ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​ម៉ម សូណង់ដូ​ជាបន្ទាន់


លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ។
លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ។

លោក ម៉ម សុណង់ដូ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទទី​១ ​ខែតុលា​ដោយ​ចោទ​រូប​លោក​ថា​ បាន​ដឹកនាំ​ធ្វើ​អបគមន៍​នៅ​ក្នុង​ស្រុ​ល​ឆ្លូង​ ខេត្ត​ក្រចេះ។

ភ្នំពេញ៖ សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោកម៉ម សុណង់ដូ​«ជាបន្ទាន់»​ដោយ​បាន​ប្រើសម្តី​ធ្ងន់ៗ ផ្តោត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ដែល​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ។
នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចែកចាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី​វិចតូរីយ៉ា នូឡេនដ៍​ (Victoria Nuland) អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖
«យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ម៉ម សុណង់ដូ ជា​បន្ទាន់​ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ដម្បី​បញ្ជាក់​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការធានាសិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន»។
លោក ម៉ម សុណង់ដូ មាន​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទទី​១ ​ខែតុលា​ដោយ​ចោទ​រូប​លោក​ថា​ បាន​ដឹកនាំ​ធ្វើ​អបគមន៍​នៅ​ក្នុង​ស្រុ​ល​ឆ្លូង​ ខេត្ត​ក្រចេះ។ ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់​ផ្សេង​ទៀត​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ដប់​ខែ​ដល់​៣០​ឆ្នាំ​ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​ព្យួរទោស​ហើយ​ដោះលែង​ចេញពី​មន្ទីរឃុំឃាំង​។
លោកស្រី​វិចតូរីយ៉ា លើក​ឡើង​ថា ការ​ផ្តន្ទាទោស​នាយក​វិទ្យុ​សំបុ​ក្រ​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន «កង្វល់ជាខ្លាំង»។
ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​បារាំង​ក៏​បាន​ទាមទារ​ឲ្យ​តុលាការ​ខ្មែរ​ធ្វើការ​ត្រួតពិនិត្យ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ឡើង​វិញ​ឲ្យ​បាន​ឆាប់​បំផុត។
​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បារាំង លោក ហ៊្វីលីប ឡាល់លីយោ (Philippe Lalliot) បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​បារាំង​មាន​ការ​«ព្រួយបារម្ភ​ចំពោះ​ការ​កាត់ទោស​លោក ម៉ម សូណង់ដូ ហើយ​ខ្លួន​មាន​ការ «សោកស្តាយ​ចំពោះ​ការ​កាត់ទោស​នេះ»។ មន្រ្តី​ការបរទេស​បារាំង​ដដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ដល់​នីតិវិធី​ប្តឹង​ឧទ្ធរណ៍ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​រឿង​ក្តី​នេះ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ប្រកប​ដោយ​យុត្តិធម៌​ និង​សមធម៌។
លោក ហ៊្វីលីប បន្ថែម​ទៀត​ថា «បារាំង​អំពាវនាវ​ដោយ​ទទូច​ឲ្យ​កម្ពុជា​គោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ទស្សនៈ» ស្របតាម​កត្តិការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ប្រជាពរដ្ឋ​និង​នយោបាយ​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​ដែរ​នោះ។
មន្ដ្រី​ជាន់​ខ្ពស់​បារាំង​ដដែល​បញ្ជាក់​ថា «បារាំង​នឹង​បន្ត​ធ្វើ​ការ​តាមដាន​សភាពការណ៍» របស់​លោកម៉ម សូណង់ដូ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។
នេះ​គឺ​ជា​ប្រតិកម្ម​ផ្ទួនៗ​របស់​សហគមន៍​អន្តរជាតិ​លើ​ករណី​លោក ម៉ម សូណង់ដូ របស់​សហគមន៍​អន្តរជាតិ​បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប និង​មន្ដ្រី​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​បាន​ប្រឆាំង​នឹង​ការ​ដាក់ទោស​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​សកម្ម​ម្នាក់​របស់​កម្ពុជា​នេះ។​
លោក​កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ដ្រី និង​ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​ហៅ​ប្រិតកម្ម​របស់​សហគមន៍​អន្តរជាតិ​ទាំង​នោះ​ថា «ជា​រឿង​ធម្មតា»។
លោក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា «ជា​ធម្មតា​
បេសកកម្ម (ការ​ទូត) កាលណា​មាន​រឿង​អ្វី​មួយ​កើត​ឡើង​គាត់​មិន​អាច​នៅ​ស្ងៀម​ទេ»។
លោក កែវ រ៉េមី អះអាង​ថា នេះ​គឺ​ជា​ចំណាត់ការ​របស់​តុលាការ​ហើយ​ចំណាត់​ការ​នេះ​មិនមែន​តែ​ចំពោះ​លោក ម៉ម សូណង់ដូ នោះ​ទេ។
ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​វីដេអូ​ខុនហ្រ្វិន​ពី​ប្រទេស​បារាំង លោក​សម រង្ស៊ី មេដឹក​នាំ​គណ​បក្សជំទាស់​ជឿថា លោកម៉ម សូណង់ដូ នឹង​ត្រូវ​ដោះលែង​ក្នុង​ពេលឆាប់ៗ​នេះ។ កាល​ពី​ម្សិល​មិញ​ភរិយា​របស់​លោក ម៉ម សូណង់ដូ លោកស្រី ឌិន ផាន់ណារ៉ា បាន​ប្រកាស​ប្តឹង​ឧទ្ធរណ៍៕
XS
SM
MD
LG