កម្ពុជា​រក្សា​ជំហរ​ស្ងប់​ស្ងៀម​ក្នុង​ការ​ចោទ​ប្រកាន់​ថា​ទូត​អាមេរិក​ធ្វើ​ចារកម្ម

ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​​​ទី​ក្រុង​ភ្នំពេញ​ក្នុង​ពិធី​សម្ភោធ​ជា​​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦។

ប្រទេស​កម្ពុជា​បាន​និយាយ​បន្ធូរបន្ថយ​ចំពោះ​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​ប្រើប្រាស់​ស្ថានទូត​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ធ្វើ​សកម្មភាព​ចារកម្ម​ក្នុង​នោះ មាន​ស្ថាន​ទូត​របស់​អាមេរិក​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ការ​ផ្ទុះ​កំហឹង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​កើត​មាន​ឡើង​បន្ទាប់​ពី​ទស្សនាវដ្តី​របស់​អាល្លឺម៉ង់​មួយឈ្មោះ​ថា​ Der Spiegel បាន​ផ្សាយ​ផែនទី​មួយ​បង្ហាញ​នូវ​ទីតាំង​ឈ្លបការណ៍​ចំនួន​៩០​មាន​មូលដ្ឋាន​នៅ​ស្ថានទូត​ជុំវិញ​ពិភពលោក។ ទីតាំង​ទាំងនេះ​រូមមាន​នៅ​តំបន់​អាស៊ី​បូព៌ា​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​ខាង​ត្បូង​ក្នុង​នោះ​មាន​ស្ថានទូត​នៅ​ទីក្រុង​ហ្សាកាតា គូឡាឡំពួរ បាងកក ភ្នំពេញ រ៉ង់ហ្គោន ញ៉ីវដេល្លី​និង​ទីក្រុង​អ៊ីស្លាមម៉ាបាដ។ ទស្សនាវដ្តី​នោះ​បាន​ដក​ស្រង់​ព័ត៌មាន​នេះ​ដោយ​ផ្អែក​លើ​ឯកសារ​របស់​លោក ​Edward Snowden អតីត​បុគ្គលិក​ជាប់​កិច្ចសន្យា​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ដែល​បាន​រត់​ចោល​ប្រទេស​ដើម្បី​ទម្លាយ​ការណ៍​សម្ងាត់​នានាក្នុង​ពេលកន្លងមក។

លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​កម្ពុជានៅ​មិន​ទាន់​សម្រេច​ថា​នឹង​ត្រូវ​ចាត់​វិធានការ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ចំពោះ​ករណីនេះ។
«ជាការ​ជាក់​លាក់​ខ្ញុំ​មិន​ ទាន់​បាន​ទទួល​ទេប៉ុន្តែ​គ្រាន់​តែ​ឮ​ព័ត៌មាន​អញ្ចឹង​ហើយ​ដូច្នេះ​ខ្ញុំ​ក៏​មិន​ទាន់​ហ៊ាន​លើក​ជា​វិធានការ​យ៉ាង​ណា​នៅ​ឡើយ»។​

ស្រដៀង​គ្នា​នេះ​ដែរ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​មិន​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ។ លោក​ទា បាញ់ រដ្ឋ​មន្ត្រី​ការពារជាតិ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «ខ្ញុំ​ដូច​ជា​អត់​ដឹង​រឿង​ហ្នឹង​ដែរ​ ខ្ញុំ​មិន​មាន​ព័ត៌មាន​អ្វី​ពីរឿង​ហ្នឹង​ទេ»។

ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​បាន​កោះហៅ​អ្នក​ការ​ទូត​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ហ្សាកាតា​ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​សកម្មភាព​ចារកម្មលើ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Susilo Bambang Yudhoyono និង​មេដឹកនាំ​ឥណ្ឌូនេស៊ី​ដទៃ​ទៀត។

ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ឈាន​ដល់​ជំហាន​ធ្ងន់​ធ្ងរ​ដូច្នេះ​នៅ​ឡើយ​ទេ។ លោក​ទា បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​បន្ថែម​ថា៖ «បើ​សិន​ជា​គេធ្វើ​ក្នុង​នាម​ឈ្លប​ឬ​យក​ការណ៍​គឺ​ថា​មិន​មាន​អ្នក​ណា​ទៅ បញ្ជាក់​អះអាង​ ហើយ​មាន​ភស្តុតាង​ឯណា​ទៅ​ចោទ​គេ​អញ្ចឹង​បាន​ទេ​។ ខ្ញុំ​តាម​មើល​ទៅ​ដូច​ជា​អត់​កើត​ទេ​ បើ​គេ​ធ្វើ​ជា​សម្ងាត់​យើង​អត់​មាន​ភស្តុតាង​បញ្ជាក់​អះអាង​ផង»។ ​

យ៉ាង​ណា​ក៏​ដោយ​លោក​ស ខេង ទទួលស្គាល់​ថា​កម្ពុជា​យល់​ថា​មាន​សកម្មភាព​ដូច​នេះ​បាន​កើត​មាន​ឡើង​ប៉ុន្តែ​មិន​ទាន់​មាន​អ្វី​ជា​ច្បាស់​លាស់​សម្រាប់​កម្ពុជា​ត្រូវ​ប្រតិកម្ម​នៅឡើយ​ទេ។​

«ខ្ញុំ​និយាយ​ក្នុ​ងឋានៈ​បុគ្គល​ខ្ញុំ​ទេ​។ ខ្ញុំ​អត់​និយាយ​ក្នុង​ឋានៈ​រាជរដ្ឋាភិបាល​ទេ​ ធម្មតា​ហើយ​សហរដ្ឋ​អាមេរិកគាត់​ជា​អ្នក​ដែល​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​សិទ្ធិ​សេរីភាព​ហើយ​សិទ្ធិ​មនុស្ស​អី​ជាដើម​ហើយ​បើ​គាត់​ធ្វើ​ដូច្នេះ​ខ្ញុំ​មិនដល់ដែរ​ថា​គាត់​ចង់​បានអ្វីដែរ»។


ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ដរាប​ណា​មាន​ភស្តុតាង​ជាក់លាក់​កម្ពុជា​នឹង​ប្រតិកម្ម​តវ៉ា​ដូច​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ដែរ។​

សារព័ត៌មាន ​Sydney Morning Herald រាយការណ៍​ថា សេវាកម្មប្រមូល​ព័ត៌មាន​ពិសេស​ដែល​ជា​ក្រុម​ការងាររួម​របស់​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល​សហព័ន្ធ ហៅ​ថា​សេអ៊ីអា និង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ បាន​ធ្វើ​ប្រតិបត្តិ​ការ​ឈ្លបយក​ការណ៍​យ៉ាងធំ ដែល​ក្នុង​នោះ មាន​ប្រតិបត្តិការ​សម្ងាត់​ប្រឆាំង​នឹង​គោលដៅ​ចារកម្ម​ពិសេស​ណាមួយ។ ​

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​មិន​ឆ្លើយ​តប​ជាផ្លូវ​ការ​ណាមួយ​ទេ​នៅ​ពេល​ដែល​វីអូអេ​ផ្នែក​ខេមរភាសា​បាន​ព្យាយាម​សុំ​អត្ថាធិប្បាយ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នា​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​ប្រមូល​នូវ​ប្រភេទ​ព័ត៌មាន​ស៊ើបការណ៍​បរទេស​ដូច​ដែល​ប្រទេសនានា​ធ្វើ​ដែរ។

លោកស្រី​ចេន សាក់គី អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់នៅ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃ​ពុធ​ថា៖ «មាន​ការ​ត្រួត​ពិនិត្យ​មួយ​កំពុង​រៀបចំ​ឡើង​ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​ហើយ​នឹង​ចប់​សព្វ​គ្រប់នៅ​ចុង​ឆ្នាំ​នេះ។ ជាផ្នែ​កមួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នោះ​ យើង​កំពុងតែ​សំឡឹង​មើល​លើ​កម្មវិធី​នោះ​ដើម្បី​ធានា​ឱ្យ​ប្រាកដ​ថា​វា​បំពេញ​បាន​តាម​តម្រូវ​ការ​នយោបាយ​ការបរទេស​របស់​យើង។ យើង​ដោះស្រាយ​លើ​សេចក្តី​រាយការណ៍​នានា​ទាក់​ទង​នឹង​ប្រមុខ​រដ្ឋ​ ហើយ​យើង​ផ្តោ​ត​លើ​ការរក្សា​ការ​ប្រមូល​ព័ត៌មាន​របស់​យើង​ផ្អែកលើ​បច្ចេកទេស​ដែល​មាន​។ ដូច្នេះ​នេះ​គឺ​ជា​បំណែក​ទាំង​អស់​ដែល​យើង​ពិនិត្យ​មើល»។ ​

នៅ​ក្នុង​ចម្លើយ​ជា​សារ​អេឡិក​ត្រូនិក​ពី​ក្រសួង​ការ​បរទេស​ដែល​វីអូអេ​ទទួល​បាន​បញ្ជាក់​បន្ថែម​ថា​ការ​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ដើម្បី​ធានា​ឱ្យ​បាន​នូវ«តុល្យភាព​នៃការព្រួយ​បារម្ភពី​សុវត្ថិភាព​របស់​ពលរដ្ឋ​អាមេរិក​និង​ដៃគូ​អន្តរជាតិ​របស់​ខ្លួន​ទាក់​ទង​នឹង​កង្វល់​លើ​ភាព​ឯកជន​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន។ ហើយ​ សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដល់​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​ហើយ​ក៏​បាន​ពិភាក្សា​ជា​ប្រចាំ​ជាមួយ​នឹង​ដៃ​គូ​ដែល​ពាក់​ព័ន្ធ»។ ​

ក្រសួង​ការបរទេស​កម្ពុជា​មិន​មាន​អត្ថាធិប្បាយ​យ៉ាងណា​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​វីអូអេ​ទាក់ទង​តាម​ទូរស័ព្ទ​និង​សារអេឡិកត្រូនិក។ ប៉ុន្តែ​លោក​ផៃ​ ស៊ីផាន​រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រីបាន​និយាយ​បន្ធូរ​បន្ថយស្ថានការណ៍​ដោយ​ផ្តោ​ត​លើ​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរគឺ​ត្រូវឈរ​លើ​ការ​ទុក​ចិត្ត​គ្នា​រវាង​រដ្ឋ​និង​រដ្ឋ​ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​នៅ​រក្សា​សិទ្ធិ​ការពារ​ខ្លួន​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ។

«យើង​យល់​ថា​អ្វី ដែល​យើង​រៀន​យើង​មាន​ការ​ពិសោធន៍​គឺ​គ្មាន​អ្វី​ជា​ចម្លែក​សម្រាប់​កម្ពុជា​ទេ​ពីព្រោះអ្វី​ដែល​យើង​បាន​ដឹង​ពី​ព័ត៌មាន​របស់​វីគីលីក យើង​យល់​ឃើញ​ថា​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ ហើយ​យើង​គ្មាន​គោល​បំណង​ណា​ដែល​ធ្វើ​ឱ្យ​ប្រទុស្ត​រ៉ាយ​ដល់​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ទេ​។​ យើងនៅ​តែ​រក្សា​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​រវាង​គ្នា​និង​គ្នា​រវាង​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​។ នេះ​ទីមួយហើយ​ទីពីរ​យើង​រក្សា​ថា​អ្វី​ទៅ​ជា​សន្តិសហវិជ្ជមានរវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​គ្នា​ដូច្នេះ​អ្វី ដែល​ជា​ជំនឿ​អ្វី ដែល​យើ​ង​ទុកចិត្ត​នេះ​ហើយ​ជា​ការ​ផ្តើម​នៃ​ការ​យល់​គ្នា​ទៅវិញ​ទៅ​មក»។ ​ ​

មាន​ឧបករណ៍​ឈ្លប​យក​ការណ៍​ខ្លះ​ត្រូវ​បាន​គេ​បញ្ជាពី​ចម្ងាយ​ហើយ​មាន​ទីតាំង​ខ្លះ​ត្រូវ​បាន​បញ្ជា​ដោយ​បុគ្គលិក​នៅ​ទីនោះផ្ទាល់ក្នុង​នោះ​មាន​ការ​លប​ស្តាប់​ទូរស័ព្ទ​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​នោះ។ នេះ​បើតាម​ការ​រាយការណ៍​របស់​ កាសែត​ The Straits Times។

លោក​ឡៅ ម៉ុងហៃ​អ្នក​វិភាគ ឯករាជ្យ​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បញ្ជាក់​ថាការប្រមូល​យក​ព័ត៌មាន​ពី​ប្រទេស​មួយ​ដោយ​តំណាង​ស្ថាន​ទូត​នៃ​ប្រទេស​មួយ​ទៀត​ជា​កិច្ច​ការ​ស្របច្បាប់​មួយ​ក៏​ប៉ុន្តែ​ការ​ឈាន​ហួស​រហូត​ដល់​ប្រើ​ឧបករណ៍​លប​ស្តាប់​ទូរស័ព្ទ​ឬក៏​ចូល​មើល​សារ​អេឡិកត្រូនិក​របស់​ថ្នាក់​ដឹកនាំ​ប្រទេសផ្សេង​វា​ជា​ការ​រំលោភ​ដល់​សិទ្ធិ​ឯកជន​របស់​បុគ្គល​និង​អ្នក​ដឹកនាំ​នៃ​ប្រទេស​នោះ។

យ៉ាង​ណា​ក៏ដោយ​លោក​ឡៅ ម៉ុងហៃ​យល់​ថា ​រដ្ឋាភិបាល​កម្ពុជា​ទំនង​ជា​ស៊ាំ​នឹង​ព័ត៌មាន​ដែល​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​ទៅ​ឱ្យ​ក្រសួង​ការបរទេស​របស់​ខ្លួន​តាម​រយៈ​ការ​បែក​ធ្លាយ​នូវ​ឯកសារ​តាម​គេហទំព័រ​វីគីលីក​ (Wikileaks) កន្លងមកដែល​មាន​ការ​ប្រើ​ពាក្យ​ពេចន៍​ពណ៌នា​អ្នក​ដឹកនាំ​ប្រទេ​សកម្ពុជា​ថា​ជា​មនុស្ស​ប្រភេទ​ណា​ ​ហើយ​អាច​នឹង​មិន​មានការ​ប៉ះពាល់​អ្វីធំដំដល់​ទំនាក់​ទំនង​ទេ។ អ្វី​ដែល​កម្ពុជា​ព្រួយ​បារម្ភ​ខ្លាំង​គឺ​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន។

«ប្រទេស​យើង​គឺ​លើក​លែង​តែ​កិច្ច​ការ​សន្តិសុខ​ទេ​ប៉ុន្តែ​រឿង​សន្តិសុខ​នេះ​ក៏​គេ​អាច​ម៉ៃ​ថា​ប្រទេស​ខ្លះ​ទៀត​ក៏​អាច​ធ្វើ​អញ្ចឹង​ដែរ​ដូច​ជា​តាម​រយៈ​ក្រុមហ៊ុន​ទូរស័ព្ទ​របស់​ខ្លួន​អញ្ចឹង​ទៅ​ ប្រព័ន្ធ​ហ្នឹង​គេអាច​ធ្វើបាន​ហើយ​ក្រុម​ហ៊ុន​នោះ ក្រុម​ហ៊ុន​បរទេស​ទៅ​ទៀត ហើយ​ប្រទេស​ជិតខាង​ទៀត​គឺ​ប្រហែល​ជា​គេ​ធ្វើ​ដែរ​ក៏​យើង​មិន​ដឹង​ទេ»។

ទោះបី​ជាយ៉ាង​ណា​ក៏ដោយ​ប្រភព​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ប្រាប់​វីអូអេ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ការ​ព្រួយ​បារម្ភ​ពី​ការ​លបស្តាប់​ដោយ​ភ្នាក់​ងារ​បរទេស​នៅ​ប្រទេស​កម្ពុជា​បាន​នាំ​ឱ្យ​មន្ត្រី​ធំៗ​របស់​កម្ពុជា​ខ្លះ​ប្រើប្រាស់​នូវ​ភាសា​ផ្សេង​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​បូក​លាយ​ជាមួយ​នឹង​ពាក្យ​គន្លឹះ​សម្ងាត់​ជាច្រើន​ផងដែរ៕