បងស្រីសកម្មជនថៃដែលត្រូវបានរាយការណ៍ថាបាត់ខ្លួននៅភ្នំពេញ នៅថ្ងៃអង្គារនេះបានបង្ហាញមុខនៅតុលាការរាជធានីភ្នំពេញដោយអ្នកស្រីបានដាក់ភស្តុតាងទៅតុលាការបញ្ជាក់ថាប្អូនប្រុសរបស់អ្នកស្រី គឺលោក Wanchalearm Satsaksit ពិតជាបាត់ខ្លួននៅកម្ពុជា ក្រោយពីប្អូនប្រុសបានគេចមកជ្រកកោននៅទីនេះជាច្រើនឆ្នាំមកហើយ។
លោក Wanchalearm Satsaksit សកម្មជនថៃត្រូវគេរាយការណ៍ថាត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី៤ ខែមិថុនា ពីក្បែរខុនដូដែលលោកស្នាក់នៅ ក្នុងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ និងបាត់ដំណឹងរហូតមកដល់ពេលនេះ។
នៅព្រឹកថ្ងៃអង្គារនេះ អ្នកស្រី Sitanun Satsaksit បានបង្ហាញខ្លួនជាសាធារណៈជាលើកទីពីរ គឺនៅតុលាការក្រុងភ្នំពេញ ហើយត្រូវបានអមដំណើរដោយមេធាវីជនជាតិថៃ មេធាវីខ្មែរ និងបុគ្គលិកពីរនាក់របស់ស្ថានទូតថៃប្រចាំនៅភ្នំពេញ។ នេះជាការចូលបំភ្លឺតាមការណាត់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
អ្នកស្រីបានប្រាប់ចៅក្រមកម្ពុជាផ្ទាល់មាត់ថាប្អូនប្រុសរបស់អ្នកស្រីបានរត់មកជ្រកកោនរស់នៅកម្ពុជា ក្រោយរដ្ឋប្រហារនៅក្នុងប្រទេសថៃ ដោយរបបយោធាបច្ចុប្បន្ននេះ។ អ្នកស្រីទទូចឲ្យតុលាការស្វែងរកប្អូនប្រុសរបស់អ្នកស្រីដែលបាត់ខ្លួនជាង៦ខែមកហើយ។
អ្នកស្រីមានប្រសាសន៍ថាជាភាសាថៃ ដោយមានការប្រែសម្រួលថា៖ «យើងបានបំពេញតួនាទីរបស់យើងក្នុងការបង្ហាញអ្វីដែលយើងមានដែលវាជាភស្តុតាងបញ្ជាក់ថាតើលោកWanchalearm បាននៅទីណា[មុនពេលបាត់ខ្លួន]។ ទាំងនេះ គឺជាឯកសារដែលយើងបានបង្ហាញនៅថ្ងៃនេះ។ ដូច្នេះឥឡូវនេះ វាជាកាតព្វកិច្ចរបស់អាជ្ញាធរកម្ពុជាក្នុងការស៊ើបអង្កេតបន្តទៀតថាតើមានរឿងអ្វីកើតឡើងចំពោះលោក Wanchalearm»។
មេធាវីរបស់អ្នកស្រីដែលជាជនជាតិខ្មែរ គឺលោក សំ ចំរើន មានប្រសាសន៍ថានេះជាកិច្ចការដំបូងតែប៉ុណ្ណោះនៃការជួបចៅក្រមលើកដំបូង។
លោកមានប្រសាសន៍ថា៖ «ចំណុចនេះ វាសំខាន់លើចៅក្រមនឹងពិចារណាខ្លួនឯងទេ។ កិច្ចការហ្នឹងវាមិនទៀងទេ។ បើគាត់យល់ថាវាចាំបាច់គាត់នឹងកោះហៅម្តងទៀត»។
បើតាមមេធាវី អយ្យការសាលាដំបូងបានចោទប្រកាន់លើ«អញ្ញត្រជន»ដែលគេមិនស្គាល់អត្តសញ្ញាណនិងភិនភាគក្នុងសំណុំរឿងបាត់ខ្លួននេះ ដែលបើកផ្លូវឲ្យចៅក្រមស៊ើបសួរអាចកោះហៅអ្នកស្រី Sitanun មកកម្ពុជាដើម្បីបំភ្លឺ។ បទចោទទាំងនោះរួមមាន«ការចាប់ ឃុំឃាំង និងបង្ខាំង ដោយខុសច្បាប់»និង«ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ នេះបើតាមដីការរបស់ចៅក្រមស៊ើបសួរដែលវីអូអេទទួលបាន។
លោក សំ ចំរើន មានប្រសាសន៍ថា៖ «ការចោទប្រកាន់ គឺចោទប្រកាន់លើអញ្ញត្រជនហើយ តែនៅពេលនេះ ស្ថិតនៅដំណាក់កាលចៅក្រមស៊ើបសួរ ស៊ើបសួរបន្ថែមដើម្បីថាតើវាពិតជាមានរឿងហេតុដូចពាក្យបណ្តឹងរបស់យើងឬអត់។ ការចោទប្រកាន់ គឺមានហើយ»។
លោក Wanchalearm បានភៀសខ្លួនមកជ្រកកោននៅកម្ពុជា ក្រោយរដ្ឋប្រហារថៃឆ្នាំ២០១៤ ហើយលោកជាអ្នករិះគន់មិនសំចៃមាត់ដល់របបយោធាថៃដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីថៃ។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកនាំពាក្យបានប្រាប់ VOA កាលពីសប្តាហ៍មុនដោយប្រៀបធៀបករណីបាត់ខ្លួនសកម្មជនថៃរូបនេះ ដូចជាករណីបាត់យន្តហោះម៉ាឡេស៊ី MH370 ដែលលោកថាត្រូវប្រើពេលស្វែងរកយូរមិនដូចការចង់បានភ្លាមៗនោះទេ។
បងស្រីរបស់សកម្មជនថៃបាត់ខ្លួន អ្នកស្រី Sitanun មានប្រសាសន៍ថាអ្នកស្រីសង្ឃឹមថានឹងបានជួបប្អូនប្រុសវិញ បើទោះមិនអាចស្រមៃបានថាតើមានរឿងអ្វីកើតឡើងចំពោះគាត់ក៏ដោយ។ អ្នកស្រីឲ្យដឹងថាអ្នកស្រីនឹងវិលត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី១៥ ខែធ្នូ៕