អាជ្ញាធរ​មិន​សូវ​អើ​ពើ​នឹង​​ញត្តិ​របស់​​បណ្តាញ​ព្រៃឈើ​ថ្នាក់​ជាតិ​ដើម្បី​កម្ពុជា​

  • ឡេង ស្រីនិច

ព្រៃឈើត្រូវបានកាប់ដើម្បីធ្វើដីសម្បទាននៅក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

VOA ​បាន​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​អ្នក​ស្រី​ ប្រាក់ សុផល​ តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឈើ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា​ ទាក់​ទង​នឹង​ដំណើរ​ការ​​ដាក់​ញត្តិ​នេះ។

កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ តំណាង​បណ្តាញ​និង​សហគមន៍​ព្រៃ​ឈើ​ថ្នាក់​ជាតិ​មួយ​ក្រុម​បាន​ផ្ញើ​ញត្តិ​ទៅ​ស្ថាប័នរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ស្នើ​សុំ​រក​ដំណោះ​ស្រាយ​ទប់ស្កាត់ការ​កាប់​ព្រៃ​ឈើ​និង​ការ​រំលោភយក​ដី​ក្រោម​រូប​ភាព​អភិវឌ្ឍន៍​របស់ក្រុម​ហ៊ុន​មួយ​ចំនួន។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​ការ​ឆ្លើយ​តប​តិច​តួច​ណាស់​ពី​ស្ថាប័ន​រដ្ឋ​និង​ក្រុម​ហ៊ុន​ឯក​ជន​ទាំង​នោះ។​

នាង​ឡេង​ ស្រីនិច​នៃ​ VOA ​បាន​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​អ្នក​ស្រី​ ប្រាក់ សុផល​ តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឈើ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា​ ទាក់​ទង​នឹង​ដំណើរ​ការដាក់​ញត្តិ​នេះ។​ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

VOA៖​ តើ​អ្នក​ស្រី​អាច​និយាយ​ប្រាប់​ត្រួសៗ​ អំពី​តំណាង​បណ្តាញ​និង​សហគមន៍​របស់​អ្នក​ស្រី​ដែរ​ឬទេ​ ថា​តើ​តំណាង​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា​ដែរ​ ហើយ​កន្លង​មក​បាន​ធ្វើ​អ្វី​ខ្លះ?​

អ្នក​ស្រី​សុផល៖​ ពួក​ខ្ញុំ​មាន​ដើម​កំណើត​ កើត​កាល​វាល​គុម្ព​បន្ត​បន្ទាប់​ជា​មួយ​គ្នា​ដោយ​សារ​យើង​បាន​ចូល​ទៅ​ផ្តុំ​មតិ​ តស៊ូ​មតិ​ក្រុម​ផ្សេងៗ​ ហើយ​ក៏​រួប​រួម​គ្នា​ជា​ក្រុម​ធំ។​ ហើយ​បើ​ទោះ​បី​ការ​ប៉ះ​ពាល់មាន​ផ្សេងៗ​គ្នា​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​វា​ជា​បញ្ហា​តែ​មួយ​ ប្រឈម​មុខ​នឹង​ក្រុម​ហ៊ុន​តែ​មួយ​ ដែល​ទាក់​ទង​នឹង​ការ​អភិវឌ្ឍន៍។​ នៅ​ពេល​ដែល​ការ​អភិវឌ្ឍ​កើត​ឡើង ​វា​ធ្វើ​ឲ្យ​ពួក​យើង​កើត​ទុក្ខ​វេទនា​ បាក់​បែក​ផ្ទះ​សម្បែង​ដែល​ត្រូវ​គេ​ឈូស​ឆាយ​ ឬ​ក៏​រឿង​ដែល​គេ​ចោទ​ថា​ យើង​រស់​នៅ​ស្រប​ច្បាប់ឬ​មិន​ស្រប​ច្បាប់។ ​វា​គឺ​ជា​ច្បាប់​មួយ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ហៅ​ថា​ ច្បាប់​០១បប ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​រង​គ្រោះ​ ដោយ​សារ​យើង​មិន​ដឹង​អំពី​ច្បាប់​នេះ។​ នៅ​ពេល​ដែល​និស្សិត​ចុះ​ទៅ​វាស់​ ទើប​យើង​ដឹង​ថា​ យើង​មាន​គ្រោះ​ថ្នាក់​បាត់​បង់​ដីធ្លី​ ផ្ទះ​សម្បែង។​ ខ្លះ​គេ​ចាប់​ដាក់​ខ្នោះ​ ដាក់គុក​ និង​បង្ខិត​បង្ខំ​ឲ្យ​ផ្តិត​មេដៃ ​ដោយ​សារ​ប្រការ​ផ្សេងៗ។​ ដូចនេះ​ នៅ​ពេល​យើង​ទៅ​ចូល​រួម​សិក្សា​ជា​មួយ​អង្គការ​នីមួយៗ​ ​យើង​ឃើញ​ថា ​បញ្ហា​នោះ​ ដូច​គ្នា​ទាំង​អស់ ​ទើប​យើង​រួប​រួម​គ្នា​ប្តូរ​មតិ​រក​ដំណោះ​ស្រាយ។

VOA៖ VOA​ បាន​ទទួលច្បាប់​ចម្លង​ញត្តិ​ដែល​បណ្តាញ​របស់​អ្នក​ស្រី​បាន​ដាក់​ផ្ញើ​ទៅ​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​ឯកជន​ ដែល​និយាយ​អំពី​ការ​កាប់​ព្រៃ​ឈើ​ និង​ការ​រំលោភ​យក​ដី​ធ្លី។​ តើ​អ្នក​ស្រី​អាច​រៀប​រាប់​បាន​ទេ​អំពី​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ស្រី​ និងអំពីដើម​ចម​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្ញើ​ញត្តិ​នេះ?​

អ្នក​ស្រី​សុផល៖​ កាល​ពី​ឆ្នាំ​២០១០​ មាន​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​មកសហគមន៍​របស់​យើង​គឺ​ខេត្ត​ពោធិ៍សាត់​ បាន​បោះ​ និង​បាញ់​ជា​ GPS ​ទៅតាមខ្នាត​របស់​ភូមិ​ឃុំរបស់​យើង​ ដែល​មាន​ការ​ប៉ះ​ពាល់​លើ​ដី​ធ្លី ​ហើយ​ ​ក្រោយ​ការ​បោះ​បង្គោល​រួច​ គេ​បាន​ហាម​ឃាត់​យើង​មិន​ឲ្យ​ចូល​ ហើយ​ ឈូស​ឆាយ​ដី​របស់​យើង​ខ្ទេច​ខ្ទី​អស់​ និង​ជា​បន្ត​បន្ទាប់​ យើង​ក៏​បានដាំ​បង្គោល តែ​គេ​បាន​ជួល​កម្លាំង​ និង​ក្រុម​ប្រដាប់​អាវុធ​ ​ឲ្យ​មក​ដក​បន្ថែម​ទៀត។​

VOA៖ ដូចនេះ​ តើ​ការ​ដាក់​ញត្តិ​នេះ​មាន​គោល​បំណង​អ្វី​ដែរ?​

​អ្នក​ស្រី​សុផល៖​ ការ​ដាក់​ញត្តិ​នេះ​មាន​បំណង​ចង់​ឲ្យ​ទាំង​ប្រមុខ​រាជ​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ​រួម​ទាំង​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​ដំណោះ​ស្រាយ​ដី​ធ្លី​នេះ​ ធ្វើ​ឲ្យ​យើង​មាន​ការ​កក់​ក្តៅ​ដើម្បី​រង់ចាំ​ទទួល​ការ​ដោះ​ស្រាយ។ ​ដ្បិត​អ្វី​ដែល​សម្តេច​មាន​ប្រសាសន៍​ចេញ​មក​គឺ​ចង់​ឲ្យ​ដី​របស់​យើង​បាន​ទទួលការ​កាត់​ឆ្វៀល​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន។ ​ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ពិបាក​នោះ​គឺ​ក្រុម​ហ៊ុន​ទាំង​ស្រុង​ដែល​បាន​សម្បទាន​សេដ្ឋកិច្ច​នៅ​លើ​ដី​របស់​ប្រជា​ពល​រដ្ឋ​យើង​នោះ​ ​មិន​ដឹង​ថា​ ដី​របស់​គេ​មាន​ទំហំ​ប៉ុណ្ណា​ឲ្យ​ប្រាកដ​ទេ។ ​អ្វី​ដែល​យើង​មើល​ឃើញ​គឺ​មាន​តែ​ការ​ប៉ះ​ពាល់​លើ​ដី​ប្រជា​ពលរដ្ឋ​ទាំង​ស្រុង​តែ​ម្តង។​

VOA៖ តើ​ដំណើរ​ការ​នៃ​ការ​ដាក់​ញត្តិ​នេះ​មាន​ដំណើរ​ការដល់​ណា​ហើយ​ អ្នក​ស្រី?​

អ្នក​ស្រី​សុផល៖​ មាន​ការ​ឆ្លើយ​តប​ គេ​ហៅ​យើង​ចូល​សួរ​ ហើយ​មាន​តែ​ការ​ស្បថ​ស្បែរ​ តែ​អត់​ទាន់​មាន​ចម្លើយ​អ្វី​ទាំង​អស់។ ​ចម្លើយ​ដែល​ធ្លាប់មាន​ មាន​ដូច​ជា​ថា​ តើ​ធ្វើ​សាលកប័ត្រ​ ឬ​មិន​ធ្វើ​ ហើយ​គ្មាន​ការ​ចុះ​មក​ពិនិត្យ​ដល់​ផ្ទះ​របស់​យើង​នៅ​ឡើយ​ទេ។​

VOA៖​ ហើយ​បន្ទាប់​ពី​ការ​ដាក់​ញត្តិ​នេះ​ តើ​លោកស្រីធ្វើអ្វី​ទៀត?​

អ្នក​ស្រីសុផល៖​ ជំហាន​បន្ទាប់​ពី​ការ​ដាក់​ញត្តិ​នេះ​ គឺ​យើង​ទាំង​អស់​គ្នា​កំពុង​រង់​ចាំ​តាម​ដាន​ ដោយ​សារ​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បើនៅ​តែ​មិន​មានចម្លើយ​អ្វី​ទៀត​ ពួក​ខ្ញុំ​នឹង​មាន​ផែន​ការ​បន្ត​សម្រាប់​ជម្រាប​ទៅ​ស្ថាប័ន​ដដែល ​ដែល​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ។ ​ហើយ​ ជាពិសេស​នោះ​ ពួក​យើង​មាន​ការ​ឆ្ងល់​ជា​ខ្លាំង​ ដោយ​សារ​ពួក​យើង​រស់​នៅ​ទីនោះ​តាំង​ពី​ឆ្នាំ​១៩៩៩ ​ឬ​ឆ្នាំ​២០០០​ ​គេ​ថា ​ជា​ដី​មិន​ស្រប​ច្បាប់ ​ចុះ​ក្រុម​ហ៊ុន​ដែល​គាត់​មក​ នៅ​ឆ្នាំ​២០១០ ​ឬ​២០១២​នេះ​ក្លាយ​ទៅ​ជា​គាត់​ស្រប​ច្បាប់?​ អញ្ចឹង​គ្រប់​បែប​យ៉ាង​ យើង​ដែល​ជា​ប្រជា​ពល​រដ្ឋ​ ដែល​មិន​ទទួល​បាន​នូវ​ការ​អប់រំ​ជ្រៅ​ជ្រះ​និង​ចេះ​ច្បាប់តែ​បន្តិច​បន្តួច​ នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់ ​មាន​ការ​ភ័យ​ព្រួយ​ ​ហើយ​រង់​ចាំ​ពន្លឺ​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ឲ្យ។​

សូម​អរគុណ​ អ្នក​ស្រី​ប្រាក់​ សុផល​ តំណាង​បណ្តាញ​ព្រៃ​ឈើ​ថ្នាក់​ជាតិ​ដើម្បី​កម្ពុជា​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ VOA៕