មួយខែមកនេះអនុប្រធានភូមិមួយនៅតាមជនបទមានភារកិច្ចពិសេសដែលត្រូវផ្តោតការយកចិត្តទុកដាក់។ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លោកអនុប្រធានភូមិបានណែនាំឲ្យមនុស្សពេញគ្រប់វ័យនៅភូមិទៅបោះឆ្នោតសភានៅថ្ងៃអាទិត្យ។
ដោយមិនបញ្ចេញឈ្មោះ ព្រោះខ្លាចការសងសឹក លោកបានប្រាប់ទីភ្នាក់ងារព័ត Reuters នៅផ្ទះរបស់លោកក្នុងខេត្តកំពង់ធំថា៖ «រាល់ថ្ងៃខ្ញុំប្រាប់ប្រជាជនអំពីសមិទ្ធផលរបស់គណបក្សដែលពួកគេគួរដឹងគុណ ហើយពួកគេមានកាតព្វកិច្ចទៅបោះឆ្នោត»។
លោកអនុប្រធានភូមិដែលជាសមាជិកគណៈកម្មាធិការបោះឆ្នោតភូមិដែលមានសមាជិកបីរូបផងដែរនោះបាននិយាយថា៖ «ប្រសិនបើពួកគេមិនបោះឆ្នោតទេនោះ ពួកគេត្រូវផាត់ចេញ។ ពួកគេនឹងជួបបញ្ហា ដូចជាមិនទទួលបានសេវាសាធារណៈនិងមិនអាចបានអំណោយ។ ពួកគេនឹងត្រូវបានរើសអើង»។
បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុននិងបានចាប់មេដឹកនាំគណបក្សនេះដាក់ពន្ធនាគារពីបទក្បត់ជាតិនិងគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមកនោះ លោក ហ៊ុន សែន នឹងឈ្នះឆ្នោត ហើយនឹងបន្តការកាន់អំណាចរយៈពេល៣៣ឆ្នាំរបស់លោក។
ចំនួនមនុស្សចេញទៅបោះឆ្នោតគឺជាការសាកល្បងដ៏សំខាន់មួយដែលវាយតម្លៃភាពស្របច្បាប់ការបោះឆ្នោតនៅពេលមានការអំពាវនាវពីគណបក្សសង្គ្រោះជាតិឲ្យធ្វើពហិការការបោះឆ្នោតដែលជាការស្ម័គ្រចិត្ត។ អ្នកការទូតនិងក្រុមអ្នកវិភាគបាននិយាយថា ការចូលរួមតិចតួចគឺជាគ្រឿងលើកទឹកចិត្តមួយទៀតសម្រាប់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មប្រទេសកម្ពុជានិងបន្ថយឥទ្ធិពលលោក ហ៊ុន សែន ក្នុងគណបក្សប្រជាជនកម្ពុជា៕