ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​យក​ភ្ជុំបិណ្ឌ​សាកល្បង​មុន​បើក​ប្រទេស​ក្រោយ​ឱ្យ​បន្ថយ​ធ្វើ​តេស្ដ​រហ័ស​


ប្រជាពលរដ្ឋកម្ពុជាប្រគេនម្ហូបនិងបច្ច័យដល់ព្រះសង្ឃ នៅវត្តមួយក្នុងខេត្តព្រៃវែង នារដូវបុណ្យភ្ជុំ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២១។

រដ្ឋាភិបាល​កំពុង​យក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​មហាជន​ទូទាំង​ប្រទេស​អំឡុងពេលឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិសោធ​ស្ថានភាព​ឆ្លង​កូវីដ១៩​ឈាន​ទៅ​បើក​ប្រទេស​ឡើង​វិញ។ នេះ​បើ​យោង​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ការ​ពិសោធ​សុវត្ថិភាព​សុខភាព​សាធារណៈ​នេះ​កើត​មាន​ឡើង​មួយ​សប្ដាហ៍បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​វ័យ​៦៩ឆ្នាំ​រូប​នេះ​បាន​បញ្ជា​ស្ងាត់ៗ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ឱ្យ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​តេស្ដ​រហ័ស ដែល​នាំ​ឱ្យ​របាយការណ៍​ឆ្លងកូវីដ​១៩​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុកជាប់ៗ​គ្នា​នា​រយៈ​ពេល​៧ថ្ងៃ​ចុង​ក្រោយ។

លោក ​ហ៊ុន សែន លើក​ឡើង​ថា​បើ​សិន​ជា​ស្ថានភាព​ឆ្លង​រាលដាល​ជំងឺកូវីដ១៩​មាន​សភាព​ធ្ងន់​ធ្ងរ​ក្រោយ​ភ្ជុំបិណ្ឌ​នោះ​ក៏​រដ្ឋាភិបាល​បាន​ត្រៀម​ទប់​ទល់​ដោះស្រាយផល​ប៉ះ​ពាល់​នានា។​ ប៉ុន្តែបើ​ស្ថានភាព​មិន​អាក្រក់​ធ្ងន់ធ្ងរ​នោះ​ឱកាស​នឹង​មាន​ច្រើនដើម្បី​បើក​ប្រទេស​ឲ្យ​បាន​លឿន​និង​ស្តារ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ទាំងមូល​ឡើង​វិញ។

ក្នុង​សារ​សំឡេង​មួយ​ផ្ញើ​ជូន​ប្រជាជាតិ​កាល​ពី​ថ្ងៃទី០៦​ខែតុលា​លោក ​ហ៊ុន សែន ​ថ្លែង​ដូច្នេះ​ថា៖ «យើង​នឹង​តាមដាន​ពិនិត្យ​អំពី​បញ្ហា​នេះ​ដែល​ចេញ​ពី​ការ​សាក​ល្បង​របស់​យើង​ដែល​មិន​មែន​ជា​ការ​សាក​ល្បង​ដោយ​ប្រថុយ​ប្រថាន​ទេ​ក៏​ប៉ុន្តែ​ក៏​មិន​មែន​ជា​ការ​ច្បាស់​លាស់​១០០%​ថា​វា​គ្មាន​បញ្ហា​នោះ​ដែរ»។​

លោក​បាន​បន្ថែម​ថា៖​ «ការ​សាក​ល្បង​លើក​នេះ គឺ​ជា​ការ​សាក​ល្បង​ដ៏​ធំ រវាង​មហន្តរាយ និង​សុវត្ថិភាព»។

នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​យូរ​រូប​នេះ បាន​ហៅ​ការ​ពិសោធ​នេះ​ថា​ជា​«ការ​សាក​ល្បង​ធំ​ណាស់»​សម្រាប់​កម្ពុជា តែ​អាច​ធ្វើ​បាន​ដោយ​អាស្រ័យ​លើ​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​មហាជន​ប្រមាណ​៨៤%​បាន​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩។

លោក​បន្ត​ថា៖ «ការ​សាក​ល្បង​មិន​មែន​យក​ជីវិត​ប្រជាជន​ទៅ​ធ្វើការ​ប្រថុយ​ប្រថាន​នឹង​គ្រោះ​ថ្នាក់​ទេ ក៏​ប៉ុន្តែ​ ដោយ​សារ​តែ​ជឿ​ទុក​ចិត្ត ទៅ​លើ​ការ​ចូលរួម​របស់​ប្រជាជន​ហើយ​បូក​រួម​នឹង​ការណ៍​ដែល​យើង​បាន​ចាក់​វ៉ាក់​សាំង យើង​ក៏​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​របស់​យើង បាន​ធ្វើ​ដំណើរ​កម្សាន្ត»។

ប្រជាពលរដ្ឋកម្ពុជាប្រគេនចង្ហាន់និងបច្ច័យដល់ព្រះសង្ឃ ក្នុងអំឡុងពេលបុណ្យភ្ជុំ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងអំឡុងវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩។
ប្រជាពលរដ្ឋកម្ពុជាប្រគេនចង្ហាន់និងបច្ច័យដល់ព្រះសង្ឃ ក្នុងអំឡុងពេលបុណ្យភ្ជុំ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងអំឡុងវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​មិន​ធ្ងន់​ធ្ងរ​ក្រោយ​ភ្ជុំ​បិណ្ឌ​នឹង​អនុញ្ញាត​ឱ្យ​មាន​លទ្ធភាព​នៃ​ដំណើរ​ទេសចរណ៍​ក្នុង​ស្រុក នា​ពេល​បុណ្យ​អុំទូក​នៅ​ខែ​ក្រោយ​និង​ការ​ទទួល​យក​ភ្ញៀវ​ទេសចរ​ពី​បរទេស​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​រួចរាល់​ផង​ដែរ តែ​លោក​មិន​បញ្ជាក់​ពេល​ទេ។

កម្ពុជា​បាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​ទេសចរ​បរទេស​តាំង​តែ​ពី​ដើម​ឆ្នាំ​២០២០ ដែល​នាំ​ឱ្យ​វិស័យ​ទេសចរណ៍​បាន​ដាំក្បាល​ចុះ។

យ៉ាង​ណា​ក៏​ដោយ​រដ្ឋាភិបាល​មិន​មាន​គម្រោង​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នោះ​ទេ។ នេះ​បើ​តាម​លោក ហ៊ុន សែន។

កាល​ពី​ថ្ងៃទី២៥​ខែកញ្ញា​លោក​ ហ៊ុន សែន​ទទួល​ស្គាល់​ថា​លោក​មាន​ការ​«ធ្វេស​ប្រហែស»​ក្នុង​ការ​គ្រប់​គ្រង​ជំងឺឆ្លង​កូវីដ១៩​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ឆ្លង​វីរុស​នេះ​តាម​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ​នា​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ។

តែ​បន្ទាប់​មក​ទៀត ពោល​គឺ​ក្នុង​សប្ដាហ៍​មុន លោក​បាន​ណែ​នាំ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​បញ្ឈប់​ការ​ដាក់​ពង្រាយ​ក្រុម​គ្រូពេទ្យ​ដើរ​ធ្វើ​តេស្ដ​រហ័ស​រុក​រក​អ្នក​កើតជំងឺកូវីដ១៩។​

ក្នុង​សារ​សំឡេង​ថ្ងៃ​ទី២៩​ខែកញ្ញា​ផ្ញើ​ជូន​តែ​មន្ត្រីរដ្ឋ​ដែល​មាន​តួនាទី​ប្រយុទ្ធ​នឹង​កូវីដ១៩​នោះ និងដែល​វីអូអេ​ទទួល​បាន​លោក​ ហ៊ុន សែន ​បាន​លើក​ឡើង​ថា៖ «បើ​យើង​រុករក​បន្ត​ទៀត យើង​រៀន​រស់​ជាមួយ​កូវីដ១៩​មិន​បាន​ទេ។ ​អា​ផ្ដាសាយ​ក៏​វា​សង្ស័យ​ទៅ​ហ្នឹង​ក្នុង​ពេល​ដែល​ប្រជាជន​អត់​មាន​ឈឺ​អ្វី​ទាំង​អស់ អត់​មាន​ដឹង​ថា​ខ្លួន​ឈឺ​ទាំង​អស់ ដល់​តែ​ធ្វើ​ Rapid Test (តេស្ដ​រហ័ស) ចេញ​មក​សុទ្ធ​តែ​វិជ្ជមាន»។

លោក​ហ៊ុន សែន បាន​បន្ត​ឱ្យ​ដឹង​ក្នុង​សារ​សំឡេង​ថ្ងៃទី២៩​ខែកញ្ញា​ដដែល​នោះចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ ជាង​២ភាគ៣ ជា​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង។

បន្ទាប់​ពី​ការ​បញ្ជា​របស់​លោក​ហ៊ុន សែន មក​ទិន្នន័យ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​អំពី​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​បាន​បញ្ជាក់​ដក​ស្រង់​តែ​លទ្ធផល​តេស្ដ​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍។

អត្រា​ឆ្លង​ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ចន្លោះ​ពី​ថ្ងៃទី​២៤​ខែកញ្ញា ដល់​ថ្ងៃទី៣០​ខែកញ្ញា​មាន​សរុប​ ៦.០៣២​ករណី​ ដែល​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​៨៦១ករណី។ តែ​នៅ​ចន្លោះ​ពី​ថ្ងៃទី០១​ខែ​តុលា​ដល់​ថ្ងៃទី០៧​ខែតុលា​អត្រា​ឆ្លង​សរុប​មាន​១.៤៩៧​ករណី​ដែល​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​២១៣​នាក់។

គិត​ត្រឹម​ថ្ងៃទី០៧​ខែ​តុលា​ឆ្នាំ២០២១​នេះ កម្ពុជា​មាន​ចំនួន​អ្នកស្លាប់​ដោយ​កូវីដ១៩​ឡើង​ដល់​២.៤៤១នាក់​និង​មាន​ករណី​ឆ្លង​សរុប​ឡើង​ដល់​១១៤.១៤៨នាក់។

ទាក់ទិន​នឹង​ទេសចរណ៍​ក្នុង​ស្រុក​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ក្រសួង​ទេសចរណ៍បាន​បញ្ជាក់​ថា​មាន​មនុស្ស​ប្រមាណ​ជិត​កន្លះ​លាន​នាក់ បាន​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥​និង​ថ្ងៃទី​០៦​ខែតុលា ឆ្នាំ​២០២១​នេះ។

ភាព​ណែន​កុះករ​ដោយ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​រហូត​ដល់​ក្រសួង​សុខាភិបាល​ចេញ​មុខ​ព្រមាន នៅ​ឯ​រមណីយដ្ឋាន​អន្លង់ជ្រៃ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​បាន​នាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​សម្រេច​បិទ​ទីតាំង​នោះ​ដោយ​បណ្ដោះ​អាសន្ន​កាល​ពីថ្ងៃទី០៦​ខែ​តុលា​កន្លង​ទៅ។

អ្នកស្រី​វេជ្ជបណ្ឌិត Li Ailan​ តំណាងប្រចាំ​កម្ពុជាឱ្យអង្គការសុខភាពពិភពលោក​បាន​ប្រាប់​វីអូអេ​ថា ភ្ជុំបិណ្ឌ​ជា​កាលវេលា​ដ៏​សក្តិសមសម្រាប់​ការ​សាកល្បងជីវភាព​រស់នៅ​ជាមួយ​កូវីដ១៩ តែបានព្រមាន​ថា​បើការ​បើក​ឡើង​វិញ​ប្រញាប់​ប្រញាល់​ទាំង​មហាជន​មិន​ចូលរួម​អនុវត្ត​វិធានការ​អនាម័យនោះ​នោះការផ្ទុះឆ្លង​នឹង​វិល​ត្រឡប់​ហើយ​មន្ទីរពេទ្យ​នឹង​ជន់ជោរ​ដោយ​អ្នកជំងឺ​សាជាថ្មី។

អ្នកជំនាញ​រូបនេះបន្តថា អង្គការ​សុខភាព​ពិភពលោក ក៏​បាន​នឹង​កំពុង​គាំទ្រ​វិធានការ​របស់កម្ពុជា ក្នុង​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​តេស្ដ​ពីការ​តេស្ដ​ដោយមិន​រើស​មុខ មកជា​ការ​ធ្វើតេស្ដតែ​ទៅ​លើ​គោលដៅ​សង្ស័យ​ច្បាស់លាស់​និង​ក្រុម​ប្រឈម​ខ្ពស់​វិញ៕​

XS
SM
MD
LG