ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​កំហិតសិទ្ធិ​​សេរីភាព​ក្រុម​ជំទាស់​ដែល​អវត្ត​មាន​ក្នុង​ការ​បោះ​ឆ្នោត​


រូបភាពឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក Hun Sen ទះដៃអំឡុង​ពិធីគម្រប់ខួប​ទី៧១​របស់គណបក្ស​ប្រជាជន​នៅ​ទីស្នាក់ការកណ្តាល​ក្នុង​រាជធានីភ្នំពេញ​កាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២២។
រូបភាពឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក Hun Sen ទះដៃអំឡុង​ពិធីគម្រប់ខួប​ទី៧១​របស់គណបក្ស​ប្រជាជន​នៅ​ទីស្នាក់ការកណ្តាល​ក្នុង​រាជធានីភ្នំពេញ​កាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២២។

វិសោធ​ន​កម្ម​ច្បាប់​បោះ​ឆ្នោត ដែល​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​កំណត់​ផ្តន្ទាទោស​លើ​ជន​ទាំង​ឡាយ​ណា​ដែល​បង្ក​ការរារាំង​ ឬ​ញុះ​ញង់​មិន​ឱ្យ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត ឬ​ណែនាំ​ពលរដ្ឋ​ឱ្យគូស​សន្លឹក​ឆ្នោត​ចោល​។ ជន​ឬ​គណបក្ស​នយោ​បាយ​អាច​ប្រឈម​ការ​ផាក​ពិន័យជា​ប្រាក់​ចាប់​ពី​៥លាន​ទៅ​ដល់​៣០លាន​រៀល ដែល​មិន​ទាន់​គិត​ពី​ទោសព្រហ្ម​ទណ្ឌ​ និង​ឈាន​ទៅ​ដក​ហូត​សិទ្ធិ​នយោ​បាយ​ជាដើម​។ នេះ​បើ​តាម​សេច​ក្ដី​ព្រាង​ច្បាប់​ស្តីពី​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ ចុះថ្ងៃ​ទី១៤ ខែមិថុនា ដែល​វីអូអេ​ទទួល​បាន។

វិសោ​ធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ក៏​បាន​កំណត់​ជាក់​លាក់​ក្នុង​ការ​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត បើ​សិន​បុគ្គល​ណា​ម្នាក់​មិន​បាន​ទៅ​បោះ​ឆ្នោត ដែល​លោក ហ៊ុន សែន មាន​គោល​ដៅ​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​គណបក្ស​ជំទាស់។​

​លោក ហ៊ុន សែន បញ្ជាក់​កម្ម​វត្ថុ​ទៅ​កាន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ថា​សំណើ​សុំ​ពិនិត្យ និង​អនុ​ម័ត​សេចក្តីព្រាង​ច្បាប់ស្តី​ពី​វិសោធន​កម្ម​បោះ​ឆ្នោត​ ដោយចាត់​ទុក​ជា​ការ​ប្រញាប់ គឺ​អនុម័តឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជាតិ​មក​ដល់។ នេះ​បើ​តាម​លិខិត​របស់​លោក ហ៊ុន សែន ដែល​ដាក់​ទៅ​រដ្ឋសភា ភ្ជាប់​ជាមួយ​វិសោធន​កម្ម​ច្បាប់​នេះ។

លោក​នាយក​រដ្ឋមន្រ្តីបញ្ជាក់​ថា​ការស្នើ​កែ​ទម្រង់​«សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត»នេះ ​គឺ​ដើម្បី​ពង្រឹង​ និង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​នយោ​បាយ​នៅ​កម្ពុជា ដែល​ផ្អែក​លើ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​ និង​យោង​តាម​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ និង​តាម​ច្បាប់ជា​ធរ​មាន​នានា​។

រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)
រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)

សេចក្ដី​ព្រៀង​ច្បាប់​នៃ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​បាន​កំណ​ត់​ថា​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ និងមាន​បំណង​ឈរ​ឈ្មោះ ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ត្រូវបោះ​ឆ្នោត​សកល​បាន​ចំនួន​២​លើក​ចុង​ក្រោយ​ជាប់​គ្នា។ នេះ​មាន​ន័យ​ថា​មន្រ្តី​គណបក្ស​ជំទាស់​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នា​ខែកក្កដា​ខាង​មុខ និង​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​២០​២៧ ទើប​អាច​ឈរ​ឈ្មោះ​ជា​តំណាងរាស្រ្ត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ឆ្នាំ​២០២៨។

ដោយ​ឡែក​ចំពោះប្រជា​ពល​រដ្ឋ​ខ្មែរ​ដែលមាន​បំណង​ឈរ​ឈ្មោះ ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ត្រូវបោះ​ឆ្នោត​សកល​បាន​ចំនួន​១លើក​ចុង​ក្រោយ ដែល​រៀបចំ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត លើក​លែង​តែ​ករណី​ដែល​មាន​ការ​មិន​អាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នេះ ​មាន​មូល​ហេតុ​សម​ស្រប ​ហើយ​ត្រូវ​បំពេញ​លក្ខ​ខណ្ឌ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ជា​ស្ថាប័ន​ ដែលអាច​កំណត់​បែប​បទ លក្ខ​ខណ្ឌ​ និង​នីតិ​វិធី​ ព្រម​ទាំង​មូល​ហេតុ​សម​ស្រប​នៃ​ការ​មិន​អាច​អនុ​វត្ត​សិទ្ធិ​បោះឆ្នោត។ នេះ​មាន​ន័យ​ថា​មន្រ្តី​គណ​បក្ស​ជំទាស់​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ ទើប​អាច​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន នា​ឆ្នាំ​២០២៧។

ក្រៅពី​នេះ ​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះ បាន​កំណត់ដាក់​ទោស​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​សកម្ម​ភាព​រារាំង​ ឬ​ញុះ​ញង់​ប្រជា​ពលរដ្ឋមិន​ឱ្យ​ទៅ​បោះ​ឆ្នោត ​ឬ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​បង្ក​ការ​អុក​ឡុក​ពាក់​ព័ន្ធ​ដំណើរ​ការ​បោះ​ឆ្នោតផ្សេងៗ​ទៀត​ ដែលនឹងត្រូវ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ពី​៥​លាន​រៀល ​ទៅ​ដល់​៣០​លាន​រៀល និង​អាច​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ ឬ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ ដែល​មិន​ទាន់​គិត​ពី​ទោសព្រហ្ម​ទណ្ឌ។ ចំណែក​ការ​ណែនាំ​ឬ​ញុះ​ញង់​ឱ្យអ្នក​បោះ​ឆ្នោត​បំផ្លាញ ឬ​ក៏​ធ្វើ​ឱ្យខូច​សន្លឹក​ឆ្នោត ក៏​ត្រូវ​បាន​កំណត់​នៅ​ក្នុង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ​ផង​ដែរ។

ការ​ធ្វើ​វិសោធន​ច្បាប់​បោះ​ឆ្នោត​នេះ ​គឺជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លោក​ថា​ការ​ធ្វើ​ច្បាប់នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាកា​រ​ WIFI របស់​ក្រុម​ប្រឆាំង​ ​ដែល​មិន​ចង់​ទៅ​បោះ​ឆ្នោត ឬ​ទៅ​បោះ​ឆ្នោត​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល។

កាលពីថ្ងៃ​ទី​១៩ ​ខែ​មិថុនា​ ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​សកម្ម​ភាព ​និង​លទ្ធ​ផល​ការងារ​ក្រុម​ការងារ​រដ្ឋា​ភិបាល​នីតិ​កាល​ទី​៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លើក​ឡើង​ថាមាន​តែ​ប្រើ​«វិធាន​ការ​ច្បាប់»ប៉ុណ្ណោះ ​ទើប​អាច​កម្ចាត់​ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង​ ​ដែល​គ្រោង​ធ្វើ​យុទ្ធនាការ ​Wifi ​«មិន​ចង់​ទៅ​បោះ​ឆ្នោត ​ឬ​ទៅ​បោះ​ឆ្នោត​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល»។

​លោក​ថ្លែង​ថា៖ ​«​ប៉ុន្តែ​ដល់​អ្នក​ឯង​ធ្វើហួ​ស​ គឺ​យើង​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​វិធាន​ការ​ច្បាប់​ទេ​។ ​ហើយ​បើ​ច្បាប់​ចេញ​ហើយ អ្នក​ឯង​ប្រថុយ​ជាមួយ​ច្បាប់​ វា​មាន​តែ​គុក​ព្រៃស​ ត្រពាំង​ផ្លុង​ ព្រះ​វិហារ​។ ​អាគុក​ហ្នឹង​គេ​ធ្វើ​ សម្រាប់​ដាក់​មនុស្ស​ខូច​តាស»។

លោក ហ៊ុន សែន បន្ថែម​ថា​នេះ​ជា​ការ​សម្លាប់​សិទ្ធិ​នយោបាយ​របស់​បុគ្គល​ណា​ដែល​មិន​ទៅ​បោះ​ឆ្នោត​នា​ខែកក្កដា​ខាង​មុខ​នេះ។

អ្នក​ស្រី ចក់ ​សុភាព នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា​បើការ​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់ គ្រាន់​តែ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការណ៍​នយោ​បាយ ដោយ​មិនឆ្លើយ​តប​ទៅ​នឹង​គោល​ការណ៍​សិទ្ធិ​មនុស្ស នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់លទ្ធិ​ប្រជា​ធិប​តេយ្យ​កម្ពុជា និង​កាន់​តែ​ធ្វើ​ឱ្យសេរី​ភាពនយោ​បាយកម្ពុជា​កាន់​តែ​រួម​តូច ​ស្រប​ពេលគណបក្ស​ភ្លើង​ទៀនបាត់​បង់សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត ហើយ​សកម្មជន​តែង​តែ​រង​ការ​យា​យី​ផ្សេងៗ។

​អ្នក​ស្រី​ថ្លែង​ថា៖ «​ការ​បន្ថែម​នៃ​ការ​ធ្វើ​វិសោ​ធន​កម្ម​នេះ​ទៀត​សោត វា​នឹង​ធ្វើ​ឱ្យ​ស្ថាន​ភាព​នយោ​បាយ​នេះ​ ​កាន់​តែ​រួម​តូច​ទៅ​ៗ​។ ទោះ​បី​យើង​ឃើញ​ហើយ ក្នុង​ចេតនា​នៃ​បញ្ជាក់ធ្វើ​វិសោ​ធន​កម្ម​នេះ ​ក្នុង​ន័យដើម្បីធានា​ដល់​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ សេរី​ពហុ​បក្ស​ អី​យ៉ា​ងណា​ក៏​ដោយ ប៉ុន្តែ​បើ​យើង​មើល​ពី​ខ្លឹមសារ​នៃការ​ស្នើឱ្យ​មាន​វិសោ​ធន​កម្ម​នេះ ​គឺ​មិន​បាន​ឆ្លើយ​តប​នឹងគោល​ដៅ​នោះ​ទេ​»។

អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជា​វាគ្មិន​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជា​វាគ្មិន​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​បើ​តាម​អ្នកស្រី ចក់ សុភាព នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ​ដែល​រដ្ឋាភិបាលកម្ពុជា​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់ ព្រោះ​កាល​ពី​ឆ្នាំ​២០​១៣ ​រដ្ឋា​ភិបាល​កម្ពុជា ​ក៏​បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​ផង​ដែរ ​ដែល​ពេល​នោះ​ឈាន​ទៅ​រំលាយ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​បន្ថែម​ថា​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​អ្វីមួយ​ ​គួរតែ​អនុ​លោម​ទៅ​តាម​គោលការ​ណ៍​សិទ្ធិ​មនុស្ស ដើម្បី​ធានា​ដល់​សិទ្ធិ​ពល​រដ្ឋ និង​សិទ្ធិ​នយោ​បាយ ជា​ពិសេស​ត្រូវ​សិក្សា ​ត្រួត​ពិនិត្យ ​វិភាគ និង​ប្រមូល​ធាតុ​ចូល​ឱ្យ​បាន​គ្រប់​គ្រាន់ ​ទើប​អាច​ឱ្យ​គ្រប់​ភាគី​ទទួល​យក​បាន និង​ដើម្បីអា​ចឆ្លើយ​តប​ទៅ​តាម​គោល​ការណ៍​នីតិរដ្ឋ។

ក្រៅ​ពី​នេះ អ្នកស្រី​កត់​សម្គាល់​ថា​ខ្លឹមសារ​មួយ​ចំនួន​ក្នុងវិ​សោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះ មាន​ភាព​ទូលាយ​ច្រើ​ន ដែលងាយប៉ះ​ពាល់ ​ឬ​ធ្វើ​បាត់​បង់​សិទ្ធិ​ឈរ​ឈ្មោះ​របស់​បេក្ខជន​មួយ​ចំនួន។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក​ ស៊ឹង សែន​ករុណា ប្រាប់វី​អូអេ​ថា​វិសោធន​កម្មច្បាប់​បោះ​ឆ្នោត​នេះ គួរ​តែធ្វើឡើង​ដោយផ្អែក​តាមបទ​ដ្ឋាន​សិទ្ធិ​មនុស្ស និង​ស្រប​តាម​គោល​ការណ៍​ប្រទេស​លទ្ធិ​ប្រជា​ធិប​តេយ្យ។ លោក​បន្ថែម​ថា​ច្បាប់​នេះ​មិន​គួរ​មាន​លក្ខណៈ​បម្រើ​ផល​ប្រយោ​ជន៍​ក្រុម ​ឬ​បុគ្គល​ណា​មួយ ដើម្បីគោល​ដៅ​នយោ​បាយ​នោះឡើយ​។

​លោក​ថ្លែង​ថា៖ ​«ប្រសិន​ជា​បង្កើត​ឡើង​ក្នុងការ​ឆ្លើយ​តប​ទៅនឹង​សកម្មភាព​ណាមួយ​ ជា​លក្ខណៈ​នយោ​បាយ​ យើងដឹង​ហើយ ​ចង់​មិន​ចង់​ ទាំង​សហគមន៍​ជាតិ​ អន្ដរ​ជាតិ​គេ​មាន​ការ​ចោទ​ប្រកាន់​ ថា​ការ​បង្កើត​ហ្នឹងគ្រាន់​តែ​ជា​ការ​ធ្វើ​ឡើង​ក្នុង​ការ​តតាំង​ទៅ​លើ​វិធី​សាស្រ្ដ ​ឬ​ក៏​យុទ្ធ​សាស្រ្ដ​ ​គេ​ហៅ​ថា​ទប់​ទល់​ជាមួយ​រឿង​នយោ​បាយស្ថាន​ភាព​នយោ​បាយ​នា​ពេល​បច្ចុប្បន្ន​តែ​ប៉ុណ្ណឹង»។

អ្នកនាំ​ពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធ យល់​ថា​សេចក្ដី​ព្រាង​វិសោធន​កម្ម​ច្បាប់បោះ​ឆ្នោត ​មាន​គោល​ដៅ​ដាក់​សម្ពាធ ​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុមជំទាស់ ព្រម​ទាំងគណ​បក្ស​ប្រឆាំង​។ ​លោក​បន្ថែម​ថា​ច្បាប់​នេះ​នឹង​មិន​មាន​ការ​ឱ្យ​តម្លៃ​ជា​សកល​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ឡើយ​។

គួរ​បញ្ជាក់​ថា​រដ្ឋ​សភា​នឹង​បើក​សម័យប្រជុំពេញ​អង្គ ​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាងវិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា​។ នេះ​បើ​តាម​លោក ហ៊ុន សែន៕

XS
SM
MD
LG