ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ​រង​ការ​វាយដំ​ពេល​ហែ​ក្បួន​ទិវា​សិទ្ធិ​លំនៅស្ថាន

  • ហ៊ាន សុជាតា

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថានពិភព​លោក​ទី៣១ ក្រោយ​រង​ការ​វាយ​ដំ​ដោយ​អជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​រង​ការ​វាយដំ​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ឲ្យ​របួស​ត្រង់​ ក ​ធ្មេញ​ និង​ធ្គាម​ក្នុង​ពេល​ដែល​លោក​កំពុង​ឃ្លាំ​មើល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភពលោក។​

យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ពី​អង្គការ​លីកាដូ​ (LICADHO)​ និង​សកម្មជន​ដីធ្លី​មួយ​រូប​ ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​វាយ​ដំ​ឱ្យ​រង​របួស​ ក្នុង​ពេល​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភពលោក​លើក​ទី៣១​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១០​ ខែ​តុលា នេះ។ ការ​ប្រើ​អំពើ​ហិង្សា​នេះ​ រង​ការ​រិះគន់​ពី​យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មន្ត្រី​សង្គម​ស៊ីវិល​បង្ហាញ​ក្តី​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ស្ថាន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៦។
ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ស្ថាន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៦។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​រង​ការ​វាយដំ​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ឲ្យ​របួស​ត្រង់​ ក ​ធ្មេញ​ និង​ធ្គាម​ក្នុង​ពេល​ដែល​លោក​កំពុង​ឃ្លាំ​មើល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភពលោក។​ ហើយ​សកម្មជន​បឹងកក់​មួយ​រូប​ផ្សេង​ទៀត​គឺ​ លោក ច័ន្ទ ពុទ្ធិស័ក្ក​ ក៏​ត្រូវ​បាន​អាជ្ញាធរ​វាយ​ឲ្យ​របួស​ក្បាល។​ ក្រៅ​ពី​នេះ​ សកម្មជន​ដីធ្លី​និង​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​មួយ​ចំនួន​ទៀត​ ក៏​ត្រូវ​បាន​រុញ​ច្រាន​នឹង​រង​ការ​វាយ​ដំ​ឲ្យ​របួស​ស្រាល​ផង​ដែរ។

លោក​ អំ សំអាត​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ភ្លាមៗ​ក្រោយ​ពី​រង​ការ​វាយ​ដំ​យ៉ាង​ដូច្នេះ​ថា៖

«ការ​រារាំង​ជា​រឿង​មួយ។ ប៉ុន្តែ​រឿង​ដែល​ធ្ងន់ធ្ងរ​នោះ​គឺ​ ខ្ញុំ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ ខ្ញុំ​ឃើញ​អំពើ​ហិង្សា ខ្ញុំ​ឃាត់​កុំ​ឲ្យ​ប្រើប្រាស់​អំពើ​ហិង្សា​ ​ប៉ុន្តែ​សន្តិសុខ​ទាំង​នោះ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​ខ្ញុំ​ ​ទាំង​ខ្ញុំ​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ។ ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា​ សូម្បី​មន្ត្រី​សិទ្ធិ​មនុស្ស​គេ​នៅ​ប្រើប្រាស់​ហិង្សា​ ​ចុះ​ទម្រាំ​ប្រជាពលរដ្ឋ។​ ចឹង​មិន​បាច់​រដ្ឋាភិបាល​មិន​បាច់​ឆ្លើយ​បដិសេធ​ថា​ មិន​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ។​ ចឹង​កុំ​បន្ទោស​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​លើកឡើង​ថា​ មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស»។

លោក​អះអាង​ថា​ អ្នក​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​លើ​រូប​លោក​ ​គឺ​ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ​ដែល​ក្នុង​នោះ​មាន​អ្នក​ខ្លះ​ក៏​ធ្លាប់​ត្រូវ​បាន​អង្គការ​លីកាដូ​ជួយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ នៅ​ពេល​ពួកគេ​ប៉ះទង្គិច​ជាមួយ​ប្រជាពលរដ្ឋ​ កាល​ពី​លើក​មុន​ថែម​ទៀត​ផង។​ លោក ​អំ ​សំអាត ​ឲ្យ​ដឹង​ថា ​លោក​មាន​គម្រោង​ដាក់​ពាក្យ​ប្តឹង​អាជ្ញាធរ​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​រូប​លោក​នេះ។

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថានរបស់​ពួក​គេ ​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​
ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថានរបស់​ពួក​គេ ​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​

​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ប្រជាពលរដ្ឋ​និង​សកម្មជន​សិទ្ធិ​លំនៅស្ថាន​រាប់​រយ​នាក់​បាន​ដើរក្បួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ពី​អតីត​សហគមន៍​ដីក្រហម​ ដើម្បី​រំឭក​ខួប​ទី៣១​នៃ​ទិវា​សិទ្ធិ​លំនៅស្ថាន។​ ការ​ដើរ​ក្បួន​ដោយ​សន្តិវិធី​ក្រោម​មេឃ​ភ្លៀង​នេះ​ ត្រូវ​បាន​ហាមប្រាម​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ដោយ​មាន​បិទ​ផ្លូវ​នានា​ រហូត​មក​ដល់​នៅ​ជិត​សារមន្ទីរជាតិ​ ខាង​ជើង​ព្រះ​បរម​រាជវាំង ជាទី​ដែល​អាជ្ញាធរ​ក្រុង​ចាប់​ផ្តើម​ទាញ​យក​សម្ភារៈ​របស់​អ្នក​ចូល​រួម។

​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សកម្មជន​សិទ្ធិ​ដីធ្លី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។ ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ជាង​៦០​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ពី​ភាព​សោកស្តាយ​ និង​ថ្កោល​ទោស​ ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

លោកស្រី​ ចក់ ​សុភាព​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) បង្ហាញ​ការ​សោកស្តាយ​ និង​ក្តី​បារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​រដ្ឋាភិបាល​កម្ពុជា ​ហាក់​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ដូច​ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ អ្វី​នោះ​ទេ។

លោកស្រី​ ចក់ ​សុភាព ​ថ្លែង​ប្រាប់ VOA ថា៖

«ព្រឹត្តិការណ៍​ព្រឹក​មិញ​នេះ​ បាន​បញ្ជាក់​ឲ្យ​ឃើញ​បន្ថែម​ទៀត​ថា​ អាជ្ញាធរ​បន្ត​ក្នុង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​ ជា​ពិសេស​គឺ​ការ​វាយ​ប្រហារ​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ ក្នុង​នាម​ជា​អ្នក​ឃ្លាំ​មើល និង​ក្នុង​ឯកសណ្ឋាន​អ្នក​ឃ្លាំ​មើល​ទៀត។​ វា​ជា​រឿង​សោកស្តាយ​ ហើយ​សង្ឃឹម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​តុលាការ​ធានា​ថា​ ជន​ល្មើស​ត្រូវ​បាន​យក​មក​កាត់ទោស ​ ជាពិសេស​អាជ្ញាធរ​ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ ដើម្បី​បង្ហាញ​ថា​ខ្លួន​ការពារ​មន្ត្រី​សិទ្ធិ​មនុស្ស​ មិន​មែន​ការពារ​អ្នក​វាយ​ប្រហារ​នោះ​ទេ»។

​លោកស្រី​បន្ត​ទៀត​ថា​ នា​ពេល​ចុង​ក្រោយ​នេះ​ ជា​បន្ត​បន្ទាប់​មាន​ការ​យាយី​លើ​មន្រ្តី​សង្គម​ស៊ីវិល​ថែម​ទៀត ​ជា​អាទិ៍​មន្ត្រី​សមាគម​អាដហុក​ទាំង​៤រូប​ និង​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​លោក​ នី ​ចរិយា ​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​ដើម។​

យ៉ាង​ណា​ក៏ដោយ ​លោក​ មាន​ ចាន់យ៉ាដា​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បញ្ជាក់​ប្រាប់ VOA ថា​ ការ​ប៉ះទង្គិច​នេះ​ដោយ​សារ​ក្រុម​អ្នក​សកម្មជន​ដីធ្លី​មិន​បាន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ លោក​ថា​ រដ្ឋាភិបាល​កំពុង​សិក្សា​លើ​ករណី​ប៉ះទង្គិច​គ្នា​កាល​ពី​ព្រឹកមិញ​នេះ ​ហើយ​ចំណាត់​ការ​បន្ទាប់​យ៉ាង​ណា​នោះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នោះ​បញ្ជាក់​ថា៖

«អ្នក​ដែល​ស្នើសុំ​នោះ​គឺ​មិន​បាន​គោរព​តាម​គោលការណ៍​ដែល​បាន​មក​ជជែក​គ្នា​នៅ​សាលា​រាជធានី​ភ្នំពេញ។ ហើយ​ព្រឹក​មិញ​ ក្បួន​កាល​ពី​ព្រឹកមិញ​បាន​ព្យាយាម​ហែ​ក្បួន​មក​ផ្លូវ​ធំ​ ដែល​គ្មាន​ការ​អនុញ្ញាត​ អនាធិបតេយ្យ​តាម​តែ​ចិត្ត​ចង់​ធ្វើ ​អាជ្ញាធរ​គ្រាន់​តែ​តម្រង់​ទិស​របស់​គាត់​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ហើយ​ក៏​មាន​ការ​ប៉ះ​ទង្គិច​បន្តិច​បន្តួច»។

ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ស្ថាន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៦។
ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ស្ថាន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៦។

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភពលោក​លើក​ទី៣១​នេះ​ មាន​ជន​រងគ្រោះ​ដីធ្លី​មក​ពី​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ជា​ច្រើន​រយ​នាក់​ចូលរួម​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ និង​ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដីធ្លី។​ ពួកគេ​នាំ​គ្នា​ដង្ហែ​ក្បួន​ ក្រោម​តំណក់​ទឹក​ភ្លៀង ​មាន​បដា​ក្នុង​ដៃ​ ​និង​ឆៃយ៉ាំ​បំពង​សំឡេង​ផង ចាប់​ផ្តើម​ពី​អតីត​តំបន់​ដី​ក្រហម​ ដែល​ពលរដ្ឋ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ឆ្នាំ​២០០៩ នៅ​ជិត​ស្ថាន​ទូត​រុស្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ។

​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មក​លើ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សកម្មជន​ដី​ធ្លី​នេះ​កើត​ឡើង​ ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក​ស្រី ​រ៉ូណា ​ស្មីត ​(Rhona Smith) ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ជា​លើក​ទី៣​មក​កាន់​កម្ពុជា៕

XS
SM
MD
LG