អ្នកសារព័ត៌មានដែលទៅយកព័ត៌មានក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដាខាងមុខ គឺតម្រូវឱ្យជូនដំណឹងទៅប្រធានមណ្ឌល ឬប្រធានការិយាល័យបោះឆ្នោតជាមុន ទើបអាចយកព័ត៌មានបាន បើទោះជាមានកាត ចុះយកព័ត៌មានចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា។
លោក ហង្ស ពុទ្ធា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានជូនដំណឹងទៅប្រធានមណ្ឌលបោះឆ្នោតនីមួយៗបែបនេះ មិនមានចែងក្នុងនីតិវិធី ឬច្បាប់របស់គ.ជ.បនោះទេ ប៉ុន្តែវាជាការគោរព«ក្រមសីលធម៌» ដើម្បីជាការសហការល្អរវាងមន្ត្រីគ.ជ.ប និងអ្នកសារព័ត៌មាន និងចៀសវាងការភ័ន្តច្រឡំ និងសង្ស័យគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «នៅក្នុងនីតីវិធី អត់មានចែងទេ ប៉ុន្តែនៅក្នុងក្រមសីលធម៌។ ហើយពាក្យក្រមសីលធម៌ បានន័យថា ធ្វើក៏បាន មិនធ្វើក៏បាន។ វាមិនមែនជាច្បាប់ទេ»។
អ្នកនាំពាក្យគ.ជ.ប រូបនេះ បញ្ជាក់ថាប្រធានមណ្ឌល ឬប្រធានការិយាបោះឆ្នោតនីមួយមាន«ឆន្ទានុសិទ្ធិ»ក្នុងការសម្រេចឱ្យអ្នកសារព័ត៌មានចូល ឬមិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលបោះឆ្នោត។ ប៉ុន្តែលោកថាក្នុងករណីអ្នកសារព័ត៌មានយកព័ត៌មានក្នុងបរិវេណមណ្ឌលបោះឆ្នោត ឬថតរូបភាព ឬថតវីដេអូ នៅក្រៅបន្ទប់បោះឆ្នោត ដោយមិនបង្កការរំខាន ឬមិនបានអុកឡុកដល់ដំណើរការបោះឆ្នោត គឺមិនមានហេតុផលណា ដែលត្រូវហាមអ្នកសារព័ត៌មាននោះទេ។
លោកថ្លែងថា៖ «នៅពេលទទួលកាតសម្គាល់ពីគ.ជ.ប ហើយ គឺអាចចុះយកព័ត៌មានតាមទីតាំង[បោះឆ្នោត]នីមួយៗ បានហើយ។ ប៉ុន្តែត្រូវទៅជូនដំណឹង ជាពិសេសគឺ[ទៅ]គណៈកម្មការការិយាល័យ ប្រធានការិយាល័យតែម្តង រៀបចំការបោះឆ្នោត ព្រោះពេលហ្នឹង លោកមានឆន្ទានុសិទ្ធិ ក្នុងការអនុញ្ញាតឱ្យយើងចូល ឬមិនចូល អនុញ្ញាតឱ្យថត ឬមិនថត គឺប្រធានការិយាល័យរាប់សន្លឹកឆ្នោតហ្នឹងហើយ»។
លោក ហង្ស ពុទ្ធា បន្ថែមថាអ្នកសារព័ត៌មាន អាចធ្វើជាលិខិតលាយលក្ខណ៍អក្សរជូនដំណឹងទៅកាន់ប្រធានមណ្ឌលបោះឆ្នោតដែលខ្លួនចង់ចុះយកព័ត៌មានជាមុន ឬអាចជូនដំណឹងដោយផ្ទាល់ពេលចុះទៅតាមមណ្ឌល ឬការិយាល័យបោះឆ្នោតនីមួយៗ។
បើតាមលោក ហង្ស ពុទ្ធា ការកំណត់ឱ្យប្រធានមណ្ឌលបោះឆ្នោតនីមួយប្រើប្រាស់ឆន្ទានុសិទ្ធិក្នុងថ្ងៃបោះឆ្នោតនេះ ដោយហេតុថាពួកគេជាអ្នកទទួលខុសត្រូវផ្តល់របាយការណ៍បោះឆ្នោតមកឱ្យស្ថាប័នរៀបចំការបោះឆ្នោត។
លោកបន្ថែមថា ក្នុងករណីមានការហាមប្រាមមិនសបស្របណាមួយ អ្នកសារព័ត៌មានអាចស្នើទៅគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត ឬគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។
ក្រៅពីនេះ លោក ហង្ស ពុទ្ធា ឱ្យដឹងទៀតថាប្រធានមណ្ឌល ឬប្រធានការិយាបោះឆ្នោតនីមួយ ក៏មានឆន្ទានុសិទ្ធិហាមប្រាមមិនឱ្យប្រជាពលរដ្ឋចូលក្នុងមណ្ឌលបោះឆ្នោត ដើម្បីសង្កេតការរាប់សន្លឹកឆ្នោត និងមានសិទ្ធិបិទទ្វារបង្អួចផងដែរ ក្នុងករណីមានភ្លៀងខ្យល់ និងការរំខាន ឬសកម្មភាពរំខានណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
បើតាមលោក ហង្ស ពុទ្ធា ស្ថាប័នគ.ជ.ប បានផ្តល់កាតដល់អ្នកសារព័ត៌មានសម្រាប់ចុះយកព័ត៌មាន ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិខាងមុខ មានចំនួនជាង១៥០០នាក់ ដោយក្នុងនោះ អ្នកសារព័ត៌មានជាតិ មានចំនួន៧៤២នាក់ និងអ្នកសារព័ត៌មានអន្តរជាតិមានចំនួន៨០៣នាក់ និងកំពុងពិនិត្យចំនួន១៨នាក់ផ្សេងទៀត។
កាតដែលចេញដោយស្ថាប័នគ.ជ.បនេះ ប្រើបានសម្រាប់តែការបោះឆ្នោតតែប៉ុណ្ណោះ ដែលវាខុសគ្នាពីកាតដែលចេញដោយក្រសួងព័ត៌មាន។
នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា លោក ណុប វី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាការកំណត់នូវវិសាលភាពរបស់ស្ថាប័នគ.ជ.ប បែបនេះ អាចប៉ះពាល់ដល់សេរីភាពរបស់អ្នកសារព័ត៌មាន ព្រោះស្ថាប័នគ.ជ.ប បានទទួលស្គាល់ និងចេញកាតឱ្យអ្នកសារព័ត៌មានសម្រាប់រាយការណ៍នៅថ្ងៃបោះឆ្នោតរួចហើយ។
លោកថ្លែងថា៖ «អ្វីដែលជាចំណុចសំខាន់ នៅក្នុងច្បាប់បោះឆ្នោត ឬក្នុងនីតិវិធី គ.ជ.ប គួរតែមានការប្រយ័ត្នប្រយែងដែរ នៅក្នុងការកំណត់អំពីព្រំដែនដែលវាអាចនឹងមានផលប៉ះពាល់ទៅដល់ការអនុវត្តសេរីភាពរបស់អ្នកសារព័ត៌មាន ដែលមានការគាំទ្រ និងធានាឱ្យច្បាប់រដ្ឋធម្មនុញ្ញហ្នឹងបាទ»។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល យល់ថា ក្នុងដំណើរការបោះឆ្នោតត្រូវបង្កការងាយស្រួលដល់ការបំពេញការងារអ្នកសារព័ត៌មានឱ្យបានទូលំទូលាយ ព្រោះបើប្រធានមណ្ឌលបោះឆ្នោត ឬការិយាល័យណាមួយហាមឃាត់អ្នកសារព័ត៌មានមិនឱ្យយកព័ត៌មាន នោះអាចនឹងធ្វើឱ្យមានការសង្ស័យថាមានការប្រព្រឹត្តអ្វីខុសឆ្គងនៅទីតាំងនោះ។
លោកថ្លែងថា៖ «ជាទូទៅព័ត៌មាន ត្រូវបើកឱ្យកាន់តែទូលំទូលាយ សម្រាប់ដំណើរការនៃការបោះឆ្នោត ឬក៏សម្រាប់ដំណើរការ ដែលមិនមានការលាក់លាម គឺថាត្រូវផ្តល់ឱ្យមានភាពស្មើគ្នា ប៉ុន្តែក៏ត្រូវគោរពនូវក្រមសីលធម៌ ឬក៏ច្បាប់ដែលមានចែង អាហ្នឹងជាការមួយត្រឹមត្រូវ។ បើសិនជាមានការហាមឃាត ដាច់ណាត ឬជួនកាលខ្លួន នៅកន្លែងនោះ រៀបចំមួយ មានស្អីដែលគួរឱ្យសង្ស័យ [ជា]ឧទាហរណ៍ បើយើងមិនឱ្យគេ អាហ្នឹង វាម៉េចត្រូវ។ វាបង្កើតការសង្ស័យ»។
លោកបន្ថែមថាច្បាប់បោះឆ្នោតមិនបានចែងក្នុងការហាមប្រាម ឬហាមឃាត់អ្នកសារព័ត៌មានមិនឱ្យយកព័ត៌មាននៅកន្លែងណាមួយនោះទេ លុះត្រាតែប៉ះពាល់ភាពសម្ងាត់នៃដំណើរការបោះឆ្នោត។ ដោយឡែកលោកយល់ថា«ក្រមសីលធម៌»ដែលមានចែងក្នុងច្បាប់បោះឆ្នោត គួរតែចែងឱ្យបានច្បាស់ ព្រោះវានៅតែមានការបកស្រាយមិនច្បាស់លាស់ អំពីការអនុវត្តការងារ៕