បក្ស​ប្រឆាំង​បន្ត​ជំរុញ​ឱ្យ​ទទួល​យក​គ.ជ.ប​ដែល​អនុម័ត​ដោយ​សភា

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរ​​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ជាមូលដ្ឋាន​មុនសិន​ មុន​នឹង​ឈាន​ដល់​ការជជែក​គ្នា​សារ​ជាថ្មី​ទៀត។​

បន្ទាប់ពី​ការព្រមាន​របស់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា​អាច​នឹង​បញ្ឈប់​ការចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បើ​មិន​ព្រម​តាម​លក្ខខណ្ឌ​របស់ខ្លួន​ក្នុង​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតនោះ​មកគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​បាន​ផ្ញើ​លិខិត​មួយ​ជា​ផ្លូវការ​ជូន​លោក​ ប៊ិន ឈិន​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​កាន់​អំណាច​ឱ្យទទួល​យក​លក្ខខណ្ឌ​របស់​ខ្លួន។​

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរយក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ជាមូលដ្ឋាន​មុនសិន​ មុន​នឹង​ឈាន​ដល់​ការជជែក​គ្នា​សារ​ជាថ្មី​ទៀត។​

លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទទូច​ឱ្យស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ឱ្យស្ថាប័ន​នេះ​ឯក​រាជ្យ​និង​ការ​អនុម័ត​ដោយ​សំឡេង​២​ភាគ​៣។​

លោក​បាន​បញ្ជាក់​ថា​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ទទួល​យក​សំណើ​នេះ​ទេ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បិទ​ផ្លូវ​ចរចា​ដោយ​សារ​តែ​គណបក្ស​កាន់អំណាច​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ពិត​ប្រាកដ។​

លោក​និយាយ​ថា៖ ​«គណបក្ស​ប្រជាជន​អត់​មាន​ឆន្ទៈ​ក្នុង​ការ​កែទម្រង់​ពិត​ប្រាកដ​ហាក់​ដូច​ជា​បន្ត​បង្កើន​ការ​ប្រជុំ​នោះ​ គ្រាន់​តែ​ជាការ​ឡប់ឡែ​ពន្យារ​ពេល។ ម្ល៉ោះ​ហើយ​យើង​មិន​អាច​បន្ត​លេង​ល្បែង​បែប​នេះ​តទៅ​ទៀត​ទេ»។​

លោក​ ប៊ិន ឈិន​ ​មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ។​ ចំណែក​លោក​ ឈាង វ៉ុន​ សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​បាន​បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក។​

លោក​និយាយ​ថា៖ «មិន​បាច់ទេ។ ​រស្មី​មិន​បាច់​សួរ​ខ្ញុំទេ​ ពីព្រោះ​និយាយ​ទៅ​អត់បាន​ការ​អ្វី​ដដែល។​និយាយ​ទៅ​យក​ទៅ​បក​ស្រាយ​តែ​រស្មី​ឯង​ចង់​ធ្វើ​។​ងាប់​ហើយ​ខ្ញុំ»។​

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ​លោក​ ជាម យៀប​ សមាជិកក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ផ្សេង​ទៀត​បានមាន​ប្រសាសន៍​ថា​លោក​បាន​ឃើញ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ។​

លោក​បាន​បញ្ជាក់​ថា​លោក​នឹង​ស្នើសុំ​យោបល់​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ពី​គណបក្ស​ប្រជាជន​ជាអ្នក​សម្រេច។​លោក​បាន​បន្ថែម​ថា​ការ​សម្រេច​ផ្អាក​ការ​ចរចា​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​ «បញ្ហា​គជប​គួរ​តែ​ប្រគល់​ជូន​នេះ​ទៅ។ ​កុំទៅ​ អញ្ចឹង​ទេ​ហាក់​បីដូច​ជាគាត់​យក​ អន្ទាក់​ដែល​ធ្វើ​អំពី​ដែក​ថែប​និង​ច្រវ៉ាក់​ដែក​ថែប​យក​មក​ទាញ​ក​ មាតុភូមិ​កម្ពុជា​កំពុង​ដំណើរ​ការ​ទៅ​មុខ​ឱ្យនៅ​ស្ងៀម​ដើរ​ថយ​ក្រោយ​ទៅ​វិញ»។​

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី​ កាល​ពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ថា​នឹង​បិទ​ទ្វារ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សារ​តែ​លោក​ចោទ​ប្រកាន់​ថា​គណបក្ស​នេះ​ពុំមាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ដើម្បី​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត។​

ថ្លែង​ទៅ​កាន់អ្នក​គាំទ្រ​គណបក្ស​ជំទាស់​នៅ​ ក្នុង​ស្រុក​អូរាំង​ឪ ​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​ជា​ខេត្ត​ទើបបង្កើត​ថ្មី លោក​សម ​រង្ស៊ី ​អធិប្បាយ​ថា​ ការ​ជជែក​គ្នា​បន្ត​ទៀត​ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​តែមាន​ការ​ដោះ​ស្រាយ​ ចំណោទ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់ថា(គ.ជ.ប.)​ជាមុន​សិន​បើមិន​ដូច្នេះ​ទេ​គណបក្ស​លោក​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​ដោយ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​២លាន​នាក់។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក​ សម រង្ស៊ី​ និង​មន្ត្រី​គណបក្ស​ពីរ​រូប​ផ្សេង​ទៀត​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ចំនួន​ពីរ​សប្តាហ៍។​

លោក​ យឹម សុវណ្ណ​ បាន​បញ្ជាក់​ថា​ក្រៅពី​មាន​ជំនួប​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរលោក​ សម រង្ស៊ី​ គ្រោង​នឹង​មាន​ជំនួប​មួយ​ជា​មួយ​អ្នក​ការទូត​ មន្ត្រី​រដ្ឋាភិបាល​ ព្រមទាំង​សមាជិក​សភា​របស់​អូស្ត្រាលី​ដើម្បីស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​អូស្ត្រាលី​ចំពោះ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា៕