ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនប្រមាណជាង ១០០ នាក់ បានប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ ថ្ងៃ ជូនសពលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏លេចធ្លោនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅវត្តពុទ្ធិការាម ក្នុងទីក្រុង Silver Spring រដ្ឋ Maryland ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោក កែម ឡី និងទាមទារយុត្តិធម៌ជូនក្រុមគ្រួសាររបស់លោក។
ទោះជាជនសង្ស័យឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួននៅថ្ងៃកើតហេតុយ៉ាងណាក្ដី ក៏ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនគិតថា គ្មានឡើយពន្លឺយុត្តិធម៌សម្រាប់គ្រួសារសពលោក កែម ឡី និងតម្រុយពីអ្នកនៅពីក្រោយឃាតកម្មនេះ។
លោក ទូច វិបុល ស្ថាបនិក និងប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបាននិយាយថា ពលរដ្ឋខ្មែរយើងទាំងអស់គ្នា កំពុងតែផ្ដោតអារម្មណ៍ទៅលើគោលជំហររបស់រដ្ឋាភិបាលក្នុងការស្វែងរកយុត្តិធម៌ជូនគ្រួសារសពលោក កែម ឡី ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់ឃើញពន្លឺយុត្តិធម៌នៅឡើយទេ។
លោក វិបុល ក៏បានបញ្ជាក់ថា ការបញ្ចេញខ្សែអាត់វីដេអូថតពីក្នុងហាងដែលឃាតកម្មកើតឡើងគឺជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការតាមរកអ្នកដែលនៅពីក្រោយរឿងនេះ។
«វាសំខាន់ហើយបើសិនជារដ្ឋាភិបាលអាចបង្ហាញនូវខ្សែអាត់វីដេអូហ្នឹង ឲ្យសាធារណជនមើល។ ប៉ុន្តែរឿងដែលសំខាន់លើសហ្នឹង គឺមានការពាក់ព័ន្ធជា ច្រើននៅពីក្រោយខ្នង...»។
លោក សូ សុខុម អនុប្រធានក្រុមប្រឹក្សានាយករបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបានប្រាប់ VOAថា លោកមិនរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងផ្ដល់យុត្តិធម៌ជូនករណីលោក កែម ឡី ឡើយ ព្រោះថាមានករណីស្រដៀងគ្នានេះកើតឡើងក្នុងសង្គមខ្មែរ ហើយភាគច្រើនជនរងគ្រោះមិនដែលទទួលបានយុត្តិធម៌ឡើយ។
«យុត្តិធម៌ចំពោះ លោក កែម ឡី មកដល់ពេលនេះ មិនទាន់មានយុត្តិធម៌ទេ។ មិនត្រឹមតែលោក កែម ឡី ទេ គឺថាយើងមើលឃើញស្រុកខ្មែរយើងហ្នឹង គឺអ្នកស្នេហាជាតិជាច្រើនដែលបាត់បង់ជីវិតហ្នឹងមិនទាន់រកយុត្តិធម៌ឃើញទេ ដូចជាលោក ជា វិជ្ជា លោកឈុត វុទ្ធី ហើយនឹងនាង ទូច ស៊ុននិច។ យើងមិនទាន់ដែលឃើញ រដ្ឋាភិបាលវែកមុខឃាតកយកមកកាត់ទោសទេ»។
លោក សុខុម បន្ថែមថា៖
«ហើយចំពោះខ្ញុំផ្ទាល់ ខ្ញុំអត់មានសង្ឃឹមទេ ទៅលើអាជ្ញាធរ ឬតុលាការស្រុកខ្មែរនោះដែរ»។
ដៃម្ខាងកាន់ឈើច្រត់ព្រោះជើងមានរបួស ដៃម្ខាងជូតទឹកភ្នែកដែលស្រក់មិនឈប់ អ្នកស្រី នៅ សំរិទ្ធ អាយុ ៦៨ ឆ្នាំមកពីទីក្រុង Winchester រដ្ឋ Virginia សម្តែងអារម្មណ៍ស្ដាយស្រណោះ សោកសង្រេងចំពោះការបាត់បង់ លោក កែម ឡី ថា៖
«ខ្ញុំនិយាយលែងរួច ព្រោះខ្ញុំគ្រាន់តែដឹងភ្លាមខ្ញុំយំរហូតដល់សព្វថ្ងៃ។ ព្រោះខ្ញុំស្រណោះគាត់ ព្រោះគាត់ហ៊ានបញ្ចេញអ្វីៗទាំងអស់...»។
ចំណែកអ្នកស្រី និត បញ្ញា អាយុ៤៥ឆ្នាំ មកពីទីក្រុង Leesburg រដ្ឋVirginia ចំណាយពេលបើករថយន្តជាងពីរម៉ោង មកចូលរួមបុណ្យខួបគម្រប់ ១០០ ថ្ងៃសព្វលោក កែម ឡី ព្រោះតែអ្នកស្រី អាណិតនឹងស្រណោះ គ្រួសារលោក កែម ឡី ជាពិសេសភរិយា និងកូនៗ។ អ្នកស្រីបន្តថាអ្នកស្រីក៏មានប្រវត្តិកំព្រាឪពុកនិងរស់នៅជាមួយម្ដាយមេម៉ាយកូនប្រាំ ដូចអ្នកស្រី ប៊ូ រចនា ប្រពន្ធលោក កែម ឡី ដែរ។
«ម៉ាក់ខ្ញុំមានកូនច្រើន ម៉ាក់ខ្ញុំគាត់ទទួលខុសត្រូវមើលកូន ហើយឃើញគាត់ដូចស្ថានភាពប៉ាខ្ញុំ។ តែប៉ាខ្ញុំស្លាប់នៅក្នុងសម័យប៉ុលពត។ ហើយដល់ពេលឃើញគាត់ [លោក កែម ឡី] អញ្ចឹងស្ដាយគាត់»។
អ្នកស្រី សំរិទ្ធ បានបន្ថែមថា អ្វីដែលអ្នកស្រីចងចាំបំផុតពីលោក កែម ឡី ក្រៅពី ពាក្យ«ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត» គឺពាក្យសម្ដីដែលថា ទោះជា លោកដឹងថា ថ្ងៃណាមួយលោកនឹងស្លាប់ដោយសារ ការវិភាគបញ្ហាសង្គម និងនយោបាយ ក៏លោកនៅតែបន្តវិភាគ។
«គាត់ខំទៅ គាត់ដឹងថាខ្លួនគាត់នឹងស្លាប់។ សម្តីហ្នឹង គាត់ថាគាត់ដឹងខ្លួនស្លាប់ហើយ នៅតែហ៊ាននិយាយ»។
ចំពោះការចងចាំដែលទាក់ទងនឹងលោក កែម ឡី នេះដែរ ត្រូវបាន លោក លី ម៉ុក អ្នកជំនាញខាងប្រព័ន្ធកុំព្យូទ័រម្នាក់ ដែលបានមករស់នៅសហរដ្ឋអាមេរិក អស់រយៈពេល ២៦ ឆ្នាំមកហើយ បានបញ្ជាក់ថា៖
«ចងចាំ គឺគាត់បង្រៀនឲ្យខ្មែរយើងជំនាន់ក្រោយ ឬក៏ខ្មែរមិនថាចាស់ ឬក្មេង សព្វថ្ងៃឲ្យរៀនដឹងពីអ្វីដែលជាសេរីភាពរបស់ខ្លួន ឲ្យយើងចងចាំអំពីអយុត្តិធម៌ក្នុងសង្គម និងយុត្តិធម៌ក្នុងសង្គម។ សូមឲ្យខ្មែរយើងវែកញែកឲ្យយល់ពីបញ្ហាពីរហ្នឹង»។
គួរបញ្ជាក់ថា អស់រយៈពេលជាង ១០០ ថ្ងៃមកហើយ ដែលជនសង្ស័យ បានបាញ់សម្លាប់ លោក កែម ឡី នៅកណ្ដាលថ្ងៃត្រង់ក្នុងហាងស្តារម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ថិតនៅស្តុបបូកគោ ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ជនសង្ស័យ ជួប សម្លាប់ ដែលគេមិនទាន់ជឿថាជាឃាតកពិតនៅឡើយនោះ បានសារភាពថា មូលហេតុដែលខ្លួនសម្លាប់លោក កែម ឡី ព្រោះតែលោក កែម ឡី មិនបានសងប្រាក់ដែលជំពាក់ខ្លួនចំនួន៣០០០ដុល្លារ។ ភរិយាលោក កែម ឡី បានច្រានចោល ហើយគាត់ចាត់ទុកថា ឃាតកម្មលើស្វាមីអ្នកស្រី គឺជារឿងនយោបាយ។
ឃាតកម្មនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងក្នុងប្រទេស និងពិភពលោក និងបានទាក់ទាញចំនួនអ្នកចូលរួមដង្ហែសព ជាងមួយលាននាក់ ដែលជាចំនួនដ៏ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រដង្ហែសពនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
រូបសំណាកស្ពាន់តំណាងលោកកែម ឡី ត្រូវបានហែចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតលោកនៅខេត្តតាកែវកាលពីថ្ងៃអាទិត្យកន្លងមកក្រោយពេល រដ្ឋាភិបាលមិនអនុញ្ញាត ឲ្យតម្កល់នៅទីលានប្រជាធិបតេយ្យ។
ដើម្បីកុំឲ្យឃាតកម្មលោក កែម ឡី សាបរលាបតាមពេលវេលា ដូចករណី លោក ជា វិជ្ជា ឬ ករណីលោក ឈុត វុទ្ធី ស្ថាបនិក និងប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល បញ្ជាក់ថា លោកក៏ដូចជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដទៃទៀតនឹងបន្តដឹកនាំបាតុកម្មនៅមុខសេតវិមាន និងសភាសហរដ្ឋអាមេរិក ដើម្បីក្រើនរំលឹកឲ្យជាតិ និងអន្តរជាតិ ហើយជាពិសេសរដ្ឋាភិបាលកម្ពុជា កុំឲ្យភ្លេចការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕