កម្មការិនី សុខ រ៉េន បានចាកចេញពីសម្រេចចិត្តចាកចេញពីកូនតូចរបស់អ្នកស្រីនៅស្រុកកំណើតរយៈពេលពីរឆ្នាំមកហើយ ហើយបានមករស់នៅក្នុងបន្ទប់ផ្ទះជួលតូចមួយនៅក្នុងទីក្រុងភ្នំពេញ និងរកការងារខាងផ្នែករោងចក្រកាត់ដេរនៅក្នុងទីក្រុង។
អ្នកស្រីបានប្រាប់ VOA ខ្មែរថា អ្នកស្រីកាត់ចិត្តមករស់នៅឆ្ងាយពីកូននៅស្រុកកំណើត ដោយសារតែគ្មានការងារធ្វើនៅស្រុក។
«ខ្ញុំត្រូវមកនៅភ្នំពេញមករកការងារធ្វើដើម្បីចិញ្ចឹមគ្រួសារ»។
សព្វថ្ងៃអ្នកស្រី សុខ រ៉េន អាយុ៣៨ឆ្នាំ ត្រូវធ្វើការ៨ម៉ោងក្នុងមួយថ្ងៃ ហើយជាធម្មតាអ្នកស្រីអាចរកប្រាក់ចំណូលបានប្រមាណ១៣០ដុល្លារក្នុងមួយខែ ហើយអាចបញ្ជូនលុយខ្លះទៅស្រុកកំណើតដើម្បីចិញ្ចឹមកូនតូចរបស់អ្នកស្រីនិងទំនុកបម្រុងគ្រួសារ។ អ្នកស្រីត្រូវបង់លុយថ្លៃផ្ទះជួលចំនួន២០ដុល្លារក្នុងមួយខែ និងត្រូវរំលែកប្រាក់ខែដ៏ស្តួចស្តើងនេះផ្ញើទៅស្រុកកំណើតសម្រាប់ផ្គត់ផ្គង់គ្រួសារជារៀងរាល់ខែទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីបានបន្ថែមទៀតថា ថ្លៃម្ហូបអាហារ ថ្លៃភ្លើងអគ្គិសនី និងថ្លៃផ្ទះជួលគឺកើនឡើង ដែលជាបញ្ហាដែលនាងមិនដឹងថា ត្រូវទ្រទ្រង់បានដល់ពេលណា។
សហជីពបាននិយាយថា កម្មករត្រូវការប្រាក់ខែយ៉ាងហោចណាស់១៧៧ ដុល្លារក្នុងមួយខែ ដែលជាប្រាក់ខែមួយសមរម្យ។ ប៉ុន្តែរោងចក្រមិនយល់ស្រប។
សព្វថ្ងៃនេះ អង្គការពលកម្មអន្តរជាតិ (ILO) បានចេញផ្សាយនូវព្រឹត្តិប័ត្រព័ត៌មានដែលតាមដានដំណើរការវិស័យកាត់ដេរដែលបង្ហាញពីសន្ទុះកំណើននៅក្នុងវិស័យនេះ។
ព្រឹត្តិប័ត្រព័ត៌មានរបស់អង្គការ ILO បានបញ្ជាក់ថា កម្មករ និងសហជីពគឺមានការព្រួយបារម្ភអំពីបញ្ហាប្រាក់ឈ្នួល។ ម៉្យាងវិញទៀត បញ្ហាប្រាក់ឈ្នួលអប្បបរមាជារឿងសំខាន់ដែលអាចមានផលប៉ះពាល់ទៅលើសហគ្រាស ផលិតភាព ភាពប្រកួតប្រជែង និងការងារ។
វិបត្តិប្រាក់ខែអប្បបរមានេះបានឡើងកម្ដៅនៅពេលបានកម្មករប្រមូលផ្តុំគ្នាធ្វើកូដកម្ម និងមានការបង្រ្កាបដោយអំពើហិង្សាពីអាជ្ញាធរ ដែលមានមនុស្សស្លាប់យ៉ាងតិច៥នាក់ និងច្រើននាក់ទៀតរងរបួស។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា C-CAWDU បានប្រាប់ VOA ខ្មែរថា ប្រាក់ឈ្នួលអប្បបរមាសព្វថ្ងៃគឺមិនគ្រប់គ្រាន់សម្រាប់ឲ្យកម្មករអាចរស់បានទេ។
លោកបានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះមិនមានការប៉ះពាល់ទៅដល់ការប្រកួតប្រជែងទេ ពីព្រោះរោងចក្រទាំងអស់គួរតែផ្តល់នូវប្រាក់ឈ្នួលដែលល្មមគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅរបស់កម្មករ។
លោកបានបន្តទៀតថា៖ «ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសមួយៗ ទោះបីជាឡើងដល់ណា ក៏គេនៅតែផ្តល់ប៉ុណ្ណឹងដែរ ដោយសារតែនេះជាតម្រូវការមូលដ្ឋាន»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានថ្លែងថា នៅពេលដែលវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានការកើនឡើងជាគំហុក បា្រក់ឈ្នួលកម្មករយើងក៏ត្រូវធ្វើការគណនាបន្ថែមទៀតផង។ អ្នកស្រីនិយាយថា ស្ថានភាពរស់នៅរបស់កម្មករបច្ចុប្បន្នមានភាពលំបាក ដូចជាហូបចុកមិនគ្រប់គ្រាន់ និងធ្វើការដោយមានការបន្ថែមម៉ោង។ ប្រសិនបើប្រាក់ឈ្នួលកម្មករឡើង ដែលអាចឲ្យពួកគេអាចមានជីវភាពសមរម្យ ពួកគាត់អាចមានឱកាសទៅរៀនយកចំណេះបន្ថែមដើម្បីឲ្យមានជំនាញច្រើន និងរកចំណូលបានកាន់តែច្រើន។
លោកអាត់ ធន់បានបន្តទៀតថា បើប្រាក់ឈ្នួលរបស់កម្មករមានកម្រិតទាប នោះវាអាចនឹងប៉ះពាល់ទៅលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ប្រសិនបើរោងចក្រនៅក្នុងស្រុកខ្មែរមិនអាចផ្តល់នូវប្រាក់ខែសមរម្យសម្រាប់កម្មករនោះទេ នោះកម្មករនឹងធ្វើចំណាកស្រុកទៅរកការងារធ្វើក្រៅប្រទេស។ លោកនិយាយថា៖ «ពួកគេតែងយល់ខុសថា ការដំឡើងប្រាក់ឈ្នួលខ្ពស់ អាចធ្វើឲ្យអ្នកវិនិយោគរត់ចេញ។ តាមពិតអត់ទេ។ បើសិនជាយើងរក្សាអ្នកជំនាញបានល្អ និងកម្លាំងពលកម្មខ្លាំង ទើបជាការពេញចិត្តរបស់អ្នករកស៊ី»។
ចំណែកឯកម្មការិនី មុនី ស្រីមុំ អាយុ២២ឆ្នាំ បានប្រាប់ VOA ខេមរភាសាថា ប្រាក់ឈ្នួលទាបបានធ្វើឲ្យការរស់នៅរបស់នាងជួបប្រទះការលំបាក។ នាងបានមកធ្វើការនៅភ្នំពេញតាំងពីនាងនៅអាយុ១៥ឆ្នាំម្ល៉េះ។ សព្វថ្ងៃនាងធ្វើការនៅវេនយប់ ចាប់តាំងពីម៉ោង៧យប់ដល់៦ព្រឹក ហើយនាងអាចរកប្រាក់ចំណូលបានត្រឹមតែ៨ដុល្លារប៉ុណ្ណោះក្នុងមួយយប់។ នាងបានប្រាប់VOAខ្មែរថា៖ «កាលពីដំបូង លំបាកខ្លាំងណាស់ ក៏ប៉ុន្តែខ្ញុំធ្លាប់នឹងការងារនេះហើយ។ ប្រាក់ខែនៅតែចាយមិនគ្រប់គ្រាន់ ហើយខ្ញុំត្រូវចិញ្ចឹមគ្រួសាររបស់ខ្ញុំ ដែលពេលខ្លះខ្ញុំមានតែ៥០ដុល្លារប៉ុណ្ណោះសម្រាប់ឲ្យគាត់។ ខ្ញុំចង់ធ្វើចំណាកស្រុកដែរ តែខ្ញុំមិនស្គាល់គេ ហើយវាគ្រោះថា្នក់ផង»។