រដ្ឋាភិបាល បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក​មកត្រឹម​៧​ថ្ងៃ​សម្រាប់​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់

រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។

រដ្ឋាភិបាល​កម្ពុជា​ បានកំណត់​ឲ្យ​ជនបរ​ទេសនិ​ង​ពល​រដ្ឋ​ខ្មែរ​ដែល​ចូល​មក​ប្រទេស​កម្ពុជា ហើយ​បានចាក់​វ៉ាក់​សាំង​ការ​ពារជំងឺ​កូវីដ​១៩រួច​រាល់ ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​កន្លែង​រៀបចំ​ដោយ​អាជ្ញាធរ យ៉ាង​យូរ​ត្រឹម​តែ​៧​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ដំណើរ​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់​ព័ន្ធ​និង​តម្រូវ​ឲ្យ​កក់​សណ្ឋាគារ និង​ត្រៀម​ប្រាក់ប្រមាណ​១​ពាន់​ដុល្លារ​សម្រាប់​ធ្វើ​ចត្តា​ឡីស័ក​នេះ។ នេះ​បើ​តាម​សេចក្តី​សម្រេច​ថ្មី​មួយ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍

ការ​សម្រេច​កាត់​បន្ថយ​ការ​ធ្វើ​ចត្តា​ឡីស័ក​មក​ត្រឹមយ៉ាង​យូរ​តែ​៧ថ្ងៃ​នេះ​ ក្រសួង​សុខា​ភិបាល​បានឲ្យ​ដឹង​ថា ​កម្ពុជា​កំពុង​សម្រេច​បាន​នូវ​អាត្រា​នៃ​ការ​ចាក់​វ៉ាក់​សាំង​លើ​គោល​ដៅ​ដែល​បាន​គ្រោង​ទុក​ ដែល​អាច​បង្កើត​នូវ​ភាព​ស៊ាំ​សហគមន៍​នៅ​ទូទាំង​កម្ពុជា ក្នុង​ការ​ទប់​ទល់​ការ​ឆ្លង​រាល​ដាលនៃ​ជំងឺ​កូវីដ​១៩។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខា​ភិបាល​ឲ្យ​ដឹង​ថា​៖ «ដោយ​មើល​ឃើញ​ពី​ការ​វិវត្ត​កាន់​តែ​ប្រសើរ​ឡើង​នៃ​ស្ថាន​ភាព​ជាក់​ស្តែង រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្រេច​បើក​ប្រទេស​កម្ពុជា​ឡើង​វិញ​ជា​បណ្តើរៗ និង​តាម​ដំណាក់​កាល​ជាមួយ​នឹង​ភាព​ប្រយ័ត្ន​ប្រយែង​ និ​ងការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ដោយ​មាន​ការ​សម្រួល​របប​នៃ​ការ​ធ្វើ​ចត្តា​ឡីស័ក​សម្រាប់​អ្នកដំណើរ​មក​កម្ពុជា តាម​គ្រប់​ច្រក​ចូល ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ដូស​មូល​ដ្ឋាន​បាន​ពេញ​លេញ​»។

ក្រសួង​សុខា​ភិបាល​បាន​កំណត់​ការ​ធ្វើ​ចត្តា​ឡីស័ក ​សម្រាប់​អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ នូវ​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដូច​ជាចំពោះ​ មន្ត្រី​ការ​ទូត​បរទេស (Visa A)​ និង​មន្ត្រីអនុវត្ត​គម្រោង​សហ​ប្រតិបត្តិ​ការ​ផ្លូវ​ការ​ (Visa B) និ​ងក្រុម​គ្រួសារ​ ត្រូវ​អនុវត្ត​វិធាន​ការ​ចត្តា​ឡីស័ក​ចំនួន​៣​ថ្ងៃ។ ចំពោះ​អ្នក​ដំណើរ​បរ​ទេស​ចូល​មក​កម្ពុជា​ទាំង​អស់​ត្រូវ​មាន​ការ​ធានា ឬ​ការ​អញ្ជើញ​ពីដៃគូ​ក្នុង​ស្រុក​ដែល​ជា​នីតិ​បុគ្គល​ស្រប​ច្បាប់ ដែល​មាន​ការ​ចុះ​បញ្ជី និង​បង់​ពន្ធ​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហើយត្រូវ​ធ្វើ​ចត្តា​ឡីស័ក​ចំនួន​ ៣​ថ្ងៃ​ដូច​គ្នា។

ចំណែកឯ​អ្នក​ដំណើរ​ជាជនជាតិ​ខ្មែរ និង​ជន​បរ​ទេស​ទូទៅ ​ដូច​ជាអ្ន​កវិយោគ​គិន បុគ្គ​លិក​ជំនាញ​បច្ចេក​ទេស និង​ក្រុម​គ្រួសារ​ ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​រយៈ​ពេល​៧​ថ្ងៃ​ ក្នុង​ករណី​អវិជ្ជ​មាន​កូវីដ​១៩ ​ដោយ​ប្រើ​ឧប​ករណ៍ Rapid​ test ​ក្នុងដំណាក​កាល​ដំបូង។

​ក្រសួង​សុខា​ភិបាលក៏​តម្រូវ​ឲ្យ​អ្នក​ដំណើរជន​ជាតិ​ខ្មែរ​ និ​ងជន​ជាតិ​បទេស​កក់​សណ្ឋាគារ​សម្រាប់​ធ្វើ​ចត្តាឡី​ស័ក។ ប៉ុន្តែ​ក្នុង​ករណី​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​មិន​បាន​កក់​សណ្ឋាគារ តម្រូវ​ឲ្យត្រៀម​សាច់​ប្រាក់​ចំនួន​៦០០ដុល្លារ​ ទៅ​១ពាន់​ដុល្លារ​អាមេរិក ដើម្បី​តម្កល់​នៅ​ច្រក​ចូល​កម្ពុជា សម្រាប់​ធានា​ការចំណាយ​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​ពេល​មក​ដល់​កម្ពុជា​។ អ្នក​ដំណើរ​ចូល​មក​ទាំង​អស់​ត្រូវ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ ដូច​ជាវិញ្ញា​បន​បត្រ​បញ្ជាក់​ថា​គ្មាន​ជំងឺ​កូវីដ​១៩ បណ្ណ​ចាក់​វ៉ាក់​សាំង ឯក​សារ​កក់​សណ្ឋាគារ​សម្រាប់​ធ្វើ​ចត្តា​ឡី​ស័ក និង​បណ្ណ​ធានា​រ៉ាប់​រង​សុខ​ភាព​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ហ្វតតេ​ជា​ដើម។

ប៉ុន្តែ​ក្នុង​ករណី​អ្នក​ដំណើរ​គ្មាន​លទ្ធ​ភាព​បង់​ថ្លៃ​សេវា​ចត្តាឡីស័ក​នៅ​សណ្ឋាគារ អ្នក​ដំណើរ​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​ទីតាំង​ដែល​កំណត់​ដោយ​រដ្ឋាភិបាល ដែល​រាល់​ការ​ចំណាយ​ជា​បន្ទុក​របស់​រដ្ឋ។

ម្យ៉ាង​ទៀត​ ពល​រដ្ឋ​ខ្មែរ ​អាច​ស្នើ​សុំ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​ខ្លួន​បាន ដោយ​ប្រាប់​ខាង​អនុគណៈ​កម្ម​ការ​គ្រប់​គ្រង​ច្រក​ទ្វារ​ចេញ​ចូល​ប្រទេស​ និ​ង​ការ​ធ្វើ​ចត្តាឡីស័ក ឲ្យ​បាន​យ៉ាង​តិច​៣​ថ្ងៃ​មុន​មក​ដល់​កម្ពុជា ហើយ​អាជ្ញាធរ​នឹងត្រួត​ពិនិត្យ​ ដើម្បី​សម្រេច​ថា​អនុញ្ញាត​ឬ​បដិសេធ​ការ​ស្នើ​សុំ។

សណ្ឋាគារ​ដែល​ក្រសួង​សុខាភិបាល​ដាក់​សម្រាប់កក់​ធ្វើ​ចត្តា​ឡី​ស័ក រួម​មាន​សណ្ឋាគារ​សុខា​ភ្នំពេញ សណ្ឋាគារ Courtyard by Marriott សណ្ឋាគារ Raffles Hotel Le Royal សណ្ឋាគារ ​Sofitel និង​សណ្ឋាគារ Himawari ជាដើម។

បើ​តាម​គេហទំព័រ​របស់​សណ្ឋាគារ សម្រាប់​ធ្វើច​ត្តា​ឡីស័ក​១៤​ថ្ងៃ​ នៅ​សណ្ឋាគារ Raffles Hotel Le Royal មាន​តម្លៃ​ចាប់​ពី​ ២.៤២៦​ ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែក​សណ្ឋាគារ Sofitel Phnom Penh តម្លៃ​ចាប់​ពី​ ២.៩៨០​ ដុល្លារ​អាមេរិក​ឡើង​ទៅ។ ប៉ុន្តែ​តម្លៃ​ថ្មី​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេ​ល​ខ្លី ដូចជា​៧​ថ្ងៃ​ក្តី មិន​ទាន់​មាន​ការ​កំណត់​នៅ​ឡើយ​ទេ។

អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា ​ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​ថា ​ការ​សម្រេច​របស់​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ខ្លី​ជាង​មុន​ ត្រឹម​តែ​រយៈ​ពេល​៧ថ្ងៃ​បែបនេះ គឺ​ជា​ការ​ល្អ ដែល​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​នឹង​ពិចារណា​ក្នុង​ការ​មក​ដើរ​កម្សាន្ត ជា​ពិសេស​អាច​ជួយ​ដល់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មាន​ដំណើរ​ការឡើង​វិញ​ខ្លះ។ ប៉ុន្តែ​អ្នកស្រី​ថា​ ការ​ដាក់​តែ​សណ្ឋាគារ​ធំៗ​ក្នុង​បញ្ជី​សម្រាប់​ចត្តាឡី​ស័ក អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ ឬ​ភ្ញៀវ​ទេសចរ​រារែក​ចិត្ត។

អ្នកស្រី​ថ្លែង​ថា​៖ «​ប្រសិន​បើ​ក្រសួង​សុខាភិបាល​ អា​ចពិចារណា​នៅ​ក្នុង​ជ្រើស​រើស ​៣​ [ឬ​] ៤​សណ្ឋាគារ​ទៀត​ សម្រាប់​ថ្នាក់​រៀង​ទាប​ជាង​ហ្នឹ​ងទៅ​ ដើម្បី​ឲ្យ​ភ្ញៀវ​គេ​ អាច​កក់​មុនបាន។ អ៊ីចឹង​កុំ​ឲ្យគ្នា​ក្រឡេ​ក​មើ​លទៅ​ឃើញ​តែ​សណ្ឋាគារ​ផ្កាយ​ធំៗ​ពេក ឲ្យ​វា​មាន​ជម្រើស​ អ៊ីចឹង​ក៏ម៉្យាងដែរ​។ ជួន​កាល​ភ្ញៀវ​អត់​យល់​ទេ កាលណា​អត់​ឃើញ​ជម្រើស​នៅ​ក្នុង​ការ​កក់​អ៊ីចឹង គាត់​ក៏​អត់​យល់​ដែរ​ គាត់​គិត​ថា​ ទៅ​[​ប្រទេស​កម្ពុជា​] ត្រូវ​តែ​ចំណាយ​ប៉ុណ្ណឹង»។

អ្នក​ស្រី​រំពឹង​ថា ​ភ្ញៀវ​ទេស​ចរ​ នឹង​អាច​កើន​ឡើង​ផង​ដែរ ប្រសិន​កម្ពុជា​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ចត្តា​ឡីស័ក និង​មិន​មាន​កា​រឹត​ត្បិត​ខ្លាំង​ដូច​មុន។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថា​ធិប្បាយពីអ្នក​ស្រី ឱ វណ្ណឌីន និង​អ្នក​ស្រី យក់ សម្បត្តិ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ប្រាប់​វីអូអេ​ថា​ ការ​កំណត់​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ចត្តាឡីស័ក​ក្នុង​រយៈ​ពេល​ខ្លី ជា​រឿង​ល្អ ប៉ុន្តែ​យន្ត​ការ​នេះ​ក៏​នៅ​មិន​ទាន់​អាច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​លេង​កម្ពុជា​បាន​ច្រើន​ដែរ ដោយ​សារ​តែតម្លៃ​ក្នុងធ្វើ​ចត្តា​ឡី​ស័ក នៅ​មាន​កម្រិត​ខ្ពស់ ដែល​ក្រសួង​សុខាភិបាល​គួរ​តែ​ផ្តល់​ជម្រើស​បន្ថែម​ទៀត​ដល់​អ្នក​ទេសចរ។

លោក​ថ្លែង​ថា៖ «ហើយ​អាច​ឲ្យជម្រើស​គេ​ទៅ​។ អ្នក​ឯង[អ្នកទេសចរ] ទៅ​ស្នាក់​នៅ​កន្លែង​នេះ​ មាន​តម្លៃ​៥​ដុល្លារ​ ១០​ដុល្លារ ឬ​ក៏​២០ដុល្លារ ៣០​ដុល្លារ ៤០​ដុល្លារ ដល់​១០០​ជាង​[ហើ​យ] អ្នក​ណា​គេ​ចង់​ទៅ​[ស្នាក់​នៅ​កន្លែង​ចត្តាឡីស័ក​]១០០​ជាង​ឲ្យ​គេ​ទៅ[ស្នាក់នៅ​កន្លែង​]១០០​ជាង​ហ្នឹង​ទៅ អ្នក​ចង់​ចង់​មក​កន្លែង​តម្លៃ​ធូរ​ថ្លៃ អ៊ីចឹង​មក​តម្លៃ​ធូរ​ថ្លៃ​អ៊ីចឹង​ទៅ​។ អ៊ីចឹងយើង​ត្រូវ​តែ​រៀប​ចំ​ Hotel ផ្ទះ​សំណាក់​ទាំង​អស់​ហ្នឹង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គោរព​ទៅ​តាម​ស្តង់ដា​សុខាភិបាល​ ហើយ​ក៏​មាន​ការ​ចូល​រួម​អនុវត្ត​វិធាន​ការ​សុខាភិបាល»។

គួរ​បញ្ជាក់​ថា​ ក្រសួងសុខាភិបាល​បាន​រក​ឃើញករណី​ឆ្លង​កូវីដ​១៩​ថ្មី​សម្រាប់​ថ្ងៃ​ទី​១៧​ ខែ​តុលា ចំនួន​១៩៥​នាក់ ដែល​ក្នុង​នោះ​មាន​២២​នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស៕