ប្រទេសកម្ពុជានិងមហាមិត្តចិន កាលពីថ្ងៃសៅរ៍ បានចាប់ផ្តើមធ្វើសមយុទ្ធយោធាដែលផ្តោតលើការប្រឆាំងអំពើភេរវកម្ម និងការជួយសង្គ្រោះដែលបង្ហាញពីចំណងទាក់ទងយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ចំពេលទំនាក់ទំនងរវាងប្រទេសកម្ពុជានិងស.រ.អា.មានសភាពតឹងតែង។
Your browser doesn’t support HTML5
ឧត្តមសេនីយ៍ឯក Zhang Jian មេបញ្ជាការនៃកងទ័ពរំដោះប្រជាជនចិន និងលោក ប៉ុល សារឿន មេបញ្ជាការយោធាកម្ពុជា បានបើកការធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ នៅភាគខាងលិចរាជធានីភ្នំពេញ។
លោក ប៉ុល សារឿន បាននិយាយថា សមយុទ្ធនេះដែលមានទាហានកម្ពុជាចំនួន២៨០នាក់និងទាហានចិនចំនួន២១៦នាក់ មានបំណងដើម្បីអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតប្រទេសទាំងពីរនិងពង្រឹង«ទំនាក់ទំនងជាប្រពៃណី និងជំនឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ»។
ប្រទេសចិនដែលជាអ្នកវិនិយោគទុនបរទេសធំជាងគេនៅកម្ពុជា បានធ្វើសមយុទ្ធកងនាវាចររួមជាលើកដំបូងជាមួយកម្ពុជានៅឆ្នាំ២០១៦ ហើយរដ្ឋាភិបាលក្រុងភ្នំពេញបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកដោយគ្មានកំណត់ពេល ដែលមួយឆ្នាំក្រោយមក និយាយថា កម្ពុជាជាប់រវល់ក្នុងការបោះឆ្នោត។
សមយុទ្ធនេះធ្វើឡើងនៅមុនការបោះឆ្នោតជាតិមួយនៅខែកក្កដា ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានការគាំទ្រពីប្រទេសចិន នឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល បន្ទាប់ពីគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំមុន តាមសំណើរបស់រដ្ឋាភិបាលរបស់លោក។
ការបង្ក្រាបគណបក្សប្រឆាំងនេះបានជំរុញឱ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសដទៃទៀតថ្កោលទោសគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនចំពោះការបង្ក្រាបក្រុមអ្នករិះគន់ រួមទាំងសមាជិកសភាគណបក្សប្រឆាំង សង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕