ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​និង​អាជ្ញាធរ​បន្ទោស​គ្នា​រឿង​កើត​អំពើ​ហិង្សា​ថ្ងៃ​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក


ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ស្ថាន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ស្ថាន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

នៅ​ក្នុង​ការ​ជួប​ជុំ​ និង​ដង្ហែក្បួន​​ប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ដ្ឋាន​ពិភពលោក​​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពីថ្ងៃ​ច័ន្ទកន្លង​ទៅ​ កង​សន្តិសុខ​ខ័​ណ្ឌ​ដូន​ពេញ​ ត្រូវ​គេ​ដឹង​​ថា​ បាន​ធ្វើ​ការ​វាយ​ដំ​យ៉ាង​កម្រោល​ទៅ​​លើ​មន្ត្រី​មនុស្ស​ម្នាក់​នៃ​អង្គការ​ការពារ​សិទ្ធិ​​លីកាដូ​ និង​សកម្ម​ជន​ដីធ្លី​ម្នាក់​ទៀត​នៃ​សហគមន៍​បឹង​កក់​។​

សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​ ​បាន​ហៅ​ការ​ថ្លែង​របស់​លោក​ប៉ា​ សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ ​ទាក់​ទងទៅនឹងអំពីហិង្សា​ ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ជា​ការបន្ទោសតែ​ទៅ​លើ ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ដែល​មិន​បាន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ក្នុង​ការ​ប្រារព្ធ​ទិវា​លំនៅ​ដ្ឋាន​ពិភពលោក​ ដើម្បី​ស្នើ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ប្រជា​រាស្ត្រ​ខ្មែរ។

​លោក​ប៉ា​ ​សុជាតិវង្ស​ ​អភិបាល​រាជ​ធានី​ភ្នំពេញ​ ​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​ ដក​ស្រង់​សម្តី​ដើម​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ លោក​ ស្រី​ រ៉ូណា​ ស្មីត​ (Rhona Smith) ​ប្រេសិតអង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ នា​រសៀលថ្ងៃ​ ​អង្គារ​កន្លង​ទៅ​ថា​៖​

«​អាជ្ញាធរ​ពុំបានរិតត្បិត​ ចំពោះ​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ឡើយ​ ប៉ុន្តែ​អាជ្ញាធរ​ តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​ទៅ​តាម​ច្បាប់​ ដើម្បី​ធានា​បាន​ការ​សម្តែង​មតិ​ប្រកប​ដោយ​សុខ​សុវត្ថិ​ភាព​ និង​មាន​ដំណើរ​ឲ្យ​ចំ​គោល​ដៅ​។​ អ្វី​ដែល​បង្ក​ឲ្យ​មាន​បាតុភាព​មិន​ល្អ​ ឬ​ការ​ផ្ទុះ​អំពើ​ហិង្សា​កើត​ឡើង​ដោយ​សារ​តែ​ក្រុម​សម្តែង​មតិ​ទាំង​នោះ​ អនុវត្តន៍​ផ្ទុយ​នឹង​ច្បាប់​ ខុស​ពី​កិច្ច​សន្យា​ព្រម​ព្រៀង​ ជាមួយ​នឹង​អាជ្ញាធរ​ ដូច្នេះ​ គឺ​តម្រូវ​ឲ្យ​មាន​ការ​តម្រង់​ទិស​ ដើម្បី​ធានា​បាន​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​»​។​

​ក្រៅ​ពី​សេចក្តី​រាយការណ៍​របស់​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុកនេះ​ ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ​ប៉ា​ សុជាតិ​វង្ស​ បាន​ផ្តល់​ការ​អធិប្បាយបន្ថែម​ទៀត​ ​ដោយចោទ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា បាន​ប្រើ​ប្រាស់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​គៃ​ចំណេញ​នយោបាយ​ និង​បង្កើត​ជារូប​ភាព​អវិជ្ជ​មាន​ផ្សេង​ៗ​ ចំណែកឯអាជ្ញាធរ​ គឺ​តែង​តែ​ធ្វើ​ការ​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​ជូន​ពួ​កគេជានិច្ច​។​

​ការ​ថ្លែង​របស់​លោក​ ប៉ា​ ​សុជាតិវង្ស ​បាន​កើត​ឡើង​ ក្រោយ​ជំនួបលោក ជាមួយ​លោកស្រី​ ស្មីត​ ​ដែល​តាម​ទំព័រហ្វេសប៊ុក​របស់​លោក​ដដែលនោះ​បាន​ពណ៌​នា​ថា​ ​ជំនួប​ជាមួយ​លោក​ស្រី​ ​ផ្តោត​លើ​ការសម្តែងមតិ​ ​បញ្ហា​ជន​អនាថានៅ​តាម​ដង​ផ្លូវ​សាធារណៈ​ និង​បញ្ហា​រស់​នៅ​មិន​រៀប​រយ​អាណាធិប​តេយ្យ​។​

នៅ​ក្នុង​ការ​ជួប​ជុំ​ និង​ដង្ហែក្បួនប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ដ្ឋាន​ពិភពលោក នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពីថ្ងៃ​ច័ន្ទកន្លង​ទៅ​ កង​សន្តិសុខ​ខ័​ណ្ឌ​ដូន​ពេញ​ ត្រូវ​គេ​ដឹងថា​ បាន​ធ្វើ​ការ​វាយ​ដំ​យ៉ាង​កម្រោល​ទៅលើ​មន្ត្រី​មនុស្ស​ម្នាក់​នៃ​អង្គការ​ការពារ​សិទ្ធិលីកាដូ​ និង​សកម្ម​ជន​ដីធ្លី​ម្នាក់​ទៀត​នៃ​សហគមន៍​បឹង​កក់​។​

​លោក​ អំ​ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា​ ការចោទប្រកាន់​របស់​អភិបាល​រាជធានី​ភ្នំពេញ​ គឺផ្ទុយ​ពី​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​ខិតខំ​ធ្វើ​ជាដៃ​គូ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ការ​អភិវឌ្ឍន៍​វិជ្ជមានមួយនៅ​កម្ពុជា​។​ លោក​ថា​ អង្គការ​សង្គម​ស៊ីវិល​ ពុំមាន​ផែន​ការ​ទាញយក​ផល​ចំណេញ​ផ្ទាល់​ខ្លួន​ ឬផល​ចំណេញ​នយោបាយ​ពី​ការ​ជួប​ជុំ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​នោះ​ឡើយ​។​ ​

«អ្វី​ដែល​សំខាន់​អង្គការ​សង្គម​ និង​រដ្ឋាភិបាល​ គឺមិនមែន​ជា​អ្នក​ប្រឆាំង​នឹង​គ្នា ឬក៏​ជាសត្រូវ​ទេ​ គឺ​ជា​ដៃ​គូ​ក្នុងការ​អភិវឌ្ឍ ហើយ​ក៏គ្មាន​ចេតនា​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយនៃគណបក្ស​នយោ​បាយ​ណាមួយ​ទេ​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ចង់​ជួយ​កសាងប្រទេស​យើង​ ឲ្យ​ប្រកប​ដោយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​នីតិ​រដ្ឋ​ពិត​ប្រាកដ​ និង​ធានានូវការ​គោរព​សិទ្ធិ​មនុស្ស​ព្រោះ​ប្រទេស​យើង​ជា​ សមាជិក​អង្គការ​សហប្រជាជាតិ​»​។​

លោក​អំ​ សំអាត​ គឺជាអ្នក​ដែល​រង​ការ​វាយ​ដំ​ពីកងសន្តិសុខ​មាន​គ្នា​ប្រមាណ​ ៥​ ទៅ​៦នាក់​។​ លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ភ្លាម​ៗ​ ដើម្បី​នាំ​យក​ជនដៃ​ដល់​ទាំងនោះ​ មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​។​ ​លោក​យល់ថា​ អភិបាល​រាជធានី​ភ្នំពេញ​ មិន​បាន​បញ្ជា​ឲ្យ​ជន​ទាំង​នោះ​បង្ក​ហិង្សា​នោះ​ទេ​ តែ​អ្វីដែល​បាន​កើត​ឡើង​ គឺ​កើត​ចេញ​ពី​អាកប្បកិរិយាហិង្សា​នៃ​ជន​ទាំងអស់​នោះ​តែ​ម្តង​។​

លោក​ ​ចាន់​ ពុទ្ធិ​ស័ក្ត​ សកម្ម​ជន​ការ​ពារសិទ្ធិ​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ដែល​ទទូល​រង​ការ​វាយ​ដំនោះ​ បាន​ច្រាន​ចោល​ ការ​ចោទប្រកាន់​ថា​ ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​ កំពុង​យក​ពលរដ្ឋមក​ធ្វើ​ជា​ខែល​ ដើម្បី​ធ្វើ​សកម្ម​ភាព​ទាញ​យក​ផល​ចំណេញ​ផ្ទាល់​ខ្លួន​ ឬបម្រើ​ប្រយោជន៍នយោបាយ។​ លោក​ថា​ ការ​ប្រារព្ធ​ទិវាលំនៅ​ដ្ឋាន​ពិភពលោក​កាល​ពីថ្ងៃ​ចន្ទ​មាន​ បំណង​តែ​ម្យ៉ាង​គឺ​បង្ហា​ញ​ពី​ការការពារសិទ្ធិ​កាន់​កាប់​ដីធ្លី​ និង​គ្មាន​ចេតនា​បង្ក​ឲ្យ​មាន​អំពើហិង្សា​នោះទេ​។​

«តាម​ពិត​មិនមែន​ទៅ​ អា​នេះ​ដោយសារ​ថាយើង​ ជាប្រជាពលរដ្ឋ​សហគមន៍​បាន​រងគ្រោះ​ផ្ទាល់​ហ្នឹង​ ហើយ​យើង​មិន​ពាក់​ព័ន្ធ​នឹង​រឿងនយោបាយ​ទេ។​ ប៉ុន្តែ​យើង​ធ្វើ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក​ ដើម្បី​ឲ្យ​អាជ្ញាធរ​ ដូច​ជា​យើង​មាន​កំណត់​គោលដៅ​ គឺ​អាជ្ញាធរ​ ក្រុង​ហ្នឹង​ ហើយ​នឹងក៏ដូច​ជា​ ក្រសួង​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់​ដើម្បីយក​ចិត្ត​ទុកដាក់​ទៅលើ​ការ​អភិវឌ្ឍន៍ ជូន​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​គឺ​ការ​អភិវឌ្ឍ​ន៍ហ្នឹង​កុំ​ឲ្យមានការ​បណ្តេញ​ចេញ​ កុំ​ឲ្យមានការ​រំលោភ​សិទ្ធិ​មនុស្ស​ គឺ​ឲ្យ​មាន​តម្លាភាព​ សន្តិភាព​ និង​យុត្តិធម៌​»​។​

លោក​ចាន់​ ​ពុទ្ធិ​ស័ក្ត​ ​លើក​ឡើង​ស្រដៀងគ្នា ​និង​លោក​អំ សំអាត​ថា​ អំពើ​ហិង្សា​ដែល​ផ្ទុះឡើង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ ​មិន​បាន​ចេញពី​បញ្ជារបស់មេដឹកនាំ​នៃ​សាលា​រាជធានី​ណា​មួយ​នោះទេ តែ​វា​ជាការ​បង្ក​ឡើង​ដោយ​កំហឹង​របស់​បុគ្គល​ដែល​ជា​កង​សន្តិ​សុខ​ទាំងអស់នោះ​។​

ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សកម្មជន​សិទ្ធិ​ដីធ្លី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​។ ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ជាង​៦០​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​បញ្ជាក់​ពីក្តីសោក​ស្តាយ​ និង​ថ្កោល​ទោស​ ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដែលបាន​កើត​ឡើងនោះ​។

​លោក​ស្រី​ ស្មីត​ មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ ចំពោះ​អំពោះ​ហិង្សានេះនៅឡើយ​នោះ​ទេ ខណៈដែល​លោក​ស្រី​ កំពុង​បន្ត​បេសកកម្ម​តាម​ដាន​ស្ថានភាព​មនុស្ស​នៅ​កម្ពុជា​៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG