សាលាឧទ្ធរណ៍​នឹង​ពិនិត្យ​លើ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ម៉ម សុណង់​ដូ

លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុក​ឃ្មុំនិង​ជា​ប្រធាន​​សមាគម​អ្នក​ប្រជាធិបតេយ្យ

សាលាឧទ្ធរណ៍​នឹង​ពិនិត្យ​មើល​នៅ​ថ្ងៃ​សុក្រ​នេះ​លើសំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុក​ឃ្មុំនិង​ជា​ប្រធានសមាគម​អ្នក​ប្រជាធិបតេយ្យ។
លោកស្រី​ ហួន ផាន់ណារី ​អគ្គលេខាធិការ​រង​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​នេះថាក្រុម​អ្នក​គាំទ្រ​របស់​លោក​ម៉ម សុណង់​ដូ​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​តុលាការ​នឹង​សម្រេច​ឱ្យ​លោក​បាន​នៅ ​ក្រៅ​ឃុំ​ដោយ​សារ​តែ​ភាព​ស្អាតស្អំ​របស់​លោក​និង​ការណ៍​ដែល​លោក​មាន​ចិត្ត​សហការ​នឹង​តុលាការ​គ្រប់​ពេល​ដែល​ត្រូវ​ការ។​

លោក​ម៉ម សុណង់​ដូ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគា​ររយៈ​ពេល​២០​ឆ្នាំ​ពីបទ​ដឹកនាំ​ចលនា​ធ្វើ​អបគមន៍​មួយ​ក្នុង​ខេត្ត​ក្រចេះ​ ប៉ុន្តែ​ការ​កាត់​ទោស​របស់​លោក​ទទួល​រង​ការរិះគន់​ជា​អន្តរជាតិ​ថា​ជា​ទង្វើ​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ ហើយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា បាន​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​វិញ។

លោក​ស្រី​ហួន ផាន់​ណារី​បញ្ជាក់​ថា​លោកម៉ម សុណង់​ដូ​មាន​សុខភាព​ល្អ​ទេ​ហើយ​បាន​ទទួល​ជួប​ភ្ញៀវ​ជាច្រើន​ក្នុង​នោះ​មាន​លោក​សុរិយា​ សូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​លោក​អគ្គលេខា​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ដែល​បាន​ចូល​សួរសុខទុក​លោក​ក្នុង​សប្តាហ៍​នេះ។ ​