ច្បាប់​អ៊ីនធឺណិត​រង​ការ​រិះគន់​អន្តរជាតិ

អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ។ (រូបថត​ឯកសារ)

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​បាន​រិះគន់សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អ៊ីនធឺណិត​នៃ​ប្រទេស​កម្ពុជា​ថាមិន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​និង​មាន​ភាគ​ឆ្គាំឆ្គងច្រើន។

ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​សម្ងាត់​និង​ចម្រូង​ចម្រាស​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១២ ​និង​ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ។

សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ក្នុង​មាត្រា​២៨​របស់​ខ្លួន​ថា​រាល់​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ណា​ដែលចាត់​ទុក​ថា​ប៉ះពាល់​ដល់​អធិបតេយ្យភាព​និង​សុចរិត​ភាព​នៃ​ប្រទេស​កម្ពុជា ការ​ញុះញង់​ឱ្យ​មាន​ភាព​អាណាធិបតេយ្យ ការ​បង្ក​ឱ្យ​មាន​អសន្តិសុខ ការ​មួល​បង្កាច់​ឬ​ធ្វើ​ឱ្យ​អាប់​ឱន​កិត្តិយស​ស្ថាប័ន​រដ្ឋាភិបាល ឬ​ក៏​ការ​ធ្វើ​ឱ្យ​ខូច​តម្លៃ​សីលធម៌​និង​វប្បធម៌​គឺ​ជា​បទ​ឧក្រិដ្ឋ​ហើយ​ទម្ងន់​ទោស​មាន​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២លាន​ទៅ​៥​លាន​រៀល។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​និង​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា​អង្គការ​មាត្រា​១៩​ឬ​អង្គការ​ Article 19 បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ខ្លួន​មាន​«ការ​បារម្ភ​យ៉ាង​ជ្រាលជ្រៅ​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អ៊ីនធឺណិត​នៅ​កម្ពុជា​ ដែល​នៅ​អន់​ថយ​ខ្លាំង​ជាង​បទដ្ឋាន​អន្តរជាតិ​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ ព័ត៌មាន និង​ភាព​ឯកជន។ ប្រសិន​បើ​ច្បាប់​នេះ​អនុម័ត​ក្នុង​ទម្រង់​បែប​នេះ វា​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដែល​ថាលំហ​អ៊ីនធឺណិត​ដ៏​សេរី​នា​ពេល​នេះ នឹង​វិល​ធ្លាក់​ចូល​ទៅ​ក្នុង​វប្បធម៌​លាក់លៀម​និង​ការ​ដាក់​កំហិត​ខ្លួន​ឯង​សារ​ជា​ថ្មី»។

អង្គការ​មាត្រា​១៩​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​នេះ ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​មាត្រា​២៨​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចោល​ទាំង​ស្រុង​ដោយ​សារ​មាត្រា​មួយ​នេះ​មាន​ភាព​មិន​ច្បាស់​លាស់​និង​អាច​បកស្រាយ​បំពាន​បាន។ ក្នុង​នោះ​ការ​រិះគន់​អំពី​អំពើ​ពុករលួយ កំហុស​របស់​រដ្ឋាភិបាល ឬក៏​សកម្មភាព​លើក​កម្ពស់​សិទ្ធិ​មនុស្ស​របស់​សកម្មជន​សិទ្ធិ​មនុស្ស​អាច​ក្លាយ​ជា​បទ​ឧក្រិដ្ឋ។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នេះ។

អង្គការ​នេះ​ក៏​បាន​រិះគន់​អំពី​ស្ថាន​ទម្ងន់​ទោស​នៃ​ច្បាប់​នេះ​ផង​ដែរ។ អង្គការ​នេះ​បាន​លើក​ឧទាហរណ៍​ថា​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា​ ការ​និយាយ​បង្ខូច​កេរ្តិ៍​ផ្ទាល់​មាត់នឹង​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅមួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​ទៅ​មួយ​លាន​រៀល

ប៉ុន្តែការ​សរសេរ​បង្ខូច​កេរ្តិ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ពីរ​លាន​ទៅ​៥​លាន​រៀល។

អង្គការ​មាត្រា​១៩​ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយដែល​ធ្វើការ​ផ្តោត​លើ​ការ​ការពារ​និង​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​និង​សេរីភាព​ទទួល​បាន​ព័ត៌មាន​នៅ​ជុំ​វិញ​ពិភពលោក។

លោកស្រី ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អង្គការ​នេះ។

«នេះ​ជា​បញ្ញត្តិ​មួយ​ដែល​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​មាន​ការ​បារម្ភ​ដែរ ​ព្រោះ​វា​មើល​ទៅ​ដូចជា​សំដៅ​ឬ​អាច​មាន​គ្រោះថ្នាក់​ដល់​សកម្មជន​សិទ្ធិ​មនុស្ស ​អ្នក​កាសែត​ ឬ​បុគ្គល​ដែល​គាត់​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម»។

ប្រព័ន្ធ​អ៊ីនធឺណិត​ដូចជា​បណ្តាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​បច្ចុប្បន្ន​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ចែក​រំលែក​ព័ត៌មាន​និង​មតិ​យោបល់​ផ្ទាល់​ខ្លួន​ជុំ​វិញ​បញ្ហា​សង្គម​នានា​និង​ភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល​បាន​ដោយ​សេរី។

លោក ប្រាក់ សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ​មិន​អាច​ទំនាក់​ទំនង​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ដោយ​ឡែក​លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​ថា​លោក​មិន​អាច​ផ្តល់​មតិ​ជុំ​វិញ​សេចក្តី​ព្រាង​ច្បាប់​នេះ ​មុន​ពេល​ច្បាប់​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ​ត្រឹម​ឆ្នាំ​២០១៣ ​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​៤​លាន​នាក់ ​ដែល​កើន​ឡើង​៤២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១២។

លោក​មេធាវី សុខ សំអឿន ​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​អត្ថាធិប្បាយ​ថា​ភាព​មិន​ច្បាស់​លាស់​នៃ​ប្បញ្ញត្តិ​របស់​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​ប្រើប្រាស់​ដើម្បី​ដាក់​ទោស​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល។

«បញ្ហា​ខ្ញុំ​សង្កេត​ឃើញ​ថា​ខ្លឹមសារ​នៃ​ពាក្យ​ក្នុង​ច្បាប់​ហ្នឹង​ដូចជា​ទូលំ​ទូលាយ​ពេក។ ដល់​ទូលំ​ទូលាយ​អញ្ចឹង​វា​គ្រោះថា្នក់។ បើ​សិន​ជា​ក្នុង​ប្រព័ន្ធ​តុលាការ​ដែល​ឯករាជ្យ​ហើយ​មាន​សមត្ថភាព​ខ្ពង់ខ្ពស់​ដូច​តុលាការ​ស្រុក​គេ​ គឺ​ភាព​មិន​ច្បាស់​ហ្នឹង​យើង​ដាក់​ទោស​ពី​ណា​ក៏​មិន​បាន​ដែរ។ ប៉ុន្តែ​ច្បាប់​ក្នុង​បរិបទ​ស្រុក​យើង ​អញ្ចឹង​អាច​ជាប់​គុក​ដែរ»។

អង្គការ​មាត្រា​១៩​បាន​អំពាវនាវឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​ចុងក្រោយ​ និង​ឱ្យ​មានការ​ពិភាក្សា​ដ៏​ស៊ី​ជម្រៅ​មួយ​ជាមួយ​សង្គម​ស៊ីវិល៕