បក្ស​ប្រឆាំង​ដាក់​ឱសានវាទ​ចរចា​ឱ្យ​បាន​សម្រេច​ហើយ​គំរាម​ធ្វើ​បាតុកម្ម​ធំ​ជាង​មុន

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) និង​​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​​វេទិកា​សាធារណៈ​មួយ។

ភ្នំពេញ៖ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ឱសាន​វាទ​សម្រាប់​ការ​ត្រូវ​រ៉ូវ​គ្នា​ផ្នែក​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​២២​ខែ​កញ្ញា​នេះ ​បើ​ពុំ​នោះ​ទេ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នឹង​មិន​ចូល​ប្រជុំ​សភា​នោះ​ទេ។

អគ្គ​លេខាធិការ​ដ្ឋាន​នៃ​រដ្ឋ​សភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ​ដោយ​បញ្ជាក់​ថា​កិច្ច​ប្រជុំ​សភា​ដំបូង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​នៅ​វេលា​ម៉ោង​៨​ព្រឹក ​ក្រោម​ព្រះ​រាជា​ធិបតីភាព​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី។

លោក​កឹម ​សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​បាតុករ​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​មហា​បាតុកម្ម​អហិង្សា​រយៈ​ពេល​បី​ថ្ងៃ​ថាគណបក្សរបស់​លោក​នឹង​បន្ត​ធ្វើការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តទៅ​ទៀត​ប៉ុន្តែ​បើ​សិន​ជា​ការ​ចរចា​មិន​អាច​ឈាន​ដល់​ចំណុច​ត្រូវ​គ្នា​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ​ទៀត​ទេ​នោះ​ក្រុម​តំណាង​រាស្ដ្រគណ​បក្ស​ជំទាស់​នឹង​មិន​ចូល​ប្រជុំ​សភា​នោះ​ថ្ងៃ​ដំបូង​នោះ​ទេ។

«ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​២២ ​បើ​ថ្ងៃ​ទី​២២​អត់​ចេញ​ទេ​(លទ្ធផល)​ យើង​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​ប្រជុំ​សភា​ជា​ដាច់​ខាត»។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​គណ​បក្ស​ប្រជែង​គ្នា​ទាំង​ពីរ​បាន​ផ្តើម​ចរចា​គ្នា​បន្ត​ពី​ថ្ងៃ​ម្សិល​មិញ​ទៀត។​ ប៉ុន្តែ​មិន​មាន​ការ​ជឿន​លឿន​ណា​មួយ​ច្រើន​ដែល​លេច​ឮ​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រៅពី​គណ​បក្ស​ទាំង​ពីរ​បាន​ប្រកាស​រួម​គ្នា​ថាមាន​សុទិដ្ឋិនិយម​ចំពោះ​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​និង​មាន​ការ​ជជែក​អំពី​ការ​កែ​ទម្រង់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដូច​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ។

លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបរាប់​ដ៏​តិច​តួច​ពី​លទ្ធផល​នៃ​កិច្ច​ចរចា​នេះ​ដែល​លោក​ឃើញថា​មិន​មាន​អ្វី​ជឿនលឿន​ទៅ​មុខ​ច្រើន​ជាង​លទ្ធផល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ​ទេ។

លោក​សម​ រង្ស៊ី​ ក៏​បានបញ្ជាក់​ស្រប​គ្នា​ជាមួយ​លោក​កឹម ​សុខា ​ដែរ។​

«ទាល់​តែ​យើង​ទទួល​បាន​លទ្ធផល​រក​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​ដែល​ការពារ​ឆន្ទៈ​ប្រជារាស្ដ្រខ្មែរ​ទើប​យើង​សុខ​ចិត្ត។ ​បើ​មិន​បាន​លទ្ធផល​ត្រឹម​ត្រូវ​ទេ​យើង​នៅ​តែ​ទាមទារ​ជា​និច្ច​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត»។​

លោក​កឹម​ សុខា​ បាន​ព្រមាន​ថា​នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ប្រសិន​បើ​ការ​ចរចា​រវាង​គណ​បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ពុំបាន​ជោគជ័យ​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​ទាំង​មន្ត្រី​រដ្ឋា​ភិបាល​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​សុទ្ធ​តែ​មាន​សុទិដ្ឋិ​និយមសម្រាប់​គណបក្ស​ទាំង​ពីរ​នេះ។

លោក​ផៃ ​ស៊ីផាន ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា​លោក​ជឿ​ថា​គណបក្ស​ទាំង​ពីរ​អាច​នឹង​រក​ឃើញ​ដំណោះ​ស្រាយ​នៅ​មុន​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ដែល​ជា​ថ្ងៃ​ប្រជុំ​សភា​ដំបូង​ជា​ផ្លូវ​ការ។

«ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ដែល​សម្តេច​ហ៊ុន​ សែន ​ចាប់​ដៃ​ញញឹម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ឯក​ឧ​ត្តម​សម​ រង្ស៊ី ​ដែល​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ»។

ដោយ​ឡែក​លោក​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំង​មើល​ការ​បោះឆ្នោត​មួយ​ហៅ​ថា​ខុមហ្វ្រែល​គិត​ថា​គណបក្ស​ទាំង​ពីរ​នៅ​មាន​រយៈ​ពេល​ប្រាំ​ថ្ងៃ​ទៀត​នៅ​ឡើយ។​

«បើ​សិន​ជា​មាន​ការ​ប្រឹង​ប្រែង​ជជែក​គ្នា​អាច​ត្រូវ​គ្នា។ ​បញ្ហា​ស្នូល​ធំ​បំផុត​គឺ​ត្រូវ​បង្កើត​គណៈកម្មការ​ចំរុះ​ឬ​យន្តការ​ចំរុះ​យ៉ាងណា​ដើម្បី​បង្ហាញ​ទៅ​ម្ចាស់​ឆ្នោត​ថា​តើ​បញ្ហា​នៃ​ការ​បោះឆ្នោត​កន្លង​មក​មាន​បញ្ហា​អ្វី​ខ្លះ​ហើយ​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​បោះឆ្នោត​ដែរ​ឬ​អត់។ ​នេះ​ជា​បញ្ហា​សំខាន់»។​

នៅ​ថ្ងៃ​នេះ​ក្រោយ​ពី​លោក​សម​ រង្ស៊ី ​ប្រកាស​រំសាយ​មហា​បាតុកម្ម​ភ្លាម ​ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​គឺ​ជា​អ្នក​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​រៀងៗ​ខ្លួន៕