នៅក្នុងទីក្រុងតូក្យូនៅថ្ងៃអាទិត្យនេះមានពិធីគោរពវិញ្ញាណក្ខន្ធមួយរំលឹកដល់លោកកេនជី ហ្កូតុ (Kenji Goto)ដែលទំនងជាត្រូវបានកាត់ក្បាលដោយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម។
ក្នុងខណៈដែលប្រទេសជប៉ុនកាន់ទុក្ខការបាត់បង់របស់ខ្លួន សាច់ញាតិនៃ អ្នកបើកបរយន្តហោះជាតិហ្សកដានីឈ្មោះ Muath al-Kasaesbeh បានសុំរដ្ឋាភិបាលក្រុងអាំម៉ង់ (Amman) ឲ្យមានការបើកចំហរជាងមុនអំពីការចរចារបស់ពួកគេដើម្បីសុំឲ្យដោះលែងអ្នកបើកបរយន្តហោះ ពីក្រុមសកម្មប្រយុទ្ធនោះ។ ឳពុកមារបស់អ្នកបើកបរយន្តហោះបាននិយាយថាពួកគេចង់ឲ្យរដ្ឋាភិបាលប្រាប់ការពិតដល់ពួកគេ។
ជោគវាសនាចំណាប់ខ្មាំងពីរនាក់មុនត្រូវបានគេដឹងហើយប៉ុន្តែរូបវីដេអូកាត់ក្បាលនោះ មិនបាននិយាយដល់លោកKasaesbeh ទេ ដែលធ្វើឲ្យភរិយារបស់លោកមានការព្រួយបារម្ភ។
កាលពីថ្ងៃសៅរ៍ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានថ្លែងថ្កោលទោសក្រុមរដ្ឋអ៊ីស្លាមបន្ទាប់ពី បានឃើញរូបវីដេអូដ៏ឃោរឃៅពីការសម្លាប់នោះត្រូវបានគេដាក់ផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត។
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បានហៅការសម្លាប់នេះថាជាសកម្មភាពភេរវកម្មអមនុស្សធម៌និងគ្មានការគោរពតម្លៃមនុស្ស ហើយបានប្តេជ្ញាថាលោកនឹងមិនលើកលែងទោសឲ្យក្រុមឃាតករនោះទេ។លោកអាបេមានប្រសាសន៍ថារូបភាពវីដេអូដែលបានផ្សាយមកនេះមើលទៅដូចជាលោកហ្គូតុ ត្រូវបានគេសម្លាប់បន្ទាប់ពីលោកហារុណា យូកាកា (Haruna Yukaka) ។ នៅពេលដែលខ្ញុំគិតដល់ទុក្ខសោកនៃ ក្រុមគ្រួសាររបស់លោក ខ្ញុំគ្មានវាចានឹងថ្លែងបានទេ។ រដ្ឋាភិបាលជប៉ុនបានខិតខំប្រឹងប្រែងធ្វើការយ៉ាងអស់ពី សមត្ថភាពដើម្បីឲ្យមានការដោះលែងរូបលោកមកវិញ។ ហើយយើងមានការសោកស្តាយខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ខឹងខ្លាំងណាស់ចំពោះសកម្មភាពឃោរឃៅនិងអមនុស្សធម៌បែបនេះ។ ខ្ញុំនឹងមិនលើកលែងឲ្យពួកភេរវករទាំងនោះទេ។ ខ្ញុំនឹងឲ្យពួកវាសងវិញចំពោះអំពើបាប និងសហការជាមួយសហគមន៍អន្តរជាតិដើម្បីទាមទារសំណងនោះ៕