ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលត្រៀមកម្លាំងចម្រុះនៅតាមព្រំដែនដើម្បីទប់ទល់ការមកដល់របស់លោក សម រង្ស៊ី


កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

រដ្ឋាភិបាលបានត្រៀមកម្លាំងចម្រុះរាប់ពាន់នាក់នៅតាមច្រកព្រំដែននិងច្រកតូចៗផ្សេងទៀត។ នៅច្រកទ្វារព្រំដែន ជាំស្រងាំ ខេត្តឧត្តរមានជ័យ មានការត្រៀមកម្លាំងចម្រុះរួចជាស្រេច។

កម្លាំង​ចម្រុះ​បាន​ចាប់​ផ្តើម​យាមកាម​នៅ​ទីតាំង​ក្បែរ​ព្រំដែន​ប្រទេសថៃនិង​ច្រក​ព្រំដែន​តូចៗ ក៏​ដូចជា​ខ្សែ​បន្ទាត់​ព្រំដែន​នានា​ ដើម្បី​ត្រៀមទប់​ទល់​នឹង​ការ​មក​ដល់​របស់​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង មន្រ្តី​ជាន់​ខ្ពស់​របស់គណបក្សនិង​អ្នក​គាំទ្រ។

នៅ​តាម​ព្រំដែន ដូច​ជា​នៅ​ច្រកជាំ​ស្រងាំ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ ក្បែរ​ផ្នូរ​ប៉ុល ពត ​តាម​ភ្នំ​ដងរ៉ែក កម្លាំង​ចម្រុះ​ប្រហែល​១០០នាក់ រួម​មាន​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន បាន​ឈរ​ជើង​នៅ​ទីនោះ​រួច​ជា​ស្រេច។ ចំណែក​នៅ​តាម​ព្រៃ ដែល​អាច​ឆ្លង​កាត់​បាន ក៏​ត្រូវបាន​យាមកាម​ផង​ដែរ។

កាល​ពី​ថ្ងៃ​អាទិត្យទាហាន​ម្នាក់​ដែល​ដឹង​អំពីការរៀបចំ​កម្លាំង​ត្រៀម​ទប់​ស្កាត់​ការ​វិល​ត្រឡប់​របស់លោក សម រង្ស៊ី បាន​ប្រាប់​VOA​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​ខ្លាច​ប្រធាន​ផ្នែក​របស់​លោក​ដឹង​នោះ​បាន​មាន​ប្រសាសន៍​ថា​កម្លាំង​ចម្រុះ​ទាំងអស់​ ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រៀម​ខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង តាំង​ពី​ដើម​ខែ​វិច្ឆិកា នៅ​តាម​ច្រក​ព្រំដែន​ធំ​ តូច​និង​ខ្សែ​ព្រំដែន​ទាំងអស់ ក្នុង​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ និង​បាត់ដំបង។ លោក​បញ្ជាក់​ថា​ ការ​ត្រៀមកម្លាំង​នេះ គឺ​ដើម្បី​ទប់​ស្កាត់លោក សម រង្ស៊ី និង​អ្នកគាំទ្រ ដែល​អាច​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ពី​ប្រទេស​ថៃ។

អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ថ្លែង​ប្រាប់​VOAថា​ កម្លាំង​ចម្រុះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​តាម​ព្រំដែន​ទាំងអស់ ដើម្បី​ប្រឆាំង​នឹង​ការ​មក​ដល់​របស់​លោក សម រង្ស៊ី។ លោក​បាន​ចាត់ទុកក្រុម​របស់លោក​ សម រង្ស៊ី ជា​«ក្រុមឧទ្ទាម​និង​ក្រុម​ភេរវករ» ដែល​លោក​ថា​អាច​បង្ក​ចលាចល​និង​អសន្តិសុខ​ក្នុង​ប្រទេស។

លោក​ ឈុំ សុជាត បាន​ថ្លែង​ថា៖

«ភារកិច្ច​របស់​យើង​ គឺ​ថា​យើង​បាន​ទទួល​បទ​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួង​ការពារ​ជាតិ ក្រសួងមហាផ្ទៃ​អស់​ហើយ។ យើង​មិន​ឲ្យ​ពួក​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​សម រង្ស៊ី និង​បក្ខ​ពួក​របស់​ខ្លួន ប្រើប្រាស់​ច្រកទ្វារ​ព្រំដែន ឬ​ច្រក​ល្បៀង ធ្វើ​ការ​អុក​ឡុក ឬ​បញ្ជូន​កម្លាំង​ដើម្បី​ធ្វើ​វិទ្ធង្សនា​ ភេរវកម្ម​នៅ​តាម​ព្រំដែន គឺ​យើង​ដាច់​ខាត​មិន​ឲ្យ​មាន​ទេ»។

នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​មាន​ការ​រៀបចំ​កម្លាំង​ចម្រុះ​ការពារ និង​មាន​ការ​ដាក់​លួសបន្លា​នៅ​តាម​ទីតាំង​មួយ​ចំនួន ដើម្បី​កុំឲ្យ​មាន​ការ​ឆ្លង​កាត់បាន។

កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្សសង្រ្គោះជាតិ បាន​ថ្លែង​ថា​ការ​ដាក់​កម្លាំងចម្រុះ​នេះ គ្រាន់​តែ​ជារូបភាព​នៃ​ការ​បំភិតបំភ័យ​តែ​ប៉ុណ្ណោះ ហើយ​លោក​ថា​ការ​បាញ់​ប្រហារ​លើ​អ្នកគាំទ្រ​នឹង​មិន​អាច​មាន​នោះ​ទេ។ លោក​បន្តថា​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​កំពុង​រិះរក​វិធី​ធ្វើ​យ៉ាង​ម៉េច​ចូល​មក​ប្រទេស​កម្ពុជា​ឲ្យ​បាននៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា។

លោក អេង ឆៃអ៊ាង បន្ត​ថា​គណបក្ស​សង្រ្គោះ​ជាតិ​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពីនាំ​គ្នាចូល​ទៅ​ក្នុង​ប្រទេស ដើម្បី​ទាមទារ​សេរីភាព​របស់​ខ្លួន​មក​វិញ។

លោក​បាន​ថ្លែង​ប្រាប់​VOAនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖

«យើង​គឺ​អស់​ជម្រើស​។ យើង​អត់​មាន​ជម្រើស​អី​ក្រៅ​ពី​ហ្នឹង​ទៀត​ទេ។ យើង​មាន​តែ​ប្រើប្រាស់​អំណាច​ប្រជា​ពលរដ្ឋ ឲ្យ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ តាមរយ​:​ការ​ក្រោក​ឡើង​សម្តែង​មតិ»។

ប្រទេស​ថៃ​អាច​ជា​ទីតាំង​មួយ​ដែល​កម្លាំង​របស់​លោក​ សម រង្ស៊ី អាច​ឆ្លង​កាត់​មក​កម្ពុជា។ ប៉ុន្តែ​កាល​ពីថ្ងៃទី​២០ ​ខែតុលា លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ត្រូវ​បាន​អាជ្ញាធរ​ថៃហាម​មិន​ឲ្យចូល​ក្នុង​ប្រទេស​ថៃ ពេលដែល​លោក​ស្រី​មក​ដល់​ព្រលាន​យន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃ។ ការ​រារាំង​នេះ​ទំនង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ទប់​ស្កាត់​និង​ចាប់​ខ្លួន​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ។​

មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្សសង្រ្គោះ​ជាតិ កំពុង​តែ​ស្វែងរក​ដំណោះស្រាយ​ណា​មួយ ដើម្បី​ឲ្យ​ខ្លួន​អាច​ឆ្លងកាត់​ប្រទេស​ថៃ​ទៅ​ប្រទេស​កម្ពុជា​បាន ដោយ​ពុំ​មាន​ការ​ចាប់​ខ្លួន ឬ​រារាំង។

លោក Phil Robertson នាយក​រង​អង្គការ​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​ប្រាប់​VOA​ថា៖ «ថៃ​មិន​ចង់​ពាក់​ព័ន្ធ​កាន់​តែ​ជ្រៅ​ក្នុង​ជម្លោះ​រវាង​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​និង​រដ្ឋាភិបាល​កម្ពុជា»។

លោក​បាន​ប្រាប់​VOA​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា ប្រសិន​បើ​ប្រទេស​ថៃ​ហ៊ាន​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង រដ្ឋាភិបាល​ក្រុង​បាងកក​នឹង​ប្រឈម​នឹង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរ​ជាតិ។

រដ្ឋាភិបាល​កម្ពុជាក៏​បាន​ហាមមិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​ដឹក​លោក សម រង្ស៊ី និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ចូល​ក្នុងប្រទេស​កម្ពុជា​ផង​ដែរ។ នេះ​បើ​យោង​តាម​លោក ជា អូន អ្នក​នាំពាក្យ​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

អាជ្ញាធរ​កម្ពុជា​កំពុង​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ក្នុង​បទល្មើស​ដែល រួម​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល និង​ការ​ញុះញង់​ជាដើម។ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៥០​នាក់ ត្រូវ​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ថា «រួម​គំនិត​ក្បត់» ជាមួយ​លោក សម រង្ស៊ី ក្នុង​គម្រោង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក​បណ្ឌិត​ អៀ សុផល​ ​សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ ​Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា ​ការ​រៀបចំ​កម្លាំង​ចម្រុះ​នេះ គឺ​បង្ហាញ​ថា៖

«ពួកគេ[រដ្ឋាភិបាល​កម្ពុជា]​ពិត​ជា​ព្រួយ​បារម្ភ​ថា ​អ្វីៗ​អាច​កើត​ឡើង​ប្រឆាំង​នឹង​ពួកគេ​ ហើយ​ពួកគេ​កំពុង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ត្រៀម​ទុក​ជាមុន ដើម្បី​ការពារ​មិន​ឲ្យ​ក្រុម​ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ក្រុម​ឧទ្ទាម ​ចូលមក»។

លោក​បន្ថែម​ថា គ្រោះថា្នក់​គឺ​ថា​សហគមន៍​អន្តរជាតិ​កំពុង​មើល​មក​កម្ពុជា ហើយ «ដូច្នេះ​ហើយ​វា​មិន​ងាយ​ស្រួលក្នុង​ការ​សម្លាប់ ដោយ​គ្មាន​នរណា​ឃើញ​នោះ​ទេ»។

លោក​មាន​ប្រសាសន៍​ថា​ ការសម្រប​សម្រួល​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍អន្តរជាតិ​ ជា​ពិសេស​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប ហៅ​កាត់​ថាEBA៕

XS
SM
MD
LG