក​វិនិយោគ​ គាត់​នឹង​គិត​ពិចារណា​ថា តើ​គាត់វិនិយោគ​នៅ​បណ្តា​ប្រទេស​ផ្សេង​ក្នុង​តំបន់ ហើយ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​ ដូច្នេះ​គាត់នឹង​ពិចារណា​ទៅលើ​ផល​ចំណេញ​របស់​គាត់»។

កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ ​២០២៣​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ថ្លែងថា កម្ពុជា​នឹង​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ចំណូល​អភិវឌ្ឍ​តិចតួច ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នាពេ​លឆាប់ៗ​ខាងមុខ។ ក៏​ប៉ុន្តែ​លោក​បាន​បង្ហាញ​ក្តី​បារម្ភ​ថា គ្រា​ដែល​កម្ពុជា​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​តិចតួច នោះ​ការខ្ចី​ប្រាក់​ពី​បណ្ដា​ប្រទេស​ផ្សេងៗ និង​ធនាគារ​នានា នឹង​លែង​មាន​ការប្រាក់​ទាប​ដូច​មុន​ទៀត​ហើយ។

ចំណែក ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក ​វង្សី​ វិស្សុត​ បាន​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ ដែល​រៀបចំ​ឡើង​កាលពីថ្ងៃ​ទី​ ២៥ ខែ​មករា​ថា ​កម្ពុជា​មិន​បារម្ភ​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP របស់​សហរដ្ឋ​អាមេរិក​ និង​ EBA របស់​សហភាព​អឺរ៉ុប​នោះ​ទេ ដោយ​លើក​ហេតុផល​ថា​ បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​មិន​បាន​ពឹង​តែ​លើប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​ទេ សម្រាប់​ការនាំ​ចេញ​ទំនិញ​របស់​ខ្លួននោះ៕

XS
SM
MD
LG