ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថៃ​ដ៏​សកម្ម​អ្នក​ស្រី«ណយ» តម្រង់​រក​ជន​មាន​អំណាច


អ្នក​ស្រី Pornpen Khongkachonkiet ហៅ ណយ នៅ ក្នុង​រូបថត​មួយ​​នៅ​ទី​ក្រុង​បាងកក។ (វីអូអេ)
អ្នក​ស្រី Pornpen Khongkachonkiet ហៅ ណយ នៅ ក្នុង​រូបថត​មួយ​​នៅ​ទី​ក្រុង​បាងកក។ (វីអូអេ)

អ្នក​ស្រី Pornpen Khongkachonkiet ហៅ ណយ ត្រូវ​បាន​គេ​គំរាម​ជាច្រើន​ដងច្រើន​ជាង​អ្វី​ដែលអ្នកស្រីអាចចាំ​បាន អ្នកស្រី​ក៏​ត្រូវ​បាន​យាយី​តាម​រយៈ​សំណុំ​រឿង​ផ្លូវ​ច្បាប់​និង​ចំអកតាម​អ៊ីនធឺណិត ប៉ុន្តែ​អ្នក​ស្រី​និយាយ​ថា​អ្នក​ស្រី​នឹង​មិន​ឈប់​ការពារ​សិទ្ធិ​មនុស្ស​ជាពិសេស​នៅ​ពេល​ដែល​ច្បាប់​មិន​ការពារ​ជនជាតិ​ថៃ​ពី​ការ«បាត់​ខ្លួន​ដោយ​បង្ខំ​»ធ្វើ​ឡើង​ដោយ​បុគ្គល​មាន​អំណាច​លាក់​មុខ។​

អ្នក​ស្រី​មិន​មែន​ជាមនុស្ស​ម្នាក់​ទេ​ដែល​បារម្ភ​ពី​រឿង​នេះ។

ជនជាតិ​ថៃដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​៩នាក់​បាន​បាត់​ខ្លួនពី​ការ​ជ្រកកោន​នៅ​បរទេស​តាំង​ពី​ឆ្នាំ​២០១៦ ហើយ​សាកសព​ពីរ​របស់​បុគ្គល​ដែល​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ប្រទេស​ឡាវ​ត្រូវបាន​គេ​រក​ឃើញ​នៅ​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ ២០១៩។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​មក​កាន់​វីអូអេ លោក Brad Adams នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​បាន​សំដៅ​ដល់«​ការ​ភ្ញាក់ដឹង​ខ្លួន​ថា បុគ្គល​មាន​អំណាច​លាក់​មុខ​ធ្វើ​ប្រតិបត្តិការ​នៅ​ខាងក្រៅ​ច្បាប់​ក្នុង​ប្រទេស​ថៃហើយ​លើស​ពី​ការ​ដែល​អាច​គ្រប់គ្រង​បានរបស់​រដ្ឋាភិបាល​ឬ​សភា»។​

អ្នក​ស្រី Pornpen ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និងអ្នក​តស៊ូ​មតិ​ផ្នែក​ច្បាប់ ដែលកំពុង​រៀប​ចំ​ខ្លួន​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​លោក Wanchalearm Satsaksit សកម្មជន​ថៃ​អាយុ​៣៨ឆ្នាំ​ដែល​បាន​បាត់​ខ្លួន​តាម​រាយការណ៍​ថា​ត្រូវ​បាន​ក្រុមប្រដាប់​អាវុធ​ចាប់​ចូល​ទៅ​ក្នុង​រថយន្ត​មួយ​នៅ​ខាងក្រៅ​ខុន​ដូរ​បស់​លោក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មិថុនា។​

លោក Wanchalearm​ បាន​រត់​ចេញ​ពី​ប្រទេស​ថៃ​ដើម្បី​គេច​ពី​ការ​ចោទ​ប្រកាន់​ដោយ​គណបក្ស​កាន់​អំណាច​យោធាថៃ ដែល​កម្ចាត់​ជន​ប្រឆាំង​បន្ទាប់​ពី​ខ្លួន​បាន​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៤។ លោក​គឺ​ជា​ជន​ប្រឆាំង​ទី​៩​ហើយ​ដែល​បាន​បាត់​ខ្លួន។

រូប​ឯកសារ៖ សកម្មជន​កាន់​រូបថត​លោក Wanchalearm Satsaksit សកម្មជន​ប្រឆាំង​ថៃ​ដែល​បាន​បាត់​ខ្លួន ខណៈ​ពួក​គេ​ប្រមូល​ផ្តុ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ឯកសារ៖ សកម្មជន​កាន់​រូបថត​លោក Wanchalearm Satsaksit សកម្មជន​ប្រឆាំង​ថៃ​ដែល​បាន​បាត់​ខ្លួន ខណៈ​ពួក​គេ​ប្រមូល​ផ្តុ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២០។

អ្នក​ស្រី​ Pornpen ត្រូវបាន​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ ណយ គឺ​ជា​នាយក​នៃ​មូល​និធិ Cross Cultural Foundation​ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ថៃ​បាន​និយាយថា៖​«អ្នក​អាច​ផ្តល់​សំណង​គ្រួសារ និង​ស្វែង​រក​សាកសព​ជនរងគ្រោះ​នានា ប៉ុន្តែ​មាន​តែ​ការណ៍​ពិត​ទេ​ដែល​អាច​បញ្ចប់​រឿង​នេះ​និង​អាច​ផ្តល់​នូវ​សន្តិភាព​ផ្លូវចិត្ត​បាន»។​

អ្នកស្រី Pornpen តែងតែ​មាន​វត្តមាន​នៅ​ក្នុងផ្នែក​ដ៏​លំបាក​បំផុត​មួយ​នៃ​ប្រទេស​ថៃ ដូចជា​ការ​ស្វែង​រកការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពីមុនៗ​តាម​រយៈ​ជន​រងគ្រោះ តាម​ដាន​ដំណើរ​ការ​តុលាការ​ដែល​មាន​ភាព​យឺត​យ៉ាវ និង​ដោយ​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​ករណី​ដែល​រដ្ឋ ប៉ូលិស និង​កងទ័ព​បាន​លះបង់​ចោល ឬ​មាន​ចេតនា​មិន​ខ្វល់​ខ្វាយ​នឹង​សំណុំ​រឿង​ណាមួយ។​

អ្នក​ស្រី Pornpen និយាយ​ថា​អ្នក​ស្រី​ស៊ាំ​ហើយ​ក្នុង​សួរ​សំណួរពិបាកៗ​ដល់​បុគ្គល​កំពុង​កាន់​អំណាច​ទាំង​នោះ។ មាន​ចាប់​តាំង​ពី​លោក Porjalee Rakchongcharoen ឬ​ហៅ​ថា Billy ដែល​ជា​សកម្ម​ជន​សិទ្ធិ​ដី​ធ្លី​ជនជាតិ​ភាគ​តិច​ការ៉ែន​ដែល​បាន​បាត់​ខ្លួន​ក្បែរ​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា​ការ​ចោទ​ប្រកាន់​របស់​រដ្ឋ​អំពីការ​ធ្វើ​ទារុណកម្មប្រឆាំង​នឹង​អ្នកជាប់​ឃុំ​ម៉ូស្លីម ក្នុង​តំបន់​ភាគ​ខាងត្បូង​ដែល​សំបូរ​ដោយជនម៉ូស្លីម​ទី​ដែលការ​បះបោរកំពុង​បន្តកើត​មាន​ឡើង និង​ករណី​របស់​លោក Wanchalearm។​

អ្នក​ស្រី​និយាយ​ថា៖ «ខ្ញុំ​ត្រូវបានគេគំរាម​ច្រើន​ដង​រាប់​មិនអស់។ មាន​មនុស្ស​ទូរស័ព្ទ​មកខ្ញុំ​ហើយ​និយាយ​ថា តើ​អ្នក​មិនមែន​ជាពុទ្ធ​សាសនិក​ថៃ​ទេឬ ហេតុអ្វី​បាន​ជា​អ្នក​ជួយ​ជន​ម៉ូស្លីម? អ្នក​មិនមែន​ជា​ជនជាតិ​ថៃឬ»?

អ្នក​ស្រី​និយាយ​ថា ពេល​វេលា​តែមួយ​ដែល​រំខាន​អ្នក​ស្រី​នោះ គឺ​បណ្តឹងពី​បទ​បរិហារ​កេរ្តិ៍​ដែល​ក្រោយមក​ត្រូវបាន​ទម្លាក់​ចោល​ដោយ​យោធា​ពាក់ព័ន្ធ​នឹងរបាយការណ៍​មួយ​តាំងពី​ឆ្នាំ២០១៦ ដែល​ចោទ​ប្រកាន់អំពី​ការ​ធ្វើ​ទារុណកម្ម​ជន​ម៉ូស្លីម​ម៉ាឡេស៊ី​ក្នុង​ភាគ​ខាងត្បូង​បំផុត​នៃ​ប្រទេស​ថៃ​នៅ​ព្រំដែន​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី។ ការ​បរិហារ​កេរ្តិ៍​បុគ្គល​ណា​ម្នាក់​ឬ​ស្ថាប័ន​ណាមួយ​អាច​នឹង​ត្រូវ​ជាប់ទោស​រហូត​ដល់​ពីរ​ឆ្នាំ​ក្នុង​ប្រទេស​ថៃ។

អ្នក​ស្រី​និយាយ​ថា៖ «នៅពេល​នោះខ្ញុំ​ខ្លាច​ពីព្រោះ​បើសិន​ជា​ខ្ញុំ​ត្រូវគេចោទ​ប្រកាន់ តើអ្នក​ណានឹង​ជួយ​ពួកគេ? ខ្ញុំបានទាញ​មនុស្ស​ដែល​គ្មាន​កំហុស​ទាំង​នេះ​ចូល​ទៅ​ក្នុង​គ្រោះ​មហន្តរាយ»។​

ក្រោយ​មក​សំណុំ​រឿង​នោះ​ ត្រូវបានច្រាន​ចោល​អំឡុង​ពេល​ដែល​អន្តរជាតិ​ដាក់​សម្ពាធ។

អ្នក​ស្រី Pornpen ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ដើរ​ចូល​ដែនដី​គ្រោះថ្នាក់​ម្តង​ទៀត​ហើយ។​

គ្រួសារ​លោកWanchalearm ជឿ​ថា​រដ្ឋាភិបាល​ថៃ​ដឹង​ថា​មាន​អ្វី​កើត​ឡើង​លើ​សកម្ម​ជន​រូបនោះ​ដែល​បាន​សើចចំអក​ដាក់រដ្ឋា​ភិបាល​ថៃរបស់​លោក Prayuth Chan-ocha លើ​គេហទំព័រ​ហ្វេសប៊ុក​ពី​ប្រទេស​កម្ពុជា។​

អ្នក​ស្រី Pornpen រួម​ដំណើរ​ជាមួយ​បងស្រី​របស់​លោក Wanchalearm និង​មេធាវី​របស់​អ្នក​ស្រី​មក​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ភស្តុតាង​ដែល​អ្នក​ស្រី​សង្ឃឹម​ថា​នឹង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេតលើ​ជោគ​វាសនា​របស់​ប្អូន​ប្រុស​របស់​អ្នក​ស្រី។

ការ​បាត់​ខ្លួន​របស់​លោក Wanchalearm បាន​ក្លាយជាបដា​មួយ​ក្នុង​ចលនា​តវ៉ា​ថៃ​មួយ​ដើម្បី​បំបែក​តំណ​ភ្ជាប់​រវាង​អំណាច​និង​និទណ្ឌភាព។​

អ្នក​ស្រី​ប្រាប់វីអូអេមុន​នឹង​ចាកចេញថា៖«ការ​បាត់ខ្លួន​ដោយ​បង្ខំ​គឺ​មិនមែន​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ទេ។ វាត្រូវ​ការរៀបចំ​កម្រិត​ខ្ពស់​ដោយ​អ្នក​ដែល​មាន​អំណាច ដោយសារ​វា​ជារឿយៗ​រួមបញ្ចូល​ការ​ចាប់​ខ្លួន​ការ​ធ្វើ​ទារុណកម្ម​ ការ​សម្លាប់ ការ​បំផ្លាញ​ភស្តុតាង​និង​បំបាត់​សាកសព»។​

អ្នក​ស្រី​និយាយ​ថា​ការ​មិនមាន​សាកសពឲ្យ​តម្រុយ​ថា​មាន​រឿង​អាក្រក់​កើត​ឡើង ហើយ​អ្នក​ស្រី​គិត​ថា​អាជ្ញាធរនឹង​មិន​ស្វែង​រកសាកសព​នោះ។

អ្នក​ស្រី​និយាយថា៖«អាជ្ញាធរ​ថៃ​ចាត់ទុក​ករណី​បាត់​ខ្លួន​ដោយបង្ខំ​ដូចជា​ការ​បាត់​កាបូប​លុយ​ឬបាត់​កង់។ គ្មាន​ការ​ស៊ើបអង្កេត​អ្វីឡើយ។ វា​ជា​ការងារ​របស់​ខ្ញុំ​កាតព្វកិច្ច​របស់​ខ្ញុំ​ដើម្បី​ស្វែង​រក​ការពិត។ នៅពេល​ដែល​ខ្ញុំ​រក​ឃើញ​ការពិត​ហើយ​នោះ ខ្ញុំ​ត្រូវ​តែ​ជួយ»។

ការ​បះបោរ​ចេញ​ពី​ចិត្ត

អ្នក​ស្រី​និយាយ​ថា​អ្នក​ស្រី​មាន​ស្មារតី​រើ​បំរះ​តាំង​ពី​កុមារ។ អ្នក​ស្រី​រំលឹក​នៅពេល​ដែល​អ្នក​ស្រី​សួរ​ម្តាយកាលពី​អាយុ​៦ឆ្នាំថា​ហេតុអ្វី​បាន​ជា​អ្នកស្រីត្រូវ​ក្រាប​ថ្វាយ​បង្គុំ​នៅ​មុខ​សមាជិកគ្រួសារ​រាជវង្ស​មួយ​ដែល​ជា​ទម្លាប់មួយ​ក្នុង​ប្រទេស​ថៃ។​

អ្នក​ស្រី​សរសើរ​ការធំ​ដឹង​ក្តី​នៅ​ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​គេ​កាត់​ផ្តាច់​គឺ​ជនជាតិ​ភាគ​តិច​ការ៉ែន​ក្នុង​សាលា​នៅ​ខេត្ត Ratchaburi ដែល​បាន​ផ្តល់​ការ​អប់រំ​កម្រិត​ដំបូង​លើ​«បញ្ហា​រចនា​សម្ព័ន្ធ​នៅក្នុង​ប្រទេស»។​

​មហិច្ឆតា​ចម្បង​របស់អ្នក​ស្រី​គឺ​ចង់​ឃើញមាន​ការ​កែប្រែ​ច្បាប់​និងការ​ចងក្រង​ច្បាប់​ដែលប្រជាជាតិ​ជាច្រើន​មិនបាន​យក​ចិត្ត​ទុកដាក់។​

កាលពី​ឆ្នាំ ២០១២ ប្រទេស​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​មហាសន្និបាត​អន្តរជាតិ​សម្រាប់​ការ​ការពារ​បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​បាត់​ខ្លួន​ដោយ​បង្ខំ ប៉ុន្តែ​ថៃ​មិន​ទាន់​ផ្តល់​សច្ចាប័ន​នៅ​ឡើយ​ទេ ដោយ​ទទូច​ថា​ខ្លួន​ត្រូវ​អនុម័ត​ច្បាប់​ក្នុង​ស្រុក​ជាមុន​សិន​មុន​ពេល​ចូល​រួម​មហា​សន្និបាត។ ជាច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ ច្បាប់​នេះ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​អនុម័ត។​

អ្នក​រិះគន់​បាន​បន្ទោស​ ការរាំង​ស្ទះ​ផ្នែក​នយោបាយ​ដោយសារ​ធាតុ​នានានៃ​រដ្ឋា​ភិបាល​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​កង​ទ័ព។​

ទោះ​យ៉ាងណា រដ្ឋាភិបាល​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យោធា​របស់​លោក Prayuth Chan-ocha និង​ក្រុម​យោធា​ដែល​លោក​ដឹកនាំ​បន្ទាប់​ពី​បាន​រឹបអូស​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ឆ្នាំ​២០១៤ បាន​ជំរុញ​អនុម័ត​ច្បាប់​នានា​តាម​រយៈ​សភាមួយដែល​ពោរពេញ​ទៅ​ដោយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​រួម​មាន​នឹង​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​បាន​ជ្រើសតាំង​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ដោយ​កងទ័ព។

អ្នក​ស្រី Pornpen និយាយ​ថា៖«យើង​មាន​ច្បាប់ស្តី​ពី​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធឺណិត ជា​ច្បាប់​មួយ​ដែល​ហាម​ឃាត់ការ​ប្រមូល​ផ្តុំ​នយោបាយ​ប៉ុន្តែ​ជា​ច្បាប់​មួយ​ដែលមិន​មាន​បំណង​ការពារ​ជីវិតនិង​សេរីភាព​របស់​ប្រជាជន​ពី​ការ​ធ្វើទារុណកម្ម​និង​ការ​បាត់ខ្លួនដោយ​បង្ខំ​ទេ»។​

បន្ទាប់​ពី​ការ​កាន់​អំណាច​យ៉ាង​រអាក់​រអួល​អស់​៦ឆ្នាំ លោក Prayuth ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ ចលនា​បាតុកម្ម​ដឹកនាំ​ដោយ​យុវជន​កំពុង​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ដងផ្លូវនានា​ក្នុង​ទីក្រុង​បាងកក រហូត​ដល់​លោក​ចុះ​ចេញពី​តំណែង និងរហូត​ទាល់​តែ​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រកប​ដោយយុត្តិធម៌​ថ្មី​មួយ​ដែល​មាន​សិទ្ធិ​នានាជា​ស្នូល​ត្រូវបាន​តាក់តែង​ឡើង។

អ្នក​ស្រី​និយាយ​ថា៖«យុវជន​និយាយ​ភាសា​ដែល​ខ្ញុំ​ត្រូវរៀន​នៅ​សាលា​ច្បាប់​ដើម្បីចេះ។ ប៉ុន្តែ​ពួកគេ​បាន​រៀន​វា​ក្នុង​ពេល​មួយ​ថ្ងៃ​តាម​អ៊ីន​ធឺណិត។ ការ​ផ្លាស់ប្តូរ​ជិត​កើត​ឡើង​ហើយ»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG