កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​ជាងគេ​​​​នៅ​អាស៊ី​ផ្នែក​នីតិរដ្ឋ​និង​យុត្តិធម៌​សង្គម

រូបឯកសារ៖ អ្នកគាំទ្រ​អង្គការ​សិទ្ធិមនុស្ស​ត្រូវបាន​បង្ខំឲ្យ​ដើរ​ទៅ​មុខ ដោយ​ក្រុម​ប៉ូលិស​សន្តិសុខ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​ដើរ​ហែរ​ក្បួនប្រឆាំង​នឹង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ក្បែរ​គុកព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

ការ​វាស់​ស្ទង់​នេះ​បាន​ធ្វើ​ការ​ដាក់​ពិន្ទុ​ដោយ​​​ផ្អែក​លើ​កត្តា​ចំនួន​៨ គឺ​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល ការ​គ្មាន​អំពើ​ពុករលួយ ការ​បើក​ចំហ​របស់​រដ្ឋាភិបាល សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ សណ្ដាប់ធ្នាប់​និង​សន្ដិសុខ ការ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។

អង្គការ​អន្តរជាតិ​មួយ​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​នៅ​លំដាប់​ជិត​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​ស្ទាបស្ទង់​នៅ​ទូទាំង​ពិភពលោក​សម្រាប់​ការយល់​ឃើញ​ពីនីតិរដ្ឋ និង​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក។

​របាយការណ៍​លើ​សន្ទស្សន៍​ផ្នែក​នីតិរដ្ឋ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​អង្គការគម្រោង​យុត្តិធម៌​ពិភពលោក​ (World Justice Project) សម្រាប់​ឆ្នាំ​២០១៦​នេះ ​បាន​ធ្វើ​ការ​វាស់​ស្ទង់​ពី​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ចំនួន​១១៣ ដោយ​កម្ពុជា​ទទួល​បាន​ចំណាត់​១១២ គឺ​នៅ​លើ​ប្រទេស​វ៉េណេស៊ុយអេឡា​តែ​មួយ​ប៉ុណ្ណោះ។

ការ​វាស់​ស្ទង់​នេះ​បាន​ធ្វើ​ការ​ដាក់​ពិន្ទុ​ដោយ​ផ្អែក​លើ​កត្តា​ចំនួន​៨ គឺ​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល ការ​គ្មាន​អំពើ​ពុករលួយ ការ​បើក​ចំហ​របស់​រដ្ឋាភិបាល សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ សណ្ដាប់ធ្នាប់​និង​សន្ដិសុខ ការ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។

ក្នុង​ចំណោម​កត្តា​ទាំង​៨​ដែល​ត្រូវ​បាន​ដាក់​ពិន្ទុ​នេះ​ ប្រព័ន្ធ​យុត្តិធម៌​ស៊ីវិល​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​គឺ​ទី​១១៣ តាម​ពីក្រោយ​ដោយ​ការ​បើក​ចំហ​របស់​រដ្ឋាភិបាល​និង​ការ​អនុវត្ត​ច្បាប់ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​១១២​ដូច​គ្នា​ និង​អំពើពុករលួយទទួល​បាន​ចំណាត់ថ្នាក់​១១១។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​លោក​ គឹម សន្តិភាព ​បាន​នៅ​ឡើយ​ទេ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​វគ្គបណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ស្តីពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ក្រោម​ប្រធានបទ «ការការពារ​អ្នក​ផ្តល់​ព័ត៌មាន និង​ការសម្ងាត់រដ្ឋ» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ប្រាប់​ VOA ថា ចំណាត់​ថ្នាក់​នេះ​បាន​បង្ហាញ​ពី​តថភាព​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ ថា​មិន​ទាន់​មាន​ការ​ផ្លាស់​ប្ដូរ​ឱ្យ​បាន​ប្រសើរ​ឡើង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​យុត្តិធម៌ និង​សិទ្ធិមនុស្ស។

លោក​ ព្រាប កុល ​បន្ត​ថា​ កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​បញ្ហា និង​ដាក់​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ តែ​រដ្ឋាភិបាល​តែង​ច្រាន​ចោល។ លោក​ថា​ ដើម្បី​ឱ្យ​ទទួល​បាន​ស្ថានភាព​នីតិរដ្ឋ​មាន​ការ​ប្រសើរ​ឡើង រដ្ឋាភិបាល​គួរ​ទទួល​យក​អនុសាសន៍​ទាំងនោះ និង​ដោះស្រាយ​ឱ្យ​បាន​ឆាប់។

លោក​មានប្រសាសន៍​ថា៖

«អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ ទី​១​ទទួល​ស្គាល់ ទទួល​ស្គាល់​របាយការណ៍​វាយ​តម្លៃ​ថា មាន​បញ្ហា​ខ្វះខាត​ដែល​ត្រូវ​ធ្វើ​ការ​កែ​លម្អ ហើយ​យក​របាយការណ៍​ហ្នឹង​មក​ពិនិត្យ​មើល​ពី​ចំណុច​ដែល​គេ​វាយ​តម្លៃ​ថា​ ខ្វះខាត​ ហើយ​មើល​ពី​អនុសាសន៍​ថា​ ត្រូវ​ធ្វើ​អី​ដើម្បី​បំពេញ​ការ​ខ្វះខាត។ ហ្នឹង​គឺ​យក​មក​មើល។ តែ​បើ​ថា​ចង់​ទាត់​ចោល​ឬ​ច្រាន​ចោល​យ៉ាងម៉េច​តាម​វិទ្យុ​តាម​កាសែត​អី​ក៏​ច្រាន​ទៅ​ចុះ តែ​ការ​ពិត​គួរ​តែ​យក ខ្ញុំ​ថា​គួរ​តែ​យក​មក​មើល​ ហើយ​ជជែក​គ្នា​ដើម្បី​ដោះស្រាយ»។

ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ក្ដី​កង្វល់​មួយ​និង​លើក​ជា​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​នីតិរដ្ឋ​ ប្រព័ន្ធ​យុត្តិធម៌ ការរំលោភ​សិទ្ធិមនុស្ស ជម្លោះដីធ្លី និង​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំងនៅ​ពន្ធនាគារ​ជាដើម៕