ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​ខកចិត្ត​នឹង​ការ​កាត់ទោស​លោក​ម៉ម សូណង់ដូ​

  • សុខ ខេមរា

Cambodia Protest

ក្រុម​អ្នករិះគន់​ចាត់ទុកថា​ ជា​សកម្មភាព​របស់​រដ្ឋាភិបាល​ចង់បង្ក្រាប​ក្រុម​អ្នក​ជំទាស់​នោះ​ ​ក្រុម​អង្គការ​ធ្វើ​កិច្ចការ​ផ្នែក​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​កន្លែង​ផ្សេង​ទៀត​បាន​ព្រមាន​ថា​ ការ​កាត់ទោស​លោក​​ម៉ម សូណង់ដូ​នេះ​ជាការ​បំបាត់​ស្មារតី​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។​

វ៉ាស៊ីនតោន​៖ ភ្លាមៗ​ក្រោយ​ពី​នាយក​ស្ថានីយ៍​វិទ្យុ​សម្បុកឃ្មុំ​គឺ​លោក​ម៉ម សូណង់ដូ​ត្រូវ​តុលាការ​កាត់​ទោស​កាលពី​ថ្ងៃ​ច័ន្ទ​ ឲ្យ​ជាប់គុក​២០ឆ្នាំ​ពីបទ​បង្កើត​អបគមន៍​នៅ​ខេត្តក្រចេះ​ ហើយ​ដែលក្រុម​អ្នករិះគន់​ចាត់ទុកថា​ ជា​សកម្មភាព​របស់​រដ្ឋាភិបាល​ចង់បង្ក្រាប​ក្រុម​អ្នក​ជំទាស់​នោះ​ ​ក្រុម​អង្គការ​ធ្វើ​កិច្ចការ​ផ្នែក​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​កន្លែង​ផ្សេង​ទៀត​បាន​ព្រមាន​ថា​ ការ​កាត់ទោស​លោកម៉ម សូណង់ដូ​នេះ​ជាការ​បំបាត់​ស្មារតី​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។​

លោកប៉ប ឌីតហ្ស ​(Bob Dietz) ​អ្នក​សម្រប​សម្រួល​កម្មវិធី​កិច្ចការ​អាស៊ី​នៃ​អង្គការ​សារ​ព័ត៌មាន​មួយ​ក្នុង​ប្រទេស​អាមេរិក​(Committee to Protect Journalists) ​បាន​អះអាង​ថា​ ការ​ដាក់ទោស​លោក​ម៉ម សូណង់ដូ​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ​គ្មាន​សេរីភាព​សារ​ព័ត៌មាន​ទេ​ នៅក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

«នេះ​គឺជា​រឿង​ពុះកញ្ជ្រោល​ពិត​ប្រាកដ។​ ខ្ញុំ​មាន​ន័យ​ថា​ វាជា​ការ​បង្ហាញ​យ៉ាង​ពិត​ថា​ រដ្ឋាភិបាល​ពិត​ជា​តាំងចិត្ត​បំបាត់​សំឡេង​អ្នក​ណា​ម្នាក់​ដែល​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​រដ្ឋបាល​របស់​គាត់»។​
លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា ​តាម​ការ​បញ្ជាក់​ អ្វីគ្រប់​យ៉ាង​គឺ​ជា​ការ​គំរាម​កំហែង​ទាក់ទង​នឹង​អ្នក​កាសែត​គ្រប់​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ដែល​ថា​ ពួក​មិន​មាន​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​យ៉ាងពិត​ប្រាកដ»។​

លោកម៉ម សូណង់ដូ​ ជា​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​ និង​ជា​ប្រធាន​ចលនា​ប្រជា​ធិបតេយ្យ​ ត្រូវ​ចាប់​ឃុំខ្លួន​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា​ទាក់ទង​នឹង​ការ​ឆ្លើយ​ដាក់​របស់​ក្រុមមួយ​ដែល​បាន​ជួយ​ប្រជាពល​រដ្ឋ​តវ៉ារឿង​ដីធ្លី​នៅ​ស្រុកឆ្លូង​ ខេត្ត​ក្រចេះ​ តែ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ។​ ក្រុម​មន្ត្រី​បាន​អះអាង​ថា​ ការកាត់​លោកម៉ម សូណង់ដូ​ គឺ​ធ្វើ​ទៅ​តាម​នីតិវិធីច្បាប់​ ​តែ​ក្រុម​អ្នក​រិះគន់​ខ្លះ​បាន​ចាត់​ទុក​ថា​ នេះ​ជា​ការ​ធ្វើឲ្យ​សេរីភាព​សារ​ព័ត៌មាន​កាន់តែ​ធ្លាក់​ចុះ។​

លោកស្រី​កាលីន កាលីកា ​(Karin Deutch Karleakar)​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ ​និង​ជា​នាយក​គ្រប់គ្រង​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​និង​សិទ្ធិសេរីភាព​ដ៏ធំ​របស់​ស.រ.អា. ​ហៅ​ថា ​Freedom House ​បាន​អះអាង​ស្រដៀង​គ្នា​ដែរ​ថា ​ការ​កាត់ទោស​លោកម៉ម សូណង់ដូដ៏​ធ្ងន់​នេះ​នឹង​ធ្វើឲ្យ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ខាង​សេរីភាព​ព័ត៌មាន​ ដែល​កំពុង​តែ​ធ្លាក់ចុះ​ស្រាប់។​

«រឿងនេះ​កំពុង​ដំណើរការ​តាម​និន្នាការ​ដែល​យើង​បាន​កត់​សម្គាល់ តែជា​ការណ៍​ពិត វា​ជា​ករណី​ធ្ងន់ធ្ងរ​ណាស់​ ហើយ​យើង​សុំឲ្យ​រដ្ឋាភិបាល​គិត​ពិចារណា​ឡើង​វិញ​ពី វិធី​ដែល​រដ្ឋាភិបាល​ព្យាយាម​កាត់ទោស​ពល​រដ្ឋ​តាម​របៀប​ចោទ​ប្រកាន់​ដូច្នោះ។​ ខ្ញុំ​មាន​ន័យ​ថា​ ជា​ការណ៍​ពិតណាស់​ថា​ វាមិន​បញ្ជូនសារ​ដ៏ល្អ​អំពី​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ អំពី​សមត្ថភាព​ដើម្បី​បង្ហាញ​ខ្លួន​ឯង​និង​អំពី​លទ្ធិប្រជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ទេ។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​បាន​បញ្ជូន​ជា​សញ្ញា​អវិជ្ជាមាន​ច្រើន​ណាស់»។​

លោកស្រី ​កាលីន ​កាលីកា​បាន​អះអាង​ដែរ​ថា៖​
«ដូច្នេះខ្ញុំ​គិត​ថា​ រឿងនេះ​នឹង​បញ្ជូន​សញ្ញា​មួយ​ ហើយ​ជា​ការ​ប៉ះពាល់​ដ៏​ភ័យ​ខ្លាច​មួយ​ផង​ដែរ​ ដល់​អ្នក​ផ្សេងទៀត​ ដែល​ជាទូទៅ​គឺ​អ្នក​ណា​ម្នាក់​ដូច​លោក​ម៉ម សូណង់ដូ​នេះ ​អាច​ត្រូវ​គេ​កាត់ទោស​ ដូច​គ្នា​នឹងការ​កាត់ទោស​មិន​សមហេតុ​ផល​នេះ។​ លោក​អ្នក​ដឹង​ទេ​ថា វា​ពិត​ជា​រឿង​គំរាម​កំហែង​ដល់អ្នក​ផ្សេង​ទៀត​ដែល​គិត​អំពី​ការ​រិះគន់​បែប​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ»។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​លោកផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បាន​ច្រាន ចោល​ការ​ចោទប្រកាន់​នានា ​ដោយ​ថ្លែង​ថា​ រដ្ឋាភិបាល​គ្រាន់តែ​ជា​ដើម​បណ្តឹងប៉ុណ្ណោះ។​ លោក​ថ្លែង​ថា ​ការកាត់​ទោស​នេះ​គឺ​ជារឿង​ដែល​ពិបាក​យក​ច្បាប់ ​នីតិរដ្ឋ​នៅ​ប្រទេស​ដទៃ​ឬ ​ស.រ.អា.​មក​ប្រៀប​ធៀប។

«អាហ្នឹង​ជា​គុណភាព​ជាក់ស្តែង​នៅ​ហ្នឹង​កន្លែង​ ជា​ច្បាប់​ដែនដី​ ជា​គុណភាព​ជាក់​ស្តែង​នៅ​ហ្នឹង​កន្លែង​ដែល​ទាំងអស់​គ្នា​ត្រូវ​តែ​គោរព​នូវ​អធិបតេយ្យភាព​នេះ»។​

លោក​ផៃ ស៊ីផាន​អះអាង​ថា ​មេធាវី​លោក​ម៉ម សូណង់ដូ​នៅ​មាន​ឱកាស​តវ៉ា ​ដោះ​បន្ទុក​នៅ​តុលាការ​ពីរ​ថ្នាក់​ទៀត។​

ប្រទេស​កម្ពុជា ​ដូចជា​ប្រទេស​ភូមា​ កូរ៉េខាង​ជើង​ ចិន​ ឡាវ​ វៀតណាមដែរ​ ត្រូវ​អង្គការ​Freedom House ​ចាត់​ទុក​ថា​ ជា​ប្រទេស​មិនមាន​សេរីភាព​សារ​ព័ត៌មាន​ទេ ​កាលពី​ឆ្នាំ​២០១២។​

ទោះជាយ៉ាងណា​ក៏​ដោយ​ ក្រុមអ្នក​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ អាមេរិក​បាន​អះអាង​ថា​ ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ត្រូវតែ​និយាយ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​អំពីរឿង​លោក​ម៉ម សូណង់ដូនេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៃ​អង្គការ​ការពារ​បរិស្ថាន​អន្តរ​ជាតិ​របស់​ប្រទេស​ អង់គ្លេស ​ហៅ​ថា​ Global Witness​ អ្នក​ធ្វើ​យុទ្ធនាការ​ម្នាក់​គឺ​លោកJosie Cohen​ បាន​អះអាង​ថា ​ការ​កាត់ទោស​លោក​ម៉ម សូណង់ដូនេះ​គឺជា​ឧទារហរណ៍​មួយ​នៃ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ចំពោះ​អ្នកណា​ដែល​ហ៊ាន​និយាយ​ពី​រឿងរំលោភ​បំពាន​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា។​

«ក្រុម​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​កម្ពុជា​ត្រូវតែ​ថ្កោល​ទោស​ការ​កាត់ទោស​លោក​ម៉ម សូណង់ដូ​ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ប្រព័ន្ធ​របស់​ខ្លួន​ ដែល​បំបាត់​សំឡេង​អ្នក​ដែល​ហ៊ាន​និយាយ​តវ៉ា​ដើម្បី​ផល​ប្រយោជន៍​មនុស្ស​រាប់ពាន់​នាក់​ ដែល​ត្រូវ​បណ្តេញ​ចេញ​ពីដី​របស់​ពួក​គេ»។​

លោក​ហង្ស សេរីឧត្តម ​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ និង​លោក​ឈុត វុទ្ធី​ សកម្មជន​ឆ្នើម​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ​ ត្រូវឃាដករ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ ​ក្នុងពេល​បំពេញ​មុខ​ងារ​របស់​ពួកគេ។​
ផ្ទៃដី​កម្ពុជា​ជាង​២លានហិចតា ​ដែលត្រូវ​គេ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​ជា​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​សម្រាប់​អ្វី ​ដែលរដ្ឋាភិបាល​អះអាង​ថា​ ​ជាការ​វិនិយោគ​ ការ​អភិវឌ្ឍន៍។​ តែសម្បទាន​នៅ​កន្លែង​ជា​ច្រើន​ត្រូវ​ប៉ះ​ដល់ដី​ប្រជា​ពលរដ្ឋ​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ពេញចិត្ត​នឹង​រដ្ឋាភិបាល​ មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣៕​
XS
SM
MD
LG