កម្ពុជា​កំពុង​សហការ​ជាមួយ​ថៃ​ជុំវិញ​ការព្រួយ​បារម្ភ​អំពី​ការបណ្តេញ​ពលករ​បរទេស

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​ជា​ពលករ​ចំណាកស្រុក​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កំពុង​រាំ​កំសាន្ត​​ក្នុង​ពេល​​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​ស៊ីសុដារ៉ាម ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ណែនាំ​ទៅ​ក្រសួង​ការងារ​កម្ពុជា​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​គោល​នយោបាយ​ថៃ ​ដែល​លោក​ថា ​ចង់​បណ្តេញ​ពលករ​កម្ពុជា ​និង​ឡាវ​ចេញ​ពី​ប្រទេស ​ដែល​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ថ្មី។​

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារ​កម្ពុជា​ឱ្យដឹង​ថា​ ក្រសួងកំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយរដ្ឋា​ភិបាល​ថៃ​លើ​បញ្ហា​នេះ។​

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយកម្មករ​ក្នុង​ខេត្ត​កណ្ដាល ​កាល​ពី​ថ្ងៃ​ទី៣ ​ខែ​មិថុនា ​ឆ្នាំ​២០២៣ ​លោក ​ហ៊ុន សែន ​ថ្លែង​ថា​ បើ​ទោះបី​ថៃមិន​ទាន់​ប្រកាស​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​ជា​ផ្លូវ​ការ​ក៏​ដោយ​ ប៉ុន្តែ​មាន​ការគំរាម​បណ្តេញ​ពលករ​កម្ពុជា​ និង​ឡាវ​ចេញ​ពី​ប្រទេស​ថៃ។ ​លោក​បន្ត​ថា​ គោល​នយោបាយ​នេះ​មិន​ត្រឹម​តែ​ប៉ះ​ពាល់ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ទី​នោះ​ទេ ​ ប៉ុន្តែ​វា​ថែម​ទាំង​អាចបង្កនូវ​ការ​ខូត​ខាត​ដល់​ក្រុម​ហ៊ុន​ថៃ ​ដែល​កំពុង​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស។​

លោក​ថ្លែង​ថា៖ ​«មិន​ទាន់​បាន​អី​ផង ​នៅ​ក្នុង​ប្រទេស​ថៃ ​បាន​គំរាម​បណ្តេញ​ចេញ​នូវ​កម្មករ​កម្ពុជា ​និង​កម្មករ​ឡាវ​ទៅ​ហើយ។ ​ខ្ញុំ​គ្រាន់តែ​ផ្តាំ​ទៅ​ថា​ អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ប្រទេស​ថៃ ​ខ្ញុំមិន​ជ្រៀត​ជ្រែក​នយោបាយ​របស់​អ្នក​ទេ ​ក៏​ប៉ុន្តែ​សង្ឃឹម​ថា​ អ្នក​នឹង​មើល​ឱ្យ​ឆ្ងាយ​ជាងប្រទេស​ថៃ ​ហើយ​អ្នក​ជា​អ្នក​ឈ្នះ​ឆ្នោត ​ក៏​ប៉ុន្តែ​មិន​ប្រាកដ​ថា​ អ្នក​ក្លាយ​ទៅជា​នាយក​រដ្ឋ​មន្ត្រី ​និង​បង្កើត​រដ្ឋា​ភិបាល​បាន​ទេ។ ​ប៉ុន្តែ​អ្នក​បាន​ដាក់​ចេញ​នូវ​នយោបាយ​មួយ​ ដែល​វា​បង្ក​នូវគ្រោះ​ថ្នាក់​ មិន​មែន​គ្រាន់​តែ​សេដ្ឋ​កិច្ច​ គ្រាន់​តែ​ពលករ​កម្ពុជា​ និង​ពលករ​ឡាវ​ទេ ​តែ​វា​ខូត​ខាត​សហ​គ្រាស​របស់​ថៃ​ ដែល​កំពុង​ប្រើ​ប្រាស់​ពលករ​ទៅ​ពី​កម្ពុជា ​មក​ពី​ឡាវ​ ហើយ​មក​ពី​មីយ៉ាម៉ា​ផង​ដែរ»។​

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា​ ​បើ​នោះ​ជា​គោល​នយោបាយ​ថៃ​មែន ​វា​នឹង​មិន​ទទួល​បាន​ការ​គាំទ្រពី​ប្រទេស​ជិត​ខាង ដូច​ជា​កម្ពុជា ​និង​ឡាវ​ឡើយ។​

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារកម្ពុជា​អះអាង​ថា​ ក្រសួង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​សហការ​ជាមួយ​ក្រសួង​ការងារ​ថៃ ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ។​

លោក ​ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ប្រាប់វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ជា​អក្សរ​ នៅ​ថ្ងៃ​ចន្ទ​ថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រាជ​រដ្ឋាភិបាល​ថៃ។ ​អ្វី​ដែល​ជា​ផែន​ការ ​ឬ​គោល​នយោបាយ​របស់​ថៃ ​គឺ​ក្រសួង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​និង​សហការ​ជាមួយ​ក្រសួង​ការងារ​ថៃ ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ថៃ។ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​គោល​នយោបាយ​របស់​ថៃ​មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ»។​

បើ​តាម​លោក ​ហេង សួរ ​គិត​ត្រឹម​ខែ​ឧសភា​ ឆ្នាំ​២០២៣ ​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ ​និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​១​លាន​២​សែន​នាក់ ​ក្នុង​នោះ​ស្រ្តី​មាន​ជិត​៥០​ម៉ឺន​នាក់។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជា​ក់​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​
ប្រទេស​ថៃ​ទើប​តែ​បញ្ចប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ថ្មី​របស់​ខ្លួន​ កាល​ពីពាក់​កណ្តាលខែ​ឧសភា​ ឆ្នាំ​២០២៣។ ​គណបក្ស Move Forward ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ ​ដោយ​ទទួល​បាន​សំឡេង១៥១​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ចំនួន​៥០០​នៅ​ក្នុង​សភា​ជាន់​ទាប។​ គណ​បក្ស​ Pheu Thai ​ដែល​ដឹកនាំ​ដោយកូន​ស្រី​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី ​Thaksin Shinawatra ទទួល​បាន​១៤១​អាសនៈ។

ការ​ប្រកាសនាយក​រដ្ឋ​មន្ត្រី​ថៃជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ ដែល​ត្រូវ​ការ​៣៧៦​សំឡេង ​ទើប​អាច​បង្កើត​រដ្ឋាភិបាលបាន។​

លោក ​ឌី ថេហូយ៉ា ​ប្រធាន​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ ​(CENTRAL) ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​លោក​មិន​ទាន់ជឿ​ថា​ ប្រទេស​ថៃ​អនុវត្ត​គោល​នយោបាយដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​លើក​ឡើង​ទេ ​ព្រោះថា ​ប្រទេស​ថៃ​ក៏​នៅ​ត្រូវ​ការកម្លាំង​ពល​កម្ម​ពី​បរ​ទេស​ ដែល​រួម​មានកម្ពុជា ​ឡាវ វៀតណាម ​និង​ភូមា។ ​ប៉ុន្តែលោក​ថា ​បើ​សិន​ជា​ប្រទេស​ថៃបញ្ជូនពលករ​កម្ពុជា​មក​វិញ​មែន ​ នោះ​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ទទួល​ខុស​ត្រូវ ដោយ​បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​យ៉ាង​ណា​ក្តី ​បើ​សិន​ជា​មាន​ការបញ្ជូន​[ពលករ​កម្ពុជា]​មក​វិញ ​អ៊ីចឹង​មែន​ក៏​ជា​ភារ​កិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុស​ត្រូវ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង ​តាម​រយៈ​ការបង្កើត​ការងារ​ក្នុង​ស្រុកឱ្យ​គាត់ ​[ពលរដ្ឋ​] ​ធ្វើ ដើម្បី​ទទួល​បា​នប្រាក់​ចំណូល​ និង​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូល​រួម​ចំណែកសេដ្ឋ​កិច្ច​ជាតិ​ដែរ»។​

បើ​តាម​លោក ​ឌី ថេហូយ៉ា ​ពលករ​ខ្មែរ​ដែល​កំពុង​រស់​នៅ​និង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ជាង​២​លាន​២​សែន​នាក់។ ​ក្នុង​នោះពលករ​ខ្មែរដែល​ប្រើ​ប្រាស់​ឯកសារ​ហួស​សុពល​ភាព​មានប្រមាណ​៣០​ទៅ​៤០​ភាគ​រយ​ ដែល​កើត​ឡើង​ ដោយ​សារ​បញ្ហា​កូវីដ​១៩ ​និង​ការ​ស្នើ​សុំ​ឯកសារ​នៅ​មាន​ភាព​ស្មុគ​ស្មាញ។ ​លោក​ជំរុញឱ្យរដ្ឋាភិបាល​កម្ពុជា​និង​ថៃ​គួរ​តែ​ធ្វើ​គោល​នយោបាយ​មួយ ​ដោយ​តម្រូវ​ឱ្យ​ថៅ​កែ​ថៃ​ជា​អ្នក​រៀបចំ​ឯកសារ​ ​និង​ចេញ​ថ្លៃ​ឯកសារ​នោះ​សម្រាប់ពលករ​ខ្មែរ។​

បន្ថែម​ពី​នេះ ​លោក​ក៏​ជំរុញឱ្យ​រដ្ឋាភិបាល​កម្ពុជា​កំណត់​តម្លៃ​ទាប​បំផុត​រាល់​ការ​ធ្វើ​ឯកសារ​ចេញ​ពី​កម្ពុជា ​និង​ត្រូវ​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ឯក​សារ​ទាំង​នោះ​ផង​ដែរ៕