ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

 អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ


សកម្មជនជនជាតិថៃ លោក Wanchalearm Satsaksit បានរិះគន់នាយករដ្ឋមន្រ្តីថៃតាមហ្វេសប៊ុក។ (រូបថតពីហ្វេសប៊ុករបស់ Wanchalearm Satsaksit )
សកម្មជនជនជាតិថៃ លោក Wanchalearm Satsaksit បានរិះគន់នាយករដ្ឋមន្រ្តីថៃតាមហ្វេសប៊ុក។ (រូបថតពីហ្វេសប៊ុករបស់ Wanchalearm Satsaksit )

អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​(Human Rights Watch)​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​រក​សកម្ម​ជន​ថៃ​ម្នាក់​ឈ្មោះ ​Wanchalearm Satsaksit ​ដែល​មាន​សេចក្តី​រាយ​រាយ​ការណ៍​ថា​ ត្រូវ​បាន​ចាប់​ដាក់​ចូល​ក្នុង​រថយន្ត​មួយ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ ​រាយ​ការណ៍​ថា​ ​លោក Wanchalearm ​ដែល​រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ ​ចាប់​ដាក់​ក្នុង​រថយន្ត​ខ្មៅ ​មួយ​គ្រឿង ​កាល​ពី​ម៉ោង​ជិត​ ៦​ ល្ងាច ​ថ្ងៃ​ព្រហស្បតិ៍​ ពេល​លោក​ដើរ​ចេញ​ពី​ខុនដូ​មួយ​មក​ទិញ​អាហារ។​

អង្គការ​សិទ្ធិមនុស្ស​នេះ​បញ្ជាក់​ថា៖ ​«អាជ្ញាធរ​កម្ពុជា​គួរ​តែ​ស៊ើប​អង្កេត​ការ​ចាប់​សកម្មជន​ឈ្មោះ​ Wanchalearm Satsaksit​ ដែល​ជា​អ្នក​គាំទ្រ​ប្រជា​ធិបតេយ្យ​ថៃ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ​ដែល​និរទេស​ខ្លួន​រស់​នៅ​ភ្នំពេញ​ ហើយ​បង្ហាញ​ជា​សាធារណៈ​ថា​លោក​នៅ​ទីណា»។​

VOA​ បាន​ព្យាយាម​ទាក់ទង​មន្រ្តី​និង​អាជ្ញាធរ​កម្ពុជា ​ប៉ុន្តែ​ពួក​គេ​មិន​ទាន់​អាច​បញ្ជាក់​ថា​ តើ​មាន​ការ​ស្នើ​សុំ​ពី​ភាគី​ថៃ​ឲ្យ​ចាប់​ខ្លួន​សកម្មជន​រូប​នោះ​ឬ​យ៉ាង​ណា​ទេ។ ​ពួក​គេ​ក៏​មិន​អាច​បញ្ជាក់​ថា​តើ​មាន​ការ​បញ្ជា​កម្លាំង​កម្ពុជា​ឲ្យ​ចាប់​ខ្លួន​សកម្មជន​រូប​នោះ ឬ​យ៉ាងណា។

លោក​ នេត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ​មិន​បាន​បដិសេធ​ភ្លាមៗ​ថា ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​ថៃ​វ័យ​ក្មេង​នេះ​ ឬ​យ៉ាងណា​នោះ​ទេ ​ នៅ​ពេល​ VOA ​សាក​សួរ​អំពី​រឿង​នេះ។ ​ប៉ុន្តែ​លោក​បង្វែរ​ឲ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ ​គឺ​លោក ឆាយ គឹមខឿន។​

លោក ​នេត សាវឿន​ មាន​ប្រសាសន៍​ថា៖​ «សួរ​ទៅ​អ្នក​នាំ​ពាក្យ។ ខ្ញុំ​ជាប់​ប្រជុំ​។​ ខ្ញុំ​អត់​មាន​ពេល​ឆ្លើយ»។ ​
នៅពេលប្រាប់ថា លោក ឆាយ គឹមខឿន បានប្រាប់ VOA ថា មិនមានព័ត៌មានទាក់ទងនឹងសកម្មជននេះទេ លោក នេត សាវឿន លើកឡើងថា៖ «ចាំខ្ញុំប្រាប់ទៅ[គាត់]»។

នៅ​ពេល​ទាក់​ទង​ទៅ​ម្តង​ទៀត ​លោក ​ឆាយ គឹមខឿន ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​អ្នក​នាំពាក្យ ​មាន​ប្រសាសន៍​ជា​ថ្មី​ថា​លោក​មិន​មាន​ព័ត៌មាន​នោះ​ទេ ​ហើយ​លោក​លើក​ឡើង​ថា ​លោក​ក៏​មិន​លាក់​ព័ត៌មាន​អ្វី​ដែរ។​

លោក​ថ្លែង​ប្រាប់​ VOA​ ថា៖ ​«បើ​អូន​ឯង​ទៅ​សួរ​គាត់[លោក ​នេត សាវឿន] ​គាត់​រុញ​មក​អីចេះ ​អូន​ឯង​ទៅ​តាម​សួរ​គ្រប់​កន្លែង។​ ឥឡូវ​សភាព​ការណ៍​នេះ ​វា​អត់​មាន​កើត​ឡើង​ទេ ​ព្រោះ​ខាង​សមត្ថ​កិច្ច​អត់​ដឹង​ទេ​…​ មិន​អស់​ចិត្ត​ទៅ​សួរ​ដល់​មេ។ ​ឥឡូវ​បន្តិច​ទៀត ​អូន​ឯង​អាច​ទៅ​សួរ​សម្តេច​នាយក​រដ្ឋមន្រ្តី​ទៀត​ថា​ដឹង​រឿង​ហ្នឹង​អត់។​ វា​អត់​ត្រូវ»។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក ​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​ព័ត៌មាន​នេះ​ទេ។ ​ដូចគ្នា​ដែរ​ លោក​ គៀត ច័ន្ទថារិទ្ធ​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ បញ្ជាក់​ថា​ លោក​ក៏​មិន​មាន​ព័ត៌​មាន​នេះ​ដែរ។ ​

លោក​ កុយ គួង​ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ស្នើ​ឲ្យ​សួរ​ទៅ​ក្រសួង​មហា​ផ្ទៃ​វិញ។​

VOA​ បាន​ព្យាយាម​ទាក់ទង​ទៅ​ស្ថានទូត​ថៃ​នៅ​កម្ពុជា​តាម​រយៈ​ទូរស័ព្ទ​ និង​សារ​អេឡិចត្រូនិក​ ឬ​អ៊ីម៉ែល ​ដោយ​បាន​ប្រាប់​ពី​ដំណើរ​រឿង​នេះ តែ​ស្ថានទូត​ថៃ​មិន​ផ្តល់​ការ​ឆ្លើយ​តប។​

អ្នក​យក​ព័ត៌មាន​ VOA​ បាន​ចុះ​ទៅ​កន្លែង​ដែល​សកម្ម​ជន​ថៃ​រូប​នោះ ​ត្រូវ​ចាប់​ដាក់​ក្នុង​រថយន្ត​ហើយ​សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ ​លើក​ឡើង​ថា​ សកម្មជន​ថៃ​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​រថយន្ត​ពណ៌​ខ្មៅ ​នៅ​វេលា​ម៉ោង​ជិត​ ៥ ​ល្ងាច​ នៅ​ក្បែរ​ខុនដូ​ដែល​លោក​ស្នាក់​នៅ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ។​

សាក្សី​ ៣​ នាក់ ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ​ បាន​ប្រាប់​ VOA​ ថា​ ពួក​គេ​បាន​ឃើញ​លោក​Wanchalearm ​ដើរ​ចេញ​ពី​អគារ​ខុនដូ ​ដែល​លោក​ស្នាក់​នៅ​អស់​រយៈ​ពេល ​មិន​តិច​ជាង ​៥ ​ឆ្នាំ​ នោះ​ទេ។ ​សាក្សី​បន្ត​ថា​ លោក​ Wanchalearm ​មក​ទិញ​ស្រាបៀរ ​បារី ​និង​ទឹក​ដោះ​គោ ​ដាក់​ស្បោង​ផ្លាស្ទិក ​មុន​នឹង​ចូល​ទៅ​អង្គុយ​នៅ​លើ​គ្រែ​តូច​មួយ​ ក្បែរ​ចិញ្ចើម​ផ្លូវ​ហើយ​លោក​បាន​កុម្ម៉ង់​ប្រហិត​ដែល​គេ​លក់​តាម​រទេះ។​

ខណៈ​លោក​ Wanchalearm ​ដែល​មាន​សម្លៀក​បំពាក់​អាវ​ផ្កា​ដៃ​ខ្លី ​ខោ​ខ្លី​ត្រឹម​ជង្គង់ ​កំពុង​អង្គុយ​រង់​ចាំ ​អាហារ​របស់​គាត់ ​ស្រាប់​តែ​មាន​រថយន្ត​ពណ៌​ខ្មៅ​ មក​ដល់។​ មាន​បុរស ​៣ ​នាក់​ស្លៀក​ពាក់​ស៊ីវិល ​ពាក់​ម៉ាស​បិទ​មុខ​ ចេញ​ពី​រថយន្ត។ ​ពេល​នោះ ​សកម្មជន​ថៃ​នោះ​ត្រូវ​បាន​វាយ​ត្រង់កញ្ចឹង​ក ​ហើយ​ក្រៀក​ក្បាល​ពី​ខាង​ក្រោយ​ព្យាយាម​អូស​ចូល​រថយន្ត​ ដែល​មិន​មាន​អ្នក​ណា​ចាប់​ភ្លឹក​មើល​ចាំ​ផ្លាក​លេខ​នោះ​ទេ។​

សាក្សី​ដែល​ឃើញ​ការ​ចាប់​នោះ​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​អំពី​សុវត្ថិភាព។ ​ពួកគេ​ថា​ បុរស​ជាតិ​ជាតិ​ថៃ​នោះ​បាន​ស្រែក​ជា​ភាសា​ខ្មែរ​ថា​ «ជួយ​ផង​ ជួយ​ផង»​ ជា​ច្រើន​ដង​ ហើយ​លោក​ក៏​ធ្លាក់​វែន​តា។ ​បុរស​ជន​ជាតិ​ថៃ​ក៏​ត្រូវ​បាន​ចាប់​យក​ទៅ។​

លោក​ Wanchalearm ​គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់ ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ The United Front for Democracy Against Dictatorship (UDD)​ ដែល​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​របស់​ថៃ។​

អង្គការ​សិទ្ធិ​មនុស្ស​ HRW​ លើក​ឡើង​ថា ​លោក​បាន​គេច​មក​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ ២០១៤។​ លោក​តែងតែ​បន្ត​សកម្មភាព​នយោបាយ​ និង​បង្ហោះ​សារ​លើ​ប្រព័ន្ធ​សង្គម​រិះគន់​រដ្ឋាភិបាល​ថៃ។​

សកម្មជនជនជាតិថៃ លោក Wanchalearm Satsaksit បង្ហោះវីដេអូនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣ ខែមិថុនា រិះគន់នាយករដ្ឋមន្រ្តីថៃ។ (ស៊ុន ណារិន/VOA Khmer)
សកម្មជនជនជាតិថៃ លោក Wanchalearm Satsaksit បង្ហោះវីដេអូនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣ ខែមិថុនា រិះគន់នាយករដ្ឋមន្រ្តីថៃ។ (ស៊ុន ណារិន/VOA Khmer)

លោក​បាន​បង្ហោះ​វីដេអូ​ចុង​ក្រោយ​មួយ​លើ​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា ​រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ​លោក ​ប្រាយុទ្ធ ចាន់អូចា ​(Prayuth Chan-ocha)។ ​នៅ​ក្នុង​វីដេអូ​ប្រមាណ​ ១ ​នាទី​ ដែល​បង្ហោះ​មួយ​ថ្ងៃ​មុន​សេចក្តី​រាយ​ការណ៍​ថា​ លោក​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម ចាប់​ដាក់​រថយន្ត​នោះសកម្មជន​រូប​នោះ​បាន​ «ជេរ​ប្រមាថ»​ លោក ​ប្រាយុទ្ធ ​ថា​ជា​មេដឹកនាំ​និយាយ​បាន​តែ​មាត់​ និង​ដឹកនាំ​ប្រទេស​មិន​កើត។​

អង្គការ​ HRW​ បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន ​លោក​ Wanchalearm។ ​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ កាល​ពី​ឆ្នាំ​ ២០១៤ ​អាជ្ញាធរ​ថៃ​បាន​បង្កើន​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​ ជាពិសេស​សកម្មជន​ប្រជា​ធិបតេយ្យ ​ដែល​បាន​ជ្រក​កោន​នៅ​ប្រទេស​ជិត​ខាង។​

រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​ស្នើ​សុំ​ថៃ​ឲ្យ​ចាប់​បញ្ជូន​មនុស្ស ​ដែល​អាជ្ញាធរ​ចង់​ចាប់​ខ្លួន​ផង​ដែរ។​

កាល​ពី​ឆ្នាំ​ ២០១៨​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ គឺ​អ្នកស្រី​ សំ សុខា ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ «បទ​ប្រមាថ»​ និង​«បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ទទួល​ទោស​នៅ​កម្ពុជា។ ​

ចំណែក​លោក ​រ៉ាត់ រត្នមុនី​ ដែល​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ពី​បទ​ «ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​ខ្សែ​ភាពយន្ត​ឯកសារ​ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​ របស់​សារ​ព័ត៌មាន​រុស្ស៊ី ​RT​ ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៨ ​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​ផង​ដែរ៕​

XS
SM
MD
LG