ភ្នំពេញ៖ សភាអឺរ៉ុបបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ និងជំរុញការគោរពសិទ្ធិមនុស្សព្រមទាំងសេរីភាពនៃការបញ្ចេញមតិ។
នៅក្នុងសេចក្ដីសម្រេចកាលពីថ្ងៃសុក្រសប្តាហ៍មុន សភាអឺរ៉ុបដែលមានមូលដ្ឋានក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ក៏បានជំរុញផងដែរឲ្យរដ្ឋាភិបាលដោះលែងលោកម៉ម សុណង់ដូ «ដោយគ្មានលក្ខខណ្ឌនិងជាបន្ទាន់»។ សកម្មជនប្រជាធិបតេយ្យរូបនេះត្រូវតុលាការខ្មែរផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ពីបទអ្វីមួយដែលរដ្ឋាភិបាលហៅថាបង្កើតតំបន់អប្បគមន៍ក្នុងស្រុកឆ្លូងខេត្តក្រចេះ។
នៅក្នុងដំណោះស្រាយដដែលនោះ សភាអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីស្ថានភាពមេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី ដែលត្រូវតុលាការខ្មែរផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន១០ឆ្នាំ ហើយដែលកំពុងស្ថិតក្នុងការនិរទេសខ្លួន។
សមាជិកសភាអឺរ៉ុបបានបញ្ជាក់ក្នុងសេចក្ដីសម្រេចនោះថា ខ្លួនផ្កោលទោសការផ្តន្ទាទោសទាំងឡាយណាដែលមានចរិតនយោបាយប្រឆាំងនឹងអ្នករិះគន់នយោបាយ ប្រឆាំងនឹងតំណាងរាស្ដ្រជំទាស់ដូចជា លោក សម រង្ស៊ីជាដើម។ ហើយសភាអឺរ៉ុបថ្កោលទោសការផ្តន្ទាទោសសកម្មជនសិទ្ធិមនុស្សនិងសកម្មជនដីធ្លី។
សភាអឺរ៉ុបក៏បានលើកពីករណីបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារបរិដ្ឋានកម្ពុជាដ៏សកម្ម ករណីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំដែលបានកើនដល់៤០០.០០០នាក់រហូតមកទល់ពេលនេះ។ សភាដដែលបានស្នើឲ្យគណៈកម្មការអឺរ៉ុបធ្វើការស៊ើបអង្កេតលើការរំលោភបំពានផ្នែកសិទ្ធិមនុស្សនៅកម្ពុជានិងស្នើឲ្យរដ្ឋាភិបាលខ្មែរគោរពតាមការស្នើសុំឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោតរបស់អង្គការសហប្រជាជាតិ។
ប្រតិកម្មតបទៅនឹងសេចក្ដីសម្រេចនេះ លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់សភាអឺរ៉ុបមានចរិតនយោបាយ។
«សេចក្តីសម្រេច(resolution) គ្រាន់តែជាការចាប់អារម្មណ៍មួយតែមិនមែនជាច្បាប់ទេ។ ទីពីរសេចក្ដីសម្រេចនេះគ្រាន់តែស្ថិតក្នុងទិដ្ឋភាពនយោបាយមិនមែនស្ថិតក្នុងភាពនិតិរដ្ឋ។ ដូច្នេះការដាក់គំនាបឬការប្រើប្រាស់ពាក្យសម្តីឲ្យរាជរដ្ឋាភិបាលកម្ពុជាជាភាសាមួយហួសសម័យហើយកម្ពុជាមិនស្ថិតក្រោមអាណានិគមរបស់ពួកអឺរ៉ុបទេ»។
ទោះជាយ៉ាងណា លោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូនិងលោក យឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងដូចគ្នាថា សេចក្ដីសម្រេចរបស់សភាអឺរ៉ុបបានបង្ហាញទិដ្ឋភាពជាក់ស្តែងដែលកំពុងកើតឡើងនៅកម្ពុជា។
លោក អំ សំអាត ៖ «រាជរដ្ឋាភិបាលគួរតែពិនិត្យមើលអនុសាសន៍របស់សហគមន៍អឺរ៉ុប ជាពិសេសស្ថានភាពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានរឹតត្បិត។ មួយទៀតយើងសុំឲ្យពង្រឹងប្រព័ន្ធតុលាការទៅជាប្រព័ន្ធតុលាការឯករាជ្យពិតប្រាកដ។ បើមិនអញ្ចឹងទេបានន័យថាប្រព័ន្ធតុលាការត្រូវបានប្រើប្រាស់ដើម្បីរឹតបន្តឹងសេរីភាព»។
ជាមួយគ្នានេះលោក យឹម សុវណ្ណ អះអាងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបានបង្កជាកង្វល់ជាសកល។
«គឺជាការណ៍ពិតមានអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប សហភាពអន្តរសភា ប្រទេសជាមិត្ត ប្រទេសនៅក្នុងតំបន់ គេមានការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា អំពីការបោះឆ្នោតដែលមិនសេរីនិងយុត្តិធម៌។ បញ្ហាទាំងអស់នេះធ្វើឲ្យសង្គមមានបញ្ហាដែលថ្នាក់ដឹកនាំមិនត្រូវបានជ្រើសរើសដោយឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីបានលើកជាថ្មីម្តងទៀតថា កម្ពុជាកំពុងធ្វើការកែទម្រង់ផ្សេងៗដោយមិនចាំបាច់មានការដាស់តឿនពីសភាអឺរ៉ុបនោះទេ៕