ប្រមុខការទូតកម្ពុជាគឺលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានត្រៀមថ្លែងសន្ទរកថាទៅ កាន់ប្រទេសជិត២០០ ក្នុងកិច្ចប្រជុំមហាសន្និបាតអ.ស.ប.នៅរសៀលថ្ងៃច័ន្ទទី២៩ខែកញ្ញាក្នុងបូរីញូវយ៉ក។ សេចក្តីថ្លែងការណ៍របស់លោក ហោ ណាំហុង កើតឡើងក្រោយពេលដែលកម្ពុជាបានបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតរយៈពេលជិតមួយឆ្នាំ។
សេចក្តីថ្លែងការណ៍នោះនឹងផ្តោតទៅលើបញ្ហាក្នុងប្រទេស បញ្ហាក្នុងតំបន់និងបញ្ហាអន្តរជាតិ សំខាន់ៗជាច្រើនដូចជាបញ្ហាប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS រដ្ឋឥស្លាម (Islamic State) ដែលកម្ពុជាបានប្តេជ្ញាចូលរួមគាំទ្រជាមួយនឹងសម្ព័ន្ធមិត្ត អន្តរជាតិ ដឹកនាំដោយសរអា បញ្ហាកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអសបដែលក្រុមប្រឹក្សានេះគួរ ត្រូវផ្តល់អំណាចដល់ប្រទេសជាសមាជិកទាំងអស់ បញ្ហាបម្រែបម្រួលអាកាសធាតុដែលលោកស្តីបន្ទោសទៅលើប្រទេសអភិវឌ្ឍដែល បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេនិងបញ្ហាមួយចំនួនទៀត។ លោកថ្លែងថា ការណ៍ដែលលោកនឹងធ្វើសេចក្តីថ្លែងការណ៍អំពីរឿងរ៉ាវអន្តរជាតិច្រើន ដោយសារកម្ពុជាមានសន្តិភាពពេញលេញនិងបានបញ្ចប់បញ្ហាវឹកវរនយោបាយ ហើយនឹងមិនមានអ្វីច្រើនត្រូវនិយាយ។
ថ្លែងប្រាប់វីអូអេក្នុងពេលកិច្ចសម្ភាសន៍កាលពីថ្ងៃសៅរ៍នៅឯ បូរីញូវយ៉ក លោក ហោ ណាំហុង បានថ្លែងពីបញ្ហាជាច្រើនទៀតដូចជាបញ្ហាបញ្ជូនជនភៀសខ្លួន ពីអូស្ត្រាលីមកកម្ពុជា បញ្ហា កាត់ទោសខ្មែរក្រហមដែលចំណាយលុយច្រើនតែដំណើរការយឺតយ៉ាវ ឬក៏មិនអាចមានជនជាប់ចោទទទួលរងការកាត់ទោស បញ្ហាអ៊ុយក្រែនដែលលោកបារម្ភពីសង្គ្រាមត្រជាក់ ដោយសារតែទណ្ឌកម្មលោកខាងលិចប្រឆាំងនឹងរុស្ស៉ី បញ្ហាសមុទ្រចិនខាងត្បូងដែលលោកចាត់ទុកថាជាបញ្ហាទ្វេភាគី ហើយគួរត្រូវយកសេចក្តីថ្លែងកាណ៍អាស៊ានឆ្នាំ២០០២ជាគោល ដើម្បីរកដំណោះស្រាយលើបញ្ហាទាមទារដែនអធិបតេយ្យរវាងសមាជិកអាស៊ាន និងចិន។
សូមប្រិយមិត្តស្តាប់និងទស្សនាបទសម្ភាសន៍វីអូអេទាំងស្រុងជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងក្នុងទំព័រនេះ។
Your browser doesn’t support HTML5