ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បងស្រី​របស់​សកម្មជន​ថៃ ធ្វើ​ពិធី​សូត្រ​មន្ត​រំឭក​ខួប​៦ខែ​នៃ​ការបាត់​ខ្លួន​ប្អូនប្រុស​​នៅ​ភ្នំពេញ


អ្នកស្រី Sitanun Satsaksit (ពាក់មួក) ជាបងស្រី​បង្កើត​របស់​សកម្មជន​ថៃបាត់ខ្លួន គឺលោកWanchalearm Satsaksit ឈរនៅមុខ​ខុនដូ​ក្នុងខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ អ្នកស្រី​អះអាងថា ខុនដូនេះ លោក Wanchalearm បានរស់នៅ​មុនពេល​បាត់ខ្លួន កា
អ្នកស្រី Sitanun Satsaksit (ពាក់មួក) ជាបងស្រី​បង្កើត​របស់​សកម្មជន​ថៃបាត់ខ្លួន គឺលោកWanchalearm Satsaksit ឈរនៅមុខ​ខុនដូ​ក្នុងខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ អ្នកស្រី​អះអាងថា ខុនដូនេះ លោក Wanchalearm បានរស់នៅ​មុនពេល​បាត់ខ្លួន កា

បងស្រី​សកម្មជន​ថៃ​បាត់​ខ្លួន ដែលកំពុង​ត្រៀម​ជួប​ចៅ​ក្រម​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​សាសនា​នៅ​ក្បែរ​ខុនដូ​មួយ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ដើម្បី​រំឭក​ខួប​៦​ខែ​នៃ​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ ជា«ការ​ចាប់​ពង្រត់»​ប្អូន​ប្រុស​ដែល​ជា​អ្នក​តស៊ូ​មតិ​ម្នាក់​រត់​ភៀស​ខ្លួន​មក​រស់​នៅ​ប្រទេស​កម្ពុជា ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

លោក Wanchalearm Satsaksit សកម្មជន​ថៃ ត្រូវ​គេ​រាយការណ៍​ថា​ ត្រូវ​បាន​ចាប់​ពង្រត់ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ពី​ក្បែរ​ខុន​ដូ​លោក​ស្នាក់​នៅ ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​បាត់​ដំណឹងរហូត​មកដល់​ពេល​នេះ។

បងស្រី​របស់​លោក គឺ​អ្នកស្រី Sitanun Satsaksit បាន​មក​ដល់​កម្ពុជា​កាល​ពី​ដើម​ខែ​វិច្ឆិកា តាម​ការ​ណាត់​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ខាង​មុខ។

រូបឯកសារ៖ អ្នកស្រី Sitanun Satsaksit (ពាក់អាវ​ពណ៌​ត្រួយចេក) បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​ គឺ​លោក Wanchalearm Satsaksit ឈរ​ថតរូប​ជាមួយ​នឹង​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​អ្នកស្រី​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ អ្នកស្រី Sitanun Satsaksit (ពាក់អាវ​ពណ៌​ត្រួយចេក) បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​ គឺ​លោក Wanchalearm Satsaksit ឈរ​ថតរូប​ជាមួយ​នឹង​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​អ្នកស្រី​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ។

នៅ​ខាង​មុខ​អគារ​ខុនដូ​ភ្លោះ Mekong Gardens ទី​ដែល​សាក្សី​និង​ក្រុម​គ្រួសារ​អះអាង​ថា លោក Wanchalearm ធ្លាប់​ស្នាក់​នៅ និង​ត្រូវ​«ចាប់​ពង្រត់» ព្រះសង្ឃ​៣​អង្គ​ បាន​និមន្ត​មក​ប្រោះ​ព្រំ និង​មាន​អាចារ្យ ដង្ហោយ​ហៅ​លោក Wanchalearm តាម​ផ្លូវ​ពុទ្ធសាសនា ​និង​ព្រហ្មញ្ញ​សាសនា។

តា​អាចារ្យ​បាន​សូត្រ​ថា៖

«ឥឡូវ​បង​រក សូម​ឱ្យ​ដំណឹង​មក​បង សូម​ទេវតាជួយ​ឱ្យ​ពរ ឱ្យ​ជ័យ ឱ្យ​ដំណឹងមក​បង ឆាប់ៗ ប្អូន Wanchalearm បាទ បង​ដើរ​រក សូម​ប្អូន​អញ្ជើញមក ទេវតា​ទាំង​១​ម៉ឺន​លោក​ធាតុ ឱ្យ​ពរ​ឱ្យ​ជ័យ ជួយ​ឱ្យ​ដំណឹង​នេះ ទៅ​ឱ្យ Wanchalearm ឱ្យ​បាន​ទទួល​ដំណឹង​នេះ ហើយ​ប្រាប់​មក​បង​វិញ»។

ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្រោយ​ការ​និមន្ត​និវត្ត​នៃ​ព្រះសង្ឃ អ្នកស្រី Sitanun បាន​រៀបរាប់​ប្រាប់​ជា​សំនៀង​ថៃ និង​ត្រូវ​បាន​បកប្រែ​ដោយ​មេធាវី​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​មិនដឹង​ឡើយ​ថា​ខ្ញុំ​អាច​ជួប​គាត់ (Wanchalearm) សាជា​ថ្មី ឬ​អត់ តែ​ក្រុម​គ្រួសារ​យើង​នៅតែ​រក្សា​ក្ដី​សង្ឃឹម​នៅ​ទីបំផុត​យើង​នឹង​អាច​ជួប​គ្នា​សារ​ជា​ថ្មី»។

នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ អ្នកស្រី Sitanun Satsaksit ជា​បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​ឈ្មោះ Wanchalearm Satsaksit បាន​ធ្វើពិធី​សាសនា​នៅមុខ​ខុនដូ​ដែល​គេ​ជឿ​ថា លោក Wanchalearm បាន​ស្នាក់​នៅ​មុន​ពេល​បាត់ខ្លួន នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។
នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ អ្នកស្រី Sitanun Satsaksit ជា​បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​ឈ្មោះ Wanchalearm Satsaksit បាន​ធ្វើពិធី​សាសនា​នៅមុខ​ខុនដូ​ដែល​គេ​ជឿ​ថា លោក Wanchalearm បាន​ស្នាក់​នៅ​មុន​ពេល​បាត់ខ្លួន នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។

លោក Wanchalearm បាន​ភៀស​ខ្លួន​មក​ជ្រកកោន​នៅ​កម្ពុជា ក្រោយ​រដ្ឋប្រហារ​ថៃ​ឆ្នាំ​២០១៤ ហើយ​លោក​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់ដល់​របប​យោធា​ថៃ​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ចាន់​អូចា។

សកម្មជន​ថៃរូប​នេះ ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​នៃ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក Thaksin Shinawatra ដែល​ជា​គូប្រជែង​នៃ​របប​ដឹកនាំ​ប្រទេស​ថៃ​បច្ចុប្បន្ន តែ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សាក្សី​នៅ​ក្បែរ​ខុនដូ ​បានប្រាប់ VOA ​ថា លោក Wanchalearm ត្រូវ​ក្រុមបុរស​មិន​ស្គាល់​មុខ​ចាប់​ញាត់​ចូល​ក្នុង​ឡាន នា​ថ្ងៃ​ទី​៤ ខែ​មិថុនា ខណៈ​លោកចាំ​ទិញ​ប្រហិត​នៅ​មុខ​ខុនដូ Mekong Gardens។

អ្នកស្រី Sitanun បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖

«យើង​មិន​ដឹង​ឡើយ​ថា Wanchalearm នៅ​ទី​ណា ហើយ​យើង​ក៏​ស្រមៃ​មិន​ចេញ​ផង​ដែរ ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រូប​គេ ក្រោយ​ត្រូវ​បាន​ចាប់​ពង្រត់»។

ពាណិជ្ជករ​ថៃ​វ័យ​៤៨​ឆ្នាំ មក​ពី​ខេត្ត​ឧប្បល​រាជធានី​របស់​ថៃ បាន​បន្ត​យ៉ាង​ដូច្នេះ​ថា៖

«អំឡុងពេល​កូវីដ​នេះ ការ​ធ្វើ​ដំណើរ​និងសកម្មភាព​នានា​លំបាក​ធ្វើ។ ហេតុនេះ​មាន​តែ​បុគ្គល​មាន​អំណាច​មាន​ឥទ្ធិពល​ទេ ​ដែល​អាច​ធ្វើ​រឿង​នេះ​បាន។ នេះ​មិនមែន​ជា​ប្រតិបត្តិការ​ធម្មតា​នោះ​ទេ»។

លោក Wachalearm ត្រូវ​បាន​រាប់​បញ្ចូល​ជា​សកម្មជន​ថៃ​ទី​៩​ហើយ ដែល​បាន​បាត់​ខ្លួន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស។

មន្ត្រី​នគរបាល​កម្ពុជា​អះអាង​ថា លោក Wanchalearm មិន​ទាន់​បាន​បន្ត​សុពលភាព​ទិដ្ឋាការ​រស់នៅ​កម្ពុជា​ ដែល​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ឡើយ​ទេ។

នគរបាល​ក៏​បានអះអាង​ទៀត​ថា គ្មាន​កំណត់​ត្រា​ថា​លោក​រស់នៅ​ខុនដូ​ខាងលើ​ឡើយ ហើយ​ថា​ លោក​បាន​ចូល​កម្ពុជា​លើក​ចុងក្រោយប្រើ​លិខិត​ឆ្លងដែន​ថៃ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥។

យ៉ាងណា ​អ្នកស្រី Sitanun បញ្ជាក់​ថា ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ថា​ ប្អូន​ប្រុស​ពិត​ជា​រស់​នៅ​ភ្នំពេញ ហើយបាន​បាត់​ខ្លួន​កាល​ពី​ដើម​ខែ​មិថុនា​នៅ​ក្បែរ​ខុនដូ ហើយ​ត្រៀម​ប្រគល់​តឹកតាង​ទាំង​នេះ​ជូន​ចៅក្រម​ស៊ើបសួរ។

អ្នកស្រី​បន្ត​ថា ​ខ្លួន​មាន​ភស្តុតាង​ជាវីដេអូ​និង​រូបភាព ហើយ​អ្នកស្រី​បាន​ជួបមិត្តភក្តិ​របស់​ប្អូន​ប្រុស​អ្នកស្រី ​ដែល​បាន​បញ្ជាក់​ថា​លោក​ពិត​ជា​រស់​នៅ​កម្ពុជា មុន​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​៦​ខែ​មុន។

អ្នកស្រី​បន្ថែម​ថា អាជ្ញាធរ​កម្ពុជា​និង​ថៃ​មិនទាន់​បាន​ស្វះ​ស្វែង​រក​ប្អូន​ប្រុស​របស់​អ្នកស្រីឱ្យ​«បាន​គ្រប់គ្រាន់​»​នៅ​ឡើយ​ទេ។​

លោក ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និយាយ​ថា​ ការណ៍​ដែល​អ្នកស្រី Sitanun និង​ក្រុម​ការងារ​ អាច​មក​កម្ពុជា​បង្ហាញ​ពី​ចេតនារដ្ឋាភិបាល​ខ្មែរ​ចង់​ជួយ​រក​លោក Wanchalearm។

លោក​ ខៀវ សុភ័គ ប្រាប់VOAថា៖

«ធម្មតា​ការ​ស្វែង​រក​មិនមែនប្រើ​ពេល​ដូច​យើង​គិត​ចង់​បាន​ទេ។ នេះ​មនុស្ស​ម្នាក់ ចុះ​ចំពោះ​យន្តហោះ​ម៉ាឡេស៊ី (MH370) អ៊ីចឹង មិន​ដឹង​ប៉ុន្មាន​ឆ្នាំ​ហើយ យន្តហោះ ​ហោះ​ប៉ុន​មេឃ​ប៉ុនដី​ពី​ណា​មក​នៅ​រក​មិន​ទាន់​ឃើញ​ផង។ វា​មាន​អ៊ីចឹង​ដែរ។​ ពេលវេលា​វា​នឹង​ឆ្លើយ!»។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​រូប​នេះ បន្ត​ថា អាជ្ញាធរ​នគរបាល​«ស្វាគមន៍»​រាល់​ភស្ដុតាង​និងសក្ខីកម្ម​ជា​តម្រុយ​ពី​សំណាក់​អ្នកស្រី Sitanun ដែល​អាច​ដាក់​នៅ​ទីតាំង​នគរបាល​ណា​មួយ​ក៏បាន។

អ្នកស្រី​ Sitanun ឲ្យ​ដឹង​ថា ​មេធាវី​បាន​ដាក់​លិខិត​ទៅ​ប៉ូលិស​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​មក​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អយ្យការ​សាលា​ដំបូង​បាន​ចោទ​ប្រកាន់​លើ«អញ្ញត្រជន» ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ និង​ភិនភាគ ក្នុង​សំណុំ​រឿង​បាត់​ខ្លួន​នេះ ដែល​បើក​ផ្លូវ​ឱ្យ​ចៅក្រម​ស៊ើបសួរ​អាច​កោះ​ហៅអ្នក​ស្រី Sitanun មក​កម្ពុជា​ដើម្បី​បំភ្លឺ ជាមួយ​នឹង​ការ​ផ្ដល់​ទិដ្ឋាការ​ពិសេស។ នេះ​បើ​យោង​តាម​មេធាវី លោក សំ ចំរើន។

លោក សំ ចំរើន ​ចូលរួម​ការពារ​ក្តី​រឿង​នេះ អម​ជាមួយ​មេធាវី​ជន​ជាតិ​ថៃ​បី​នាក់ ដែល​ធ្វើ​ដំណើរ​មក​ជាមួយ​អ្នកស្រី​ Sitanun។

បទ​ចោទ​ទាំង​នោះ​រួម​មាន «ការ​ចាប់ ឃុំឃាំង និង​បង្ខាំង ដោយ​ខុស​ច្បាប់»និង​«ការកាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។ នេះ​បើតាមដីកា​របស់​ចៅក្រម​ស៊ើប​ដែល​ VOA​ ទទួលបាន។

លោក អំ សំអាត នាយក​រង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​លើក​ឡើង​ថា ជា​ប្រការ​ចាំបាច់​ដែល​រដ្ឋ​ទាំងពីរ​ថៃ​និង​កម្ពុជា ផ្ដល់​ជំនួយ​និង​សេវាកម្ម​យុត្តិធម៌​ដល់គ្រួសារ​លោក Wanchalearm។

លោក​ អំ សំអាត ប្រាប់​VOA​ថា៖

«អ៊ីចឹង​ចង់​មិន​ចង់ យើង​ត្រូវ​តែ​បង្ហាញ​អំពី​លទ្ធផល​អំពី​ការ​ខិតខំ​ប្រឹង​ប្រែង ស្រាវ​ជ្រាវ និង​ស៊ើបអង្កេត​ឱ្យ​មាន​តម្លាភាព និង​យុត្តិធម៌»។

ស្ថានទូតថៃ​នៅ​ភ្នំពេញ​ មិនបានឆ្លើយនឹង​សារសុំ​ការ​បំភ្លឺ​របស់ ​VOA​ ទេ តែ​បាន​ប្រាប់​ទីភ្នាក់​ងារព័ត៌មាន Reuters ​ថា ខ្លួន​ធ្វើការ​ស្និទ្ធ​ជាមួយ​ភាគី​កម្ពុជា ​ក្នុងការ​ជួយ​ក្រុម​គ្រួសារ​លោក Wanchalearm។

អ្នកស្រី Pornpen Khongkachonkiet សហការី​ផ្លូវ​ច្បាប់​ ដែល​អម​ដំណើរ​អ្នក​ស្រី Sitanun បាន​ឱ្យ​ដឹង​ថា ​១​សប្ដាហ៍​ក្រោយ​ជួប​ចៅក្រម ពោល ​គឺ​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ពួកគេ​នឹ​ង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ៕

XS
SM
MD
LG