អង្គការ​តម្លាភាព​រក​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​ពុក​រលួយ​ជាង​គេ​បំផុត​នៅ​អាស៊ាន

របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៣​បង្ហាញ​ថា ​ក្នុង​ចំណោម​១៧៧​ប្រទេស​ដែល​ស្ថិត​ក្នុង​ការ​សិក្សា ​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៦០​ ដោយ​ធ្លាក់​ពី​លេខ​រៀង​ទី​១៥៧​កាល​ពី​ឆ្នាំ​២០១២។ កម្ពុជា​ទទួល​បាន​​ត្រឹម​តែ​២០​ពិន្ទុ​ប៉ុណ្ណោះ​លើ​១០០​ពិន្ទុ ​ដែល​ធ្លាក់​ពី​២២​ពិន្ទុ​កាល​ពី​ឆ្នាំ​មុន។

កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០១៣។ នេះ​បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International)។

របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៣​បង្ហាញ​ថា ​ក្នុង​ចំណោម​១៧៧​ប្រទេស​ដែល​ស្ថិត​ក្នុង​ការ​សិក្សា ​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៦០​ ដោយ​ធ្លាក់​ពី​លេខ​រៀង​ទី​១៥៧​កាល​ពី​ឆ្នាំ​២០១២។ កម្ពុជា​ទទួល​បានត្រឹម​តែ​២០​ពិន្ទុ​ប៉ុណ្ណោះ​លើ​១០០​ពិន្ទុ ​ដែល​ធ្លាក់​ពី​២២​ពិន្ទុ​កាល​ពី​ឆ្នាំ​មុន។



ដោយ​ឡែក​ប្រទេស​ឡាវ​និង​ប្រទេស​ភូមា​ដែល​ធ្លាប់​តែ​មាន​ចំណាត់​ទាប​ជាង​កម្ពុជា ​បាន​កើន​៥​និង​៦​ពិន្ទុ​រៀង​ខ្លួន ​ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ស្ថិត​ក្នុង​លេខ​រៀង​ល្អ​ជាង​កម្ពុជា​ជា​លើក​ដំបូង ​គឺ​ក្នុង​លេខ​រៀង​ទី​១៤០​និង​១៥៧។

លទ្ធផល​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​អាក្រក់​ជាងគេ​បង្អស់​ក្នុង​ចំណោម​១០​ប្រទេស​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN)។

ដោយ​ឡែក​ប្រទេស​សិង្ហបុរី​នៅ​តែ​នាំ​មុខ​គេ​ក្នុង​តំបន់​ដោយ​មាន​លេខ​រៀង​ទី​៥ ​តាម​ពី​ក្រោយ​ដោយ​ព្រុយណេ​ក្នុង​លេខ​រៀង​ទី​៣៨ ​និង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​លេខ​រៀង​ទី​៥៣។ ចំណែក​ឯ​ប្រទេស​ដាណឺម៉ាក ​ណូវែលហ្សេឡង់ ​និង​ប្រទេស​ហ្វាំងឡង់​នៅ​តែ​រក្សា​បាន​ចំណាត់​ថ្នាក់​នៃ​ប្រទេស​ដែល​ស្អាត​ស្អំ​បំផុត​ក្នុង​ពិភពលោក។

លោក ឱក សេរីសុភ័ក្រ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ថ្លែង​ថា​ចំណាត់ថ្នាក់​ទាប​ជាង​គេ​ក្នុង​តំបន់​របស់​កម្ពុជា​នេះ ​ជា​កញ្ចក់​ដែល​កម្ពុជា​គួរ​កែ​លម្អ។

«ពី​ឆ្នាំ​ទៅ​យើង​មាន​លេខ​៨ ឆ្នាំ​នេះ​យើង​ឡើង​ដល់​លេខ​១០។ គឺ​យើង​អន់​ជាង​ឡាវ​និង​ភូមា​ទៅ​ទៀត។ ដូច្នេះ​យើង​កុំ​គិត​ថា​CPI​ហ្នឹង​ទិតៀន​យើង ​ត្រូវ​គិត​ថា​នេះ​ជា​កញ្ចក់​ដើម្បី​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា​ស្ថានការណ៍​ដល់​ហើយ ​ត្រូវ​តែ​កែ​ប្រែ»។

លោក ព្រាប កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​ជួយ​គូស​បញ្ជាក់​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​គប្បី​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​នេះ។

«រដ្ឋាភិបាល​គួរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរឹង ​គឺ​គ្មាន​ការ​លើក​លែង​ទេ ​ដោយ​មាន​វិធានការ​ទប់​ស្កាត់។ ការ​ពិនិត្យ​តាម​ដាន​ការ​ធ្វើ​សវនកម្ម​ និង​ធ្វើ​យន្តការ​ដើម្បី​ឱ្យ​មាន​គណនេយ្យ​ភាព។ ទី​បី​អប់រំ​សុច្ចរិតភាព​ទៅ​សង្គម​ឱ្យ​តម្លៃ​លើ​ភាព​ស្អាត​ស្អំ​ រិះគន់​និង​ដាក់​សម្ពាធ​លើ​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ បើ​ត្រឹម​តែ​ឆន្ទៈ​នយោបាយ ​ការ​គំរាម ​ដោយ​គ្មាន​សកម្មភាព​ជាក់លាក់​ណាមួយ​ យើង​មិន​រំពឹង​ថា​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ទេ»។

លោក​ព្រាប កុល ​បន្ថែម​ថា​ការ​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​របស់​កម្ពុជា​ប្រហែល​ជា​បណ្តាល​មក​ពី​ស្ថានការណ៍​នយោបាយ​ច្របូកច្របល់​នៅ​កម្ពុជា​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​បារម្ភ​និង​បាត់បង់​ទំនុក​ចិត្ត។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​(CPI) ​បាន​ដាក់​ពិន្ទុ​និង​ចំណាត់​ថ្នាក់​ប្រទេស​ទៅ​តាម​កម្រិត​នៃ​ការ​យល់​ឃើញ​របស់​អ្នក​វិនិយោគ​និង​ពាណិជ្ជករ​ឯកជន​អំពី​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​របស់​រដ្ឋ។ របាយការណ៍​នេះ​ជា​ការ​សិក្សា​រួម​គ្នា​របស់​អង្គការ​អន្តរជាតិ​ចំនួន​៧ ​ដូចជា​ធនាគារ​ពិភពលោក ​និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជា​ដើម។

លោក ឈាង វ៉ុន ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​របាយការណ៍​នេះ​ទេ ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។

ប៉ុន្តែ​លោក ឱម យិនទៀង ​និង​លោក​ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

បើ​តាម​ស្ថាប័ន​យូអេស​អេ​អាយ​ឌី ​(USAID)​ របស់​សហ​រដ្ឋ​អាមេរិក ​កម្ពុជា​បាន​បាត់​បង់​ថវិកា​យ៉ាង​តិច​៥០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ទៅ​លើ​អំពើ​ពុក​រលួយ។​

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ បាន​បរិហារ​ថា ​ការ​បាត់បង់​ចំណូល​ជាតិ​ដោយ​សារ​អំពើ​ពុករលួយ​មាន​ច្រើន​ជាង​នេះ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា ​លោកស្រី ​Christine Lagarde ​នាយិកា​គ្រប់គ្រង​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ទៅ​កាន់​និស្សិត​នៅ​ក្នុង​សាលា​ភូមិន្ទ​រដ្ឋ​បាល ដោយ​ស្នើ​ឱ្យ​កម្ពុជា​ពង្រឹង​អភិបាលកិច្ច​ល្អ​និង​តម្លាភាព​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​ទុន។

លោកស្រី​មិន​បាន​បរិយាយ​ចំ​ៗ​អំពី​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ទេ ​ប៉ុន្តែ​លោកស្រី​ថ្លែង​ដោយ​ប្រយោល​ថា៖ «កម្ពុជា​ត្រូវការ​ស្ថាប័ន​និង​អភិបាល​កិច្ច​ល្អ​ជាង​នេះ។ កម្ពុជា​ត្រូវ​ការ​បរិយាកាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ល្អ​ប្រសើរ​ជាង​នេះ ​ដោយ​ផ្អែក​លើ​ភាព​អព្យាក្រឹត្យ​និង​ភាព​អាច​ទស្សន៍ទាយ​បាន»។

លោក ព្រាប កុល ​ព្រមាន​ថា​ប្រសិន​បើ​មិន​មាន​ចំណាត់​ការ​លើ​បញ្ហា​ពុករលួយឱ្យ​បាន​សមស្រប​និង​ទាន់​ពេល​វេលា​ទេ ​លំហូរ​វិនិយោគ​និង​ការ​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ៕