កម្ពុជា​បរាជ័យ​ក្នុងការ​សុំ​ឥណ្ឌូនេស៊ី​ឲ្យ​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ

លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំងថ្លែង​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី មូរ សុខហួរ​​បាន​បញ្ជាក់​ប្រាប់ VOA ថា​ លោក ហោ ណាំបូរ៉ា បាន​មក​​ប្រាប់​លោកស្រី​នៅ​មុន​ពេល​សន្និសីទ​សារព័ត៌មាន​ថា នឹង​មាន​ប៉ូលិស​កម្ពុជា​មក​ចាប់ដូច្នេះ​​លោកស្រី​មិន​ត្រូវ​ថ្លែង​អ្វី​ទេ។​

អ្នក​ការទូត​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​បាន​ជោគជ័យ​ក្នុង​ការទាមទារឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ខ្លួន​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង​និង​បាន​បរាជ័យ​ក្នុងការ​រារាំង​មិន​ឱ្យ​លោកស្រី​ថ្លែងពី​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី​បាន​ចូល​ទៅ​អន្តរាគមន៍​ដោយ​ផ្ទាល់​ខ្លួន​ដោយ​មិន​មាន​ការអញ្ជើញ​ដើម្បី​បញ្ឈប់​សន្និសីទ​សារព័ត៌មាន​នៅឯសណ្ឋាគារ ​JS. Luwansa នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​កាលពី​ថ្ងៃពុធ​ដែល​រៀបចំ​ឡើង​សម្រាប់​លោកស្រី មូរ សុខហួរ ដោយសារតែលោក​ចាត់​ទុកថា​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

លោកស្រី មូរ សុខហួរបាន​បញ្ជាក់​ប្រាប់ VOA ថា​ លោក ហោ ណាំបូរ៉ា បាន​មកប្រាប់​លោកស្រី​នៅ​មុន​ពេល​សន្និសីទ​សារព័ត៌មាន​ថា នឹង​មាន​ប៉ូលិស​កម្ពុជា​មក​ចាប់ដូច្នេះលោកស្រី​មិន​ត្រូវ​ថ្លែង​អ្វី​ទេ។​

លោកស្រី​មូរ សុខហួរបាន​បន្ថែមថា៖

«អ្វី​ដែល​ជា​បំណង​របស់​ឯកអគ្គរាជទូត​ពិតប្រាកដ​គឺ​គាត់​មិន​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​សន្និសីទ​កាសែត​លាត​ត្រដាង​ការពិត​។ នេះ​និយាយ​ឱ្យ​ខ្លី។ នេះ​គឺ​ជា​ការបន្ថោក​តម្លៃ​ខ្លួន​ឯង​ជា​តំណាង​នៃ​ប្រទេស​កម្ពុជា ជា​អគ្គរាជទូត​មក​សំឡុត​គេ​នៅ​ប្រទេស​គេ​ជា​ប្រទេស​អ្នកប្រជាធិបតេយ្យ មិន​ត្រឹមតែ​សំឡុតខ្ញុំ​ទេ​ គឺ​សំឡុត​ប្រធាន​អង្គការ​គេ​ទាំងមូល​នៅលើ​ទឹកដី​គេ​ហើយ​ដល់​គេ​សួរ​ថា​រំលោភ​ច្បាប់​អី​គាត់​ឆ្លើយ​លែង​ចេញ​តែម្តង‍»។​

សន្និសីទ​សារព័ត៌មាន​នេះ​ធ្វើ​ឡើង​នៅមុន​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោកស្រី មូរ សុខហួរ ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ខែ​វិច្ឆិកា​ខាងមុខ។​

វីដេអូ​ដែល​ផ្សាយ​តាម​សារព័ត៌មាន ​The Sydney Morning Herald បង្ហាញ​ឱ្យ​ឃើញ​ថា លោក ហោ ណាំបូរ៉ា​ បានឈរ​ពាំងមុខ​តុសន្និសីទ​ដែល​មាន​លោកស្រី មូរ សុខហួរ និងលោក​ដាម៉ាវ៉ាន់ ទ្រីវី​បូវូ សកម្មជន​សិទ្ធិ​មនុស្សឥណ្ឌូនេស៊ី កំពុង​អង្គុយ។ អ្នកការទូត​ខ្មែរ​រូប​នេះ​ក៏​បាន​ដើរ​ទៅ​មក​ក្នុង​បន្ទប់​នោះដោយ​គ្មាន​អ្នករំខាន។ លោក​ថែម​ទាំង​បាន​ស្រែក​គំហក​ឱ្យ​អ្នកសារព័ត៌មាន The Sydney Morning Herald ម្នាក់​ឱ្យ​«បិទមាត់‍»​នៅពេល​ដែល​អ្នកសារព័ត៌មាន​នោះ​ព្យាយាមសួរ​លោក។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ លោក​ឯកអគ្គរាជទូត​រូប​នេះ​បាន​បង្ហោះ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ហ្សាកាតា និង​រូបថត​របស់​លោក​ឈរ​កាន់​ក្បាលមេក្រូ នៅ​មុខ​អង្គសន្និសីទ​សារព័ត៌មាន​ដែល​មាន​រូប​លោកស្រី មូរ សុខហួរ​ ដោយ​មាន​សារអមថា៖ «ហ៊ាន​ចេញ​មុខ​ការពារ​កិត្តិយស​ជាតិ​គ្រប់​ពេល​វេលា‍»។

រី​ឯ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​វិញ ស្ថានទូត​កម្ពុជា​ហាក់​សម្តែង​ការខកចិត្ត​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​មិន​បាន​ចាត់វិធានការ​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ​តាម​ការស្នើ​សុំ​របស់​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បន្ថែម​ថា៖

«វាជារឿង​អកុសល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​សមាជិក​អាស៊ាន អនុញ្ញាត​ឱ្យ​លោកស្រី​មូរ សុខហួរ​ចូល​ប្រទេស​ឥណ្ឌូនេស៊ី​បើ​ទោះបី​ជា​មាន​ដីការ​ចាប់​ខ្លួន​ដោយ​សារតែ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បន្ថែមថា៖

«ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា សូម​ស្នើ​ឱ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ និង​នីរទេស​ទៅ​ប្រទេស​កម្ពុជា​ភ្លាមៗ​តាម​ស្មារតី​ពិតប្រាកដរបស់​អាស៊ាន‍»។​

លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី (ឆ្វេងទី១) រំខាន​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង (ស្តាំ) នៅ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​សមាជិក​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន។ ទន្ទឹម​នឹង​នេះ​ឥណ្ឌូនេស៊ី​ក៏​ជា​អតីត​សហប្រធាន​នៃ​កិច្ច​ប្រជុំ​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ផងដែរ ដែលកិច្ចព្រមព្រៀងនេះ​ធានា​ឱ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​និង​របប​នយោបាយ​ប្រជាធិបតេយ្យ​ពហុបក្ស។ ឥណ្ឌូនេស៊ី​ធ្លាប់​បាន​ដើរ​តួនាទី​សម្របសម្រួល​នៅ​ពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ​កាលពីឆ្នាំ២០០៨​និង​បាន​ដើរ​តួនាទី​សម្រប​សម្រួល​ម្តង​ទៀត​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ានក្នុងឆ្នាំ​២០១២ ​ហើយ​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន​ដោយ​សារតែ​កម្ពុជា​គាំទ្រ​ប្រទេស​ចិន។

ការអុកឡុក​រំខាន​បង្ករ​ឡើង​ដោយ​លោក ហោ ណាំបូរ៉ា​ កើតឡើង​មួយថ្ងៃក្រោយពី​លោកតវ៉ា​មិនបានជោគជ័យ​ជំទាស់នឹង​មូលនិធិ​គូរ៉ាវ៉ាល់​ ដែល​បាន​រៀបចំ​កម្មវិធី​ពិភាក្សា​ទទួល​លោកស្រី​មូរ សុខហួរ​ក្នុង​ទីក្រុង​ហ្សាកាតា។​ នៅ​ក្នុង​លិខិត​«បន្ទាន់មួយ‍» ​កាលពីថ្ងៃ​អង្គារផ្ញើ​ទៅ​លោក​ដាម៉ាវ៉ាន់ ទ្រីវី​បូវូ ប្រធាន​គណៈគ្រប់គ្រង​មូលនិធិ​គូរ៉ា​វ៉ាល់​ លោក​ហោ ណាំបូរ៉ា ​បានបញ្ជាក់​ថា​ការអញ្ជើញ​លោកស្រី​មូរ សុខហួរ​ទៅ​ចូលរួម​កម្មវិធីពិភាក្សា​គឺ«មិនសមស្រប​ទេ‍»​ហើយ​ជា​«កំហុស​ដ៏ធំ​មួយ​‍»។ ​លោក​ហោ ណាំបូរ៉ា​ថែម​ទាំង​ចោទ​មូលនិធិ​នេះ​ថា​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​ដែល​អង្គការ​នេះចោទ​ថា​កម្ពុជា​គឺ​ជា​«របបផ្តាច់ការ​ដឹកនាំ​ដោយ​បក្ស​តែមួយ‍»។​

លោក​ថេតឌី បាគីឡាត អតីត​អ្នកតំណាងរាស្រ្ត​ហ្វីលីពីននិង​ជាសមាជិកក្រុមប្រឹក្សា​នៃ​អ្នកតំណាង​រាស្រ្ត​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​ហៅទង្វើ​របស់អ្នកការទូត​កម្ពុជា​រូប​នេះ​ថា​កំពុង​តែ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​នូវ​តាក់តិច​គាបសង្កត់​និង​គ្មាន​ការសណ្តោស​ប្រណី។

លោក​បាន​បន្ថែម​ទៀត​ថា៖

«មេដឹកនាំ​អាស៊ាន​គួរតែ​ឈរ​ឱ្យ​បាន​រឹងមាំ​និង​ធានា​ថា​ពួកគេ​មិន​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ជំនួស​មុខ​ឱ្យ​ប្រទេស​ណាមួយ​ទេ‍»។

លោក​បាគីឡាត បន្ថែម​ថា​អន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជាគឺ​ជាការគូសបញ្ជាក់ពី​ទំហំ​ដ៏ធំ​ដែល​អាជ្ញាធរ​កម្ពុជា​មានចេតនា​ក្នុងការ​រារាំង​ការពិភាក្សា​ណាមួយ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​

ស្ថានភាពសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​បាន​ធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងរយៈពេល​ជាង​២ឆ្នាំ​ចុងក្រោយនេះ​បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែន​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ បង្ក្រាបលើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​អង្កការ​សង្គម​ស៊ីវិល។

លោកស្រី​មូរ សុខហួរ​និង​ថ្នាក់ដឹកនាំ​៨​នាក់​ទៀត​នៃ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​អាជ្ញាធរ​កម្ពុជា​តាម​រក​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែន។

នៅក្នុង​ព្រឹត្តិការណ៍​ដោយឡែក​មួយ​ទៀត​គឺ​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​មិន​អនុញ្ញាតឲ្យ ​លោក សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​ចូល​មក​កម្ពុជា​ទេ។ លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ​របស់​អាមេរិកាំង​ថា​ លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​គោលជំហរ​របស់​រដ្ឋាភិបាល​ថៃ​ហើយ​ថា​លោក​នឹង​«​មិន​ចុះចាញ់​នោះ​ទេ‍»​គឺ​លោក​«​នឹង​ព្យាយាម​រហូត​ដល់​នាទី​ចុងក្រោយ‍»។

លោក​សម រង្ស៊ី​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​គួរ​គាំទ្រ​លោក ហ៊ុន សែន នោះ​ទេ។ លោក​គឺ​ជា​មេដឹកនាំ​ផ្ដាច់ការ‍»។

លោក​ថេតឌី បាគីឡាត​បានហៅ​ការសម្រេចចិត្ត​របស់​មេដឹកនាំ​ថៃគឺ​លោក​នាយករដ្ឋ​មន្ត្រី​ប្រាយុទ្ធ​ ចាន់អូចា ​ថា​ជា​ការ«គួរឱ្យ​ខឹង​សម្បារ‍»​និងបានចាត់ទុក​ថា​នោះ​គឺជា​ចេតនា​នយោបាយក្នុង​ការបំបាត់​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។ ​

លោក​ សម រង្ស៊ី ​គ្រោង​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស ​ប្រទេសបារាំង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧​ ខែវិច្ឆិកា​នេះ​ ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ថ្ងៃសុក្រ ដើម្បី​ត្រៀម​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត នៅ​ថ្ងៃ​សៅរ៍៕