រដ្ឋសភា​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​អ្នក​នយោបាយ

អ្នកសារព័ត៌មាន ថតរូបរបស់លោក ស ខេង ដែលកំពុងថ្លែងការពារ«វិសោធនកម្មច្បាប់បោះឆ្នោត» ពីក្នុងកញ្ចក់អេក្រងទូរទស្សន៍ ក្នុងរដ្ឋសភា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។(លាស់ លីបលីប/ វីអូអេ)

រដ្ឋសភា​ដែល​គ្រប់​គ្រង​ទាំង​មូល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ទាំង​ស្រុង កាល​ពី​ថ្ងៃ​សុក្រ ដែល​ច្បាប់​នេះ​នឹង​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​អ្នក​នយោ​បាយ និង​ធានា​ថា​ មន្រ្តី​គណបក្ស​ជំទាស់​នឹង​ទៅ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ បើ​ទោះ​មិន​មាន​វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន។

បើ​តាម​វិសោធនកម្ម​ច្បាប់​នេះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត កំណត់​ថា​ លុះ​ត្រា​តែ​បេក្ខជន​បាន​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដោយ​បាន​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សកល​ចំនួន​ពីរ​លើក​ចុង​ក្រោយ​ជាប់​គ្នា​ ទើប​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​បាន លើក​លែង​តែ​ករណី​ដែល​ការ​មិន​អាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នេះ​មាន​មូល​ហេតុ​សម​ស្រប។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ក៏​ត្រូវបាន​កំណត់​ដូច​គ្នា​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ដែល​តម្រូវ​ឱ្យ​បេក្ខជន​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជា​សកល​ពីរ​ដង​ជាប់​គ្នា ទើប​អាច​ឈរ​ឈ្មោះ​បាន។

ក្នុង​កិច្ច​ប្រជុំ​សភា អ្នកស្រី ក្រូច សំអាន តំណាង​រាស្រ្ត​មួយ​រូប បាន​ថ្លែង​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ដែល​នឹង​ធ្វើ​ឡើង​នា​ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ដែល​ជា​ការ​បោះ​ឆ្នោត​អសកល ដែល​អង្គ​បោះឆ្នោត​មិន​មែន​ប្រជា​ពលរដ្ឋ​ទូទៅ ការ​តម្រូវ​ឱ្យ​បោះ​ឆ្នោត​ចំនួន​ពីរ​លើក មិន​អាច​អនុវត្ត​បាន​ឡើយ។ អ្នកស្រី​បន្ថែម​ថា​ ដើម្បី​ធានា​សង្គតភាព និង​អនុភាព​នៃ​ការ​អនុវត្ត​ច្បាប់​នេះ ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន នឹង​មាន​ការរៀបចំ​មាត្រា​អន្តរបញ្ញត្តិ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​ ៥ ដែល​ចែង​លក្ខខណ្ឌ​កំណត់​យក​តែ​ការ​បោះ​ឆ្នោត​មួយ​ដង​ប៉ុណ្ណោះ នោះ​បេក្ខជន​អាច​ឈរ​ឈ្មោះ​បាន​ហើយ។

អ្នកស្រី​បញ្ជាក់​ថា៖ «មាន​ន័យ​ថា​ នឹង​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​ឆ្នាំ​ ២០២៤ ​លុះត្រា​តែ​បាន​ទៅ​បោះ​ឆ្នោត ជា​សកល​នៅ​ឆ្នាំ​ ២០២៣​ នេះ​»។

លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​វិញ បេក្ខជន​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​បាន លុះត្រា​តែ​បេក្ខជន​បាន​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោតដោយ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​សកល​លើក​ចុង​ក្រោយ លើក​លែង​តែ​ករណី​ដែល​ការ​មិន​អាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នេះ​ មាន​មូល​ហេតុ​សមស្រប។

លោក ស ខេង ជា​តំណាងរាស្រ្ត​មួយ​រូប និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា ​វិសោធនកម្ម​នេះ​កំហិត​តែ​លក្ខខណ្ឌ​សម្រាប់​អ្នក​ដែល​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ប៉ុណ្ណោះ។ ដូច្នេះ​លោក​ថា​ វា​មិន​ប៉ះ​ពាល់​ដល់​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ឡើយ។ លោក​បន្ថែម​ថា ​ការ​ទៅ​បោះ​ឆ្នោត​ឬ​មិន​ទៅ​បោះ​ឆ្នោត​ នៅ​តែ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ មិន​មែន​ជា​កាតព្វកិច្ច​ដែល​មាន​ចរិត​ជា​ការ​ចាប់​បង្ខំ​ឡើយ។

លោក​ថ្លែង​ការពារ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត នៅ​ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ជារួម​ វិសោធន​កម្មច្បាប់​បោះ​ឆ្នោត​ពេល​នេះ ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការ​ពារ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ពី​ផែនការ ​ឬ​ឧបាកល​នយោបាយ​នានា​លើ​ការ​ប៉ុន​ប៉ង​បំផ្លាញ​ការ​បោះ​ឆ្នោត។ ហើយ​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ ក៏​នឹង​រួម​ចំណែក លើក​ស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​មាន​ចរិត​ក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ ក៏​ដូច​ជា​រួម​ចំណែក​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹកនាំ​នយោបាយ ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ក្នុង​ការ​គោរព​ករណី​កិច្ច​របស់​ខ្លួន ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ ក្នុង​សង្គម​ប្រជាធិបតេយ្យ»។

អ្នកសារព័ត៌មាន មកស្តាប់ការអនុម័តសេចក្តីព្រាងច្បាប់«វិសោធនកម្មច្បាប់បោះឆ្នោត» ក្នុងរដ្ឋសភា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។(លាស់ លីបលីប/ វីអូអេ)

វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​កំណត់​ផ្តន្ទាទោស​លើ​ជន​ទាំង​ឡាយ​ណា​ ដែល​បង្ក​ការ​រារាំង​ ឬ​ញុះ​ញង់​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ឬ​ណែនាំ​ពលរដ្ឋ​ឱ្យគូស​សន្លឹក​ឆ្នោត​ចោល។ ជន​ឬ​គណបក្ស​នយោបាយ​អាច​ប្រឈម​ការ​ផាក​ពិន័យជា​ប្រាក់​ចាប់​ពី​ ៥ លាន​ទៅ​ដល់​ ៣០ លាន​រៀល ដែល​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ និង​ឈាន​ទៅ​ដក​ហូត​សិទ្ធិ​នយោបាយ​ជាដើម។​

វិសោធន​ច្បាប់​បោះ​ឆ្នោត​ដែល​លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​អនុម័តមុន​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​ ២៣ ខែកក្កដា ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាការ​ WIFI ​របស់​ក្រុម​ប្រឆាំង ដែល​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ក្រុម​នេះ​មិន​ចង់​ទៅ​បោះឆ្នោត ឬ​ទៅ​បោះ​ឆ្នោត​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល។

កាល​ពី​ថ្ងៃ​ទី​ ១៩ ​ខែ​មិថុនា ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​សកម្មភាព ​និង​លទ្ធផល​ការងារ​ក្រុម​ការងារ​រដ្ឋាភិបាល​នីតិ​កាល​ទី​ ៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លើក​ឡើង​ថា មាន​តែ​ប្រើ​ «វិធាន​ការ​ច្បាប់» ប៉ុណ្ណោះ ​ទើប​អាច​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ដែល​គ្រោង​ធ្វើ​យុទ្ធនាការ ​WIFI ​«មិន​ចង់​ទៅ​បោះ​ឆ្នោត ​ឬ​ទៅ​បោះ​ឆ្នោត​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល»។

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ដល់​អ្នក​ឯង​ធ្វើហួ​ស​ គឺ​យើង​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​វិធានការ​ច្បាប់​ទេ។ ​ហើយ​បើ​ច្បាប់​ចេញ​ហើយ អ្នក​ឯង​ប្រថុយ​ជាមួយ​ច្បាប់​ វា​មាន​តែ​គុក​ព្រៃស​ ត្រពាំង​ផ្លុង​ ព្រះ​វិហារ។ ​អាគុក​ហ្នឹង​គេ​ធ្វើ​ សម្រាប់​ដាក់​មនុស្ស​ខូច​តាស»។

លោក ហ៊ុន សែន បន្ថែម​ថា​ នេះ​ជា​ការ​សម្លាប់​សិទ្ធិ​នយោបាយ​របស់​បុគ្គល​ណា​ដែល​មិន​ទៅ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

អ្នក​ស្រី ចក់ ​សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា​ ខ្លឹមសារនៃ​ច្បាប់​បោះ​ឆ្នោត​ គួរ​តែ​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ទាំង​អ្នក​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​អ្នក​ចូល​រួម​បោះ​ឆ្នោត ​ដោយ​មិន​គួរ​មាន​ការ​កំហិត​ទេ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​ស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ការ​លើក​ឡើង​ក្នុង​ការ​ពន្យល់​[វិសោធនកម្ម​ច្បាប់]ហ្នឹង​ គឺ​ក្នុង​គោល​ដៅ ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ ប៉ុន្តែ​បើ​យើង​មើល​ខ្លឹមសារ​នៃ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ទៅ​វិញ វា​អត់​បាន​គាំទ្រ​ ទៅ​លើ​ការ​លើក​ស្ទួយ​គុណ​តម្លៃ​នេះ​ទេ ព្រោះ​វា​បាន​ដាក់​កំហិត​ទៅ​លើ​បេក្ខជន ដែល​នឹង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ។​ ហើយ​យើង​ដឹង​ហើយ​ការ​បោះ​ឆ្នោត​ ឬ​មិន​ទៅ​បោះ​ឆ្នោត អាហ្នឹង​ជា​រឿង​សិទ្ធិ ​ហើយ​ខ្ញុំ​គិត​ថា ​តំណាង​រាស្ត្រ​មួយ​ចំនួន​ក៏​បាន​ទទួល​ស្គាល់​នូវ​លក្ខខណ្ឌ​ហ្នឹង​ដែរ។ ប៉ុន្តែ​ទោះ​បី​ទទួល​ស្គាល់​យ៉ាង​ណាក៏​ដោយ យើង​នៅ​តែ​នាំគ្នា​អនុ​ម័ត ទៅ​លើ​លក្ខខណ្ឌ​ ដែល​បាន​ផ្ទុយ​អំពី​គោល​ការណ៍​សិទ្ធិ​នេះ​ទៅ​វិញ»។

អ្នក​ស្រី​បន្ថែម​ថា៖ «បើ​សិន​ជា​យើង​លើក​ឡើង​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ គឺ​ដើម្បី​លើក​ស្ទួយ​នូវ​គុណ​តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ ខ្លឹម​សារ​ទាំង​ឡាយ​វា​គួរតែ​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ទាំង​អ្នក​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​អ្នក​ចូល​រួម​បោះ​ឆ្នោត។ ប៉ុន្តែ​បើ​សិន​ជា​មាន​លក្ខណៈ​កំហិត​ណាមួយ​នោះ​ អ៊ីចឹង​វា​នឹង​មិនបម្រើ​នូវ​ផល​ប្រយោជន៍​នៃ​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នោះទេ»។

បើ​តាម​អ្នក​ស្រី ចក់ ​សុភាព នេះ​មិន​មែន​ជា​លើក​ទី ១ ទេ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់ ព្រោះ​កាល​ពី​ឆ្នាំ​ ២០១៣ ​រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ផង​ដែរ ​ដែល​ពេល​នោះ​ឈាន​ទៅ​រំលាយ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​បន្ថែម​ថា​ ការ​ធ្វើវិសោធន​កម្ម​ច្បាប់​អ្វីមួយ​គួរតែ​អនុលោម​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស ដើម្បី​ធានា​ដល់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាពិសេស​ត្រូវ​សិក្សា ​ត្រួត​ពិនិត្យ ​វិភាគ និង​ប្រមូល​ធាតុ​ចូល​ឱ្យ​បាន​គ្រប់​គ្រាន់ ​ទើប​អាច​ឱ្យ​គ្រប់​ភាគី​ទទួល​យក​បាន និង​ដើម្បីអា​ចឆ្លើយ​តប​ទៅ​តាម​គោលការណ៍​នីតិរដ្ឋ។

ក្រៅ​ពី​នេះ អ្នកស្រី​កត់​សម្គាល់​ថា ​ខ្លឹមសារ​មួយ​ចំនួន​ក្នុងវិ​សោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ មាន​ភាព​ទូលាយ​ច្រើ​ន ដែល​ងាយ​ប៉ះពាល់ ​ឬ​ធ្វើ​ឱ្យ​បាត់​បង់​សិទ្ធិ​ឈរ​ឈ្មោះ​របស់​បេក្ខជន​មួយ​ចំនួន។

វិសោធនកម្ម​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិនិត្យ​បន្ត មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជាប្រញាប់​ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ នា​ថ្ងៃ​ទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​ ខាង​មុខ៕