រដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យអុំទូកជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២១នេះ ដោយបារម្ភអំពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលមិនទាន់មានការព្យាករណ៍ណាមួយថា អាចនឹងបញ្ចប់នៅពេលណានោះទេ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
ថ្លែងនៅក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តបាត់ដំបង នៅក្នុងបរិវេណនៃសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទនេះ លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះបានប្រាប់ក្រុមមន្ត្រីថា ស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ ដែលមិនទាន់ធូរស្រាលនោះ មិនអំណោយផលដល់ការប្រារព្ធពិធីអុំទូក អកអំបុក សំពះព្រះខែនៅឆ្នាំនេះទេ។
លោកលើកឡើងថា៖ «ឥឡូវនេះយើងចូលដល់ ខែតុលា គឺខែ១០។ តាមការសម្រេចរបស់រាជរដ្ឋាភិបាល គឺឆ្នាំនេះយើងមិនបានធ្វើបុណ្យអុំទូក អកអំបុក ដូចបណ្តាឆ្នាំមុនៗទេ ដោយសារបញ្ហាកូវីដនេះឯង»។
នៅឆ្នាំ២០២១នេះ ពិធីបុណ្យអុំទូក គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។
កាលពីឆ្នាំ២០២០ នៅចំពោះមុខការគំរាមកំហែងនៃការឆ្លងជំងឺកូវីដ១៩នោះ រដ្ឋាភិបាលក៏បានផ្អាកពិធីបុណ្យប្រពៃណីជាតិសំខាន់មួយនេះផងដែរ៕