ពលរដ្ឋខ្មែរអ៊ីស្លាមទាំងនិស្សិត រហូតដល់មន្ត្រីជាន់ខ្ពស់ បានសម្តែងការព្រួយបារម្ភចំពោះការសម្លាប់គ្នាទៅវិញទៅមករវាងក្រុមអ៊ីស្លាមជ្រុលនិយម ISIS និង ការបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសហ្ស៊កដានីទៅលើកក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបន្ទាប់ពីបានសម្លាប់អ្នកបើកបរយន្តហោះប្រទេស ហ្ស៊កដានីម្នាក់។
ពលរដ្ឋខ្មែរអ៊ីស្លាមបានទស្សន៍ទាយថាសង្គ្រាមអាចនឹងផ្ទុះឡើងកាន់តែធំឡើងថែមទៀតនៅក្នុងតំបន់មជ្ឃិមបូព៌ាដែលទាមទារឱ្យមានការសម្របស្រួលមួយចៀសវាងអំពើហិង្សាកាប់សម្លាប់គ្នាដោយសារតែការប្រកាន់តឹងរៀងៗខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោកបាននិយាយអំពីសកម្មភាពដុតសម្លាប់ទាំងរស់ អ្នកបើកបរយន្តហោះប្រទេសហ្ស៊កដានីម្នាក់ ឈ្មោះ Moaz Al Kasasbeh ដោយក្រុមISIS នៅក្នុងទ្រុងដែកយ៉ាងព្រៃផ្សៃបំផុត។
ជាការឆ្លើយតបមកវិញប្រទេសហ្សក ដានី បានកាត់ទោសប្រហារជីវិតអ្នកទោសសកម្មប្រយុទ្ធជនជាតិអ៊ីស្លាមពីរនាក់ក្នុងនោះមានស្រ្តីម្នាក់ដោយព្យួរកកាលពីម្ស៉ិលមិញនេះដើម្បីជាការឆ្លើយតបនឹងពួកសកម្មប្រយុទ្ធដែលបានដុតសម្លាប់អ្នកបើកបរយន្តហោះរបស់ខ្លួន។
លោក អះម៉ាត់ យ៉ះយ៉ា ប្រធានសមាគមអភិវឌ្ឍន៍ខ្មែរអ៊ីស្លាមកម្ពុជាមានប្រសាសន៍ថាអ៊ីស្លាមកម្ពុជាមិនគាំទ្រទៅនឹងសកម្មភាពសម្លាប់យ៉ាងព្រៃផ្សៃទាំងនោះទេ។
លោកបានបញ្ជាក់ថាប្រសិនណាបើប្រទេសហ្ស៊កដានី នៅតែចិញ្ចឹមចិត្តធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធISIS នោះសង្គ្រាមអាចនឹងរីករាលដាលនៅក្នុងតំបន់មជ្ឈឹមបូព៌ាហើយប្រទេសជិតខាងហ្ស៊កដានី មួយចំនួននឹងមិនមានសន្តិភាពនិងសុវត្ថិភាព។
លោកនិយាយថា៖ «ខ្ញុំខ្លាចតែរឿងហ្នឹងវារិតតែធំទៅហើយសង្គ្រាមពេញមជ្ឈឹមបូព៌ា អត់មានពីណានៅបានសុខមួយទេ។វាយគ្នាឯងទាំងអស់ពេញតែម្តងមិនដឹងអ្នកណា ខ្លះច្របូក ច្របល់ពេញតែហ្នឹង ហើយអ្នកណាលូកដៃចូលទៅអ្នកហ្នឹងស្លាប់»។
លោក Moaz Al Kasasbeh អ្នកបើកបរយន្តហោះចំបាំងរបស់ប្រទេសហ្ស៊កដានី ត្រូវបានក្រុមឧទ្ទាមអ៊ីស្លាមក្នុងប្រទេស ស៊ីរី ចាប់ខ្លួនកាលពីខែធ្នូឆ្នាំ ២០១៤ក្នុងខណៈពេលដែលលោកហោះប្រតិបត្តិការបំពេញបេសកកម្មជាមួយក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកបើកការវាយប្រហារតាមអាកាសទៅលើក្រុម«ISIS »។
លោក អ៊ីសា ឧស្មាន ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមម្នាក់ក្នុងទីក្រុងភ្នំពេញដែលបានតាមដានព័ត៌មានតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយ។ លោកនិយាយថាលោកមានការរន្ធត់និងតក់ស្លុតនៅពេលដែលឃើញក្រុមឧទ្ទាមបានសម្លាប់ទៅលើអ្នកបើកយន្តហោះរបស់ប្រទេសហ្ស៊កដានី។
លោកមានប្រសាសន៍ថាពលរដ្ឋខ្មែរអ៊ីស្លាមប្រឆាំងជំទាស់ទៅនឹងទង្វើទាំងនេះទេក៏ប៉ុន្តែលោកទាមទារឱ្យមានដំណោះស្រាយមួយដើម្បីចៀសវាងសង្គ្រាមបង្ហូរឈាម។
លោកនិយាយថា៖«ខ្ញុំគិតថាប្រសិនណាបើរឿងហ្នឹងដោះស្រាយមិនបានទេធម្មតាទេការគុំគួនគ្នា ចងកំហឹងគ្នាចេះតែកើតឡើងធំឡើងៗ។ ខាងនេះសម្លាប់មួយ ខាងនោះសម្លាប់ពីរ ចេះតែចាប់សម្លាប់គ្នាទៅវិញទៅមកតែអញ្ចឹង យើងមានអ្វីចំណេញទៅ»។
លោក ស្លេះ ណាស៊ី ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាមានប្រសាសន៍ថាបញ្ហានេះគឺជារឿងធំមួយសម្រាប់ពិភពលោកមិនមែនត្រឹមតែប្រទេសហ្ស៊កដានីម្នាក់ឯងនោះទេ ដោយសារតែមានប្រទេសជាច្រើនបានចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។
លោកបញ្ជាក់ថាដើម្បីបញ្ចប់ជម្លោះនេះបានទាល់តែគ្រប់ភាគីទាំងអស់បើកការចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម។
លោកនិយាយថា«ខ្ញុំគិតថាវិធីដែលផ្សះផ្សារបំផុតចង់ឱ្យក្រុមដែលអះអាងថាជាតំណាងនៃក្រុមនីមួយៗហ្នឹងចរចាគ្នាហើយរកចំណុចរួមមួយដោយសន្តិវិធី ដើម្បីចៀសវៀងការធ្វើឱ្យស្ថានភាពប្រឆាំងគ្នាទៅវិញទៅមកកាន់តែធ្ងន់ធ្ងរ»។
កញ្ញា ហ៊ុន ហេង និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ផ្នែកគិលានុបដ្ឋាយិកាក៏គាំទ្រឱ្យមានការផ្សះផ្សារដែរ។
កញ្ញានិយាយថា៖ «យោបល់ខ្ញុំមិនចង់ឱ្យមានអំពើអញ្ចឹងកើតឡើងទៀតពីព្រោះអំពើដែលថាការសងសឹកគ្នា សម្រាប់គ្នាទៅវិញទៅមកគឺមិនមែនជាការដោះស្រាយបញ្ហាដ៏ល្អ»។
ក្រុមភេវករអ៊ីស្លាមដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ធ្លាប់បានមកសំងំលាក់ខ្លួនក្នុងប្រទេសកម្ពុជារយៈពេល៦ខែ។
កាលពីម្សិលមិញនេះតុលាការកំពូលរបស់ប្រទេសកម្ពុជាបានតម្កល់សាលដីការរបស់តុលាការជាន់ទាបដែលបានកាត់ទោសកាលពីឆ្នាំ២០១០ប្រឆាំងនឹងសមាជិកអាល់កៃដាចំនួន៣ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៨ឆ្នាំ។ ក្នុងនោះមាន២នាក់ជាជនជាតិបង់ក្លាដេស និង ម្នាក់ទៀតជាជនជាតិនេប៉ាល់ពីបទប៉ុនប៉ងវាយប្រហារតាមបែបភេវកម្មទៅលើស្ថានទូតបស្ចឹមប្រទេសសំខាន់ៗដែលរួមស្ថានទូតអាមេរិក អូស្រ្តាលី និង ប្រទេសអង់គ្លេស៕