មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចនិងរដ្ឋាភិបាលកម្ពុជាបានច្រានចោលការបារម្ភនិងការលើកឡើងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចំពោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ អាចនឹងមិនសេរីនិងយុត្តិធម៌ក្រោយពេលដែលមានការបំភិតបំភ័យមកលើគណបក្សប្រឆាំង។
លោក Scott Busby ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងពលកម្មបានថ្លែងក្នុងសវនាការមួយនាថ្ងៃព្រហស្បតិ៍ ទៅកាន់គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នាទីក្រុង វ៉ាស៊ីនតោនថា ក្រសួងការបរទេសអាមេរិកមានក្តីបារម្ភ ចំពោះដំណើរការវិវឌ្ឍន៍ថ្មីៗនិង ដំណើរការលទិ្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ក្រោយពេលការឡើងកម្ដៅនយោបាយកាន់តែខ្លាំងនៅក្នុងប្រទេសដ៏ក្រីក្រនេះ។
លោក Scott Busby ថ្លែងក្នុងអត្ថន័យដើមយ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់ថា ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧និងការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងមិនមានលក្ខណៈសេរី និងយុត្តិធម៌ទេ ហើយអាចនឹងមានអំពើហិង្សាផងដែរ។ យើងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំភិតបំភ័យលើគណបក្សប្រឆាំង ដោយធ្វើការកត់សម្គាល់ថាប្រជាជនកម្ពុជានៅតែបន្តសម្តែងការចង់បានឱ្យមានសេរីភាពធំជាងមុន និងការទទួលខុសត្រូវខ្ពស់ពីរដ្ឋាភិបាល»។
ក្រុមមន្ត្រីរបស់គណបក្សកាន់អំណាច បានថ្លែងប្រាប់ VOA នាថ្ងៃសុក្រនេះថាការលើកឡើងរបស់ ឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេស គ្រាន់តែជា «ការទស្សន៍ទាយទុកជាមុន» ចំពោះការបោះឆ្នោតនៅកម្ពុជានិង ការលើកឡើងដោយ«គ្មានមូលដ្ឋានគ្រឹះ»។
លោក សុខ ឦសាន្ត អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងយ៉ាងដូច្នេះថា៖ «បាទ! ហ្អាហ្នឹងវាគ្រាន់តែជាសភាពការណ៍បច្ចុប្បន្នភាពទេមិនអាចចាត់ទុកថាហ្អេ សភាពការណ៍បីឆ្នាំមុនពេលបោះឆ្នោត ដល់៣ឆ្នាំក្រោយ ដល់ពេលបោះឆ្នោតវាដដែលនឹងទេ។ សភាពការណ៍វាមានភាពបទបែន។ សភាពការណ៍បើទោះបីជា មិនមែនថានៅតែនឹងហ្អេ តែនៅអាមេរិកក៏ដោយ សភាពការណ៍បីឆ្នាំហ្នឹង និងបីឆ្នាំក្រោយគឺវាមិនអាចដូចគ្នានោះ។ បាទ! អញ្ចឹងបានជាខ្ញុំចាត់ទុកថាហ្អាហ្នឹងគឺវាជាការទស្សន៍ទាយហើយការទស្សន៍ទាយគឺវាមិនត្រឹមត្រូវ១០០ភាគរយនោះទេ»។
ស្របគ្នានោះដែរលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានថ្លែងការពាររដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះថា៖ «ខ្ញុំជឿថាអ្វីដែលគាត់លើកឡើងគឺគ្រាន់តែជាសារនយោបាយមួយ ដើម្បីបង្អើលឬក៏គាំទ្រគណបក្សប្រឆំាងនៅក្នុងស្រុកខ្មែរទេ ហើយអ្វីដែលគាត់ចង់បានគឺខុសស្រលះពី ការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ និងពង្រឹង លទ្ធិប្រជាធិបតេយ្យតទៅមុខទៀត»។
លោក ផៃ ស៊ីផាន បានបន្តថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺវាចាប់ផ្តើមឡើងពីមូលដ្ឋាននៃសន្តិភាពនេះនិងសណ្តាប់ធ្នាប់នយោបាយ។
«មិនមែនដូចជាសកម្មភាព ដែលគេហៅថា សកម្មភាពពួកឧទ្ទាមរបស់ កឹម សុខា ក៏ដូចជាសកម្មភាព ឧទ្ទាមរបស់ សម រង្ស៊ី ដែលដើរ ប្រមាថម៉ាក់ងាយបង្អើល ពាសពេញពិភពលោក ប្រឆំាងនឹងរដ្ឋាភិបាល ប្រឆំាងនឹងសភារបស់ខ្លួនដែលជាស្ថាប័នកំពូលនោះទេ»។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោត ឃុំសង្កាត់នាឆ្នាំ២០១៧និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខ ក៏ប៉ុន្តែនយោបាយក្នុងប្រទេសកម្ពុជាបានប្រឈមនឹងភាពតានតឹងជាបន្តបន្ទាប់។ ក្នុងនោះមានការការវាយប្រហារលើតំណាងរាស្ត្របក្សសង្គ្រោះជាតិ និង ការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា ការចេញដីកាចាប់ខ្លួន លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីបទលើបរិហារកេរ្តិ៍និងញុះញង់ចំពោះលោក ហោ ណាំហុង តាំងពីឆ្នាំ២០០៨ និង ការដករូបលោក ចេញពីរដ្ឋសភាជាដើម។ លោក សម រង្ស៊ីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំតាំងពីឆ្នាំ២០១៣ ចំពោះការចោទ លោក ហោ ណាំហុង បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលនៅក្នុងមន្ទីរឃុំឃាំងបឹងត្របែក។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា COMFREL ដែលឃ្លាំមើលដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជាយល់ស្របលោកការលើកឡើងរបស់ Scott Busby ដោយលោកឃើញពីសញ្ញានៃការគាបសង្កត់ គំរាមកំហែងបែបហិង្សា លើអ្នកនយោបាយភាគតិចនៅកម្ពុជា ជាពិសេសការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការដកសមាជិកភាពរដ្ឋសភារបស់លោក សម រង្ស៊ី និង ទម្លាក់លោក កឹម សុខា ពីអនុប្រធានរដ្ឋសភាជាតិនោះ។
«ហើយនេះគឺជាសញ្ញាមើលទៅ ទៅមុខទៅគឺចេញការប្រកួតប្រជែងផ្នែកនយោបាយនឹងវាខ្លាំងដោយសារតែគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជននឹង វាមានកម្លាំងប្រកួតប្រជែងហ្នឹង វាខ្លាំងប្រហាក់ប្រហែលគ្នា។ បើយើងនិយាយអំពីកម្លាំងវិញគឺវាដូចឆ្នាំ៩៨អញ្ចឹង ពីកម្លាំងប្រកួតប្រជែងរវាងគណបក្សហ្វ៊ុនស៊ីនប៉ិច និង គណបក្សប្រជាជននឹងវាមានកម្លាំងប្រហាក់ប្រហែលគ្នា អញ្ចឹងពេលហ្នឹងគឺមានការព្រួយបារម្ភដែរ នៅពេលដែលមានការប្រកួតប្រជែងខ្លាំងអញ្ចឹង ក៏មានអំពើហិង្សាខ្លះដែរ មុនពេលបោះឆ្នោត៩៨» ។
យ៉ាងណាក៏ដោយ លោក គល់ បញ្ញា យល់ថាថ្នាក់ដឹកនាំនៃគណបក្សធំៗទាំងពីដែលមានអាសនៈក្នុងរដ្ឋសភាគួរតែបន្ត«វប្បធម៌សន្ទនា» ដើម្បីបន្ទូរបន្ថយស្ថានភាពនយោបាយនិងពង្រីង ការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះឡើងវិញ។
ក្នុងរបាយការណ៍កម្រាស់១៣ទំព័រ ស្តីពីដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារដាក់ជូន គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Scott Busby ក៏បានបញ្ជាក់ ផងដែរថាការបង្កើតច្បាប់ថ្មីៗដូចជាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស់ ការអនុម័តច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មីអាចជាឧបសគ្គនិងការរឹតត្បិតក្នុងការចូលរួមរបស់ក្រុមសង្គមស៊ីវិលក្នុងដំណើរឃ្លាំមើលដំណើរការប្រជាធិបតេយ្យនឹងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខផងដែរ៕