ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រាជវង្ស៖ ​មាន​តែ​លោក​ហ៊ុន សែន​ទេ​អាច​សម្រេច​ពី​វាសនា​លោក​ម៉ម សូណង់ដូ​

  • ហេង រស្មី

លោក​ម៉ម សូណង់ដូ​ត្រូវ​បានកាត់ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​។

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​មាន​បន្ទូល​ថា​ ករណី​នេះ​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ម្នាក់​គត់​ដែល​អាច​ជួយ​លោក​ម៉ម សូណង់ដូ​ឲ្យ​រួចខ្លួន​បាន។​

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ សមា​ជិ​រាជវង្ស​មួយអង្គ​ បាន​មាន​បន្ទូល​ថា​ករណី​លោក​ម៉ម សូណង់ដូ​គឺជា​រឿង​នយោបាយ​ព្រះមហាវីរក្សត្រ​សម្តេច​ឪ​នរោត្តម​សីហនុ​មិន​អាច​ជួយ​អន្តរាគមន៍​រឿង​ក្តី​នេះ​បាន​ទេ។​

ព្រះ​បន្ទូល​របស់​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​របស់​លោក​ម៉ម សូណង់ដូ ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​ និង​សម្តេច​ឪ​ សម្តេចម៉ែ​ឲ្យ​ជួយ​ដោះលែង​លោក​ម៉ម សូណង់ដូ។​

លោកម៉ម សូណង់ដូ ​នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ កាលពី​ថ្ងៃ​ទី១ ខែ​តុលា​កន្លង​ទៅ​នេះ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០លាន​រៀល ​បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រ​ម៉ា ​ឃុំ​កំពង់​ដំរី ​ស្រុក​ឆ្លូង ​ខេត្តក្រចេះ។​

តំបន់​អបគមន៍​ត្រូវ​តុលាការ​រក​ឃើញ​ថា​ មានគោល​បំណង​ដើម្បី​ផ្តួលរំលំ​របប​គ្រប់គ្រង​អស់​រយៈ​ពេល​ជិត៣០​ឆ្នាំ​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន។​

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​មាន​បន្ទូល​ថា​ ករណី​នេះ​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ម្នាក់​គត់​ដែល​អាច​ជួយ​លោក​ម៉ម សូណង់ដូ​ឲ្យ​រួចខ្លួន​បាន។​ ព្រះ​អង្គម្ចាស់​មិន​មាន​ជំនឿ​ថា​ លោក​ម៉ម សូណង់ដូ​ទៅ​បង្កើត​តំបន់​អបគមន៍​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដូច​មានការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។​

«ខ្ញុំ​មិន​ជឿថា​ ឯកឧត្តម​ម៉ម សូណង់ដូ​ចង់​ធ្វើ​អបគមន៍​ទេ។ ​ដើម្បី​ធ្វើ​អបគមន៍​ត្រូវ​តែ​មាន​កងទ័ព ​កង​ប្រដាប់​អាវុធ។ ​ដោយ​ឡែក​ ឯកឧត្តម ​គាត់​គ្មាន​កងទ័ព ​កង​ប្រដាប់​អាវុធ​អីដើម្បី​ធ្វើ​អប្បគមន៍​ទេ»។

អ្នកស្រីហួន ផាន់ណារី​ អគ្គ​លេខាធិការ​រង​នៃ​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ បាន​និយាយ​ថា​ នៅក្នុង​ប្រទេស​កម្ពុ​ជា​មាន​បុគ្គល​តែ​ម្នាក់​គត់ ដែល​អាច​សម្រេច​រឿងក្តី​លោក​ម៉ម សូណង់ដូ។ ​អ្នកស្រី​ទំនងជាសំដៅ​ទៅលើ​លោក​នាយករ​ដុ្ឋ​មន្ត្រី​ហ៊ុន សែន។​ អ្នកស្រី​បាន​និយាយ​ទៀត​ថា​ អ្នក​ស្រី​គ្មាន​សង្ឃឹម​ថា​ ព្រះ​មហាក្សត្រ​នឹង​អាច​ជួយ​អន្តរាគមន៍​ចំពោះ​រឿងក្តី​នេះ​បាន​ទេ។​

«មានតែ​ម្នាក់​ទេ​ ដែល​ធំជាង​គេ​នៅ​ស្រុក​ខ្មែរ។​ អញ្ចឹង​អ្នកណា​ក៏​មិនអាច​លូក​ដៃ​បាន​ដែរ ​ព្រោះ​ស្រុក​ខ្មែរ​យើង​មាន​ព្រះ​មហាក្សត្រ ​ហើយ​យើង​តែង​តែ​ដាក់​លិខិត​ទៅ​បាន​ ឬ​មិនបាន ​យើង​ចាំ​គិត​ត​ទៅ​ទៀត»។​

លោកផៃ ស៊ី​ផាន ​អ្នក​នាំពាក្យ ​និង​ជា​រដ្ឋលេខាធិកា​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​និយាយ​ថា​ រដ្ឋាភិបាល​មិន​អាច​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ​បាន​ទេ។​

«រដ្ឋាភិបាល​យើង​នៅតែ​មិន​លូក​ដៃ​ ​លូក​ជើងចូល។​ ​យើង​ទុក​ឲ្យ​ដំណើរ​ការ​យុត្តិធម៌​ដែល​គ្មាន​ឧបសគ្គ​ទៅ​តាម​អ្វីដែល​យើង​ហៅ​ថា ​ឯករាជ្យ ​ហើយ​នឹង​អធិបតេយ្យ​ភាព»។​
បន្ទាប់ពី​ការ​កាត់ទោស​លោក​ម៉ម សូណង់ដូ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ មាន​ប្រទេស​មហា​អំណាច​សំខាន់ៗ​ ដែល​រួមមាន​សហ​រដ្ឋ​អាមេរិក​ផង​ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ​ដោយ​ទាមទារ​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ៕
XS
SM
MD
LG