ខណៈដែលសមាគមអាស៊ាននឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចរួមដ៏ធំមួយនាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានៅតែត្រូវបានចាត់ទុកថា ជាប្រទេសដែលមានភាពប្រកួតប្រជែងខាងសេដ្ឋកិច្ចទាបនៅក្នុងទីផ្សារសាកលលោក។
ប្រទេសមួយមានភាពប្រកួតប្រជែងល្អ នៅពេលដែលប្រទេសនោះមានសមត្ថភាពក្នុងការទាក់ទាញការវិនិយោគទុន សមត្ថភាពនាំចេញ និងផ្គត់ផ្គង់ទំនិញ និងផ្តល់សេវាកម្មដែលមានសន្ទុះដ៏លឿន ធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់។
វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ឆ្នាំ២០១៥បានឲ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី៩៥ក្នុងភាពប្រកួតប្រជែង ដោយនាំមុខតែប្រទេសមីយ៉ាន់ម៉ា ឬភូមា តែប៉ុណ្ណោះក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍។
លោក ហេង ឌីណា សេដ្ឋវិទូខ្មែរមួយរូបប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានឲ្យដឹងថា កម្ពុជាបានបំពេញកិច្ចការល្អក្នុងការធ្វើឲ្យមានស្ថិរភាពខាងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសខាងអតិផរណា។
«ហើយចំពោះភាពងាយស្រួលផ្សេងៗ ដូចជាការបង់ពន្ធ ហេដ្ឋារចនាសម្ព័ន្ធ ហើយនិងបែបបទនៃការនាំចេញ នាំចូលនោះគឺយើងនៅមានចំណុចច្រើនដែលត្រូវធ្វើទៀត»។
លោកបានបកស្រាយថា លទ្ធភាពមានភាពប្រកួតប្រជែងកម្រិតខ្ពស់វាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ពីព្រោះវានឹងនាំមកនូវការអភវិឌ្ឍដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល។
«បើសិនជាយើងអាចទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាយើង នោះ គាត់នឹងបង្កើតជារោងចក្រ។ គាត់ផលិតវត្ថុ។ វាអាចផ្តល់ការងារ។ វាអាចផ្តល់ជំនាញ និងប្រាក់កម្រៃដល់ប្រជាពលរដ្ឋយើង។ ហើយបើសិនជាយើងផលិតបានកាន់តែច្រើន និងផលិតបានគុណភាពកាន់តែល្អ នោះប្រាក់ចំណូលវាកាន់តែខ្ពស់។ កាលណាប្រាក់ចំណូលខ្ពស់ យើងអាចមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ ហើយនេះហើយជាដំណើរការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដ៏សាមញ្ញមួយ»។
ការវាយតម្លៃរបស់វេទិកា WEFនេះខុសពីសារវិដេអូពាណិជ្ជកម្មអំពីភាពប្រកួតប្រជែងកម្ពុជា៖
យ៉ាងណាមិញ លោកបានបន្ថែមថា ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន កម្ពុជាជួបនឹងកត្តាប្រឈមធំៗ ដូចជា ខាងគោលនយោបាយ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ ការខ្វះពលករមានជំនាញ ផលិតភាពទាប ហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតទាប ហើយស្ថានភាពទីផ្សារមិនអាចទស្សន៍ទាយបាន និងថ្លៃសេវាដឹកជញ្ជូន និងថ្លៃអគ្គិសនីខ្ពស់។
«ហើយសម្រាប់ប្រទេសកម្ពុជាយើងដែលជាប្រទេសតូច ហើយយើងត្រូវការធនធាន ហើយយើងនៅមានជំនាញថ្នាក់ទាប អញ្ចឹងវាកាន់តែសំខាន់ចំពោះប្រទេសខ្មែរយើងសម្រាប់បង្កើនភាពប្រកួតប្រជែងនេះ»។
សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបង្កើតទីផ្សារដ៏ប្រកួតប្រជែងរួមមួយរវាងប្រទេសជាសមាជិកនៃសមាគមអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាននេះ។ ហើយទីផ្សារនេះនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៦នេះតទៅ។
បើទោះបីជាមានការសន្និដ្ឋានថា កម្ពុជានឹងមានឱកាសទទួលបានប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាននេះយ៉ាងណាក្តី ក៏កម្ពុជាចាំបាច់ត្រូវតែពង្រឹងជំនាញរបស់ពលករ ពង្រឹងហេដ្ឋារចនាសម្ពន្ធនិងពង្រឹងផលិតផលកសិកម្មរបស់ខ្លួន។
ក្នុងអំឡុងពេលពីរទសវត្សរ៍កន្លងទៅនេះ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាមានអត្រាជាមធ្យម៧ភាគរយ ដែលមួយផ្នែកធំគឺដោយសារការនាំចេញផលិតផលសម្លៀកបំពាក់ និងវិស័យទេសចរណ៍។ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចអាចកើនប្រសើរជាងនេះ បើសិនជាកម្ពុជាអាចពង្រឹងវិស័យកសិកម្ម គឺពង្រីកផលិតផលស្រូវរបស់ខ្លួន។
«វិស័យកសិកម្ម ដែលយើងត្រូវពង្រឹង ពីព្រោះវិស័យនេះវាអាចមានផលវិជ្ជមានច្រើនដល់សង្គម និងសេដ្ឋកិច្ច។ ជាឧទាហរណ៍ បើសិនជាយើងអាចពង្រឹងវិស័យកសិកម្ម ពោលគឺបើសិនជាយើងអាចផលិតម្ហូបអាហារ បន្លែ សាច់ ម្ហូបអាហារថោកជាងមុននោះ វាអាចជួយដល់ផលិតភាពដែរ ដោយសារតែប្រជាជនយើងគាត់អាចបរិភោគអាហារថោកជាងមុន។ អញ្ចឹងការចាយវាយ វាអាចថោកជាងមុន»។
យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចអាចសម្រេចទៅបាន លុះត្រាតែបរិយាកាសនយោបាយនៅកម្ពុជាអំណោយផលដល់បរិយាកាសបណ្តាក់ទុនពីក្រុមវិនិយោគទុនបរទេស។ ហើយព្រឹត្តិការណ៍នយោបាយថ្មីៗ ដូចជាការវាយដំលើតំណាងរាស្ត្រមកពីគណបក្សប្រឆាំងពីររូបនោះគឺមិនជួយដល់បរិយាកាសនយោបាយអ្វីទេ។
«ជាមូលដ្ឋាន យើងត្រូវរក្សាឲ្យបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពីព្រោះគ្មានប្រទេសណាអាចរីកចម្រើនបានទេ បើសិនជាគ្មានស្ថិរភាពទាំងពីរនេះទេ»។
ក្រៅពីការពង្រឹងជំនាញរបស់ពលករ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងផលិតផលកសិកម្មដើម្បីឲ្យភាពប្រកួតប្រជែងកើនបានមួយកម្រិតហើយនោះ កម្ពុជាក៏អាចមានភាពប្រកួតប្រជែងល្អប្រសើរមួយកម្រិតទៀត តាមរយៈការង្រឹងគុណភាព និងកិច្ចសហការរវាងស្ថាប័នទាំងឡាយ ធ្វើយ៉ាងណាឲ្យមានភាពងាយស្រួល និងរលូនសម្រាប់អ្នកវិនិយោគទុន ហើយធ្វើការឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន ដោយសម្រួលទៅតាមនីតិវិធីនៃការធ្វើពាណិជ្ជកម្ម៕