ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​នឹង​ស៊ើប​អង្កេត​ ពាក្យ​បណ្តឹង​ប្រឆាំង​អ្នក​អំពាវនាវ​ឱ្យ​ពហិការ​ការ​បោះឆ្នោត


អ្នកចូលរួម កំពុង​សាកល្បង​ជ្រលក់​ទឹកខ្មៅ​ក្នុង​ការបង្ហាញ និង​ពិសោធន៍​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ ដែល​ទិញ​មកពី​ប្រទេស​ឥណ្ឌា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៦ ធ្វើឡើង​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA Khmer)
អ្នកចូលរួម កំពុង​សាកល្បង​ជ្រលក់​ទឹកខ្មៅ​ក្នុង​ការបង្ហាញ និង​ពិសោធន៍​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ ដែល​ទិញ​មកពី​ប្រទេស​ឥណ្ឌា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៦ ធ្វើឡើង​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA Khmer)

គណៈកម្មាធិការ​រៀបចំការ​បោះ​ឆ្នោតនៅ​កម្ពុជា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ពួកគេ​នឹង​ស៊ើប​អង្កេត​ ពាក្យ​បណ្តឹង​ប្រឆាំង​នឹងអតីត​សមាជិក​គណបក្ស​ប្រឆាំង​ប្រហែល៣០​នាក់​ដែល​បាន​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី២៩​កក្កដា​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណ​បក្ស​ប្រឆាំង​ដ៏សំខាន់​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំមុន​ដែល​ជា​ផ្នែក​មួយ​នៃការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែលកំពុងស្វែងបន្ត​អំណាចបន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហៀប​នឹង​ចាញ់​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ដែល​ដឹក​នាំ​ដោយ​សមាជិក​និរទេស​ខ្លួន​នៃ​គណបក្ស​ប្រឆាំង​សំដៅ​ធ្វើ​ពហិការ​ការ​បោះឆ្នោត។ អាជ្ញាធរ​បាន​និយាយ​ថា​ការ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​មិន​ចូលរួម​បោះ​ឆ្នោត​គឺ​ខុសច្បាប់ ​ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​អះអាង​ថា ​ការ​អំពាវនាវ​នេះ​មិន​ប្រឆាំង​ច្បាប់​ទេ។ ​

លោក វ៉ែន ពន ​ប្រធាន​គណៈកម្មាធិការបោះ​ឆ្នោត​នៅ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា​ មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ។​ លោក វ៉ែន ពន​បាន​ប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ កាល​ពីថ្ងៃ​ចន្ទ​ថា​ គណៈកម្មាធិការ​នេះ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត។ ​លោក ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង៣៣​ឆ្នាំ​រំពឹង​ថា​ នឹង​ឈ្នះ​ការបោះឆ្នោតនៅ​ថ្ងៃ​អាទិត្យ​នេះ ដោយសារ​គ្មាន​គូ​ប្រជែង​ជា​សក្តានុពល ក្រោយពី​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ។​

លោក​ កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ត្រូវ​បាន​ចាប់​ឃុំឃាំង​កាលពីខែ​កញ្ញា​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ ដែល​អ្នក​គាំទ្រ​របស់​លោក​និយាយថា​មក​ពី​រឿង​នយោបាយ។ ​បច្ចុប្បន្ន​នេះ​លោក​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំងថ្លុង​ជិត​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម។​ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច​សុំ​ឲ្យ​ដាក់​ពិន័យសមាជិក​គណបក្ស​ប្រឆាំង​រហូត​ដល់៥​ពាន់​ដុល្លារ​ចំពោះ​ការ​អំពាវនាវ​មិន​ឱ្យ​ប្រជា​ជន​ទៅ​បោះឆ្នោត។ ​លោក សុខ ឥសាន​បាន​និយាយ​ថា​នេះ​គឺជា​ការ​ញុះញង់ និង​ល្បិច​កល​រារាំង​មិន​ឲ្យ​ពលរដ្ឋទៅបោះ​ឆ្នោត​ដែល​ផ្ទុយ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ដូច​បាន​ចែងនៅក្នុង​រដ្ឋ​ធម្មនុញ្ញ ។ ​

លោក ជា ឈីវ​ អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​ដែល​មាន​ឈ្មោះក្នុង​បណ្តឹង​នេះ​ បាន​និយាយ​ថា ​ការ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​មិន​មែន​ខុស​ច្បាប់​ទេ។​ លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ «ខ្ញុំ​នឹង​មិន​បោះឆ្នោត​ទេ បើ​គ្មាន​គណបក្ស​ខ្ញុំ​ចូលចិត្ត ​ហើយ​នេះ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់» ។

លោក Phil Robertson អនុប្រធាន​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ។​ នៅ​ពេល​ប្រជាជន​ចូល​បោះ​ឆ្នោត ​ពួកគេ​ត្រូវ​តែ​ជ្រលក់ម្រាមដៃ​ក្នុង​ទឹក​ខ្មៅ​របស់​ឥណ្ឌា ដូច្នេះ​អាជ្ញាធរ​នឹង​អាច​កំណត់​យ៉ាង​ច្បាស់​ថា ​តើ​នរណា​បាន​ទៅ​បោះឆ្នោត អ្នក​ណា​មិន​បាន​ទៅ​បោះឆ្នោត។​ អ្នក​មិន​ទៅ​បោះ​ឆ្នោត​អាច​ប្រឈម​នឹង​ការ​បំភិតបំភ័យ និង​ការ​សួរ​ដេញដោល៕

XS
SM
MD
LG