រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ នៅថ្ងៃពុធនេះ បានថ្លែងការពារការរុករកឃើញតំណក់ប្រេងឆៅនៅកម្ពុជាថា ជាសមិទ្ធផលប្រវត្តិសាស្ត្រ ខណៈក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសបិទក្រុមហ៊ុនរបស់ខ្លួន។
លោកបានបញ្ជាក់បែបនេះ នៅក្នុងពិធីមួយនៃការបញ្ជូនតំណក់ប្រេងដំបូងរបស់កម្ពុជា មកតម្កល់នៅវិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃពុធ។
នេះជាតំណក់ប្រេងដែលខួងបានក្នុងប្លុក A ដោយការរុករករបស់ក្រុមហ៊ុនចុះបញ្ជីនៅសិង្ហបុរី ឈ្មោះ KrisEnergy ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៧ ក្នុងការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។
លោក ទៀ បាញ់ ប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណក់ប្រេងដែលខួងបាន គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងសម័យកាលដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថ្លែងថា៖ «ភារៈរបស់ខ្ញុំ គឺចាត់ទុកជាប្រវត្តិសាស្ត្រ ដ៏មានសារសំខាន់បំផុតនោះ គឺតំណក់ប្រេងដំបូងដែលយើងទទួលបាន។ ដូច្នេះគឺជាប្រវត្តិសាស្ត្រនេះ គឺវាប្រវត្តិសាស្ត្រមួយថ្មី ដែលក្នុងសម័យតេជោសន្តិភាព យើងថា អីចឹងទៅចុះ»។
ប៉ុន្តែលោកមិនបានអត្ថាធិប្បាយអំពីផលប៉ះពាល់នៃការបិទក្រុមហ៊ុនមេ KrisEnergy ឡើយ។ ទោះជាយ៉ាងណា លោកបង្ហាញជំនឿថា បញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាចនឹងត្រូវបានដោះស្រាយជាដំណាក់កាលៗនៅពេលអនាគត។
លោកបន្ថែមថា៖ «ចំណែកដែលមានព័ត៌មាននោះ ព័ត៌មាននេះ អាហ្នឹងគឺអត់ ខ្ញុំមិនបកស្រាយទេ ហើយខ្ញុំគ្រាន់តែមានជំនឿទេ ខ្ញុំមានជំនឿថា កិច្ចការទាំងអស់ វាជួនណា វាទៅចឹងហ្នឹង មានភាពហៅថារលូនដូចធ្វើដំណើរតាមថ្នល់កៅស៊ូទេ។ វាអាចមានរលាក់នោះ រលាក់នេះ គេនឹងមានវិធានការដោះស្រាយ តាមសភាពជាក់ស្តែងតទៅមុខទៀតហ្នឹង គឺជាក់ជាមិនខាន»។
ក្នុងពិធីប្រគល់កែវតំណក់ប្រេងកាលពីព្រឹកថ្ងៃពុធ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មិនបានផ្តល់ការអធិប្បាយពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន KrisEnergy នៅកម្ពុជានោះទេ។
កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងពេលចុះហត្ថលេខាជាមួយក្រុមហ៊ុន KrisEnergy Group លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ប្រេងក្នុងប្លុក 1A និង ប្លុក 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី៣០លានបារ៉ែល។ លោកថា ការអភិវឌ្ឍអណ្តូងប្រេងជំហានដំបូងនេះ នឹងរួមចំណែកដល់ការសិក្សាស្វែងរកថែមទៀតលើប្លុកប្រេងដែលនៅទំនេរ និងមិនទាន់មានក្រុមហ៊ុនវិនិយោគ។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន KrisEnergy ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ លើកឡើងថា «ក្រុមហ៊ុនសូមប្រកាសថា ក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុលខ្លួន ដោយផ្អែកលើបំណុលដែលអាចកើនឡើង និងកំពុងមានជាក់ស្តែង ហើយនិងបន្តទៅរកការទូទាត់បំណុល»។
ក្រុមហ៊ុនបន្ថែមថា ការធ្លាក់ចុះនៃការរកឃើញប្រេងនិងលំហូរសាច់ប្រាក់ពីការអភិវឌ្ឍក្នុងប្លុក A ឬគេហៅថា ប្លុកអប្សរាក្នុងប្រទេសកម្ពុជា ក៏ជាមូលហេតុមួយដែរ ដែលនាំឲ្យបិទក្រុមហ៊ុន។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានទេនៅថ្ងៃពុធនេះ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអនឡាញ NIKKEI Asia ក្រុមហ៊ុន KrisEnergy Ltd បានស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការពីសំណាក់ម្ចាស់បំណុល ចាប់តាំងពីឆ្នាំ២០១៩ ខណៈក្រុមហ៊ុន បានព្យាយាមរៀបចំបំណុលរបស់ខ្លួនដែលមានជាង៥០០លានដុល្លារសហរដ្ឋអាមេរិក។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីអ្នកស្រី Tanya Pang អនុប្រធានផ្នែកទំនាក់ទំនងសាជីវកម្មរបស់ក្រុមហ៊ុន KrisEnergy បានទេ នៅថ្ងៃពុធនេះ។ ប៉ុន្តែអ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី៨ ខែមិថុនាថា សេចក្តីប្រកាសរំលាយក្រុមហ៊ុនដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា គឺសំដៅដល់ការរំលាយក្រុមហ៊ុនមេតែប៉ុណ្ណោះ ខណៈរាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅតែបន្តប្រតិបត្តិការ៕