អាជ្ញាធរ​ខ្មែរ​៖​ បទ​ល្មើស​គ្រឿងញៀន​ឆ្នាំ​២០១៨​មាន​ការ​ថយ​ចុះ​ ​តែ​បរិមាណ​គ្រឿង​ញៀន​ដែល​ចាប់​បាន​​មាន​ការ​កើន​ឡើង

រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

នៅ​សប្តាហ៍​នេះ​ ​មន្រ្តី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បង្ហាញ​ថា​ ករណី​បទ​ល្មើស​គ្រឿង​ញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​មាន​ការ​ថយ​ចុះ​ ​ប៉ុន្តែ​ចំនួន​គ្រឿង​ញៀន​ដែល​ចាប់​បាន​មាន​ការ​កើន​ឡើង​ច្រើន​ បើធៀប​នឹង​ឆ្នាំ​២០១៧។

អាជ្ញាធរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​បង្រ្កាប​គ្រឿង​ញៀន​សរុប​ក្នុង​ឆ្នាំ​២០១៨​ បាន​ជាង​៥០០​គីឡូក្រាម​គឺមាន​ការ​កើន​ឡើង​៣៦០​គីឡូ​ក្រាម​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ​ខណៈ​បទ​ល្មើស​គ្រឿង​ញៀន​ក្នុង​ឆ្នាំ​២០១៨មាន​ចំនួនជាង​៨​ពាន់​ករណី​ ​ថយ​ចុះ​ជាង​១០០​ករណី។​

របាយ​ការណ៍​សរុប​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​ដែល​ ​VOA​ ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ​ ​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨​ ​រដ្ឋា​ភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី(៨.០១៨​ករណី)​ថយ​ចុះ​ជាង​១០០​ករណី​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ​ឃាត់​ខ្លួន​មនុ​ស្ស​១៦.២៣២​នាក់​(ស្រី​១.៣៤៣​នាក់)​ក្នុង​នោះ​មាន​ជន​បរទេស​៣១០​នាក់​ ត្រូវ​នឹង​២៤សញ្ជាតិ។​

ក្នុង​ចំណោម​បទ​ល្មើសដែល​បង្ក្រាប​បាន​ទាំង​ជាង​៨​ពាន់​ករណី​ ​មាន​ករណី​ជួញ​ដូរ​ ​រក្សាទុក​ ​កែច្នៃ ​ចាត់​ចែង​ ដាំដុះ​ចំនួន៥.០៦១​ករណី​ ​ឃាត់​ខ្លួន​ចំនួន​៩.០៩៩​នាក់​ ​និង​ករណី​ប្រើប្រាស់​ចំនួន២.៩៥៧​ ឃាត់​ខ្លួន​មនុស្ស​ចំនួន​៧.១៣៣​នាក់​ ​(ស្រី​៤២៦​នាក់)។​

សមត្ថ​កិច្ច​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម​ និង​៣៧០​កញ្ចប់​ ​កញ្ឆា​ក្រៀម​ជាង​៧៤​គីឡូក្រាម ​និង​១៦.៤៩២៥​ដើម។​

យោង​តាម​របាយ​ការណ៍​នេះ​ គេ​ឃើញ​ថា​ ​ចំនួន​នៃ​បទ​ល្មើស​គ្រឿង​ញៀន​មាន​ការ​ថយ​ចុះ​ ​ប៉ុន្តែ​គ្រឿង​ញៀន​ដែល​ចាប់​យក​បាន​មាន​ចំនួន​៥៣៣​គីឡូក្រាម ​កើន​ឡើង​ចំនួន​៣៦០​គីឡូក្រាម​ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ ចាប់​បាន​ចំនួន​១៧៣​គីឡូ​ក្រាម។​

លោកមាស វិរិទ្ធ​ ​អគ្គ​លេខាធិការ​នៃ​អគ្គ​លេខា​ធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​មូលហេតុ​ដែល​បទ​ល្មើស​គ្រឿង​ញៀន​ថយ​ចុះ​ ​ប៉ុន្តែ​ចំនួន​គ្រឿង​ញៀន​កើន​ឡើងគឺ​ដោយសារ​សមត្ថ​កិច្ច​បង្រ្កាប​បាន​បទ​ល្មើស​ធំៗ​ច្រើន​ ​ស្រប​ពេល​ដែល​ស្ថាន​ភាព​នៃ​ការ​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ពិភព​លោក​នៅ​តែ​បន្ត​កើត​មាន។

លោក​បញ្ជាក់​ថា៖​

«ស្រប​ពេល​ដែល​និន្នាការ​គ្រឿង​ញៀន​ពិភព​លោក​មាន​សកម្មភាព​ហាក់​ដូចជា​គ្រោះ​ថ្នាក់​ ​មិន​មាន​សញ្ញា​ណា​មួយ​ថមថយ​ ​អ៊ីចឹង​កម្ពុជា​ក៏​មិន​អាច​គេច​ផុត​អំពី​ការ​សាយ​ភាយ​ ​ដោយ​សារ​ចរាចរ​គ្រឿង​ញៀន​ឆ្លង​កាត់​ពី​តំបន់​ផលិត​ក៏​ដូច​ទីផ្សារ​នៃ​ការ​ប្រើប្រាស់។​ ​ដូច្នេះ​សមត្ថ​កិច្ច​ត្រូវ​ខិតខំ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ ទោះ​បី​យើង​សម្រេច​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ពិត​មែន»។

របាយ​ការណ៍​របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនចេញ​កាល​ពី​ឆ្នាំ​មុន​ ​បញ្ជាក់​ថា​ ​ក្នុង​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៧​ ​រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី(៨.១៧៣​ករណី)​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ជិត​១​ម៉ឺន​៨ពាន់​នាក់​(១៧.៧៩៥​នាក់)​ ​គ្រឿង​ញៀន​ដែល​ចាប់​បាន​មាន​ចំនួន​១៧៣​គីឡូក្រាម​ ​និង​៨៨៦​កញ្ចប់​ ​កញ្ឆា​ក្រៀម​ជាង​១១៣​គីឡូក្រាម​ ​និង​២៧៥.៨១៥​ដើម​ ​និង​មាន​អ្នក​ប្រើ​ប្រាស់​សរុប​ចំនួន​ជាង​១​ម៉ឺន​៤ពាន់​នាក់​ ​(១៤.៣៥៣​នាក់)។​

រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​បើក​យុទ្ធនាការ​បង្រ្កាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦​មក។​ ​ក្រោយ​ការ​ប្រកាស​បើក​យុទ្ធនាការ​នោះ ​គេ​ឃើញ​ថា ​ករណីគ្រឿង​ញៀន​ត្រូវ​បង្ក្រាប​បាន​យ៉ាង​គំហុក​ ​ដោយ​មាន​ទាំង​ការ​រក​ឃើញ​ថា​ ​មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀនក្នុង​ពន្ធនាគារ​ ​និង​ការ​បញ្ជា​ឲ្យ​មាន​ការ​ជួញ​ដូរ​ពីក្នុង​ពន្ធនាគារ​ជាដើម។​ ​ការ​បង្ក្រាប​យ៉ាង​គំហុក​នេះ​ក៏​បាន​បណ្តាល​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​បង្ហាញ​ការ​បារម្ភ​ថា ​កម្ពុជា​ខ្វះ​ពន្ធនាគារ​សម្រាប់​ដាក់​ជន​ល្មើស​ទៀតផង។​

ខណៈ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​ជា​បន្ត​បន្ទាប់​នោះ​ ​អ្នក​ឃ្លាំ​មើល​សង្គម​បាន​រិះគន់​ថា​ ​រដ្ឋាភិបាល​បង្ក្រាប​បាន​តែ​អ្នក​ប្រើប្រាស់​ និង​អ្នក​ជួញ​ដូរ​តូច​តាច​ ​តែ​មិន​បង្រ្កាប​បាន​អ្នក​ជួញ​ដូរ​ធំៗ។​ ​ពួកគេ​ក៏​បានលើកឡើង​ថា ​ការ​បង្ក្រាប​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​គឺ​ត្រូវ​ផ្ដោត​លើអ្នក​ជួញដូរ​គ្រឿង​ញៀន​ធំៗ ​ដែលជា​ឫស​គល់​នៃ​ការ​កើន​ឡើង​នៃ​ចរាចរ​ ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន៕