ប៉ូលិសថៃបានធ្វើការចាប់ខ្លួនដ៏កម្រនូវអ្នកនយោបាយនៅមូលដ្ឋានម្នាក់ ជាមួយនឹងមនុស្ស៦នាក់ផ្សេងទៀត ដោយសារតែការជាប់សង្ស័យអំពីការជួញដូរជនចំណាកស្រុកពីប្រទេសមីយ៉ានម៉ានៅលើកប៉ាល់នេសាទ និងបង្ខំពួកគេឱ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល។
ការចាប់ខ្លួននៅថ្ងៃទី១៥ ខែធ្នូដោយនាយកដ្ឋានស៊ើបអង្កេតពិសេសនៃក្រសួងយុត្តិធម៌ថៃធ្វើឡើងនៅពេលដែលប្រទេសនេះព្យាយាមបោសសម្អាតសង្វាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញនៅក្នុងវិស័យអាហារគ្រឿងសមុទ្រដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
វិស័យនេសាទថៃបានត្រូវរង្គោះរង្គើរនៅឆ្នាំ២០១៦ នៅពេលដែលការស៊ើបអង្កេតមួយដោយទីភ្នាក់ងារព័ត៌មានAssociated Press ដែលទទួលបានពានរង្វាន់ Pulitzer បានរកឃើញពីបញ្ហាទាសភាព និងការរំលោភបំពានពលកម្មលើជនចំណាកស្រុកដែលមាននៅក្នុងវិស័យអាហារសមុទ្រថៃ ដែលជាវិស័យធំបំផុតលំដាប់ទី៧នៅក្នុងពិភពលោក ហើយដែលផ្គត់ផ្គង់ត្រីធូណា បង្គង និងចំណីអាហារសម្រាប់សត្វចិញ្ចឹមទៅកាន់ផ្សារទំនើបនៅទូទាំងពិភពលោក។
ការបកអាក្រាតនេះបានធ្វើឱ្យសហភាពអឺរ៉ុបភ្លាមៗបានគំរាមដាក់បម្រាមដែលអាចធ្វើឲ្យខាតបង់ខ្លាំងលើត្រីដែលនាំចូលមកពីប្រទេសថៃ និងធ្វើឱ្យមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ដែលបានធ្វើឱ្យអាប់ឱនកេរ្តិ៍ឈ្មោះនៃផលិតផលអាហារសមុទ្រដែលមានស្លាក «ផលិតនៅក្នុងប្រទេសថៃ»។
អាជ្ញាធរថៃបានព្យាយាមបោសសម្អាតវិស័យនេះ ដែលបង្កបញ្ហាដោយអន្តរការីឈ្មួញកណ្តាលនិងបុគ្គលមានឥទ្ធិពលក្នុងមូលដ្ឋានដ៏អាថ៌កំបាំង ដែលគ្របដណ្តប់លើកំពង់ផែនិងជម្រិតយកប្រាក់ចំណេញពីពលកម្មដែលត្រូវជួញដូរ មិនមានបើកប្រាក់ឈ្នួលឱ្យកម្មករ និងមានជាប់ជំពាក់បំណុល។ សហភាពអឺរ៉ុបបានលុបចោលការគំរាមរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។
ការវាយឆ្មក់កាលពីព្រឹកព្រលឹមនៅថ្ងៃទី១៥ ខែធ្នូ ដោយប៉ូលិសប្រដាប់ដោយអាវុធនៅផែ Si Chon នៅខេត្ត Nakhon Si Thammarat នៅភាគខាងត្បូងនៃប្រទេសជាប់ឈូងសមុទ្រថៃ បាននាំដល់ការចាប់ខ្លួនមនុស្ស៧នាក់រួមទាំងអភិបាលរងក្រុងនៅក្នុងខេត្តមួយ មេការទូកម្នាក់និងឈ្មួញកណ្តាលម្នាក់។
ប៉ូលិសបាននិយាយថា ជនដែលត្រូវបានឃាត់ខ្លួនត្រូវបានចោទប្រកាន់ពីការជួញដូរពលករមីយ៉ាន់ម៉ា៥ នាក់ បន្ទាប់ពីរៀបផែនការឱ្យពលករទាំងនោះធ្លាក់ក្នុងអន្ទាក់បំណុល ដោយទាក់ទាញឱ្យពួកគេមកធ្វើការនៅលើទូក ដោយផ្តល់ប្រាក់ជាមុន ហើយក្រោយមកប្រែទៅជាប្រាក់កម្ចី ដែលត្រូវធ្វើការងារដើម្បីសងបំណុលវិញ។
អគ្គស្នងការរងនៃកងកម្លាំងប៉ូលិសថៃ នាយឧត្តមសេនីយ៍ទោ Jaruwat Waisaya បានថ្លែងក្នុងន័យដើមថា៖ «បន្ទាប់ពីពួកគេប្រមូលយកទិន្នផលត្រីដែលរកបានហើយ ពួកគេកេងចំណេញពីពលករទាំងនោះ។ គោលបំណងគឺត្រូវធ្វើឱ្យពលករទាំងនោះធ្លាក់ក្នុងវដ្តនៃបំណុល ដែលពួកគេត្រូវធ្វើការដើម្បីសង»។ លោកមិនបានបង្ហាញឈ្មោះជនសង្ស័យនោះទេ។
រូបភាពដែលត្រូវបានចែកចាយដល់ VOA បង្ហាញពីបុរសដែលត្រូវបានចាប់ខ្លួនម្នាក់កំពុងអង្គុយនៅលើគ្រែរបស់លោកដោយមានកាំភ្លើងខ្លីមួយចំនួននៅក្បែរ ដែលជាសញ្ញាប្រាប់ថា មានគ្រោះថ្នាក់នៅក្នុង និងនៅជុំវិញកំពង់ផែរបស់ថៃ។នៅទីនេះប្រាក់ចំណេញជាច្រើនត្រូវបានគេរកបានពីការកេងប្រវ័ញ្ចពីកម្លាំងពលកម្មថោកៗ។
លោក Jaruwat បានព្រមានថា៖ «កុំគិតថាយើងមិនដឹងថា អ្នកធ្វើអ្វី។ យើងនឹងបន្តនាំខ្លួនជនល្មើសមកទទួលទោស ដើម្បីធ្វើឱ្យប្រទេសថៃមិនមានការជួញដូរមនុស្ស និងមិនមានការកេងប្រវ័ញ្ចពលកម្មដ៏អាក្រក់នេះ»។
ប្រភពពីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ VOA ថា ការចាប់ខ្លួនមន្ត្រីមូលដ្ឋានម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា បានដើរតួដ៏សំខាន់នៅក្នុងរំលោភបំពានពលកម្មនៅកំពង់ផែ ដែលមានតាំងពីប៉ុន្មានឆ្នាំមុនមានន័យថា ជាសញ្ញាព្រមានដល់អ្នកផ្សេងទៀតដែលតួនាទីរបស់ពួកគេអាចឱ្យពួកគេគេចផុតពីការកាត់ទោស។
ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះនេះបានថ្លែងក្នុងន័យដើមថា៖ «យើងចង់ផ្តល់ឧទាហរណ៍ពីករណីដែលអ្នកនយោបាយមូលដ្ឋានពាក់ព័ន្ធនៅក្នុងបទល្មើស ដោយសារតែការដាក់ទោសនឹងធ្ងន់ធ្ងរជាងការដាក់ទោសសម្រាប់មនុស្សធម្មតា»។
ប្រសិនបើត្រូវបានរកឃើញថាមានទោស អ្នកនយោបាយនោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ៦០ ឆ្នាំ ដែលចំនួននេះលើសពីការជាប់ពន្ធនាគារអតិបរមារបស់មនុស្សធម្មតា៣ដង។
ការចាប់ខ្លួននេះជាការបង្ហាញដ៏កម្រមួយអំពីពីរចនាសម្ព័ន្ធអំណាចដែលគ្រប់គ្រងក៏លាក់កំបាំងនៅកំពង់ផែដ៏អាក្រក់នានារបស់ថៃ។នេះជាកន្លែងដែលសកម្មជននិយាយថាប្រតិបត្តិករទូកទុច្ចរិតបានសូកប៉ាន់ច្រើនដំណាក់កាលដើម្បីបិទបាំងអត្តសញ្ញាណរបស់បុគ្គលិកនៅលើទូក ចំនួនផលនេសាទដែលរកបាន និងកម្មសិទ្ធិកប៉ាល់ពិតប្រាកដ។ ជាធម្មតា មានតែឈ្មួញកណ្តាលថ្នាក់ទាប ឬមេការទូកប៉ុណ្ណោះត្រូវបានចាប់ខ្លួនក្នុងករណីរំលោភបំពានពលកម្ម និងការជួញដូរមនុស្ស។
ប្រភពប៉ូលិសបានបន្ថែមថា៖ «វាជាស្ថានភាពស៊ុត និងកូនមាន់។ តើមនុស្សទាំងនេះជាអ្នកជំនួញ មុនពេលពួកគេក្លាយជាអ្នកនយោបាយ ឬក៏ជាអ្នកនយោបាយ មុននឹងក្លាយជាអ្នកជំនួញ?»។
ចាប់ខ្ញុំទៅប្រសិនបើអ្នកអាច
ខេត្តNakon Si Thammarat ដែលមានឆ្នេរប្រវែង២២៥ គ.ម.រកផលនេសាទបាន១១៥.២៧៤ តោននៅក្នុងឆ្នាំ២០១៩ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានជលផលថៃ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគ្រប់គ្រងវិស័យនេះ ដែលសម្បូរទៅដោយអ្នកធ្វើការជាជនចំណាកស្រុកមកពីមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដែលប្រទេសទាំងអស់នេះមានព្រំដែនធូររលុងជាមួយប្រទេសថៃ។
វិធានការទាំងនេះរួមមានការចុះបញ្ជីពលករ ការតាមដានទូកនិងផលនេសាទដោយប្រើប្រាស់កុំព្យូទ័រ និងពិនិត្យចុះពិនិត្យមើលមេការនិងបុគ្គលិកនៅលើទូក។
ក្រុមហ៊ុនអាហារសមុទ្រធំបំផុតរបស់ថៃគឺក្រុមហ៊ុន Thai Union ដែលលក់ចេញត្រីធូណាដែលមានម៉ាកឈ្មោះថា «Chicken of the Sea» ទៅក្នុងទីផ្សារ។ ក្រុមហ៊ុននេះបានព្យាយាមលុបបំបាត់ការកេងប្រវ័ញ្ចនៅក្នុងសង្វាក់ដ៏វែងអន្លាយរបស់ខ្លួន មួយផ្នែកតាមរយៈការជ្រើសរើសពលកររបស់ពួកគេដោយផ្ទាល់មកពីមីយ៉ាន់ម៉ា។
ការធ្វើបែបនេះបានទទួលការសាទរពីអង្គការសិទ្ធិការងារនោះ។
លោក Andrew Wasuwongse នៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានបេសកកម្មបញ្ចប់អំពើទាសភាពនៅក្នុងវិស័យអាហារសមុទ្របាននិយាយក្នុងន័យដើមថា៖ «ចន្លោះប្រយោងនៅតែមាន ប៉ុន្តែតាមរយៈបទពិសោធន៍របស់យើងធ្វើការជាមួយនឹងដៃគូរដ្ឋាភិបាលថៃនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ រដ្ឋាភិបាលកំពុងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនេះ និងផ្តល់ការការពារដែលមានប្រសិទ្ធភាពកាន់តែច្រើនទៅឱ្យជនរងគ្រោះ»។ ការចាប់ខ្លួនកាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ទទួលបានព័ត៌មានពីអង្គការរបស់លោក។
អ្នកតស៊ូឲ្យប្រយោជន៍ខាងទូកនេសាទថៃនិយាយថា វិធានការទាំងនេះកំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ពួកគេនិងទម្លាក់បន្ទុកហិរញ្ញវត្ថុកាន់តែច្រើនមកលើពួកគេ សម្រាប់ស្តង់ដារបរិស្ថាន និងស្តង់ដារការងារដ៏ម៉ឺងម៉ាត់ដែលភ្ជាប់នៅក្នុងសង្វាក់ផ្គត់ផ្គង់ផលនេសាទសាកលលោកដោយទទួលបានប្រាក់ចំណេញតិចបំផុតជាជាងទម្លាក់ឲ្យក្រុមហ៊ុនធំៗក្នុងវិស័យនេះ ផ្សារទំនើប និងអ្នកប្រើប្រាស់ទៅវិញ។
នៅក្នុងល្បែងឆ្មាចាប់កណ្តុរដែលត្រូវបានគេលេងនៅទូទាំងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយប្រតិបត្តិករទូកនេសាទទុច្ចរិតកំពុងតែរំកិលចូលទៅកាន់តែជ្រៅក្នុងនាយមហាសមុទ្រឥណ្ឌា ដោយសារតែទិន្នផលត្រីបានធ្លាក់ចុះនៅក្នុងសមុទ្រថៃ។ ប្រតិបត្តិករទាំងនេះព្យាយាមគេចពីការតាមដានដោយផ្លាស់ប្តូរទង់ជាតិ និងបុគ្គលិកលើទូក ប្តូរពណ៌កប៉ាល់ និងនៅលើផ្ទៃសមុទ្ររយៈពេលរាប់ខែ។
លោក Wasuwongse បាននិយាយក្នុងន័យដើមថា៖ «ការចាប់ខ្លួនថ្ងៃនេះបង្ហាញថាអំណាចនៃច្បាប់អាចត្រូវបានប្រើប្រាស់ដើម្បីការពារពលករចំណាកស្រុកនៅក្នុងប្រទេសថៃ ដែលជាមនុស្សក្នុងចំណោមមនុស្សងាយរងគ្រោះបំផុត និងមិនមានអំណាច។ វារឹតតែច្បាស់ នៅពេលថៅកែរបស់ពួកគេជាអ្នកជំនួញដ៏មានអំណាច ដែលមានតួនាទីផ្លូវការនៅក្នុងអាជ្ញាធរមូលដ្ឋាន»៕